ដោយ សូត សុខប្រាថ្នា RFA 2016-09-28
ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលមានសមាជិកក្រុមគ្រួសារទៅធ្វើការងារនៅឆ្ងាយៗពីផ្ទះ ឬទៅក្រៅប្រទេស ពិសេសប្រទេសថៃ បញ្ជាក់ថា សាច់ញាតិពួកគាត់មិនអាចត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានទេ។ ពួកគាត់លើកឡើងថា មូលហេតុមិនអាចមកលេងស្រុកកំណើតបាន ពីព្រោះមិនមានថវិកាគ្រប់គ្រាន់ ម្យ៉ាងកន្លែងធ្វើការមិនអនុញ្ញាតិឱ្យមកជាដើម។ អាជ្ញាធរមូលដ្ឋានខ្លះមើលឃើញថា បញ្ហានេះនឹងធ្វើឱ្យពលរដ្ឋទាំងនោះបាត់បង់សិទ្ធិចុះឈ្មោះបោះឆ្នោតតែម្តង។
រដូវបុណ្យទានធំៗម្តងៗ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌជាដើម គឺជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋខ្មែរប្រុសស្រី ពិសេសអ្នកធ្វើការងារនៅឆ្ងាយពីស្រុកកំណើតបានជួបជុំក្រុមគ្រួសារ។ សាច់ញាតិរបស់ពួកគេនៅផ្ទះទន្ទឹងរង់ចាំផ្លូវកូនចៅ ប្រពន្ធ ឬប្តីរបស់ខ្លួន។ សមាជិកគ្រួសារចំណាកស្រុកទៅធ្វើការនៅតំបន់ឆ្ងាយៗ ចង់ឱ្យសាច់ញាតិរបស់ខ្លួនបានត្រឡប់មកធ្វើបុណ្យទានជួបជុំក្រុមគ្រួសារណាស់ ប៉ុន្តែស្ថានភាពជីវភាព និងបញ្ហាមួយចំនួនមិនអនុគ្រោះដល់ពួកគាត់ឡើយ។ ក្រុមគ្រួសារខ្លះ ត្រូវឃ្លាតគ្នារាប់ខែ ឬរាប់ឆ្នាំ ទម្រាំជួបគ្នាម្តង ឯខ្លះទៀត ទៅធ្វើការងារនៅក្រៅប្រទេស ពិសេសប្រទេសថៃ ក៏បាត់ដំណឹងសូន្យ។
ប្រជាពលរដ្ឋរស់នៅភូមិសុពណ៌ ឃុំតាអុង ស្រុកចំការលើ មួយរូប អ្នកស្រី តុប យ៉ា ឱ្យដឹងថា គាត់មានសមាជិកក្រុមគ្រួសារចំនួន ៤នាក់ ទៅធ្វើការនៅប្រទេសថៃ។ អ្នកស្រីថា ពួកគេទៅធ្វើការងារនៅទីនោះ គឺមិនបានត្រឡប់មកលេងស្រុកកំណើតនៅរដូវភ្ជុំបិណ្ឌនៅឆ្នាំនេះទេ ពីព្រោះខ្វះថវិកាសម្រាប់ចំណាយក្នុងការធ្វើដំណើរមកលេងស្រុក ម្យ៉ាងមិនទាន់គ្រប់អាណត្តិ ពោលគឺថៅកែថៃ មិនឱ្យឈប់សម្រាកឡើយ។ យ៉ាងនេះក្តី អ្នកស្រីបញ្ជាក់ថា បងប្អូនរបស់គាត់ក៏បានផ្ញើប្រាក់មួយចំនួនឱ្យម្តាយ និងកូនៗ ដែលកំពុងរស់នៅស្រុកកំណើតគ្រាន់ធ្វើបុណ្យទាន៖ «និយាយរួមទៅលុយហ្នឹងក៏គ្មានដែរ ព្រោះទៅហ្នឹងជំពាក់គេ រក (ខ្ចី) គេទៅអ៊ីចឹង។ រួចត្រូវការកូនគេអីទៀត។ លុយក៏គ្មានរួមមកក៏មិនអាចមករួច។
អ្នកស្រីបន្តថា គ្មាននរណាម្នាក់ចង់រស់នៅឆ្ងាយពីឪពុកម្តាយ ឬកូនៗ របស់ខ្លួនទេ ប៉ុន្តែភាពទីទ័លក្របានជំរុញឱ្យបងប្អូនអ្នកស្រីត្រូវរស់នៅដាច់ឆ្ងាយពីគ្នា។
ពលរដ្ឋនៅឃុំតាអុង មួយរូបទៀត លោក ហ៊ឹម សារឿន ឱ្យដឹងថា អ្នកភូមិរបស់លោកមួយចំនួនធ្វើចំណាកស្រុកទៅធ្វើការងារនៅតាមបណ្តាខេត្តផ្សេងៗ ប៉ុន្តែមួយចំនួនចេញទៅក្រៅប្រទេស។ លោកថា ពលរដ្ឋចំណាកស្រុកក្នុងប្រទេសភាគច្រើនបានត្រឡប់មកធ្វើបុណ្យទានជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ប៉ុន្តែអ្នកភូមិខ្លះទៀត ពិសេសអ្នកទៅក្រៅប្រទេស គឺមិនអាចមកធ្វើបុណ្យទានជួបជុំក្រុមគ្រួសារបានឡើយ៖ «អានេះ ទីមួយអាស្រ័យលើថវិកា ទីពីរក្រែងលោយើងមកទៅ ក្រុមហ៊ុនគេមិនឱ្យមកទៅ យើងមិនអាចមកបានទេ»។
