Quantcast
Viewing all articles
Browse latest Browse all 40045

មន្ត្រី​បក្ស​ប្រឆាំង​នៅ​តែ​មាន​សង្ឃឹម​ចំពោះ​ដំណោះស្រាយ​នយោបាយ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក

Image may be NSFW.
Clik here to view.
លោក សម រង្ស៊ី (កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​ជាមួយ​មន្ត្រី​បក្ស​នា​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of Sam Rainsy Facebook Page


ដោយ យាង សុជាមេត្តា RFA 2016-08-23

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បង្ហាញ​ក្តី​សង្ឃឹម​ថា ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​ដើម្បី​ដឹកនាំ​បក្ស​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ ទោះ​បី​ជា​យ៉ាង​ណា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ សីហា ប្រកាស​ថា លោក​នឹង​មិន​ចុះ​ហត្ថលេខា​លើក​លែង​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ឲ្យ​គ្រួសារ​លោក​ឈឺ​ចាប់​នោះ​ទេ ដែល​គេ​ជឿជាក់​ថា លោក ហ៊ុន សែន សំដៅ​ទៅ​កាន់​លោក សម រង្ស៊ី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ នៅ​តែ​មាន​សង្ឃឹម​ថា លោក សម រង្ស៊ី អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​ដើម្បី​ដឹកនាំ​បក្ស​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ព្រោះ​លោក​ជឿជាក់​ថា ការ​ស្រុះស្រួល​ផ្នែក​នយោបាយ គឺ​នៅ​តែ​មាន៖ «បទពិសោធន៍​ដែល​មាន​លោក​ប្រធាន សម រង្ស៊ី នៅ​ក្រៅ​ស្រុក​ច្រើន​ដង​ដែរ ហើយ​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​អះអាង​ដូចៗ​គ្នា​ដែរ ប៉ុន្តែ​ទី​បញ្ចប់​លោក​ប្រធាន សម រង្ស៊ី ក៏​នៅ​តែ​អាច​ចូល​ស្រុក​បាន ចូលរួម​ការ​បោះឆ្នោត​នៅ​លើក​ក្រោយ​នេះ រហូត​ដល់​គាត់​អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ផង ក៏​គាត់​ក្លាយ​ទៅ​ជា​អ្នក​តំណាង​រាស្ត្រ​បាន​ដែរ ដោយសារ​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​ពលរដ្ឋ​ច្រើន»។


ការ​សម្ដែង​សុទិដ្ឋិនិយម​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​ពិធី​ជួប​ជុំ​ស្ដីពី​ការ​ការពារ​បរិស្ថាន​កាល​ពី​ថ្ងៃ​ទី​២២ សីហា បញ្ជាក់​ជា​ថ្មី​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​អ្នក​ដែល​បាន​ប្រមាថ​មក​លើ​គ្រួសារ​លោក​ឡើយ។ ករណី​នេះ លោក ហ៊ុន សែន សំដៅ​លើ​រឿង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​នៅ​សហរដ្ឋ​អាមេរិក គឺ​លោក យ៉ង់ ណុយ ហៅ Brady Young ដែល​កាល​ពី​ខែ​ឧសភា បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​អតីត​មេ​ដឹកនាំ​វៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) ជាមួយ​ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី។

លោក ហ៊ុន សែន បាន​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​ចោទ​ថា មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជា​អ្នក​នៅ​ពី​ក្រោយ។ ភ្លាមៗ​នោះ បក្ស​ប្រឆាំង​បាន​ចេញ​សេចក្តី​ប្រកាស​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់ ហើយ​ដើម្បី​ឲ្យ​លោក ហ៊ុន សែន អស់​ចិត្ត បក្ស​ប្រឆាំង​ថែម​ទាំង​បាន​បញ្ចប់​សមាជិកភាព​មន្ត្រី​រូប​នោះ​ចេញ​ពី​បក្ស​ទៀត​ផង។

បើ​ទោះ​បី​ជា​កន្លង​មក លោក សម រង្ស៊ី ធ្លាប់​សរសេរ​សំបុត្រ​ប្រាប់​លោក ហ៊ុន សែន ថា រូប​លោក​ផ្ទាល់ និង​បក្ស​ប្រឆាំង​មិន​នៅ​ពី​ក្រោយ និង​មិន​គាំទ្រ​ចំពោះ​ការ​ប្រើ​ពាក្យពេចន៍​វាយ​ប្រហារ​លើ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ក្តី តែ​លោក ហ៊ុន សែន ហាក់​នៅ​តែ​មិន​ទាន់​ស្ងប់​ចិត្ត​ឡើយ។ យូរៗ​ម្តង លោក ហ៊ុន សែន បាន​រម្លឹក​រឿង​ចាស់​ពី​ការ​ប្រមាថ​គ្រួសារ​លោក​ឡើង​វិញ ហើយ​បន្ត​សម្ដែង​ការ​ខឹងសម្បា​ចំពោះ​មេ​បក្ស​ប្រឆាំង។

