
ប្រជាធិបតេយ្យ RFA ដោយ អ៊ុង សេរីវុទ្ធ 2016-08-23
តំណាងរាស្ត្រគណបក្សប្រឆាំង នៅទទូចសុំតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យ បើទោះបីជា សាលារាជធានីភ្នំពេញមិនទាន់សម្រេចបែបណាក្ដី។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៣ សីហា ថា រហូតមកដល់ពេលនេះសាលាក្រុង នៅមិនទាន់សម្រេចយល់ព្រមតាមសំណើទេរបស់លោកទេ ដោយសាលាក្រុងឲ្យលោកដឹងនៅថ្ងៃទី២៣ សីហា ដដែល ថា សាលាក្រុងនៅប្រជុំថ្នាក់ដឹកនាំរបស់ខ្លួននៅឡើយ។
រហូតមកដល់ពេលនេះ អាស៊ីសេរី នៅតែមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាក្រុងលោក ជិន ប៊ុនធឿន ពីសំណើនេះបាននៅឡើយទេ បើទោះបីជាលិខិតស្នើនោះ បានដាក់ទៅសាលាក្រុងតាំងពីថ្ងៃទី១៧ សីហា ក្ដី។
យ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន សង្ឃឹមថា សាលាក្រុងនឹងមិនបដិសេធសំណើរបស់លោក ដោយយោងលើប្រតិកម្មពីសំណាក់លេខាធិការដ្ឋានអតីតយុវជននោះទេ។ លោកថា ក្រោយពីលោកស្នើទៅសាលាក្រុងភ្លាមៗ ក៏មានក្រុមលេខាធិការដ្ឋានអតីតយុវជន បានចេញបដិសេធចំពោះការស្នើនេះ និងលើកឡើងថា រូបសំណាក់បណ្ឌិត កែម ឡី មិនសមនឹងមានវីរភាពដល់ថ្នាក់យកតាំងនៅទីសាធារណៈឡើយ៖ «សង្ឃឹមថា សាលារាជធានីភ្នំពេញមិនយកការតវ៉ាប្រឆាំងនេះ ឲ្យប៉ះពាល់ការសម្រេចចិត្ត នឹងការស្នើរបស់ខ្ញុំទេ។ បើសិនមិនសម្រេចតាមការស្នើសុំរបស់ខ្ញុំៗក៏ចង់បានហេតុផលច្បាស់លាស់ ហើយខ្ញុំនឹងពិចារណាថា ត្រូវធ្វើយ៉ាងម៉េចទៀត ដើម្បីតស៊ូមតិបន្តទៀត។ ព្រោះខ្ញុំមិនទាន់លះបង់ និងយកទៅដាក់នៅកន្លែងណាផ្សេង ឲ្យសមនឹងឈ្មោះ និងវីរភាពលោកហ្នឹង ខ្ញុំមិនទាន់មើលឃើញកន្លែងណាផ្សេងដែលសម ហើយទីលានប្រជាធិបតេយ្យជាកន្លែងដែលសមរម្យបំផុត សម្រាប់បណ្ឌិត កែម ឡី»។
លោក អ៊ូ ច័ន្ទរ័ត្ន បន្តថា បច្ចុប្បន្នគំរូរូបសំណាកលោកបណ្ឌិត កែម ឡី ធ្វើបានសម្រេចហើយ និងរង់ចាំតែចាក់ធ្វើជារូបស្ពាន់តែ ប៉ុណ្ណោះ ហើយលោកចង់ឲ្យសាលាក្រុងសម្រេចឲ្យបានឆាប់ ដើម្បីរៀបចំតាំងរូបសំណាកនេះ ឲ្យបានមុនបុណ្យគម្រប់១០០ថ្ងៃ៕