ជំទប់ទី១ ឃុំតាអុង លោក ស៊ុំ ម៉ាច មានប្រសាសន៍ថា ភូមិដែលមានពលរដ្ឋចំណាកស្រុកច្រើនជាងគេ គឺភូមិសុពណ៌ និងភូមិតាអុង។ លោកថា អ្នកភូមិចំណាកស្រុកភាគច្រើនដោយសារតែពួកគាត់មិនមានដីចម្ការសម្រាប់ធ្វើ ហើយមួយចំនួនទៅធ្វើការតាមបណ្តាខេត្តឆ្ងាយៗដូចជាខេត្តមណ្ឌលគិរី រតនគិរី ឬខេត្តព្រះវិហារ។ បន្ថែមពីនេះ មួយចំនួនទៀតទៅធ្វើការនៅប្រទេសថៃ ដែលជាហេតុមិនអាចមកចូលរួមធ្វើបុណ្យជុំគ្រួសារបាន ម្យ៉ាងពលរដ្ឋទាំងនោះ នឹងបាត់បង់ឱកាសចុះឈ្មោះបោះឆ្នោតតែម្តង ដែលធ្វើឱ្យលោកមានក្តីបារម្ភ៖ «អំពាវនាវដល់ជនរួមជាតិដែលចំណាកស្រុកនៅក្នុងប្រទេស ឬក្រៅប្រទេសក្តី សូមអញ្ជើញអស់លោក លោកស្រីនាំបងប្អូនហ្នឹង មកចុះឈ្មោះបោះឆ្នោតនៅតាមបណ្តាលឃុំយើង»។
ឃុំតាអុង មានពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតជាង ៧ពាន់នាក់ ហើយអ្នកស្រុកដែលបានមកចុះឈ្មោះបោះឆ្នោតគឺមានចំនួនជាង ២ពាន់ (២.៣០០) នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា។ ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ម្នាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម លោក ប៊ុន សុង និយាយប្រាប់អាស៊ីសេរី តាមទូរស័ព្ទពីប្រទេសថៃ មកថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោកមិនបានទៅស្រុកកំណើតទេ ដោយត្រូវការសន្សំប្រាក់ខ្លះទុកជួយគ្រួសារ និងមិនចង់ចំណាយប្រាក់ថ្លៃធ្វើដំណើរច្រើនដង។ ពលកររូបនេះបន្តថា លោកអាចទៅលេងស្រុកកំណើតរហូតដល់រដូវបុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌឆ្នាំក្រោយ។
ចំណែកពលរដ្ឋនៅភូមិកំពង់សំណាញ់ ស្រុកព្រៃឈរវិញ លោក ប៉ក់ ហឿន មានប្រសាសន៍ថា កូនរបស់លោកពីរនាក់ ទៅធ្វើការងារនៅភ្នំពេញ ប៉ុន្តែពួកគេនឹងមកលេងស្រុកកំណើតនៅថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ លោកថា ប្រសិនកូនៗ ដែលចាកចេញពីផ្ទះទៅធ្វើការងារនៅស្រុកគេ មិនបានវិលត្រឡប់មកស្រុកកំណើតនៅរដូវបុណ្យទាននោះ គឺធ្វើឱ្យឪពុកម្តាយទាំងឡាយមានចិត្តស្រងេះស្រងោចជាក់ជាមិនខាន៖ «បើចំពោះខ្ញុំវិញ នៅរដូវបុណ្យទានហ្នឹង ត្រូវការជួបជុំម៉ែឪបងប្អូនកូនចៅ។ អ៊ីចឹងប្រសិនណាកូនចៅមិនបានមកជួបបងប្អូនជីដូនជីតាក្នុងរដូវបុណ្យភ្ជុំបិណ្ឌហ្នឹង ខ្ញុំមានការក្តុកក្តួលដែលបាត់កូនបាត់ចៅ»។
