Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អនាគត​កូន​ខ្លា​អាស៊ី​ គ្មាន​យន្តការ​យូរ​ដើម្បី​ដោះស្រាយ​បញ្ហា​អង្ករ

$
0
0
ស្រូវ​ដែល​ប្រជាកសិករ​ដឹក​យក​មក​ចាក់​ចោល​តាម​ផ្លូវ​ជាតិ​លេខ ៥ តវ៉ា​នឹង​ការ​គ្មាន​ទីផ្សារ​កន្លង​មក។ រូបថត នី សាវុធ

តុង សុប្រាជ្ញ ភ្នំពេញ​ ប៉ុស្តិ៍ Tue, 27 September 2016

«​លក់​ស្រូវ​ជូន​រដ្ឋ​គឺ​ស្នេហា​ជាតិ​...» ​គឺជា​បទចម្រៀង​បដិវត្តន៍​ដែល​ជួយ​លើក​កម្ពស់​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាកសិករ​​កាលពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង​ទសវត្សរ៍​​ឆ្នាំ​ ៨០ ។

កាល​នោះ​រដ្ឋ​នៅ​ក្រីក្រ​នៅ​ឡើយ​ទេ ​តែ​រដ្ឋ​សម័យ​សង្គម​និយម​មួយ​នេះ​មាន​លទ្ធភាព​ទិញ​អង្ករ​ទាំង​អស់​ពី​ប្រជាកសិករ​ផ្ទុយ​ទៅ​វិញ​ហេតុ​អ្វី​បាន​ជា​មក​សម័យ​មូលធន​និយម​បែប​ទីផ្សារ​សេរី រដ្ឋ​មាន​លុយ​ហើយ​តែ​បែរ​ជា​មិន​​មាន​ជួយ​​ទិញ​ស្រូវ​អង្គរ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ដោះ​បន្ទុក​?

ដូច​កាល​ពី​សប្តាហ៍​មុន​នេះ​មាន​កសិករ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​ ៥ ខេត្ត​បាត់ដំបង​ដោយសារ​អត់​មាន​អ្នក​ទិញ​ ស្រូវ​-​អង្ករ​ ប្រភេទ​ក្រអូប​បន្ទាប់ពី​ប្រមូល​ផល​បាន។

ដោយសារ​ការ​ខាតបង់​​របស់​ប្រជាកសិករ​ធ្វើឲ្យ​រាជរដ្ឋាភិបាល​ឈឺ​ក្បាល​វិល​មុខ​ដោះស្រាយ​មិន​ចេញ​​ភ្លាម​នោះ​គឺ​មាន​តែ​សម្រេច​ចិត្ត​បញ្ចេញ​ថវិកា​ជាតិ​ ២៧ ​លាន​​ដុល្លារ​ដើម្បី​ស្រាយ​បន្ទុក​កសិករ​តែ​នៅ​មិន​រួច​ខ្លួន​ទៀត​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​អំពាវនាវ​ឲ្យ​សប្បុរសជន​​ជួយ​ទិញ​អង្ករ និង​ស្នើ​ឲ្យ​ធនាគារ​ដែល​ឲ្យ​ពលរដ្ឋ​ខ្ចី​លុយ​ពន្យារ​​ការ​សង និង​កុំ​រឹបអូស​យក​ទ្រព្យសម្បតិ្ត​។

រីឯ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ត្រឹម​តែ​សុំទោស​​ប្រជាកសិករ​ប៉ុណ្ណោះ តើ​សុំទោស​ហ្នឹង​យក​មក​ធ្វើ​អី​កើត​? បំណុល​នៅ​ដដែល​ពួកគាត់​ខំ​ធ្វើ​ស្រែ​បាន​ផល​ហើយ​រក​ទីផ្សារ​​មិន​បាន​តើ​កំហុស​អ្នក​ណា​? ឈ្មួញ​កណ្តាល​​ក្រឡុក​ស្រេច​តែ​នឹង​ចិត្ត​ហើយ​ទីផ្សារ​ខាង​​ក្រៅ​មិន​មាន​បញ្ជា​ទិញ រាល់​ឆ្នាំ​មាន​ឈ្មួញ​ថៃ និង​ឈ្មួញ​វៀតណាម​មក​ទិញ​តែ​ឥឡូវ​គេ​ដាំ​ស្រូវ​​ក្រអូប​នេះ​ដែរ​។

