ដោយ មួង ណារ៉េត RFA 2019-05-16
សកម្មជនគណបក្សប្រឆាំងចំនួន៦នាក់ បានចូលបំភ្លឺតាមដីកាការកំណត់របស់តុលាការ ដោយ មានអ្នកគាំទ្ររាប់រយនាំគ្នាទៅផ្ដល់កម្លាំងចិត្តដល់ពួកគេនៅខាងក្រៅរបងសាលាដំបូងខេត្តបាត់ដំបង។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរហាក់មានការប្រុងប្រយ័ត្នខ្ពស់ ដោយបានដាក់ពង្រាយសមត្ថកិច្ចយាមកាមយ៉ាងតឹងរ៉ឹង ហើយមិនអនុញ្ញាតឱ្យអ្នកគាំទ្របានចូលទៅដល់ខាងមុខតុលាការនោះឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លោក ជា ជីវ ប្រាប់អាស៊ីសេរីបន្ទាប់ពីបំភ្លឺតុលាការនៅព្រឹកថ្ងៃទី១៦ឧសភាថា មន្ត្រីតុលាការសាកសួរលោកជាងមួយម៉ោង ដោយផ្ដោតលើ៣រឿងសំខាន់ ទី១ ការហូបនំបញ្ចុកជុំគ្នានៅផ្ទះរបស់លោកនៅមុនពេលរបបលោកហ៊ុន សែនបោះឆ្នោតក្លែងក្លាយកាលពីឆ្នាំ២០១៨ ទី២ រឿងការបង្ហោះសារគាំទ្រលោកសម រង្ស៊ី ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងបង្ហោះសារគាំទ្រ លោក សម រង្ស៊ី និង លោក កឹម សុខា ជាមនុស្សតែមួយ។ មន្ត្រីគណបក្សប្រឆាំងរូបនេះសម្ដែងការខកចិត្តយ៉ាងខ្លាំងដែលតុលាការកោះហៅសាកសួរលើករណីនេះ៖ «វាជាសកម្មភាពមួយដែលរំលោភបំពានសិទ្ធិសេរីភាពមកលើខ្ញុំប្រជាពលរដ្ឋសាមញ្ញ បានឈប់ធ្វើនយោបាយហើយ។ ការសម្ដែងមតិរបស់ពួកខ្ញុំកាន់តែរួមតូច ហើយខ្ញុំគ្មានជំនឿទៅលើប្រពន្ធតុលាការនោះទេ ព្រោះស្ថាប័នមួយនេះស្ថិតនៅក្រោមគំរាមរបស់អ្នកនយោបាយ»។
តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបងលោក គឺ ប៊ុណ្ណារ៉ា បានកោះហៅមន្ត្រីគណបក្សប្រឆាំងចំនួន៦រូប រួមមាន លោក ជា ជីវ លោក គង់ ប៊ុនហ៊ាង លោក ហម អ៊ាប លោកពួក លីហាក់ លោកស៊ឹម ឡៅ និងលោកស៊ិន សាន ចូលបំភ្លឺតុលាការនៅថ្ងៃទី១៦ឧសភា ដោយចោទប្រកាន់ពីប្រឆាំងសាលដីកាតុលាការកំពូល រឿងការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧។
អ្នកគាំទ្រគណបក្សសង្គ្រោះរាប់រយនាក់ ដោយអ្នកខ្លះមកពីខេត្តសៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តបាត់ដំបងនាំគ្នាទៅផ្ដល់កម្លាំងចិត្តដល់ពួកគេនៅខាងក្រៅរបងសាលាដំបូងខេត្តបាត់ដំបង។
អ្នកគាំទ្រមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ឆាំង បារាំង ថ្លែងថា ពួកគាត់ប្រមាណ២០នាក់បានចំណាយថវិកាផ្ទាល់ខ្លួនធ្វើដំណើរតាមរថយន្តឈ្នួលចំនួន៣គ្រឿង ក្នុងការទៅចូលរួមផ្ដល់កម្លាំងចិត្តដល់សកម្មជនគណបក្សសង្គ្រោះជាតិ។លោកបន្តថា មូលហេតុដែលគាំទ្រដោយសារមិនពេញចិត្តនឹងរបបដឹកនាំសព្វថ្ងៃ និងចង់ឱ្យពួកគាត់បន្តការងាររបស់ខ្លួនជាមួយគណបក្សប្រឆាំងទៅមុខទៀត៖ «អ្នកខ្លះឱ្យខ្ញុំរកជួលឡានទៀត តែខ្ញុំរកជួលអត់ទាន់ ព្រោះខ្ញុំមកបន្ទាន់តាំងពីព្រឹក។ខ្ញុំធ្វើនេះដើម្បីកុំឱ្យពួកគាត់គិតថានៅឯកោម្នាក់ឯង ខ្ញុំចង់មកចូលរួមឱ្យគាត់មានកម្លាំងចិត្តឡើងវិញ ព្រោះយើងធ្លាប់រួមការងារជាមួយគ្នាពីមុនមក ដល់ពេលពួកគាត់មានបញ្ហាយើងក៏មិនចោលពួកគាត់ដែរ ហើយទោះបីជាថ្ងៃក្រោយគេហៅខ្ញុំទៅបំភ្លឺតុលាការក៏ខ្ញុំមិនខ្លាចដែរ»។
