
ដោយ ថា កិត្យា RFA 2016-08-30
អង្គការសង្គមស៊ីវិលនៅថ្នាក់មូលដ្ឋាននៅខេត្តចំនួន៨ នឹងចាប់ផ្តើមពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីតស៊ូមតិជាមួយស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងអភិបាលកិច្ច និងការទទួលខុសត្រូវ។ ការពង្រឹងសមត្ថភាពនេះ ធ្វើឡើងតាមរយៈគម្រោង “ការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិល ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ឬការចូលរួមទាំងអស់គ្នា"ដែលទើបនឹងសម្ពោធនៅរសៀលថ្ងៃទី៣០ ខែសីហា នាសណ្ឋាគារកាំបូឌីយ៉ាណា។
គម្រោងស្ដីពី “ការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិល ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ឬការចូលរួមទាំងអស់គ្នា” (Strengthening Civil Society Organizations Networks for Inclusive Development) នឹងធ្វើការជាមួយអង្គការសង្គមស៊ីវិលចំនួន ៨ខេត្តក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិនៃគណៈកម្មការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) លោក សឿង សារឿន មានប្រសាសន៍ថា គម្រោងនេះនឹងផ្ដល់ការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិល ដើម្បីក្លាយខ្លួនទៅជាតួអង្គសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ច គណនេយ្យភាព និងជំរុញឲ្យមានការបង្កើតគោលនយោបាយប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះ នឹងបង្កើនសមត្ថភាពលើការគ្រប់គ្រងបណ្ដាញ ការគ្រប់គ្រងចំណេះដឹង ការកៀរគរធនធាន និងការបង្កើនសមត្ថភាពតស៊ូមតិលើវិស័យៗជាមួយស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើតឲ្យមានលទ្ធផលកាន់តែទៅដល់ប្រជាពលរដ្ឋក្នុងខេត្តទាំង៨ មានខេត្តសៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី៖ «ធម្មតាអង្គការសង្គមស៊ីវិលយើងធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះហើយកាលណាសង្គមស៊ីវិលយើងមានសមត្ថភាពគ្រប់គ្រាន់ សង្គមស៊ីវិលអាចកៀរគរធនធានគ្រប់គ្រាន់ សង្គមស៊ីវិលអាចពង្រឹងអំណាចរបស់ប្រជាពលរដ្ឋក្នុងការចូលរួមតស៊ូមតិ និងជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវកាន់តែមានគណនេយ្យភាពខ្ពស់នេះ។ ដូច្នេះចង់មិនចង់ គឺសេវារបស់រដ្ឋាភិបាលដែលផ្តល់ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺមានគុណភាព»។
លោក សឿង សារឿន រំពឹងថា គម្រោងស្ដីពី “ការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិល ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន” នេះ នឹងជួយជំរុញឲ្យគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការមានដំណើរការល្អ បន្ទាប់ពីលោកសង្កេតឃើញថា គោលនយោបាយនេះហាក់ដូចជាប្រឈមបញ្ហាច្រើននាពេលកន្លងមក។
រយៈពេលជាង ១០ឆ្នាំមកហើយ រដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ឬនិយាយបែបសាមញ្ញមានន័យថា គឺជាការអនុវត្តគោលនយោបាយផ្ទេរអំណាច ផ្ទេរកិច្ចការពីថ្នាក់លើទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋាន ដែលធ្វើការកៀកជាមួយប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យរីកចម្រើន ក៏ប៉ុន្តែគោលនយោបាយនេះ ត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ថា មានតែលើក្រដាសប៉ុណ្ណោះ។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លោក ង៉ាន់ ចំរើន ស្វាគមន៍ចំពោះគម្រោងដែលអង្គការសង្គមស៊ីវិលដាក់ឲ្យសម្ពោធនេះ។ លោកបន្ថែមថា អភិបាលកិច្ច គឺគោលនយោបាយស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ របស់រដ្ឋាភិបាលដែលកំពុងតែអនុវត្ត ហើយទាមទារឲ្យមានការចូលរួមចំណែកពីដៃគូពាក់ព័ន្ធទាំងអស់៖ «ការចូលរួមរបស់អង្គការសង្គមស៊ីវិល គឺពិតជាមានតម្លៃណាស់សម្រាប់រាល់កិច្ចការទាំងអស់របស់រដ្ឋាភិបាល។ គាត់ក៏ជាចំណែកមួយនៃការចូលរួមមិនត្រឹមតែការអនុវត្ត គឺទាំងការរៀបចំគោលនយោបាយថែមទៀតផង»។
គម្រោងស្ដីពីការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិលដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននេះ ដែលមានរយៈពេល ៣០ខែ មានការគាំទ្រពីសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា។ គម្រោងនេះត្រូវបានសម្ពោធដោយអង្គការ វី.អេស.អូ កម្ពុជា (VSO Cambodia) និងដៃគូអនុវត្តគម្រោងអភិបាលកិច្ច រួមមានគណៈកម្មការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)។
នាយកប្រចាំប្រទេសនៃអង្គការ វី.អេស.អូ កម្ពុជា លោក ហ្គីឡូម សៅវ៉ល (Guillaume Sauval) មានប្រសាសន៍ថា ការពង្រឹងគណនេយ្យភាព គឺមានតម្រូវការយ៉ាងខ្លាំងដើម្បីការពារ និងបើកចំហឱកាសដល់សង្គមស៊ីវិលក្នុងការគាំទ្រដល់សកម្មភាពដែលនាំមុខដោយប្រជាពលរដ្ឋ៕