ស៊ន សារ៉ាត and Cam McGrath ភ្នំពេញ ប៉ុស្តិ៍
Thu, 29 September 2016
ភ្នំពេញៈ របាយការណ៍ស្ដីពីថវិកាជាតិដាក់ជូនសភាជាតិដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបង្ហាញថាកម្ពុជាមានបំណុលជាតិជាង ៥,៧ ពាន់លានដុល្លារគិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៦ នេះដែលមានចំនួនសរុបប្រហែល ១ ភាគ ៣ នៃផលិតផលក្នុងស្រុកសរុប (GDP)។
របាយការណ៍ដែលបានរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថារដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងកម្ចីសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុបជាង ៨ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ១៩៩៣ មកទល់នឹងដំណាច់ឆមាសទី ១ ឆ្នាំនេះ។ ប្រហែលជា ២ ភាគ ៣ នៃកម្ចីទាំងនេះត្រូវបានផ្ដល់ដោយរដ្ឋាភិបាលបរទេសខណៈនៅសល់ ១ ភាគ ៣ ទៀតត្រូវបានផ្ដល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ។
តួលេខបំណុលជាតិដែលបានចេញផ្សាយនៅពេលថ្មីៗបង្ហាញថាអនុបាតបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានប្រហែល ៣១ ភាគរយជាមួយនឹងចំនួនប្រជាជនកម្ពុជា ១៥,៥ លាននាក់ដែលក្នុងម្នាក់ៗជាប់បំណុលប្រហែល ៣៦៧ ដុល្លារ។
បំណុលជាតិរបស់កម្ពុជាបានកើនឡើងជាងពីរដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះដែលកើនឡើងពី ២,៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០០៦។
ការកើនឡើងបំណុលកំពុងត្រូវបានជំរុញមួយផ្នែកធំដោយសារតែការកើនឡើងកម្ចីទ្វេភាគីពីប្រទេសចិនដែលមានចំនួនប្រហែល ៨០ ភាគរយនៃបំណុលមិនទាន់សង។
ប៉ុន្តែកម្រិតបំណុលរបស់កម្ពុជានៅតែទាបបើធៀបនឹងបណ្ដាប្រទេសធំៗជាច្រើន។ ឧទាហរណ៍នៅក្នុងប្រទេសជប៉ុនអនុបាតបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុបមានចំនួន ២៣៨ ភាគរយកាលពីឆ្នាំ ២០១៥។ អាមេរិកបានរាយការណ៍បំណុលជាតិដុលជិត ១៩ ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន ឬប្រហែល ១០៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជបានឲ្យដឹងថាកម្រិតបំណុលនេះមិនទាន់ស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅឡើយទេ។
លោកថ្លែងថា៖ «បើយើងគិតពីបរិមាណបំណុលនៅពេលនេះវាមិនទាន់ដល់កម្រិតមួយដែលជាការព្រួយបារម្ភនោះទេតាមពិតទៅការខ្ចីរបស់ប្រទេសកម្ពុជាយើងមានការប្រុងប្រយ័ត្នច្រើន យើងក៏មិនសូវខ្ចីគេច្រើនដែរហើយ [ក្នុងកម្រិតនេះ] យើងនៅមានលទ្ធភាពខ្ចីបន្តទៀត»។
បើទោះបីយ៉ាងនេះក្តីលោក ចាន់ សុផល បានព្រមានពីប្រសិទ្ធភាពនៃការប្រើប្រាស់កម្ចីទាំងនេះ។
លោកថ្លែងថា៖ «ចំណុចដែលគួរឲ្យយើងចាប់អារម្មណ៍ទំាងអស់គ្នាគឺប្រសិទ្ធភាពនៃការប្រើប្រាស់កម្ចីទាំងនោះ។ យើងខ្ចីគេមករាប់ពាន់លានដុល្លារហ្នឹងតើយកមកធ្វើអីយើងធ្វើវាចំអាទិភាពដែរឬទេ ហើយការចំណាយនោះមានប្រសិទ្ធភាពទេមានគុណភាពទេ? តើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗត្រឹមត្រូវទេ? ដែលនេះសុទ្ធតែជាសំណួរដែលយើងត្រូវសួរ និងតាមដាន»។
តាមអ្នកវិភាគសេដ្ឋកិច្ចរូបនេះកម្ពុជាភាគច្រើនទទួលបានកម្ចីពីប្រទេសចិនដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកបន្តថា៖ «យើងទទួលកម្ចីភាគច្រើនពីចិនដើម្បីយកមកសាងសង់ហេដ្ឋារចនាស័ម្ពន្ធ ផ្លូវថ្នល់ ដូច្នេះយើងអាចមើលទាំងអស់គ្នាទៅថាតើការសាងសង់ដោយចិននោះមានប្រសិទ្ធភាពប៉ុនណា គុណភាពកម្រិតណាហើយថ្លៃនឹងខ្ពស់កម្រិតណា?»។
កាលពីខែវិច្ឆិកាឆ្នាំ ២០១៥ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ចប់បន្ទាប់ពីការធ្វើតេស្ដទំនុកចិត្តនិងគំរូដែលបំណុលជាតិរបស់កម្ពុជានៅក្នុងការកំណត់ដែលអាចទទួលយកបានទោះបីជាសេដ្ឋកិច្ចនៅតែងាយទទួលរងគ្រោះដោយវិបត្តិហិរញ្ញវត្ថុក៏ដោយ។
IMF បានឲ្យដឹងថា៖ «ការផ្ដល់ចំណាត់ថ្នាក់បំណុលគួរឲ្យបារម្ភរបស់កម្ពុជានៅតែទាបជាមួយសូចនាករបន្ទុកបំណុលទាំងអស់នៅតែនៅក្រោមកម្រិតអប្បបរមា»។
តាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្នកម្ពុជាជំពាក់បំណុលរុស្ស៊ី ៤៥៨ លានដុល្លារ និងអាមេរិក ១៦២ លានដុល្លារ៕ LA