
ដោយ ថា កិត្យា RFA 2016-08-28
សកម្មជនការពារព្រៃឈើអះអាងថា បទល្មើសព្រៃឈើនៅតែកើតមានពេញបន្ទុក បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្ដេជ្ញាការពារព្រៃឈើជាថ្មីម្តងទៀតកាលពីថ្ងៃទី២២ ខែសីហា នៅក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាពទីក្រុងភ្នំពេញ។
សកម្មជនការពារព្រៃឈើលើកឡើងថា សកម្មភាពកាប់ព្រៃឈើខុសច្បាប់នៅតំបន់ព្រៃការពារ នៅតែមិនមានការថយចុះឡើយ ដែលនាំឲ្យពួកគេរិះគន់ថា វិធានការរបស់រដ្ឋាភិបាលថាមិនមានប្រសិទ្ធភាពនោះទេ។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលកំពុងនិមន្តឃ្លាំមើលព្រៃឈើនៅខេត្តព្រះវិហារ លើកឡើងថា ការកាប់បំផ្លាញ និងការទន្ទ្រានយកដីព្រៃនៅតំបន់ព្រៃឡង់ក្នុងស្រុកជ័យសែន និងស្រុកឆែប នៅតែកើតមានដដែល។ សកម្មជនការពារព្រៃឈើអង្គនេះមានថេរដីកានៅក្នុងវីដេអូឃ្លីបរយៈពេល ៩នាទី ដែលបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) ថា បទល្មើសព្រៃឈើមិនថមថយនេះ សបញ្ជាក់ថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថារួមចំណែក និងទប់ស្កាត់បទល្មើសព្រៃឈើនេះ មិនមានប្រសិទ្ធភាពឡើយ ប្រៀបដូចជាចម្រៀងកាប់ព្រៃឈើក្នុងសម័យទំនើបដ៏ពីរោះ ហើយធ្វើឲ្យជនទុច្ចរិតពេញចិត្តស្តាប់ និងលោតរាំចាក់កំប្លែងយ៉ាងសប្បាយទៅវិញ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា «ចាប់តាំងពីថ្ងៃទី២២ ក្រោយពីនាយករដ្ឋមន្ត្រីបានប្រកាសរួចមក គេបានបង្កើតដេប៉ូកាប់ឈើជាច្រើននៅក្នុងស្រុកជ័យសែន ឆ្លងផុតពីស្ទឹងមួយទៅកាន់ឃុំធ្មា ស្រុកជ័យសែន គឺមានដេប៉ូកាប់ឈើមួយយ៉ាងធំនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ មានក្រុមហ៊ុនឈូសឆាយផ្លូវយ៉ាងធំ ហើយក្រុមហ៊ុនពីរបានដើរបោះបង្គោលឡាក់រហូតដល់ពាក់កណ្ដាលព្រៃឡង់ ហើយគោលបំណងធំបំផុត គឺគេកាប់ព្រៃនៅតំបន់ព្រៃឡង់»។
សង្គមស៊ីវិលលើកឡើងថា វាមិនមែនជាលើកទីមួយនោះទេដែលលោក ហ៊ុន សែន សន្យាការពារព្រៃឈើឲ្យបាននោះ ពោលគឺកន្លងមក លោក ហ៊ុន សែន ធ្លាប់សន្យាកាត់ក្បាលខ្លួនឯង បើការពារព្រៃឈើមិនបាន។ លុះក្រោយមកទៀត លោក ហ៊ុន សែន ក៏ធ្លាប់ប្រាប់ទៅលោក សៅ សុខា ប្រធានគណៈកម្មការជាតិស្ដីពីការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ឲ្យប្រើគ្រាប់រ៉ុកកែតបាញ់កម្ទេចក្រុមឈ្មួញរកស៊ីព្រៃឈើដែលព្រហើន។ ក៏ប៉ុន្តែបទល្មើសព្រៃឈើនៅតែកើតឡើងខ្លាំងឥតដាច់ ដែលនាំឲ្យមជ្ឈដ្ឋានទូទៅចំអកឲ្យបុរសខ្លាំងថា បរាជ័យក្នុងការការពារព្រៃឈើជាបន្តបន្ទាប់។