លោក ហ៊ុន សែន នៅ​តែ​អះអាង​ថា លោក​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ប្រមាថ​មក​លើ​គ្រួសារ​លោក​ដូចនេះ ហើយ​លោក​ក៏​នឹង​មិន​ចុះ​ហត្ថលេខា​សុំ​ការ​លើក​លែង​ទោស​ចំពោះ​អ្នក​ធ្វើ​លើ​លោក​បែប​នេះ​នោះ​ដែរ៖ «ហេតុ​អី​បាន​ជា​ថា​លោក ហ៊ុន សែន ធ្លាប់​តែ​ធ្វើ​ការ​សម្របសម្រួល? អា​អ្នក​ជាប់​គុក​ស៊ីញេ​ឲ្យ​ចេញ​ក្រៅ​គុក ព្រោះ​ច្បាប់​ពន្ធនាគារ​ឲ្យ​អំណាច​មក​នាយក​រដ្ឋមន្ត្រី ថា​អាច​ធ្វើ​ការ​សុំ​លើក​លែង​ទោស​បាន ប៉ុន្តែ​ខ្ញុំ​អត់​ធ្វើ​ទេ ដោយ​តម្លៃ​ណា​ក៏ដោយ ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន ភាគី​ខ្មែរ​ដែល​ទាស់​គ្នា​ទាំងឡាយ ច្បាំង​គ្នា​ដោយ​ប្រដាប់​អាវុធ មក​រួបរួម​គ្នា​មួយ​កន្លែង ខ្ញុំ​ធ្វើ​បាន ប៉ុន្តែ​លើក​នេះ​សុំ​ទោស ខ្ញុំ​ធ្វើ​អត់​បាន​ទេ»។

កន្លង​មក លោក ហ៊ុន សែន បាន​ថ្លែង​ថា បើ​អ្នក​ណា​មិន​ឲ្យ​គ្រួសារ​លោក​បាន​សុខ លោក​ក៏​នឹង​មិន​ឲ្យ​អ្នក​នោះ​បាន​សុខ​ដូច​គ្នា។ លោក ហ៊ុន សែន ក៏​ធ្លាប់​ថ្លែង​ដែរ​ថា បើ​លោក​ចុះ​ហត្ថលេខា​សុំ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី លោក​នឹង​កាត់​ដៃ​របស់​លោក​ចោល។

អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ កត់​សម្គាល់​ថា អ្វីៗ​គឺ​អាស្រ័យ​លើ​លទ្ធផល​បោះឆ្នោត។ លោក​ថា បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត លោក សម រង្ស៊ី នៅ​តែ​អាច​ចូល​ស្រុក​បាន ហើយ​អាច​ឡើង​កាន់​អំណាច​ដឹកនាំ​ប្រទេស​ទៀត​ផង។ បណ្ឌិត ឡៅ ម៉ុងហៃ ថា​គេ​គួរ​ទុក​ឲ្យ​ពលរដ្ឋ​ជា​អ្នក​សម្រេច៖ «នៅ​ប៉ុន្មាន​ទសវត្សរ៍​មុន​នៅ​ប្រទេស​អ៊ីរ៉ង់ កាល​ពី​មុន​មាន​ស្ដេច ហើយ​គឺ​មាន​អ្នក​ដឹកនាំ​ខាង​សាសនា​មួយ គាត់​ល្បី ហើយ​ជា​អ្នក​ប្រឆាំង​ស្ដេច។ ស្ដេច​រក​ចាប់​គាត់​និរទេស​ខ្លួន​ទៅ​បារាំង ដូច សម រង្ស៊ី សព្វថ្ងៃ​អ៊ីចឹង ហើយ​បរិបទ​ក្នុង​ស្រុក គេ​ទម្លាក់​ស្ដេច​ទៅ គាត់​ទៅ​ធ្វើ​ប្រធានាធិបតី​ទៅ»។

ក្រៅ​ពី​ថា​មិន​អាច​អត់​ឱន​ឲ្យ​អ្នក​ប្រមាថ​លើ​គ្រួសារ​លោក​បាន លោក ហ៊ុន សែន បញ្ជាក់​ថា បើ​លោក Brady Young ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ប្រាកដ​ជា​ចាប់​ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ។ លោក ហ៊ុន សែន ថែម​ទាំង​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​ទៀត​ផង ព្រោះ​លោក​ថា លោក យ៉ង់ ណុយ ហៅ Brady Young គឺ​ជា​ពលរដ្ឋ​អាមេរិក។

ចំពោះ​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល (Email) នៅ​ថ្ងៃ​ទី​២៣ សីហា ថា មក​ទល់​ពេល​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មិន​ទាន់​ទទួល​បាន​សំណើ​អ្វី​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​រឿង​នេះ​នៅ​ឡើយ ហើយ​លោក​ថា ប្រសិន​បើ​មាន​សំណើ​មែន​នោះ ក៏​មិន​ទាន់​អាច​និយាយ​ថា​នឹង​ចាត់​វិធានការ​បែប​ណា​នោះ​ដែរ។

លោក ជេ រ៉ាម៉េន សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក មាន​ប្រវត្តិ​ក្នុង​ការ​ការពារ​សេរីភាព​បញ្ចេញ​មតិ​ជា​យូរ​មក​ហើយ រួម​ទាំង​ការ​បញ្ចេញ​មតិ​ដែល​អ្នក​ខ្លះ​អាច​គិត​ថា​ជា​ការ​ប្រមាថ​ក្តី។ លើស​ពី​នេះ លោក​ថា សហរដ្ឋ​អាមេរិក មិន​អាច​អះអាង ឬ​បដិសេធ​នូវ​អត្តសញ្ញាណ​ពលរដ្ឋ​របស់​ខ្លួន​ដោយសារ​តែ​រឿង​ឯកជន​បាន​ឡើយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>