នៅពេល​ដែល​បាន​ឃើញ​ផល​លំបាក​​របស់​ប្រជាកសិករ​ជាក់ស្តែង​បែប​នេះ​ទើប​ដឹង​ថា​មន្ត្រី​នៅ​ជុំវិញ​លោក​នាយក​រដ្ឋមន្ត្រី​ភាគ​ច្រើនៗ​តែ​រាយការណ៍​មិន​ពិត​ជាក់ស្តែង​ដូច​វិបត្តិ​ស្រូវ-​អង្ករ​នេះ​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​សុទ្ធ​តែ​​រីកចម្រើន​គ្រប់​វិស័យ​ចំពោះ​រដ្ឋាភិបាល​សេដ្ឋកិច្ច​មួយ​នេះ​។

តើ​ក្រសួង​ណា​ខ្លះ​ដែល​​ពាក់ព័ន្ធ​វិបត្តិ​ស្រូវ-អង្ករ​នេះ​? ក្រសួង​កសិកម្ម និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដើរ​តួ​សំខាន់​ជា​រឿង​មួយ​ចុះ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ជួយ​អ្វី​ខ្លះ​? ក្រសួង​ពាណិជ្ជកម្ម​ជួយ​បាន​អ្វី​ខ្លះ​សម្រាប់​ការ​នាំ​ចេញ​ទៅ WTO? ក្រសួង​សេដ្ឋកិច្ច​ ទាំង​ម៉ាក្រូ និង​​ទាំង​មីក្រូ​ជួយ​​បាន​អ្វី​ខ្លះ​?

រួច​ចុះ​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា​ដែល​មាន​លោក សុខ ពុទ្ធិវុធ កូន​​ប្រុស​លោក​ឧបនាយ​រដ្ឋមន្ត្រី សុខ អាន និង​ត្រូវ​ជា​កូន​ប្រសា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​​បាន​ចេញ​សកម្មភាព​រក​ដំណោះស្រាយ​​បញ្ហា​ស្រូវ-​អង្ករ​នេះ​ទេ​? តើ​សហព័ន្ធ​ស្រូវ​អង្ករ​ហ្នឹង​ធ្វើ​អី​ខ្លះ​? បង្កើត​មក​ហ្នឹង​គ្រាន់តែ​​ល្អ​មើល និង​រក​តំណែង​ធំៗ​ឲ្យ​កូន​កាន់​មាន​មុខ​មាន​មាត់​តែ​ប៉ុណ្ណឹង​ទេ​? រីឯ​​ក្រុមហ៊ុន​ហ្គោដិនរ៉ាយ​ (Golden Rice) ​កម្ពុជា​របស់​​សេដ្ឋវិទូ សុខ ហាច ដែល​បាន​រាយការណ៍​ពី​ការ​នាំ​ចេញ​អង្ករ​ ១ លាន​តោន​ក្នុង​ ១ ​ឆ្នាំ​នៅ​ឆ្នាំ​ ២០១៥ (www.goldenricecambodia.com) ក៏​មិន​​ឃើញ​​មាន​សកម្មភាព​រក​ដំណោះស្រាយ​ណា​មួយ​​ចំពោះ​វិបត្តិ​ស្រូវ-អង្ករ​នេះ​ដែរ​។

ថ្មីៗ​នេះ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​នាំចេញ​អង្ករ​ក្រអូប​នេះ​ត្រូវ​បាន​សហគមន៍​​អឺរ៉ុប​ព្រមាន​ពី​ការ​លាយ​អង្ករ​អន់​គុណភាព​ដាក់​ជាមួយ​នឹង​អង្ករ​មាន​គុណភាព​ខ្ពស់​លក់​នៅ​ទីផ្សារ​អឺរ៉ុប​។ ការ​អនុញ្ញាត​ឲ្យ​ទំនិញ​​អង្ករ​ចូល​ទីផ្សារ​អឺរ៉ុប​នេះ​ដោយសារ​មាន​ការ​ភ្ជាប់​ឲ្យ​លើក​ស្ទួយ​​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ ដែល​ក្នុង​ ១ ឆ្នាំៗ​ប្រមាណ​ ៥៣ ​ម៉ឺន​តោន​នាំ​ចេញ​ពី​កម្ពុជា​នោះ​។

ចំពោះ​ការ​ព្រមាន​ និង​សភាពការណ៍​តានតឹង​ផ្នែក​នយោបាយ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ក៏​បាន​ធ្វើ​​ឲ្យ​សហគមន៍​អឺរ៉ុប​ពិចារណា​ចំពោះ​ការ​ទិញ​អង្ករ​នេះ​ផង​ដែរ​តែ​រាជរដ្ឋាភិបាល​ឆ្លើយ​ចំអក​ទៅ​វិញ​ថា​កម្ពុជា​ធ្លាប់​រស់នៅ​តាំងពី​បាត​ដៃ​ទទេ​កសាង​បាន​ដូច​សព្វ​ថ្ងៃ​នេះ​អ៊ីចឹង​បន្ត​រស់​តាម​ហ្នឹង​ទៀត​ទៅ​។