អ្នកគាំទ្រម្នាក់ទៀតមកពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក យ៉ាត ភិរម្យ ប្រាប់អាស៊ីសេរីថា លោកធ្វើដំណើរចេញពីផ្ទះដោយម៉ូតូផ្ទាល់ខ្លួនតាំងពីម៉ោង៥ព្រឹក ដើម្បីចូលរួមឃ្លាំមើលនៅមុខសាលាដំបូងខេត្តបាត់ដំបង។លោកបន្តថា សកម្មជនគណបក្សប្រឆាំងរងគ្រោះដោយអយុត្តិធម៌ ២ផ្ទួនគ្នា គឺការប្លន់យកតំណែងមេឃុំចៅសង្កាត់ដោយសារការរំលាយគណបក្សសង្គ្រោះជាតិចោលផង និង មានដីកាកោះហៅពួកគាត់ទៅបំភ្លឺ ដោយអយុត្តិធម៌មកលើពួកគាត់ ដូច្នេះហើយដែលជំរុញឱ្យលោកត្រូវតែទៅផ្ដល់កម្លាំងចិត្តដល់ពួកគាត់៖ «ពួកយើងជាយុវជនស្រលាញ់ភាពត្រឹមត្រូវនិងយុត្តិធម៌ គឺកម្លាំងចេញពីចិត្តខ្លួនឯងតែម្ដង ព្រោះយើងពិចារណាមើលបើគេរំលាយគណបក្សសង្គ្រោះជាតិមិនត្រឹមត្រូវទេ ព្រោះតំណែងដែលបានមកគឺបានមកពីប្រជាពលរដ្ឋអ្នកបោះឆ្នោតឱ្យ ហើយដល់គេប្លន់យកទៅបាត់អីចឹងទៅ គឺ មានអារម្មណ៍មួយតូចចិត្តណាស់ ព្រោះយើងមិនបានធ្វើអ្វីខុសផងហើយគេមកយកទ្រព្យសម្បត្តិរបស់យើងចេញទៅ ហើយការបោះឆ្នោតគឺមិនមែនបានដោយសារគេលើកបន្តុបយើងណា គឺបានដោយសារពលរដ្ឋទុកចិត្តស្រលាញ់បោះឆ្នោតឱ្យ»។
ទោះជាយ៉ាងណាលោកថា សម្ដែងការសោកស្ដាយដែលសមត្ថកិច្ចបានយករនាំងបិទផ្លូវរារាំងមិនឱ្យពួកគាត់ចូលទៅឈរនៅខាងមុខសាលាដំបូងខេត្ត»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា ការបិទផ្លូវនៅសាលាដំបូងខេត្ត គឺជាចេតនាមួយរបស់អាជ្ញាធរដោយសារភ័យខ្លាចអ្នកគាំទ្រផ្ទុះការបះបោរណាមួយកើតឡើងអំឡុងពេលពួកគេចូលបំភ្លឺនោះ។ទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា បើទោះបីជាមានអ្នកគាំទ្រច្រើនយ៉ាងនេះក្ដី ក៏សំណុំរឿងនេះទំនងមិនទាន់បញ្ចប់ត្រឹមការសាកសួរនោះទេ ដោយតំណាងអយ្យការអាចនឹងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរបន្តទៀត ប្រសិនបើរកឃើញមេក្លោងដើម្បីទទួលខុសត្រូវលើរឿងនេះ។លោកថា នៅពេលដែលតុលាការរកអ្នកទទួលខុសត្រូវបានហើយ ដោយតុលាការអាចនឹងមានការឃុំខ្លួននៅពេលខាងមុខ៖ «យើងឃើញថាគេកំពុងតែរកអ្នកទទួលខុសត្រូវ ថាសំណុំរឿង៣៣៨អ្នកណាអ្នកទទួលខុសត្រូវ គេចង់រកមេក្លោង គឺធ្វើនៅផ្ទះអ្នកណា? ហើយសំណុំរឿង៣៣៩ធ្វើនៅហាងនំបញ្ចុករបស់កញ្ញារ៉ូហ្សេត ហើយ៣៣៨ធ្វើនៅផ្ទះអ្នកណា ឥឡូវរឿងគេផ្ដោតទៅលើផ្ទះលោក ជា ជីវ ហើយអាសំណុំរឿង៣៤០ធ្វើនៅលើផ្ទះអ្នកណាទៀតនៅស្រុកមោងឫស្សី អីចឹងបញ្ហានេះអាចមានកោះហៅពួកគាត់ថែមទៀត ដែលធ្វើឱ្យពួកគាត់ប៉ះពាល់ដល់ការរស់នៅ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពនិងធ្វើឱ្យពួកគាត់រស់ដោយការភ័យខ្លាច»។
