Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

គណបក្ស​សង្គ្រោះ​ជាតិ​ថា​នឹង​មាន​យន្តការ​ជំរុញ​ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន

$
0
0
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង (រូប​កណ្ដាល​កាន់​មេក្រូ) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នំ​២០១៦។ RFA/Cheu Sideth. RFA/Cheu Sideth

ដោយ ឡេង ម៉ាលី RFA 2016-08-28

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គណបក្ស​នេះ​នឹង​មាន​យន្តការ​ជំរុញ​ឲ្យ​កម្មករ​កម្មការិនី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន។ យន្តការ​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ប្រការ​សំខាន់ គឺ​ការ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ។

អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​ក្នុង​វីដេអូ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ថា គណបក្ស​លោក​នឹង​ធ្វើ​សារ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កម្មករ​កម្មការិនី​បាន​ដឹង​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បន្ថែម​ថ្ងៃ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ។ ទន្ទឹម​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ឈប់​សម្រាក​ពិសេស​សម្រាប់​ការ​ចុះ​ឈ្មោះ​នេះ​ដែរ។

លោក អេង ឆៃអ៊ាង ថ្លែង​ថា «ក្រសួង​ការងារ ក្រុម​តំណាង​បាន​ដាក់​ទៅ ប៉ុន្តែ​យើង​មិន​ទាន់​បាន​ចម្លើយ​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ ព្រោះ​អា​ហ្នឹង​ទុក​សិទ្ធិ​របស់​ក្រសួង។ ឥឡូវ​នេះ ការ​ចុះ​ឈ្មោះ​ហ្នឹង​គេ​បើក​ទូលាយ។ ប្រជាពលរដ្ឋ​ដែល​មាន​ទី​សំណាក់​លើស​ពី​មួយ​កន្លែង អាច​ចុះ​ឈ្មោះ​នៅ​កន្លែង​ណា​ក៏​បាន​ដែរ គឺ​កន្លែង​ធ្វើ​ការ​ក៏​បាន កន្លែង​ទី​កំណើត​ក៏​បាន​ដែរ ស្រេច​តែ​ចិត្ត​សាមី​ខ្លួន​គេ។ ប៉ុន្តែ​អ្វី​ក៏ដោយ យើង​ចង់​ឲ្យ​ដោយសារ​កម្មករ​កម្មការិនី​គាត់​មាន​ទី​សំណាក់​របស់​គាត់​នៅ​កន្លែង​ធ្វើ​ការងារ។ ប៉ុន្តែ​អ្នក​ខ្លះ គាត់​ចង់​ទៅ​ចុះ​ឈ្មោះ​នៅ​ស្រុក​កំណើត ឬ​ទី​លំនៅ​អចិន្ត្រៃយ៍​របស់​គាត់ គាត់​ត្រូវ​ការ​ពេលវេលា​ធ្វើ​ម៉េច​ឲ្យ​គាត់​អាច​ចុះ​ឈ្មោះ​បាន​ដោយ​គេ​មិន​កាត់​ប្រាក់​ខែ គេ​មិន​បណ្ដេញ​ចេញ»។

ការ​ថ្លែង​របស់​លោក អេង ឆៃអ៊ាង គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ពិភាក្សា​ជាមួយ​ក្រុម​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ សីហា។ កិច្ច​ពិភាក្សា​នោះ គឺ​ផ្ដោត​លើ​ប្រធានបទ “ការ​ចុះ​ឈ្មោះ​បោះឆ្នោត” ក្នុង​វេទិកា​នយោបាយ​របស់​ខ្លួន។ ក្នុង​កិច្ច​ពិភាក្សា​នោះ ទាំង​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​កម្មករ​កម្មការិនី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន​របស់​ពួក​គេ។

មន្ត្រី​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បញ្ជាក់​បន្ថែម​ថា ពួក​លោក​នឹង​ជួប​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​នេះ ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​អង្គារ ទី​៣០ សីហា៖ «សំខាន់​ភ្ជុំ​បិណ្ឌ​ហ្នឹង យើង​ចង់​ឲ្យ គ.ជ.ប ធ្វើ​ការ​ព្រឹក ឬ​ល្ងាច​ក្នុង​បី​ថ្ងៃ​ហ្នឹង ដើម្បី​ជា​ឱកាស​ល្អ កម្មករ​ទៅ​លំនៅ​រៀង​ខ្លួន ឆ្លៀត​ឱកាស​ហ្នឹង​ចុះ​ឈ្មោះ​ឲ្យ​ហើយ​ទៅ»។

ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​យក​សម្ដី​របស់​លោក​នៅ​ថ្ងៃ​ទី​២៨ សីហា ថា លោក សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​នោះ មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ ព្រោះ​លោក សម រង្ស៊ី មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ។ ប្រសាសន៍​របស់​លោក ស៊ិក ប៊ុនហុក ជា​ប្រតិកម្ម​តប​ទៅ​នឹង​ប្រសាសន៍​របស់​អនុប្រធាន គ.ជ.ប គឺ​លោក គួយ ប៊ុនរឿន ដែល​កាល​ពី​ថ្ងៃ​ទី​២៦ សីហា ថ្លែង​ថា តាម​គោលការណ៍​ច្បាប់ លោក សម រង្ស៊ី អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ការ​ចុះ​ឈ្មោះ​នោះ​បាន បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា លោក សម រង្ស៊ី មិន​បាន​បំពេញ​លក្ខណៈ​ច្បាប់​ណា​មួយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​លោក ស៊ិក ប៊ុនហុក បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៨ សីហា។ អគ្គលេខាធិការ លោក ទេព នីថា និង​មន្ត្រី​ព័ត៌មាន គ.ជ.ប លោក ខន កែវមនោ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ជុំវិញ​ប្រសាសន៍​របស់​លោក ស៊ិក ប៊ុនហុក នោះ​ទេ។

លោក សម រង្ស៊ី សព្វថ្ងៃ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​តុលាការ​ចេញ​សេចក្ដី​សម្រេច​កំណត់​ថា លោក​ជា​ទណ្ឌិត។ កាល​ពី​ឆ្នាំ​២០១៣ លោក សម រង្ស៊ី ក៏​មាន​ស្ថានភាព​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​លោក​បាន​ទទួល​តំណែង​ជា​តំណាង​រាស្ត្រ បន្ទាប់​ពី​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស។ ប៉ុន្តែ​លើក​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​នឹង​មិន​ចុះ​ហត្ថលេខា​លើ​សំណើ​សុំ​លើកលែង​ទោស​ទៀត​ទេ។

គ.ជ.ប នឹង​ចាប់​ផ្ដើម​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​ពី​ដើម​ខែ​កញ្ញា ដល់​ចុង​ខែ​វិច្ឆិកា ហើយ​នឹង​បិទ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។

ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល ពលរដ្ឋ​អាច​ចុះ​ឈ្មោះ​នៅ​កន្លែង​ដែល​ខ្លួន​កំពុង​ស្នាក់​អាស្រ័យ​បាន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មនុស្ស​មួយ​ចំនួន រួម​ទាំង​អ្នក​នយោបាយ​ផង​យល់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ រឹត​តែ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កម្មករ​ចំណាក​ស្រុក​ដែល​វិល​ទៅ​ស្រុក-ភូមិ​វិញ​ពេល​បុណ្យ​នោះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>