Quantcast
Viewing all articles
Browse latest Browse all 40045

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចោទ​ប្រកាន់​ប៉ូលិស​ខេត្ត​សៀមរាប​ថា​ចាប់​ពួក​គេ​វាយ​ធ្វើ​បាប

Image may be NSFW.
Clik here to view.
ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា នាំ​គ្នា​ទៅ​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ ឲ្យ​ជួយ​ធ្វើ​ពាក្យ​ប្ដឹង​ប្រឆាំង​ប៉ូលិស​ដែល​វាយ​ធ្វើ​បាប​ពួក​គេ។ RFA/Hang Savyouth


ដោយ ហង្ស សាវយុត RFA 2016-08-22

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ១០​នាក់ ឬ​ហៅ​ថា​ជា​ក្រុម​ស្រី​ស្រស់ បាន​លើក​គ្នា​ទៅ​កាន់​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុម​ប៉ូលិស​នៅ​ម្ដុំ​ផ្សារ​ចាស់ នៃ​សង្កាត់​ស្វាយដង្គំ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​សីហា។

ពួក​គេ​ចោទ​ប្រកាន់​ថា ប៉ូលិស​ខ្លះ​ដែល​ប្រចាំ​ការ​នៅ​តំបន់​ផ្សារ​ចាស់ បាន​ចាប់​ខ្លួន​ពួក​គេ​យក​ទៅ​វាយ​ដំ ព្រម​ទាំង​សម្រាត​សម្លៀកបំពាក់​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​ជា​មនុស្ស​ទៀត​ផង។

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​ក្រុម​ជា​សមាជិក​បណ្ដាញ​ភេទ​ទី​៣ ដែល​គេ​ហៅ​ថា​ក្រុម​ស្រី​ស្រស់ បាន​ទាមទារ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ត្រូវ​តែ​ផ្ដល់​យុត្តិធម៌ និង​ដាក់​ទោស​ទៅ​លើ​មន្ត្រី​ប៉ូលិស​ខ្លះ​ដែល​ប្រចាំ​ការ​នៅ​ជិត​តំបន់​ផ្សារ​ចាស់ ដោយ​បាន​ចាប់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​យក​ទៅ​វាយ​ធ្វើ​បាប​នោះ។
ការ​ទាមទារ បាន​ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​បណ្ដឹង បន្ទាប់​ពី​ពួក​គេ​អះអាង​ថា កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែ​សីហា កន្លង​ទៅ ប៉ូលិស​នៅ​តំបន់​ផ្សារ​ចាស់ បាន​ចាប់​ខ្លួន​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ២​នាក់ យក​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​ប្រចាំ​ការ រួច​ហើយ​វាយ​សម្លុត​ឲ្យ​ស្រាត​សម្លៀកបំពាក់​នៅ​ទី​សាធារណៈ​ផង។

មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់​ក្នុង​ចំណោម​គូកន​ជាច្រើន​ទៀត គឺ​យុវជន ឡេង បណ្ឌិត។ គាត់​អះអាង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​សីហា ថា កាល​ពី​វេលា​ម៉ោង ៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែ​សីហា កន្លង​ទៅ រូប​គាត់ និង​មិត្តភ័ក្ដិ​ម្នាក់​ទៀត​ឈ្មោះ សុខា បាន​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​ម៉ាស្សា​ទៅ​រក​គេង​នៅ​បន្ទប់​របស់​មិត្តភ័ក្ដិ ដែល​ជួល​នៅ​ជិត​តំបន់​ផ្សារ​ចាស់។ នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ គឺ​មាន​ក្រុម​ស្ទាវ​ចេះ​តែ​តាម​ក្រវែល​បំណង​ធ្វើ​បាប គឺ​មិត្ត​របស់​គាត់​ឈ្មោះ សុខា ក៏​រើស​ដុំ​ថ្ម​មួយ​ដុំ មក​កាន់​ទុក​ការពារ​ខ្លួន។ ស្រាប់​តែ​ពេល​នោះ មាន​បុរស​ស្លៀកពាក់​ស៊ីវិល​ម្នាក់ បាន​ហៅ​វិទ្យុ​ទាក់ទង​ប្រាប់​ទៅ​ប៉ូលិស ហើយ​មួយ​សន្ទុះ​មក ប៉ូលិស​មួយ​ក្រុម​ក៏​ចាប់​ខ្លួន​គាត់​ទាំង ២​នាក់​យក​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​ដែល​នៅ​ជិត​នោះ។

