Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​នៅ​មណ្ឌលគិរី​ត្រូវ​សហគមន៍​​ប្ដឹង​ពី​បទ​គំរាម

$
0
0
ទិដ្ឋភាព​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញ៉ែក ខេត្ត​មណ្ឌលគិរី កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៨។ រូប​៖ ​ដោយ​សហគមន៍

ដោយ សន ចាន់រដ្ឋា RFA 2019-05-16

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​មណ្ឌលគិរី ជាង ២០០​នាក់ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ប្ដឹង មន្ត្រី​បរិស្ថាន​មួយ​រូប មាន​តួនាទី​ជា​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ករណី​គំរាម​សហគមន៍​ដែល​ចុះ​ល្បាត​ព្រៃ​មិន​ឱ្យ ទប់ស្កាត់​បទល្មើស​ព្រៃឈើ។

ពលរដ្ឋ​ជាង ២០០នា​ក់​រស់នៅ​ភូមិ​ចំនួន ៥ នៃ​ឃុំ​រយ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កើតទុក្ខ​មិន​សុខចិត្ត ករណី​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច លោក ហាន សុខោន គំរាម​អ្នកភូមិ​មួយ​ក្រុម ដែល​កំពុង​ចុះ​ល្បាត​ព្រៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​កាលពីដើម​ខែ​ឧសភា​កន្លង​ទៅ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង (​ពូនង​) លោក ប្រុង ណច រំឭក​ថា អ្នកភូមិ​ជាង ៦០​នាក់ បាន​ចុះ​ល្បាត​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ប្រទះឃើញ បទល្មើស​ព្រៃឈើ​ដឹកជញ្ជូន​តាម​គោយន្ត ស្រាប់តែ​មន្ត្រី​បរិស្ថាន​មួយ​ក្រុម មាន​គ្នា ៥​នាក់ គំរាម​អ្នកភូមិ​វាយ​ខ្នោះ និង​ចោទ​ពួកគេ​ថា គ្មាន​សិទ្ធិ​ការពារ​ព្រៃឈើ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ពលរដ្ឋ​ចុះ​ល្បាត​ព្រៃ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ៖ «គេ​គំរាម​ថា ដី​នេះ​ជា​ដី​របស់​បរិស្ថាន​ទេ ពុំ​មែន​ជា​ដី​របស់​បងប្អូន​ជនជាតិ​ទេ ហើយ​ឥឡូវ​ខ្ញុំ​ចង់​ធ្វើ​ម៉េច​ក៏បាន​ដែរ​។ ខ្ញុំ​ចង់​កាប់​ឈើ​បំផ្លាញ​ក៏បាន​ដែរ ប្រយ័ត្ន​ខ្ញុំ​បាញ់​ណា សម្លាប់ចោល ហើយ​ម្យ៉ាងទៀត​ខ្ញុំ​មាន​ខ្នោះ ចង់​ដាក់​ខ្នោះ​ដាក់​អីចឹង​ទៀត​។ ខ្ញុំ​ឆ្ងល់​ដែរ ធ្វើការ​បរិស្ថាន​ដែរ​ចូលចិត្ត​គំរាម​គេ​អីចឹង»។

​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា និយាយ​ថា មន្ត្រី​បរិស្ថាន​បាន​បង្គាប់​ឱ្យ​ពលរដ្ឋ​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​មុន​សិន ទើប​អាច​ចុះ​ល្បាត​ព្រៃ​បាន។ លោក​ចាត់​ទុក​ទង្វើ​នេះ ទំនងជា​កាង​ការពារ​ប្រយោជន៍​ជនល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់៖ «គាត់​ថា (​មន្ត្រី​បរិស្ថាន​ថា​) ប្រសិនបើ​អត់​មាន​លក្ខន្តិកៈ​បង្កើត​សហគមន៍​ត្រឹមត្រូវ ប្រយ័ត្ន​ខ្ញុំ​ដាក់​ខ្នោះ ឥឡូវ​នរណា​តំណាង? ដល់ពេល​ពួកគាត់​ថា ពួក​ខ្ញុំ​ថា ពួក​ខ្ញុំ​អត់​មាន​ដំណាង​ទេ បើ​ចាប់​ជាង ៦០​នាក់ ចាប់​ទាំងអស់​ទៅ​។ ខ្នោះ​គាត់​មានតែ ២​ហ្នឹង​។ ដាក់​ខ្នោះ​ប្ដឹង​ដល់​តុលាការ​អីចឹង ខ្ញុំ​មិន​អាច​ទទួល​យក​បាន ព្រោះ​អា​ហ្នឹង​ប្រមាថ​អាយុជីវិត​គាត់ និង​ប្រមាថ​សិទ្ធិ​សេរីភាព​គាត់»។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច លោក ហាន សុខោន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ ចោទប្រកាន់​នេះ​បានទេ នៅ​ថ្ងៃ​ទី១៥ ឧសភា​។ ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក្រ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់​ទុក​ការ គំរាម​នេះ​ជា​ទង្វើ​ល្មើសច្បាប់ និង​បំពាន​គោលការណ៍​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​សហការ ជាមួយ​ពលរដ្ឋ​រួមគ្នា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ។ លោក​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ពេញលេញ​ការពារ​ធនធានធម្មជាតិ ដែល​ធានា​ដោយ​ច្បាប់៖ «ខ្ញុំ​យល់ថា ប្រសិនបើ​ករណី​គំរាម​ដូច​ពលរដ្ឋ​លើកឡើង ហ្នឹង​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស រំលោភច្បាប់​ព្រោះថា សម្បត្តិ​របស់​រដ្ឋ បុគ្គល​ណា​ក៏​មាន​សិទ្ធិ​ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដែរ»។

តំណាង​ជនជាតិ​ដើម​ភាគតិច លោក ប្រុង ណច បារម្ភ​ថា ដី​ព្រៃ​សហគមន៍​ភូមិ​មេ​មុំ​ទំហំ​ប្រមាណ ៥​ពាន់​ហិកតារ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច កំពុង​ទទួលរង​ការ​គំរាមកំហែង កាប់​ចោះ​យក​ឈើ​មូល​ធំៗ ហេតុនេះ​ពួកគេ​ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពន្លឿន ចុះបញ្ជី​ដី​សមូហភាព ព្រោះ​មន្ត្រី​បរិស្ថាន​អសមត្ថភាព​ថែរក្សា។ លោក​ថា ខ្លឹមសារ​ញត្តិ​នេះ អ្នកភូមិ​នឹង​បូក​បញ្ចូល​បញ្ហា​នេះ ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ដោះស្រាយ​បន្ទាន់៖ «ព្រៃឈើ​បាន​ខ្ទង់ ៥​ពាន់​ហិកតារ​ជាង យើង​គ្រោង​យក​ដី​ហ្នឹង​មកវិញ កុំ​ឱ្យ​បរិស្ថាន​កាន់កាប់​។ ប្រសិនបើ​បរិស្ថាន​កាន់កាប់​ទៀត កាន់តែ​អស់​ព្រៃឈើ​ថែម​ហើយ»។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ទាមទារ​ឱ្យ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត ត្រូវ​ពន្យល់​ឱ្យ​ច្បាស់លាស់ តើ​ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​ការពារ​ព្រៃឈើ ឬទេ​? និង​ទាមទារ​ឱ្យ​ក្រសួង​សាមី រក​យុត្តិធម៌ ជូន​អ្នកភូមិ ដែល​ទទួលរង​ការ​គំរាមកំហែង និង​ប្រមាថ​អាយុជីវិត ពី​មន្ត្រី​បរិស្ថាន៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>