លោក បន្តថា រឿងនេះជារឿងនយោបាយ ដើម្បីបំភិតបំភ័យដល់សកម្មជនគណបក្សសង្គ្រោះជាតិមិនឱ្យធ្វើសកម្មភាពនយោបាយនិងគាំទ្រ លោក សម រង្ស៊ី និង លោក កឹម សុខា ។
អាស៊ីសេរីមិនអាចទាក់ទងស្នងការរងខេត្តបាត់ដំបង លោក មៀន ឡាយ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការបិទផ្លូវនៅមុខសាលាដំបូងខេត្តបានទេនៅថ្ងៃទី១៦ឧសភា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែកន្លងមកអភិបាលក្រុងបាត់ដំបងលោក ផែង សិទ្ធី ប្រាប់អាស៊ីសេរីថា ការបិទផ្លូវនិងដាក់សមត្ថកិច្ចនៅទីនោះ ដោយសារអាជ្ញាធរធ្វើការការជួសជុលផ្លូវនឹងកាត់មេឃឈើនៅជុំវិញសាលាដំបូងខេត្ត ដើម្បីបោសសំអាតបរិស្ថានក្នុងក្រុងបាត់ដំបង ដោយពុំមែនជាការរារាំងមន្ត្រីបក្សប្រឆាំងទាំងនោះឡើយ។
ការធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងនេះបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្សី បានដឹកនាំពលករខ្មែរប្រមាណ៨ពាន់នាក់(៨,០០០)ធ្វើបាតុកម្មភ្លើងទៀននៅទីលានខាងមុខសាលាក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃទី២០ ខែ មេសា។ បាតុកម្មនេះ រៀបចំដោយចលនាយុវជនខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញឆន្ទៈប្រឆាំងរបបក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន ដែលបានរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ឃុំខ្លួនមេដឹកនាំគណបក្ស គឺលោក កឹម សុខា។ ចាប់តាំងពីពេលនោះមកសមត្ថកិច្ចនៅតាមខេត្តបានតាមដាន ដោយខេត្តខ្លះបានកោះហៅសកម្មជនគណបក្សប្រឆាំងចូលបំភ្លឺតុលាការជាបន្តបន្ទាប់ ដោយចោទប្រឆាំងសាលដីកាតុលាការកំពូលរឿងរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧។
គិតត្រឹមថ្ងៃទី១៦ ឧសភា សាលាដំបូងខេត្តបាត់ដំបង បានកោះហៅមេឃុំចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ក្រុងនិងក្រុមប្រឹក្សាខេត្តបាត់ដំបងជាប់ឆ្នោត គណបក្សសង្គ្រោះជាតិចំនួន ៣៥នាក់ហើយ ឱ្យចូលបំភ្លឺតុលាការចាប់តាំងពីថ្ងៃទី៨ ឧសភាមក ក្នុងនោះមានចៅសង្កាត់អូរចារជាប់ឆ្នោត គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និងមន្ត្រីគណបក្សសង្គ្រោះជាតិ ១៦នាក់ផ្សេងទៀតដែលបានចូលបំភ្លឺតុលាការរួចរាល់ ហើយសកម្មជនចំនួន៥នាក់ទៀតនឹងត្រូវចូលបំភ្លឺនៅថ្ងៃទី១៧ឧសភា៕