
ដោយ សុ ជីវី RFA 2016-09-10
សហជីពកម្មករស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អោយជួយសម្រួលដល់ក្រុមកម្មករបម្រើការងារនៅតាមរោងចក្រ និងសហគ្រាសនានា ងាយស្រួលសុំច្បាប់ដើម្បីទៅចុះឈ្មោះបោះឆ្នោត។ សំណើនេះបន្ទាប់ពីកម្មករនៅតាមបណ្ដាខេត្តដែលកំពុងធ្វើការងារនៅឆ្ងាយពីផ្ទះជួបការលំបាកមួយចំនួននៅពេលសុំច្បាប់ទៅចូលរួមបោះឆ្នោត។ មន្រ្តី គ.ជ.ប បញ្ជាក់ថា នឹងពិចារណាសំណើរបស់សហជីពកម្មករនេះ។
សហភាពការងារកម្ពុជា សំអាងហេតុផលមួយទៀតថា កាលពីអំឡុងពេលបោះឆ្នោតជាច្រើនអាណត្តិកន្លងទៅនេះ គ.ជ.ប តែងចេញសេចក្ដីណែនាំអោយរោងចក្រសហគ្រាសនានា សម្រួលពេលវេលាសម្រាប់អោយក្រុមកម្មករ កម្មការិនីបានទៅចុះឈ្មោះបោះឆ្នោតដោយមិនកាត់ប្រាក់ឈ្នួល។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា កម្មករ កម្មការិនីនៅតាមបណ្ដារោងចក្រសហគ្រាសតែងជួបការលំបាកក្នុងការសុំច្បាប់ឈប់សម្រាក។ លោកថា ជាទូទៅពួកគេត្រូវថៅកែកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃ និងប្រាក់រង្វាន់ផ្សេងទៀតនៅពេលសុំច្បាប់។ លោកថា បញ្ហានេះជាការលំបាកមួយទៀតសម្រាប់កម្មករដែលមានលំនៅឋាននៅតាមបណ្ដាខេត្តឆ្ងាយ ហើយចង់ទៅបោះឆ្នោតនៅទីនោះ៖ «»។
ករណីនេះដែររដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ធ្លាប់មានប្រសាសន៍ថា ក្រសួងអាចនឹងចាត់វិធានការករណីនេះប្រសិនបើមានសេចក្ដីណែនាំពី គ.ជ.ប៖ «»។
ឆ្លើយតបករណីនេះ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប បានផ្ដល់ជម្រើសរួចហើយសម្រាប់អ្នកចំណាកស្រុកថា ពួកគេអាចទៅចុះឈ្មោះនៅទីកន្លែងពួកគេកំពុងស្នាក់ ឬទៅចុះឈ្មោះនៅទីលំនៅអចិន្ត្រៃយ៍។ តែបើទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប នឹងពិចារណាចំពោះសំណើរបស់សហជីពនេះ។
កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្រោមជើងនៅខេត្តកណ្ដាល កញ្ញា យឹង ស្រីឃួច និយាយថា នាងមានទីលំនៅក្នុងខេត្តសៀមរាប ហើយនាងចង់ត្រឡប់ទៅបោះឆ្នោតនៅមូលដ្ឋានរបស់នាងវិញ ពោលគឺនាងចង់ចូលរួមអភិវឌ្ឍន៍ភូមិ ឃុំរបស់នាង។ ប៉ុន្តែនាងចាំបាច់ត្រូវសុំច្បាប់ថៅកែរបស់នាង ដើម្បីបានទៅចុះឈ្មោះបោះឆ្នោត។ ស្រីឃួច រំពឹងថា ភាគីពាក់ព័ន្ធនឹងជួយសម្រួលដល់ពួកនាង ដើម្បីបានទៅចុះឈ្មោះដោយមិនត្រូវកាត់ប្រាក់ឈ្នួល៖ «»។
ក្នុងប្រតិទិនរបស់ គ.ជ.ប ដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីឆ្នាំ២០១៦ នេះមានរយៈពេល ៣ខែ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។ ក្នុងនោះ គ.ជ.ប នឹងឈប់សម្រាកផ្អាកការចុះឈ្មោះនេះចំនួន ២ថ្ងៃ គឺថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ៕