អាស៊ីសេរី មិនអាចសុំការបកស្រាយពីមន្ត្រីនាំពាក្យក្រសួងបរិស្ថាន និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានទេ នៅថ្ងៃទី២៨ ខែសីហា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
យ៉ាងណាក៏ដោយចុះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាបន្តថា អាជ្ញាធរក្រោមជាតិ និងអាជ្ញាធរក្រោមឱវាទរបស់លោកនាយករដ្ឋមន្ត្រី ហាក់ដូចជាមិនសកម្មក្នុងការការពារព្រៃឈើនោះទេ ហើយតែងតែរុញច្រានការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក៖ «អាជ្ញាធរក្រោមឱវាទញោមនាយករដ្ឋមន្ត្រីរាល់ថ្ងៃនេះ ចំអកដាក់នាយករដ្ឋមន្ត្រីពេកហើយ ឬក៏ប្រហែលគេអាចស្មានចិត្តនាយករដ្ឋមន្ត្រីបានថា ខឹងមួយឆាវដូចភ្លើងចំបើង ឬក៏នាយករដ្ឋមន្ត្រីមានគ្នានៅពីក្រោយជាអ្នកកាប់ព្រៃ ឬក៏នាយករដ្ឋមន្ត្រីគ្រាន់តែថា វាដូចសុភាសិតខ្មែរយើងថា ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»។
ជុំវិញបញ្ហាកាប់បំផ្លាញព្រៃឈើនេះ ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មានប្រសាសន៍ថា ការរកឃើញរបស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ គឺស្រដៀងទៅនឹងអ្វីដែលលោករកឃើញដែរ។ លោកថា ក្រុមហ៊ុនដែលរកស៊ីឈើ ហាក់ដូចជាឈ្លើយជាងមុនទៅទៀត ដោយពួកគេនៅតែបើករោងចក្រអារឈើ និងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងដោយមិនញញើតរដ្ឋាភិបាលនោះទេ។ លោកបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ លោករកឃើញមានរោងចក្រអារឈើចំនួន ១០កន្លែង កំពុងបើកប្រតិបត្តិការនៅក្នុងខេត្ត-ក្រុងនានា។ សកម្មជនការពារព្រៃឈើដ៏លេចធ្លោរូបនេះ ក៏ស្នើឲ្យរដ្ឋាភិបាលជួយលុបបំបាត់រោងចក្រអារឈើ និងសិប្បកម្មកែច្នៃទូទាំងប្រទេសនេះ ប្រសិនបើមានឆន្ទៈការពារព្រៃឈើពិតប្រាកដមែន៖ «មានរោងចក្រឈើច្រើនណាស់នៅគ្រប់កន្លែងទូទាំងប្រទេស ហើយក៏ដូចជារោងចក្រអារឈើមួយ សុទ្ធតែមានទំនាក់ទំនងជាមួយគ្រួសារថ្នាក់ដឹកនាំ។ អ៊ីចឹងហើយបានជាយើងមិនទុកចិត្តការសន្យារបស់រដ្ឋាភិបាល។ បើសិនគាត់ចង់ធ្វើមែន សូមឲ្យបិទរោងចក្រអារឈើមុន ហើយត្រូវបិទសិប្បកម្មកែច្នៃឈើទាំងអស់»។
ព្រៃឈើកម្ពុជា ត្រូវបានអង្គការសង្គមស៊ីវិលរកឃើញថា រងនូវការកាប់បំផ្លាញនៅប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងអនាធិបតេយ្យ ដោយសារតែក្រុមហ៊ុនឯកជនមួយចំនួនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានពីរដ្ឋាភិបាល ក្នុងនោះក៏មានការកាប់បំផ្លាញនៅក្នុងតំបន់ព្រៃការពារផងដែរ។ ព្រៃឈើកម្ពុជា ត្រូវបានគេដឹងថា បាននាំចេញទៅកាន់ប្រទេសចិន ច្រើនជាងគេបំផុត និងបន្ទាប់មកទៀត គឺប្រទេសវៀតណាម៕