ជាមួយ​នឹង​ការ​ឆ្លើយតប​បែប​នេះ​គឺ​រដ្ឋាភិបាល​ហាក់​បី​ដូចជា​មាន​ខ្នង​បង្អែក​រួច​ជាស្រេច​គឺ​រដ្ឋាភិបាល​ចិន​ដែល​យល់​ព្រម​ឲ្យ​កម្ពុជា​នាំ​ចូល​ ១០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​ចាប់ផ្តើម​​អនុវត្ត​ពី​ឆ្នាំ​ ២០១៦ ​នេះ​តទៅ​ផង​ចុះ​ហេតុអ្វី​បាន​​ជា​នៅ​ដោះស្រាយ​​បញ្ហា​អង្ករ​នេះ​មិន​​ចេញ​? ជាង​នេះ​ទៅ​ទៀត​រាជរដ្ឋាភិបាល​បាន​ដាក់​សំណើ​ខ្ចី​លុយ​ពី​រដ្ឋាភិបាល​ចិន​ចំនួន​ទឹក​ប្រាក់​ ៣០០ ​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​​វិស័យ​កសិកម្ម​ផង​ដែរ​។

ម្យ៉ាងវិញ​ទៀត​បញ្ហា​វិបត្តិ​ស្រូវ​អង្ករ​នេះ​មិនមែន​ជា​រឿង​​ងាយ​អន្តរាគមន៍​នោះ​ទេ​បើ​ដោះស្រាយ​មិន​​ស្រួល​អាច​កាន់​តែ​លំបាក​ឡើង​ឧទាហរណ៍​ថា​បើ​មន្ត្រី​ជាន់ខ្ពស់ និង​​ឧកញ៉ាៗ​ដែល​ទិញ​យក​មក​គ្រាន់​តែ​ចែកអំណោយ​ជូន​អ្នកក្រីក្រ​ទេ​គឺ​វា​អាច​ប៉ះពាល់​ដល់​អ្នក​លក់​អង្ករ​គឺ​មិន​សូវ​មាន​អ្នក​ទិញ​អាច​សល់​​អង្ករ​ក្នុង​ស្តុក​ខូច​គុណភាព​ខាត​ដដែល​ហើយ​បើ​បិទ​មិន​ឲ្យ​មាន​ការ​នាំ​អង្ករ​ចូល​គឺ​វា​ប៉ះពាល់​ទៅ​អ្នក​រកស៊ី​អង្ករ បើ​នាំ​គ្នា​ឈប់​​ហូប​អង្ករ​នាំ​ចូល​ពី​ខាង​ក្រៅ​ធ្វើឲ្យ​ប៉ះពាល់​អ្នក​លក់​អង្ករ​ដដែល​។

បើ​តាម​បទពិសោធ​បរាជ័យ​របស់​​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​សម្រេច​យក​ថវិកា​ជាតិ​ទិញ​អង្ករ​ពី​ប្រជាកសិករ និង​ដំឡើង​ថ្លៃ​​អង្ករ​ទ្វេដង​ដើម្បី​ដោះស្រាយ​វិបត្តិ​អង្ករ​ផង និង​ចង់​ទាញ​យក​ប្រជាប្រិយភាព​ពី​កសិករ​ផង​តែ​ដល់​ពេល​លោកស្រី​ធ្លាក់​ចេញ​ពី​តំណែង​ត្រូវ​បាន​រដ្ឋាភិបាល​ថ្មី​ប្តឹង​ប្ដល់​ដោយ​នៅ​ជាប់​បណ្តឹង​នៅ​ឡើយ​ចំពោះ​ការ​អនុម័ត​ថវិកា​នោះ​។ ដោយសារ​កសិករ​ខ្លះ​ខូច​មិន​​បាន​ដាំ​ស្រូវ​ប្រភេទ​ក្រអូប​ដូច​ការ​រំពឹង​ទុក​របស់​​លោកស្រី​នោះ​រហូត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​ថៃ​សព្វ​ថ្ងៃ​បាន​​ប៉ាន់​ប្រមាណ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ស្រូវ​អង្ករ​នេះ​គឺ​ប្រើ​រយៈពេល​ ១៦ ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​សង​បំណុល​រួច (​បាងកក​ប៉ុស្តិ៍​)​។

