Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អ្នក​នាំ​ពាក្យ​ថា​បក្ស​កំពុង​រក​ដំណោះស្រាយ​ឲ្យ​លោក សម រង្ស៊ី អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន

$
0
0
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។  RFA/Morm Moniroth

ដោយ ប្រាជ្ញ ចេវ RFA 2016-08-28

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​កំពុង​រក​ដំណោះស្រាយ​ដើម្បី​អាច​ឲ្យ​ប្រធាន​របស់​ខ្លួន គឺ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​មក​ចុះ​ឈ្មោះ​បោះឆ្នោត។ ចំណែក​អ្នក​វិភាគ​នយោបាយ​យល់​ថា ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ជំនឿ​ថា ប្រមុខ​គណបក្ស​របស់​ខ្លួន​អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។ លោក យឹម សុវណ្ណ ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ថា លោក​តែង​ទទួល​បាន​ព័ត៌មាន​ពី​លោក សម រង្ស៊ី ជា​រឿយៗ​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត៖ «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​គាត់​ជា​រឿយៗ គាត់​ថា គាត់​នឹង​មក​កម្ពុជា ហើយ​ពេល​នេះ​យើង​កំពុង​រក​ដំណោះស្រាយ»។

លោក យឹម សុវណ្ណ មិន​ទាន់​ឲ្យ​ដឹង​ថា តើ​អ្វី​ជា​ដំណោះស្រាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​អាច​ឲ្យ​លោក សម រង្ស៊ី ចូល​មក​ចុះ​ឈ្មោះ​នោះ​ឡើយ។

ការ​ប្រកាស​បែប​នេះ បន្ទាប់​ពី​អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន ថ្លែង​ថា លោក សម រង្ស៊ី មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។ ប៉ុន្តែ​លោក​ថា ពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ការ​ចុះ​ឈ្មោះ​របស់​លោក សម រង្ស៊ី បាន បើ​សិន​ជា​គេ​ពិនិត្យ​ឃើញ​ថា លោក សម រង្ស៊ី មិន​បាន​បំពេញ​លក្ខខណ្ឌ​ច្បាប់​ណា​មួយ។

មន្ត្រី​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា ប្រាប់​ថា តាម​ច្បាប់​បោះឆ្នោត លោក សម រង្ស៊ី អាច​មក​ចុះ​ឈ្មោះ​បាន ប្រសិន​សាលក្រម​របស់​តុលាការ​មិន​ទាន់​ដក​សិទ្ធិ​បោះឆ្នោត​របស់​លោក សម រង្ស៊ី។

ចំណែក​អ្នក​តាមដាន​នយោបាយ យល់​ថា ដំណោះស្រាយ​នោះ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា គួរ​បង្ហាញ​គំរូ​ល្អ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​រយៈពេល​ដែល គ.ជ.ប ចាប់​ផ្ដើម​ធ្វើ​ការងារ​នេះ​ពី​ដើម​ខែ​កញ្ញា ដល់​ចុង​ខែ​វិច្ឆិកា។ លោក សូ ចន្ថា យល់​ថា នៅ​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​អ្វី​ក្រៅ​ពី​សម្របសម្រួល​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ៖ «ជា​ទស្សនៈ​ខ្ញុំ​ផ្ទាល់ បើ​សិន​ជា​មេ​ដឹកនាំ​បក្ស​ប្រឆាំង​គាត់​ចង់​ធ្វើ​គំរូ​ដល់​ពលរដ្ឋ​ខ្មែរ គាត់​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត បើ​ទោះ​ជា​មាន​ការ​ប្រឈម​បញ្ហា​អ្វី​ក៏ដោយ»។

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅ​ស្ទាក់ស្ទើរ​ប្រាប់​ពី​ការ​សម្រេច​ចេញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​អនុប្រធាន​បក្ស គឺ​លោក កឹម សុខា ដែល​កំពុង​ឃុំ​ខ្លួន​ឯង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស៖ «ចាំ​មើល​តិច​ទៀត ពីរ​បី​ថ្ងៃ​ទៀត​សិន»។

លោក សម រង្ស៊ី និង​លោក កឹម សុខា សព្វថ្ងៃ​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៅ​ក្នុង​តុលាការ ខណៈ​លោក សម រង្ស៊ី ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តុលាការ​ដក​សិទ្ធិ​បោះឆ្នោត​របស់​លោក ឬ​យ៉ាង​ណា​នោះ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ដើម្បី​បញ្ជាក់​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា។

ចំណែក​ករណី​លោក កឹម សុខា តុលាការ​បាន​ចេញ​ដីកា​ហាម​មិន​ឲ្យ​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទេ។ តុលាការ​សម្រេច​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​កន្លះ​ព្រឹក ជំនុំ​ជម្រះ​ករណី​មិន​ចូល​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ពាក់ព័ន្ធ​សំណុំ​រឿង​សញ្ចារកម្ម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>