Quantcast
Viewing all articles
Browse latest Browse all 40045

ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ត្រៀម​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

Image may be NSFW.
Clik here to view.
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​រិះរក​វិធី​ដោះស្រាយ​វិវាទ​ដីធ្លី កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ដោយ ដែន អយុធ្យា RFA 2016-09-28

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​វិស័យ​ឯកជន រួម​គ្នា​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​គុណភាព​សេវាកម្ម​ទេសចរណ៍​ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ដែល​ចូល​កម្សាន្ត​ខេត្ត​នេះ​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ។ ទន្ទឹម​គ្នា​នេះ មន្ត្រី​ជំនាញ​នគរបាល ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ ត្រូវ​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀស​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ដែល​អាច​នឹង​កើត​មាន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត និង​ទី​អារាម​នានា​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឲ្យ​មាន​សុវត្ថិភាព​ទាំងអស់​គ្នា។

មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បាន​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​សុវត្ថិភាព និង​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​ទស្សនា​ខេត្ត​នេះ​នៅ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ឲ្យ​អាស៊ីសេរី​ដឹង​ថា ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជំនាញ​កង​រាជ​អាវុធហត្ថ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ជាដើម បាន​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ​នៅ​តាម​គោលដៅ​តាម​វត្ត​អារាម និង​ទីកន្លែង​កម្សាន្ត​នានា​ទាំង​យប់​ថ្ងៃ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​ភាព​រីករាយ​តាម​ក្រុម​គ្រួសារ​នីមួយៗ។

ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ លោក យន្ត មីន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ពិសេស​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ សូម​ធ្វើ​ដំណើរ​កម្សាន្ត​ដើម្បី​ស្រូប​យក​ខ្យល់​ជំនោរ​សមុទ្រ​នៅ​តាម​ឆ្នេរ និង​កោះ​នានា​ក្នុង​មូលដ្ឋាន​នេះ​ឲ្យ​បាន​ច្រើន​កុះករ។ ជាង​នេះ​ទៀត កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បាន​ត្រៀម​លក្ខណៈ​ការពារ​សន្តិសុខ​សុវត្ថិភាព ២៤​ម៉ោង​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «»។

ទាក់ទិន​បញ្ហា​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ មាន​ប្រសាសន៍​ថា កម្លាំង​ជំនាញ​របស់​លោក​បាន​បែង​ចែក​ឲ្យ​ប្រចាំ​ការ​នៅ​តាម​គោលដៅ​នានា​រួច​ជា​ស្រេច​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តាម​រមណីយដ្ឋាន កន្លែង​កម្សាន្ត និង​នៅ​តាម​វត្ត​អារាម​ជាដើម ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​ឲ្យ​មាន​ភាព​រីករាយ។ លោក​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល និង​កម្លាំង​ជំនាញ​ដទៃ​ទៀត ដើម្បី​ឈាន​ដល់​រក្សា​ការពារ​សន្តិសុខ ឬ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​មាន​សុវត្ថិភាព​ល្អ៖ «»។

បន្ថែម​លើ​នេះ លោក ជួន ណារិន្ទ បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន ពិសេស​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ការ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់​គ្នា និង​ការ​បើកបរ​ត្រូវ​មាន​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​មាន​សីលធម៌​ខ្ពស់។ លោក​ជូន​ពរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ សូម​ឲ្យ​ដំណើរ​កម្សាន្ត និង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ ឲ្យ​ទទួល​បាន​សន្តិសុខ​សុវត្ថិភាព និង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​តាម​ក្រុម​គ្រួសារ​នីមួយៗ៖ «»។

Image may be NSFW.
Clik here to view.
ភ្ញៀវ​ទេសចរ​ដេក​ហាល​សំដិល​ថ្ងៃ​នា​ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ចំណែក​អនុប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ លោក ឌឹម សំបូរ ឲ្យ​អាស៊ីសេរី​ដឹង​ថា ស្ថាប័ន​លោក​បាន​ត្រៀម​កប៉ាល់​បំពាក់​សម្ភារៈ​សង្គ្រោះ និង​កម្លាំង​ជំនាញ​រង់ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ ពេល​ពួក​គេ​ជួប​គ្រោះ​អាសន្ន​នៅ​លើ​លំហ​សមុទ្រ​ជា​ប្រចាំ ពិសេស​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​ធំៗ មាន​បុណ្យ​ភ្ជុំ​បិណ្ឌ​ជាដើម ដែល​ភ្ញៀវ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ច្រើន។ លោក ឌឹម សំបូរ ប្រកាស​លេខ​ទូរស័ព្ទ​សម្រាប់​សង្គ្រោះ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​នៅ​ពេល​ជួប​គ្រោះ​អាសន្ន​លិច​ទូក ឬ​មាន​បញ្ហា​ផ្សេងៗ​នៅ​លើ​លំហ​សមុទ្រ មក​កាន់​ស្ថាប័ន​លោក ដើម្បី​បញ្ជូន​កម្លាំង​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​តាម​រយៈ​ទូរស័ព្ទ​លេខ ០៨៨ ៩៣៥ ៧៧៧៧៖ «»។

ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ច​ប្រជុំ​ជា​បន្តបន្ទាប់​ដោយ​មាន​ការ​ចូលរួម​ពី​ប្រតិបត្តិករ​ទេសចរ និង​កម្លាំង​ជំនាញ​ស្ថាប័ន​ក្រោម​ឱវាទ​ខេត្ត ដើម្បី​រួម​សហការ​គ្នា​ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ការ​ទទួល​បដិសណ្ឋារកិច្ច ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ដោយ​មាន​ផែនការ​ត្រឹមត្រូវ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ស្នើ​ឲ្យ​អ្នក​ប្រកប​របរ​ទទួល​ទាន​ពី​សេវា​ទេសចរណ៍ ឲ្យ​ពិចារណា​ទៅ​លើ​ការ​កំណត់​តម្លៃ​សេវាកម្ម​ឲ្យ​បាន​សមរម្យ​ជូន​ភ្ញៀវ​ទេសចរ ដោយ​មិន​ត្រូវ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​ឲ្យ​ខ្ពស់​ហួសហេតុ ឬ​បើ​សិន​ជា​អាច ស្នើ​ឲ្យ​រក្សា​តម្លៃ​ថេរ​ដូច​ថ្ងៃ​ធម្មតា ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ច្រើន និង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ឲ្យ​បាន​ទាំងអស់​គ្នា​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ។

លោក យន្ត មីន បង្ហាញ​ជំនឿ​ផ្ទាល់​ខ្លួន​ថា ការ​កំណត់​តម្លៃ​សេវា​ស្នាក់នៅ ឬ​ចំណី​អាហារ​ហូប​ចុក​មាន​តម្លៃ​សមរម្យ នឹង​អាច​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ កើន​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ប្រាក់​ចំណូល​ពី​សេវា​បម្រើ​វិស័យ​ទេសចរណ៍ ក៏​មាន​កំណើន​តាម​នោះ​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី កន្លង​ទៅ​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំ ឬ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ជាដើម តម្លៃ​សេវាកម្ម​ទេសចរណ៍​នា​ខេត្ត​ព្រះសីហនុ មាន​ដូចជា​សេវា​ស្នាក់នៅ និង​ចំណី​អាហារ ជាដើម ត្រូវ​ម្ចាស់​អាជីវកម្ម​ដំឡើង​តម្លៃ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​មួយ​ទ្វេ​ជា​៣ ឬ​ច្រើន​ជាង​នេះ។ បញ្ហា​នេះ បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ ពិសេស​ប្រជាពលរដ្ឋ ឬ​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​ចំណូល​ទាប។ ប្រការ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​រារែក ឬ​មិន​ហ៊ាន​នាំ​ក្រុម​គ្រួសារ​មក​កម្សាន្ត​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ទេ​ពេល​មាន​បុណ្យ​ទាន​ម្តងៗ ព្រោះ​បារម្ភ​ខ្លាច​ខ្វះ​ថវិកា​សម្រាប់​ចំណាយ​ទៅ​លើ​អាហារ និង​ការ​ស្នាក់នៅ​ដែល​ប្រតិបត្តិករ​ទេសចរ​ដំឡើង​តម្លៃ​ខ្ពស់​កប់​ពពក។ ប៉ុន្តែ​ក្រុម​អាជីវករ ឬ​ប្រតិបត្តិករ​ទេសចរ​បម្រើ​សេវា​លើ​វិស័យ​ទេសចរណ៍ ថ្លែង​ថា នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ​ចូល​មក​ដល់ ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ គឺ​ជា​ឱកាស​រក​ប្រាក់​ចំណូល ឬ​ប្រាក់​ចំណេញ​របស់​ពួក​គេ៕

Viewing all articles
Browse latest Browse all 40045

Trending Articles