ឡេង បណ្ឌិត បញ្ជាក់​ថា បន្ទាប់​ពី​ចាប់​ខ្លួន គឺ​ប៉ូលិស​បាន​យក​ច្រវាក់​វាយ​សំពង ព្រម​ទាំង​ទាត់​ធាក់​លើ​មិត្ត​របស់​គាត់​ឈ្មោះ សុខា ហើយ​បង្ខំ​ឲ្យ​ស្រាត​សម្លៀកបំពាក់​រហូត​ដល់​ចេញ​ប្រដាប់​ភេទ​នៅ​នឹង​ទី​សាធារណៈ។ ចំណែក​រូប​គាត់ ក៏​ត្រូវ​ប៉ូលិស​បញ្ជា​ឲ្យ​ដោះ​សក់​ចេញ ព្រម​ទាំង​ទាត់​មួយ​ទំហឹង រួច​ហើយ​សម្លុត​ឲ្យ​អង្គុយ​ស្ងៀម៖ «ខ្ញុំ​អត់​មាន​ខុស​អី​សោះ ឃាត់​ខ្លួន​ខ្ញុំ ដាក់​ខ្នោះ​ហើយ ថត​ខ្ញុំ​ហើយ វាយ​ខ្ញុំ​ទៀត។ បន្ទាប់​មក​ដក​ហូត​យក​សក់​របស់​ខ្ញុំ»។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ព្រហ្មទណ្ឌ លោក ភឹង ចិន្តារ៉េត ឲ្យ​ដឹង​ថា តំបន់​សួនច្បារ​ចាប់​ពី​មុខ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​នឹង​មាត់​ស្ទឹង​សៀមរាប រហូត​ទៅ​ដល់​តំបន់​ផ្សារ​ចាស់ ផាប់​ស្ទ្រីត (Pub Street) គឺ​ប៉ូលិស​បាន​រាយ​កម្លាំង​ការពារ​មិន​ឲ្យ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ចូល​ទៅ​មែន ពីព្រោះ​ជា​ញឹកញាប់ ពួក​គេ​ទាំង​នោះ​តែង​តែ​ឱប​ថើប​គ្នា ឬ​ក៏​ជេរ​បញ្ចោរ និង​ខ្លះ​ទៀត​ឆ្លៀត​ឱកាស​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​ភ្ញៀវ​ទេសចរ​បរទេស ដែល​ទៅ​កម្សាន្ត ជាដើម។

លោក ភឹង ចិន្តារ៉េត បដិសេធ​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​ហាមឃាត់​តឹងរ៉ឹង​មិន​ឲ្យ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ភាគច្រើន​ចូល​ទៅ​តំបន់​នោះ​ក៏ដោយ ក៏​សមត្ថកិច្ច​មិន​ដែល​វាយ​តប់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «និយាយ​អ៊ីចឹង​បង្ខូច​ឈ្មោះ​ប៉ូលិស។ រាល់​តែ​ថ្ងៃ​ហ្នឹង កំពុង​តែ​ប្រឹងប្រែង​អនុវត្ត​តាម​នីតិវិធី​ច្បាប់»។

ទោះ​ជា​យ៉ាង​ណា តំណាង​បណ្ដាញ​ក្រុម​ស្រី​ស្រស់​ប្រចាំ​ខេត្ត​សៀមរាប លោក ទិន ណាស៊ា នៅ​តែ​អះអាង​ថា សមត្ថកិច្ច​ខេត្ត​សៀមរាប គឺ​ឧស្សាហ៍​ធ្វើ​បាប​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដូច​ពួក​គាត់​នេះ​មែន៖ «មួយ​ចំនួន​ដែល​ទៅ​តាម​មាត់​ស្ទឹង បើ​ថា​ប៉ូលិស​ចាប់​បាន គេ​នឹង​វាយ​ដំ ពេល​ខ្លះ​ឲ្យ​ហែល​ឆ្លង​ទឹក​ស្ទឹង​ក៏​មាន»។

បណ្ដាញ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឲ្យ​ដឹង​ថា បច្ចុប្បន្ន នៅ​ខេត្ត​សៀមរាប មាន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជាង ៣០០​នាក់។ ពួក​គេ​ចង់​ទាមទារ​ឲ្យ​សមត្ថកិច្ច បញ្ឈប់​ការ​រើសអើង ព្រម​ទាំង​គោរព​សិទ្ធិ​ពេញលេញ​ដូចជា​ជន​ដទៃ​ទៀត​ដែរ ពីព្រោះ​ពួក​គេ​ក៏​ជា​មនុស្ស​ដែល​ត្រូវ​ការ​សេចក្តី​ថ្លៃថ្នូរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles