![]() |
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហមុនី យាងចូលរួមទិវាបុណ្យខួបឯករាជ្យជាតិលើកទី៦៣ នាវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA |
ដោយ សុ ជីវី RFA 2019-05-16
អ្នកនយោបាយ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ចង់ឃើញថ្នាក់ដឹកនាំកម្ពុជា មានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ទាំងប្រទេសកុម្មុយនិស្ត និងប្រទេសប្រជាធិបតេយ្យ។ ជាពិសេសពួកគេមិនចង់ឃើញកម្ពុជា ទោរទន់ខ្លាំងទៅរកតែប្រទេសចិនតែមួយនោះទេ។ ប្រតិកម្មនេះធ្វើឡើង ក្រោយពេលអង្គព្រះមហាក្សត្របានបង្ហាញព្រះជំហរគាំទ្រចិន គ្រប់បញ្ហាទាំងអស់ ហើយភាគីចិនក៏បានសន្យាជួយជ្រោមជ្រែងកម្ពុជាលើមាគ៌ាអភិវឌ្ឍន៍របស់ខ្លួនដែរ។
សាធារណជនមួយចំនួន មើលឃើញថា ទំនាក់ទំនងកម្ពុជា-ចិន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ផ្ដល់ផលប្រយោជន៍ច្រើនទៅឱ្យខាងប្រទេសចិន ហើយកម្ពុជាវិញច្រើនតែជាអ្នកខាតបង់ និងរងសោកនាដកម្មគ្រប់យ៉ាង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងភៀសខ្លួននៅអាមេរិកថ្លែងថា សង្គ្រាមស៊ីវិលរាប់សិបឆ្នាំ និងរបបកាប់សម្លាប់ខ្មែរក្រហម សុទ្ធសឹងតែមានចិននៅពីក្រោយខ្នង ហើយនៅសម័យបច្ចុប្បន្ននេះវិញ ចិនបានប្រមូលយកធនធានធម្មជាតិរបស់ខ្មែរ និងកេងប្រវ័ញ្ចពីទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាពគ្នាជាមួយកម្ពុជា។ លោកថា មេដឹកនាំកម្ពុជាគួរតែស្វែងយល់ឱ្យបានច្បាស់អំពីអ្វីជាផលប្រយោជន៍ជាតិ និងចៀសវាងឱ្យបាននូវការឈ្លក់វង្វេងនឹងពាក្យលើកសរសើរដើម្បីផលប្រយោជន៍របស់ចិន។ «»
ចំណែកអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញ មើលឃើញថា ដើម្បីការអភិវឌ្ឍ កម្ពុជាត្រូវចាប់ដៃជាមួយប្រទេសទាំងឡាយនៅលើពិភពលោក ទោះជាប្រទេសកុម្មុយនិស្ត ឬប្រទេសសេរីក៏ដោយ។ ក៏ប៉ុន្តែក្នុងវិស័យនយោបាយ ពួកគេថាថ្នាក់ដឹកនាំកម្ពុជាត្រូវដឹងថា ខ្លួនជាប្រទេសប្រជាធិបតេយ្យ ដូច្នេះទំនាក់ទំនងជិតស្និទ្ធខ្លាំងពេកជាមួយប្រទេសចិនដែលជាប្រទេសកុម្មុយនិស្តនោះ មិនមែនជាបច្ច័យល្អឡើយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសលោកខាងលិច។
កាលពីថ្ងៃទី១៤ ឧសភា កន្លងទៅ ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បានមានព្រះបន្ទូលទៅកាន់ប្រមុខរដ្ឋចិនថា ប្រជាពលរដ្ឋខ្មែរនឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិន នៅគ្រប់កាលៈទេសៈទាំងអស់។ ព្រះអង្គបានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលសាធារណរដ្ឋប្រជាមានិតចិន ឬចិនកុម្មុយនិស្តសម្រេចបាន ចាប់តាំងពីត្រូវបានបង្កើតឡើងកាលពី៧០ ឆ្នាំមុន។ ព្រះអង្គបានកោតសរសើរអំពីតួនាទីដ៏សំខាន់របស់ប្រទេសចិន នៅក្នុងកិច្ចការអន្តរជាតិ ហើយទ្រង់ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ចិនផងដែរ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានឆ្លើយតបទៅព្រះអង្គវិញថា ប្រទេសចិនគោរពស្រឡាញ់ចំពោះមិត្តភាពដ៏ពិសេសជាមួយព្រះរាជវង្សានុវង្សខ្មែរ និងសន្យាជួយជ្រោមជ្រែងកម្ពុជាបន្តទៀតលើមាគ៌ានៃការអភិវឌ្ឍដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា។ មេដឹកនាំចិនដ៏មានឥទ្ធិពលរូបនេះ បានអះអាងទៀតថា ចិននឹងបន្តធ្វើការងារជាមួយកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មិនហ៊ានធ្វើអត្ថាធិប្បាយអំពីទឹកព្រះទ័យរបស់អង្គព្រះមហាក្សត្រ ដែលបានបង្ហាញព្រះជំហរគាំទ្រប្រទេសចិននោះឡើយ។ ក៏ប៉ុន្តែលោកយល់ថា កម្ពុជាមិនគួរលម្អៀងទៅរកប្រទេសចិននោះឡើយ ព្រោះរដ្ឋធម្មនុញ្ញចែងថា កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ពន្ធ។ «»
ចំណែក អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងថា ស្របពេលដែលទំនាក់ទំនងជាមួយចិនកាន់តែល្អឡើងជាលំដាប់បែបនេះ ថ្នាក់ដឹកនាំកម្ពុជាក៏ត្រូវធ្វើឱ្យមានតុល្យភាពជាមួយប្រទេសប្រជាធិបតេយ្យផងដែរ។ លោកយល់ថា ការចាប់យកចិនតែមួយ នឹងធ្វើឱ្យកម្ពុជាកាន់តែឃ្លាតឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយដំណើរការអភិវឌ្ឍប្រកបដោយនិរន្តភាពនឹងមិនអាចសម្រេចបានដោយជោគជ័យនោះឡើយ។ «»
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា ការរីកចម្រើនរបស់កម្ពុជា គឺអាស្រ័យលើការគាំទ្ររបស់ប្រទេសចិន ហើយអ្នកដែលរិះគន់ថា ចិនចំណេញច្រើនពីទំនាក់ទំនងជាមួយកម្ពុជា គឺជាអ្នកមានចេតនាទុច្ចរិត។ លោកបន្តថា កម្ពុជាមិនបានរើសអើងប្រទេសណាមួយនោះឡើយ ក៏ប៉ុន្តែប្រទេសជាមិត្តមួយចំនួនមិនអាចជួយកម្ពុជាចំទិសដៅដែលកម្ពុជាចង់បាន ទើបទំនាក់ទំនងជាមួយប្រទេសទាំងនោះមិនបានល្អដូចជាមួយប្រទេសចិន។ «»
ខណៈរបបក្រុងភ្នំពេញមានការពេញចិត្តពេញថ្លើមខ្លាំងនឹងចិនបែបនេះ ប្រជាពលរដ្ឋឯណោះវិញ បានបង្ហាញពីភាពខកចិត្តចំពោះរឿងនេះ ព្រោះពួកគេមើលឃើញថា ជនជាតិចិនខិលខូចមួយចំនួន កំពុងប្រើប្រាស់ទឹកដីកម្ពុជាជាកន្លែងប្រព្រឹត្តបទល្មើស ហើយចិនក៏ជាប់ឈ្មោះជាជនជាតិបរទេសដែលប្រព្រឹត្តបទល្មើសច្រើនជាងគេនៅកម្ពុជាដែរ។ របាយការណ៍សមត្ថកិច្ចឲ្យដឹងថា ជនជាតិចិននៅកម្ពុជា ប្រព្រឹត្តបទល្មើសច្រើនជាង កាលពីចុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩នេះ។ ព្រឹត្តិការណ៍ចុងក្រោយ គឺការបាញ់សម្លាប់ជនជាតិចិនម្នាក់ មានលក្ខណៈសាហាវ ដោយជនល្មើសបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា ក្នុងរថយន្ត ហើយធាក់ទម្លាក់ចេញពីរថយន្ត និងបើកឡានកិនជើងជនរងគ្រោះថែមទៀត។
ពលរដ្ឋមួយរូបនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្លែងថា លោកមានការព្រួយបារម្ភជាខ្លាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ដែលកំពុងបើកផ្លូវឱ្យមានលំហូរចូលយ៉ាងគំហុកនៃជនជាតិចិនមកស្រុកខ្មែរ។ លោកឱ្យដឹងថា ក្នុងមូលដ្ឋានរបស់លោក ជនជាតិបានបើករកស៊ីដណ្ដើមមុខរបរពលរដ្ឋខ្មែរ ខ្លះទៀតហ៊ានដល់ថ្នាក់ប្រើអំពើហិង្សា ចាប់ជំរិត ប្រព្រឹត្តអំពើចោរកម្ម និងប្លន់ប្រដាប់អាវុធ ជាដើម។ លោកបន្តថា ក្នុងនាមជាពលរដ្ឋមួយរូប លោកមិនគាំទ្រឱ្យថ្នាក់ដឹកនាំលម្អៀងទៅរកប្រទេសចិននោះឡើយ ហើយលោកចង់ឱ្យមេដឹកនាំកម្ពុជាប្រាប់ទៅភាគីចិនអំពីរឿងដែលជនអន្តោប្រវេសន៍ចិនកំពុងបង្កបញ្ហាជាច្រើននៅស្រុកខ្មែរ។
ដោយឡែក អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួន ក៏បានបញ្ចេញមតិរិះគន់ព្រះរាជបន្ទូលរបស់អង្គព្រះមហាក្សត្ររឿងគាំទ្រប្រទេសចិនផងដែរ។
អ្នកខ្លះសរសេរថា ប្រទេសខ្មែររលាយរលត់គ្រប់ជំនាន់ ដោយសារតែចិនកុម្មុយនិស្តនេះឯង ក៏ប៉ុន្តែនៅតែមិនរាងចាល។ អ្នកខ្លះសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាថ្នាក់ដឹកនាំខ្មែរគ្រប់ជំនាន់ ស្រឡាញ់ និងចូលចិត្តរាប់អានតែជាមួយកុម្មុយនិស្តចិនបែបនេះ ខណៈចិនមានគំនិតខ្សែលើ កេងប្រវ័ញ្ចប្រទេសក្រីក្រ ជាពិសេសប្រទេសខ្មែរតែម្ដង។ មានខ្លះទៀតលើកឡើងថា ជិត១០០ ឆ្នាំមកនេះ ខ្មែរនៅតែជាមួយប្លុកកុម្មុយនិស្ត ខណៈប្រទេសថៃវិញ នៅជាមួយប្រទេសលោកសេរីរហូត ធ្វើឱ្យគេរីកចម្រើនយ៉ាងខ្លាំង។ អ្នកខ្លះទៀតរិះគន់ថា ព្រះអង្គគាំទ្រចិន តែពលរដ្ឋខ្មែរមិនគាំទ្រចិនឡើយ។ មានម្នាក់ទៀតសរសេរថា គាត់គោរពស្រឡាញ់ព្រះមហាក្សត្រ ក៏ប៉ុន្តែមិនចង់ឱ្យកម្ពុជាផ្ដេកផ្ដួលទៅលើមិត្តចិនតែមួយនោះឡើយ។ ហ្វេសប៊ុកដដែល ស្នើឱ្យព្រះមហាក្សត្រគោរពឆន្ទៈរាស្ត្រ ហើយថា កម្ពុជាត្រូវងើបឈរដោយខ្លួនឯង និងរឹងមាំដោយខ្លួនឯង៕
ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បានយាងនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី១៦ ឧសភា បន្ទាប់ពីបានបំពេញព្រះរាជកិច្ចរយៈពេល៤ ថ្ងៃ យាងចូលរួមវេទិកាសន្ទនាអរិយធម៌អាស៊ី នៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងវេទិកានោះ ព្រះអង្គបានបង្ហាញព្រះហឫទ័យចង់ឱ្យសាកលលោកពង្រឹងតួនាទីសាសនា និងលើកតម្កើងសីលធម៌ឱ្យបានខ្លាំងក្លាឡើងវិញ ដើម្បីទប់ស្កាត់ការស្រុតចុះសីលធម៌ និងគុណធម៌ក្នុងសង្គម ទន្ទឹមនឹងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