
ដោយ ហង្ស សាវយុត RFA 2016-08-23
ក្រុមយុវជនមកពីប្រទេសសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) ចំនួន ១០ បូកនឹងប្រទេសទីម័រខាងកើត ដែលចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ "ម១"ទៀតផង កំពុងជួបប្រជុំគ្នារយៈពេល ៣ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២២ រហូតទៅដល់ថ្ងៃទី២៤ ខែសីហា។
វេទិកាយុវជនអាស៊ានសម្រាប់ឆ្នាំ២០១៦ ស្ដីពីការជំរុញយុវជនជាអ្នកដឹកនាំអាស៊ាន គឺបានជជែកលើបញ្ហាអភិបាលកិច្ចល្អ ការប្រកាន់របបលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស បញ្ហាចំណាកស្រុក ការមានការងារសមរម្យ បញ្ហានិរន្តរភាពបរិស្ថាន ព្រមទាំងការបង្កើតឲ្យមានសន្តិភាព និងកិច្ចផ្សះផ្សាគ្នា ជាដើម។
ក្នុងវេទិកាដែលកំពុងតែប្រព្រឹត្តទៅនេះដែរ គឺយុវជនអាស៊ានមកពីបណ្ដាប្រទេសជាច្រើន បង្ហាញការមិនពេញចិត្តចំពោះរដ្ឋាភិបាលប្រទេសខ្លះដែលនៅមានច្បាប់ប្រហារជីវិតទេ។
ក្រុមយុវជនមកពីបណ្ដាប្រទេសអាស៊ានប្រមាណជាង ២៥០នាក់ បានបង្ហាញអារម្មណ៍ថា ពួកគេដែលជាអ្នកបន្តវេនជំនាន់ក្រោយ មានអារម្មណ៍ភ័យខ្លាចក្នុងពេលដែលប្រទេសមួយចំនួនក្នុងតំបន់ និងជុំវិញពិភពលោក នៅតែមានច្បាប់ប្រហារជីវិតអ្នកទោសឧក្រិដ្ឋនៅឡើយ។
ក្នុងវេទិកាយុវជនអាស៊ានដែលកំពុងជួបពិភាក្សានៅខេត្តសៀមរាប នៅឡើយ ក្រុមយុវជនអាស៊ានទាំងនោះក៏បានដាក់តាំងពិព័រណ៍រូបថតនៃទោសប្រហារជីវិតជាច្រើនផ្ទាំង ដែលគេបានថតមកពីតាមបណ្ដាប្រទេសខ្លះ ដូចជាពីកោះតៃវ៉ាន់ និងពីសហរដ្ឋអាមេរិក ជាដើម។
នាយកប្រតិបត្តិនៃអង្គការស្ម័គ្រចិត្តដើម្បីសង្គម ដែលជាអ្នកសម្របសម្រួលនៅក្នុងវេទិកាយុវជនអាស៊ានដែរនោះ គឺលោក ប៉ែន សុមុនី។ លោកមានប្រសាសន៍បន្ទាប់ពីបញ្ចប់ការថ្លែងនៅលើវេទិកានៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ថា ក្នុងការជួបពិភាក្សាគ្នារយៈពេល ២ថ្ងៃហើយ គឺយុវជនអាស៊ានជាច្រើនបានព្រួយបារម្ភទៅលើប្រទេសរបស់ពួកគេ ដែលរដ្ឋាភិបាលនៅប្រកាន់យកច្បាប់ប្រហារជីវិត មកអនុវត្តទោសលើឧក្រិដ្ឋជន។ បច្ចុប្បន្ននេះ ក្នុងចំណោមប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន១០ គឺមាន ៨ប្រទេសដែលនៅមានច្បាប់ប្រហារជីវិតឧក្រិដ្ឋជន ដែលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ឬក៏ករណីខ្លះទៀត។