ជាមួយគ្នានេះ មេភូមិដីក្រហម នៅឃុំមៀន លោក តៃ មឿន និយាយថា ភូមិរបស់លោកអាចនឹងមានពលរដ្ឋចំណាកស្រុកប្រមាណ ១០ភាគរយ មិនអាចត្រឡប់មកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌបានដោយសារបញ្ហាជីវភាពគ្រួសារ ពិសេសពលករចំណាកស្រុកទៅក្រៅប្រទេសតែម្តង។ លោកស្នើឱ្យពលរដ្ឋចំណាកស្រុកទាំងឡាយ គប្បីមកធ្វើបុណ្យនៅស្រុកកំណើតដើម្បីមានឱកាសចុះបោះឆ្នោតនៅមូលដ្ឋានរបស់ពួកគាត់៖ «ដូចថា គ្នាខ្វះថវិកានិយាយរួមទៅវាពិបាកចេញចូល។ អ៊ីចឹងអត់មានលទ្ធភាពមកទេ ប្រហែលជាចុះឈ្មោះបោះឆ្នោតក៏មិនអាចដែរ»។
កាលពីថ្ងៃទី២២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅចុះឈ្មោះបោះឆ្នោត និងអំពាវនាវឱ្យម្ចាស់រថយន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃធ្វើដំណើរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ហើយត្រូវបើកបរគោរពច្បាប់ចរាចរណ៍ជាដើម។ ជាងនេះទៀត លោកបានប្រកាសឈប់ឆ្លើយឆ្លង ឬឈប់បាញ់ដោយពាក្យសម្តីក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌថែមទៀតផង។
ទាក់ទងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា មានពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តផ្សេងទៀត នឹងមិនអាចវិលត្រឡប់ទៅធ្វើបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើតនៅឆ្នាំនេះបានទេ។ លោកបន្តថា ក្រៅពីបញ្ហាសេដ្ឋកិច្ច ក៏មានបញ្ហាផ្សេងទៀត ដូចជាបញ្ហាអសន្តិសុខសង្គម រួមមានចោរលួច ឬគាស់ផ្ទះ និងបញ្ហាភ្លើងអគ្គិសនី ជាហេតុធ្វើឱ្យពលរដ្ឋមិនហ៊ានទុកផ្ទះសម្បែងចោល ព្រមទាំងបញ្ហាកម្ដៅនយោបាយនៅពេលបច្ចុប្បន្នផង។
លោកបារម្ភថា កាលណាពលរដ្ឋចេះតែនាំគ្នាមិនបានចូលរួមពិធីបុណ្យដែលជាប្រពៃណីរបស់ខ្លួន ហើយវានឹងបណ្តាលឱ្យប្រពៃណីវប្បធម៌ខ្មែរកាន់តែសាបរលាប ឬកាន់តែបាត់បង់ជាក់ជាមិនខាន៖ «ជាងនេះទៀត គឺបណ្តាលឱ្យពលរដ្ឋទាំងនោះ បាត់បង់សិទ្ធិចុះឈ្មោះបោះឆ្នោតរបស់ពួកគាត់៖ «ពិធីបុណ្យធ្វើឱ្យមានសាមគ្គីភាពនៅក្នុងជាតិផង និងធ្វើឱ្យមានចិត្តក្នុងការស្រលាញ់គ្នាទៅវិញទៅមកក្នុងនាមជាប្រជាពលរដ្ឋដូចគ្នាហ្នឹង»។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋចំណាកស្រុកទាំងឡាយបានទៅជួបជុំក្រុមគ្រួសារ និងបានទៅចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌផង រដ្ឋត្រូវទប់ស្កាត់ការតម្លើងថ្លៃរថយន្តឈ្នួល ឬទំនិញផ្សេងៗ នៅលើទីផ្សារក្នុងរដូវបុណ្យទាន។ លើសពីនេះ ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងនយោបាយឱ្យមានលក្ខណៈប្រសើរ។ ចំណែកបញ្ហាគ្រោះថ្នាក់ចរាចរណ៍វិញ អាជ្ញាធរពាក់ព័ន្ធត្រូវរឹតបន្តឹងការអនុវត្តច្បាប់ដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ៕