Image may be NSFW.
Clik here to view.
ដោយ ជិន ជេដ្ឋា RFA 2016-08-28
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យធនធានធម្មជាតិ គ្រោងដាក់លិខិតជូនប្រមុខរដ្ឋាភិបាល ដើម្បីបិទការនាំចេញឈើគ្រប់ប្រភេទទៅប្រទេសវៀតណាម តាមច្រកទ្វារភ្នំឌិន ខេត្តតាកែវ និងច្រកទាន់ហន់ ខេត្តកំពត។ ការស្នើសុំនេះ បន្ទាប់ពីអង្គការអភិរក្សធនធានធម្មជាតិមួយរកឃើញឈើខុសច្បាប់ ១០០ម៉ែត្រគូប ហើយបទល្មើសបន្តកើតមាននៅជួរភ្នំក្រវ៉ាញ។
ប្រធាន និងបុគ្គលិកអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ នឹងបញ្ចប់បេសកកម្មល្បាតព្រៃឧទ្យានជាតិជួរភ្នំក្រវ៉ាញក្នុងទឹកដីខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង រយៈពេល ៦ថ្ងៃរបស់ខ្លួននៅល្ងាចថ្ងៃទី២៨ ខែសីហា ដើម្បីរៀបចំលិខិតស្នើសុំភ្ជាប់រូបភាពភស្តុតាងបទល្មើសព្រៃឈើថ្មីៗ ដាក់ចូលខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៩ ខែសីហា។
ប្រធានអង្គការ លោក ជា ហ៊ាន មានប្រសាសន៍ថា សកម្មភាពអារ និងដឹកជញ្ជូនឈើចេញពីជួរភ្នំក្រវ៉ាញ កំពុងមមាញឹកទាំងការដឹកជញ្ជូនតាមផ្លូវទឹក និងលើគោកតាមមធ្យោបាយផ្សេងៗ ឆ្ពោះទៅច្រកទ្វារព្រំដែនវៀតណាម។ លោកថា ឈើធ្នង់ និងប្រភេទឈើចម្រុះប្រមាណ ១០០ម៉ែត្រគូប ត្រូវឈ្មួញអារលាក់ទុកនៅចំណុចច្រេសច្រង៉ាំជ្រុំ អន្លង់អង្គញ់ រមាំងស និងចំណុចភ្នំក្រពើ នៃជួរភ្នំក្រវ៉ាញ ជាដើម៖ «ចំណែកនៅស្រុកថ្មបាំង (ជួរភ្នំក្រវ៉ាញក្នុងខេត្តកោះកុង) ចេញតាមព្រែកអណ្ដូងទឹក គឺដឹកតាមទូកទៅថ្មស ចេញពីថ្មស ទៅតាមខេត្តព្រះសីហនុ ហួសទៅខេត្តកំពត។ បើមិនបិទច្រកព្រំដែនទេ បទល្មើសអត់ថយចុះទេ ហើយកុំសង្ឃឹមថាមន្ត្រីថ្នាក់ក្រោមឱវាទរបស់លោកសហការជាមួយអង្គការដើម្បីបង្ក្រាប។ ហេតុផលដែលគេមិនសហការជួបផលលំបាកច្រើនណាស់។ ជួនអីយើងចុះទៅ គេសួរនាំបេសកកម្ម អ៊ីចឹងទម្រាំតែយើងបានទៅដល់កន្លែងមានបទល្មើស គឺបទល្មើសហ្នឹងគេចអស់ទៅហើយ»។
ឆ្លើយតបបញ្ហានេះ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បញ្ជាក់ថា បើទោះបីជាមានការស្នើសុំ ឬមិនស្នើសុំពីអង្គការក្រៅរដ្ឋាភិបាលនេះ ក៏រដ្ឋាភិបាលបានបិទការនាំឈើចេញទៅក្រៅប្រទេសតាមច្រកនានារួចទៅហើយ ប៉ុន្តែត្រង់មានប្រសិទ្ធភាពកម្រិតណា លោកក៏មិនបានដឹងដែរ។ លោកថា សមត្ថកិច្ចជំនាញ ឬមន្ត្រីឧទ្យានុរក្សនៅតែបន្តសហការជាមួយសង្គមស៊ីវិលក្នុងការទប់ស្កាត់បទល្មើស ខណៈរដ្ឋាភិបាលបន្ថែមមន្ត្រីឧទ្យានុរក្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ៖ «សព្វថ្ងៃ ឧទ្យានុរក្សរបស់យើងមានមិនដល់ ១ពាន់នាក់ ដែលធ្វើត្រូវធ្វើការគ្របដណ្ដប់លើផ្ទៃដីជិត ៦លានហិកតារ។ អ៊ីចឹងហើយបានលោក (នាយករដ្ឋមន្ត្រី ហ៊ុន សែន) សម្រេចបន្ថែម ៣០០នាក់ទៀត បន្ថែមលើកម្លាំងឧទ្យានុរក្សដែលមានស្រាប់សម្រាប់ឆ្នាំ២០១៧។ អ៊ីចឹងបានន័យថា ក្នុងឆ្នាំ២០១៧ គឺជាដំណោះស្រាយ ឬក៏ជាការវិវឌ្ឍន៍វិជ្ជមានមួយពាក់ព័ន្ធនឹងការកសាងកម្លាំងសម្រាប់ការធ្វើការងារការពារ និងអភិរក្ស ក៏ដូចជាការពារទប់ស្កាត់បទល្មើសហ្នឹងបាទ»។
លោក សៅ សុភាព ទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតាមតំបន់អភិរក្ស ឬឧទ្យានជាតិនៅតែបន្តកើតមាន ប៉ុន្តែបទល្មើសទាំងនោះពុំមានជាទ្រង់ទ្រាយធំទៀតទេ។ បច្ចុប្បន្ន បទល្មើសកាប់ឈើ និងទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិពីសំណាក់ពលរដ្ឋតាមតំបន់អភិរក្ស ត្រូវបានមន្ទីរជំនាញនៅថ្នាក់ក្រោមជាតិ ដឹកនាំដោយអភិបាលខេត្តផ្ទាល់ បានចុះបង្ក្រាប និងដោះស្រាយបញ្ហាបទល្មើសជាប្រចាំ។
រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានចេញអនុក្រឹត្យចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល ដែលមានផ្ទៃដីទំហំជាង ៤សែនហិកតារ (៤០១.៣១៣ហិកតារ)។ តំបន់អភិរក្សជួរភ្នំក្រវ៉ាញ នេះ ឋិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ៕