ម្យ៉ាង​វិញ​ទៀត​ថ្មីៗ​នេះ​ដើម្បី​តប​តាម​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ទិញ​អង្ករ​ពី​ប្រជាកសិករ​ដែល​ខាត​នោះ​នៅ​តាម​​សារព័ត៌មាន​តាម​អនឡាញ​នៅ​តែ​ចេញ​ផ្សាយ​សប្បុរសជន​ជួយ​ទិញ​អង្ករ​នៅ​ឡើយ​ទេ​។

ដំណោះស្រាយ​​វិបត្តិ​នេះ​គឺ​បាន​តែ​​មួយ​គ្រាៗ​ប៉ុណ្ណោះ​ហើយ​កសិករ​ខ្លះ​នៅ​តែ​ថ្ងូរ​ខាត​ដដែល​ដោយសារ​​តែ​ទុក​ស្រូវ​យូរ​ចូល​រោង​ម៉ាស៊ីន​កិន​ស្រូវ​មិន​ទាន់​ធ្វើ​ឲ្យ​ខូច​គុណភាព​អង្ករ​។ ការ​នាំ​គ្នា​ធ្វើ​បែប​នេះ​គឺ​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​របស់​កសិករ​ធ្វើ​ស្រូវ​ចុះ​នៅ​ពេល​ដែល​កសិករ​មិន​ធ្វើ​ស្រូវ​ដូចជា​ដំណាំ​ល្ពៅ ដំឡូង ឪឡឹក សណ្តែក កៅស៊ូ និង​ម្រេច ជាដើម​។ល។

នៅ​ពេល​អត់​មាន​ទីផ្សារ ឬ​ក៏​មាន​តម្លៃ​ក្នុង​ទីផ្សារ​ទាប​ពេក​អត់​បាន​ធ្វើ​បាតុកម្ម​ដូច​កសិករ​ធ្វើ​ស្រូវ​-​អង្ករ​គឺ​មាន​សល់​គរ​ចាក់​ចោល​ពេញ​ចម្ការ​ទៅ​ហើយ​ព្រោះ​រដ្ឋាភិបាល​រវល់​តែ​ដោះស្រាយ​មិន​ចេញ​ហើយ​គ្មាន​បាតុកម្ម​តវ៉ា​ទៀត​គឺ​ច្បាស់​ជា​រឹតតែ​ធ្វើ​មិន​ដឹង​មិនឮ​ទៅ​ទៀត។ តើ​នរណា​ជា​ជនរងគ្រោះ​ពិតប្រាកដ​? កសិករ​ខ្មែរ​ប្រឈម​នឹង​វិបត្តិ​គ្រប់​សព្វ​តាំង​ពី​នយោបាយ សេដ្ឋកិច្ច កសិកម្ម អប់រំ និង​សុខាភិបាល​ហើយ​មុន​នឹង​សម្រេច​ទៅ​ធ្វើ​ខ្ញុំ​គេ​នៅ​បរទេស​ពេល​ខ្លះ​ទោះបី​ជា​ដឹង​ថា​វា​វេទនា​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​ទៅ​​ដែរ​ព្រោះ​នៅ​ក្នុង​ស្រុក​អស់​ជម្រើស​ពឹង​លើ​រដ្ឋាភិបាល​មិន​បាន​ផល​ហើយ​​ជួប​គ្រោះ​មហន្តរាយ​យាយី​ទៀត​ដូចជា​ទឹកជំនន់ ក្តៅ​ហួតហែង ជំងឺ​រុក្ខជាតិ និង​​សត្វ​ល្អិត​បំផ្លាញ​ពូជ​ស្រូវ​ជាដើម​បើ​​ជួប​វិបត្តិ​ជាទូទៅ​បាន​ត្រឹម​តែ​ទទួល​អំណោយ​បន្តិចបន្តួច​ហើយ​ជំពាក់​គុណ​គេ​ទៀត​។

នេះ​ជា​បញ្ហា​ចោទ​ដល់​សព្វ​ថ្ងៃ​នេះ​ហើយ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ​គឺ​គិត​តែ​​ពី​រឿង​នយោបាយ​ខ្លាច​ចាញ់​ឆ្នោត​ទេ​ឲ្យ​តែ​មាន​ការ​អី​ចោទ​តែ​បក្ស​ប្រឆាំង​បំផុស​បំផុល​ទៅ​រួច​ខ្លួន​ហើយ​ជា​ជាង​ខំប្រឹង​អភិវឌ្ឍ​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​រក្សា ឬ​ក៏​ធ្វើ​ឲ្យ​កើន​សន្លឹក​ឆ្នោត​នោះ។

