ដោយ ប្រាជ្ញ ចេវ RFA 2016-08-31
នៅរហូតម៉ោងប្រមាណ៤រសៀលថ្ងៃទី៣១ សីហា នេះ ឧទ្ធម្ភាគចក្រយោធាដែលហោះឆ្វែលជុំវិញទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ត្រូវបានត្រឡប់ទៅវិញហើយ ដោយសារភ្លៀងធ្លាក់ ប៉ុន្តែជំនួសមកវិញ ដោយរថយន្តស្លាកខេមរភូមិន្ទ ដែលមានកងកម្លាំងចម្រុះពាក់អាវប៉ារ៉ា ប្រដាប់ដោយអាវុធគ្រប់ដៃ និងបិទមុខ ជិះល្បាតកាត់មុខទីស្នាក់ការទៅវិញទៅមក។
នៅម៉ោងជិត ២រសៀលនេះ មានឧទ្ធម្ភាគចក្រយោធា និងអូប័រយោធាជាច្រើនគ្រឿងហោះឆ្វែល និងបើកឆ្លងកាត់ទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។ សកម្មភាពហោះហើរឆ្លងកាត់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើ នេះ គឺបានកើតឡើងកាលពីម៉ោង ១០ព្រឹក ថ្ងៃទី៣១ ខែសីហា នេះម្ដងរួចហើយ។
តំណាងរាស្រ្ត និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក ឡុង រី ឲ្យអាស៊ីសេរី ដឹងថា កាលពីព្រឹកមិញ ឧទ្ធម្ភាគចក្រទាំងនោះហោះឆ្វែលក្បែរៗដំបូលទីស្នាក់ការកណ្ដាលក្នុងរយៈពេលជាង ៤០នាទី ទើបផ្លាស់ទីចាកចេញ។ លោក ឡុង រី ឲ្យដឹងថា មិនត្រឹមតែមានឧទ្ធម្ភាគចក្រហោះឆ្វែលប៉ុណ្ណោះទេ ថែមទាំងមានអូប័រជាច្រើនគ្រឿងបើកឆ្លងកាត់ខាងក្រោយទីស្នាក់ការនេះទៀតផង។
លោកថា នេះជាសកម្មភាពគំរាមកំហែងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយលោកចោទសួរថា តើទីនេះ (ទីស្នាក់ការគណបក្សសង្គ្រោះជាតិ) ជាកន្លែងហាត់សមហោះយន្តហោះរបស់យោធា ឬយ៉ាងណា? រូបភាពបែបនេះ គឺដូចគ្នាទៅនឹងរូបកាលពីដើមឆ្នាំ២០១៤ នៅពេលសមត្ថកិច្ចចុះបំបែកទីលានប្រជាធិបតេយ្យ ក៏មានឧទ្ធម្ភាគចក្រហោះឆ្វែលនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដូចគ្នានេះដែរ។
ទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សព្វថ្ងៃ គឺជាកន្លែងដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងឃុំខ្លួនឯង ដែលសកម្មជនគណបក្សប្រឆាំងតែងតែផ្លាស់វេនគ្នាទៅប្រមូលផ្ដុំនៅទីនោះ។ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខតុលាការកំពូលនឹងបើកសវនាការទាក់ទងសំណុំរឿងលោក កឹម សុខា និងនៅថ្ងៃទី១ ខែកញ្ញា ស្អែកនេះ ជាថ្ងៃចុះឈ្មោះបោះឆ្នោតដំបូង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះនៅឡើយទេ។
សូមស្ដាប់ព័ត៌មានពិស្ដារ៖