លោក ប៉ែន សុមុនី បញ្ជាក់ថា បញ្ហាដែលប្រទេសជាសមាជិកអាស៊ានភាគច្រើននៅតែមានច្បាប់ប្រហារជីវិតនេះ គឺវាកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាសមាជិកភាគតិច ដែលមិនមានច្បាប់ប្រហារជីវិតដែរ។ លោក ប៉ែន សុមុនី ឲ្យដឹងថា យុវជននៃបណ្ដាប្រទេសអាស៊ានបានបង្ហាញឆន្ទៈចង់ឲ្យរដ្ឋាភិបាលនៃប្រទេសរបស់គេ លុបចោលទោសប្រហារជីវិតនេះ៖ «ពេលនេះគឺជាពេលមួយដែលយើងចាប់ផ្ដើមពង្រីកការយល់ដឹងចំពោះយុវជនបន្ថែមថា តើទោសប្រហារជីវិតនៅក្នុងបណ្ដាប្រទេសអាស៊ានមួយចំនួន វាប៉ះពាល់ទៅដល់យុវជនទាំងនោះយ៉ាងណា»។
យុវជនខ្លះយល់ថា រដ្ឋាភិបាលរបស់គេដែលនៅតែប្រកាន់ខ្ជាប់នូវទោសប្រហារជីវិតនោះ គឺជាអំពើឃោរឃៅ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
កញ្ញា នីនាន ស៊ូម៉ាឌា (Ninian Sumadia) ជាយុវជនមកពីប្រទេសហ្វីលីពីន (Phililpine) ម្នាក់មានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋាភិបាលហ្វីលីពីន ចង់នាំច្បាប់ប្រហារជីវិតមកអនុវត្តវិញនៅស្របពេលដែលប្រទេសអាស៊ានជាច្រើន នៅមានច្បាប់ប្រហារជីវិតនោះ។ នាង នីនាន ស៊ូម៉ាឌា យល់ថា មានពលរដ្ឋហ្វីលីពីន ជាច្រើនត្រូវបានសម្លាប់ដោយអំពើរំលោភសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃ ហើយនាងចង់ឲ្យរដ្ឋាភិបាលរបស់នាងបញ្ចប់អំពើឧក្រិដ្ឋកម្មសម្លាប់ទៅលើអ្នកជួញដូរគ្រឿងញៀន ដែលកំពុងតែកើតឡើង៖ «បច្ចុប្បន្ន ពួកយើងដែលជាក្មេងៗជំនាន់ក្រោយ គឺកំពុងរស់នៅក្នុងប្រទេសខ្លួនឯងដោយការភ័យខ្លាច។ នៅហ្វីលីពីន បច្ចុប្បន្ន គឺលោកអ្នកអាចនឹងត្រូវគេសម្លាប់ដោយគ្រាន់តែដើរពេលយប់ ឬក៏គេគ្រាន់តែគេច្រឡំគ្នាជាមួយនឹងមនុស្សផ្សេងទៀតនោះ»។
បុរសជនជាតិជប៉ុន ម្នាក់ដែលអ្នកតាមថតរូបឧក្រិដ្ឋកម្មនៃទោសប្រហារជីវិតនោះ បានបង្ហាញអារម្មណ៍តក់ស្លុត និងក្រៀមក្រំ នៅពេលដែលលោកឃើញគេសម្លាប់មនុស្សនៅចំពោះមុខ។ លោក តូស៊ី កាហ្សាម៉ា (Toshi Kazama) ជាអ្នកតាមថតរូបកន្លែងអ្នកទោសប្រហារជីវិតជាច្រើននោះ កំពុងជំរុញឲ្យវេទិកាយុវជនអាស៊ាន ប្រឆាំងនឹងទោសប្រហារជីវិតនៅក្នុងតំបន់ ក៏ដូចជានៅជុំវិញពិភពលោក ដោយលោកយល់ថា គេមិនអាចនាំអនាគតមកឲ្យសង្គមជាតិបានតាមរយៈការប្រហារជីវិតមនុស្សបែបនេះឡើយ។ អនាគតរបស់សង្គម និងប្រទេសជាតិ អាចកើតឡើងបានដោយសារតែការមិនប្រើហិង្សា ការមិនស្អប់គ្នា និងមានចិត្តមេត្តាសន្ដោស ព្រមទាំងការផ្សះផ្សាជាដើម៕