ជាមួយ​គ្នា​នេះ​ដែរ​មាន​សំណួរ​សាមញ្ញៗ​ថា​ពេល​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ចុះ​ពង្រឹង​បក្ស​ក្នុង​មូលដ្ឋាន​រៀងរាល់​ចុង​សប្តាហ៍​ផង​ពេល​ខ្លះ​នៅ​ក្នុង​ ១ សប្តាហ៍​ធ្វើ​អ្វី​ខ្លះ​? បាន​ដោះស្រាយ​អ្វី​ខ្លះ​ជូន​ប្រជាកសិករ ឬ​ក៏​ចុះ​ម្តងៗ​បាន​ត្រឹម​តែ​រាយការណ៍​ការ​ចូលរួម​សមាជិក​ថ្មី​ដែល​បាន​បំបែក​មកពី​បក្ស​ប្រឆាំង ឬ​គណបក្ស​ផ្សេងៗ​មក​​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​ដូច​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ចុះ​ផ្សាយ​រាល់​ថ្ងៃ​នេះ​ទេ​? ហើយ​ចេះ​តែ​រាយការណ៍​មក​ថ្នាក់​លើ​ថា​ល្អៗ​រហូត​ពេល​ចុះ​ទៅ​ម្តងៗ​ហេតុ​អ្វី​បាន​ជា​មិន​ស្រង់​នូវ​អ្នក​ដែល​មាន​តម្រូវការ​ជាក់ស្តែង​ហើយ​នាំគ្នា​ដោះស្រាយ​ជូន​ពួកគាត់​ទៅ​?

ឧទាហរណ៍​ដូច​រឿង​បញ្ហា​ស្រូវ​អង្ករ​នៅ​ខេត្ត​បាត់ដំបង​ដែល​ជា​ខេត្ត​លោក​ឧបនា​យករដ្ឋមន្ត្រី ស ខេង ប្រធាន​ដឹកនាំ​បក្ស​ប្រជាជន​នៅ​ខេត្ត​នោះ​ផង​ចុះ​ហេតុអ្វី​ក៏​មិន​យក​បញ្ហា​ស្រូវ​អង្ករ​មក​ដាក់​លើ​តុ​ដោះស្រាយ​ជូន​គាត់​ទៅ​ចាំបាច់​ដល់​ពេល​ប្រជាកសិករ​ឡើង​មក​តវ៉ា​តាម​ផ្លូវ​ជាតិ​បាន​ដឹង​ថា​ខេត្ត​មាន​វិបត្តិ​ស្រូវ​អង្ករ​? នេះ​មកពី​លោក​ឧបនាយក​រដ្ឋមន្ត្រី​ក្តាប់​មិន​ណែន​នូវ​បញ្ហា​ក្នុង​ខេត្ត ឬ​ក៏​មន្ត្រី​បក្ស​ដែល​ចុះ​ពី​ថ្នាក់​ជាតិ​ទៅ​មិន​បាន​រាយការណ៍​ជូន​?

នេះ​ជា​រឿង​នយោបាយ​របស់​គណបក្ស​នីមួយៗ​តែ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ក្តាប់​រួម​ពោល​​គឺ​ចៅហ្វាយ​ខេត្ត​បាត់ដំបង​ផ្ទាល់​ហើយ​អ្នក​ដែល​នៅ​ជិត​ជាង​គេ​គឺ​ថ្នាក់​ស្រុក និង​ថ្នាក់​ឃុំ តើ​នេះ​មកពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មិន​បាន​ទទួល​​អំណាច​មកពី​​ថ្នាក់​​ជាតិ​តាម​បែប​វិមជ្ឈការ​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាកសិករ​ទាំង​នេះ?

សរុបមក​ចំពោះ​បញ្ហា​វិបត្តិ​ស្រូវ​-​អង្ករ​នេះ​ក៏​ដូចជា​ផលដំណាំ​កសិកម្ម​ផ្សេង​ទៀត​រាជរដ្ឋាភិបាល​គួរ​តែ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ដោយ​អញ្ជើញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​​ស្វែងរក​ដំណោះស្រាយ និង​រៀបចំ​យុទ្ធសាស្ត្រ​យូរ​អង្វែង​ជា​ជាង​ការ​​ចេះ​តែ​ត្មះតិះ​ដៀល​អ្នក​ស្រាវជ្រាវ​អំពី​សេដ្ឋកិច្ច​ថា​ល្ងង់​នោះ​ទេ​៕


Viewing all articles
Browse latest Browse all 40045

Trending Articles