Image may be NSFW.
Clik here to view.
ដោយ ម៉ម មុនីរតន៍ RFA 2016-10-02
បុណ្យភ្ជុំបិណ្ឌ និងពិធីកាន់បិណ្ឌ ជាបុណ្យដ៏មានប្រជាប្រិយក្នុងចំណោមបុណ្យដទៃទៀតរបស់ប្រជាពលរដ្ឋកម្ពុជា។ ពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា ឲ្យតែដល់ហេមន្តរដូវនេះហើយ មិនថានៅទីជិត ឬទីឆ្ងាយឡើយ ពួកគេតែងចំណាយពេល និងសន្សំថវិកាធ្វើបុណ្យទាន ជាពិសេសដើម្បីបានជួបជុំសាច់ញាតិសម្រាប់ពិធីដ៏មានសារសំខាន់មួយនេះ។ ក៏ប៉ុន្តែមានពិធីមួយដែលចាំបាច់ និងមិនអាចខ្វះបានដែរនោះក្នុងចំណោមពិធីផ្សេងទៀត គឺការបណ្ដែតដូនតា។
តើហេតុអ្វីចាំបាច់មានពិធីបណ្ដែតដូនតាក្រោយបុណ្យភ្ជុំបិណ្ឌរួច?
អ្នកជំនាញខាងកិច្ចការសាសនាពន្យល់ថា តាមពិតពិធីបណ្ដែតដូនតានេះពុំមានក្នុងគម្ពីរដីការបស់ព្រះសម្មាសម្ពុទ្ធទេ ប៉ុន្តែពិធីនេះគឺមានជាប់ទាក់ទងទៅនឹងជំនឿ និងទំនៀមទម្លាប់សុទ្ធសាធរបស់ពលរដ្ឋខ្មែរទៅវិញទេ។
រស់នៅភូមិច្រកស្រអែម ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក ទូច ម៉ុន ឲ្យដឹងថា ពិធីដែលចាំបាច់នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ពលរដ្ឋទៅទទួលបានមហាកុសលច្រើននោះ គឺមានតែថ្វាយទានចំពោះព្រះសង្ឃ ព្រមទាំងឪពុកម្ដាយ។ លោកបន្តថា ការរៀបចំឲ្យមានពិធីបណ្ដែតដូនតាក្រោយបុណ្យភ្ជុំបិណ្ឌរួចនេះ ដែលគេតែងធ្វើជាប្រចាំនោះ គឺជាពិធីខាងក្រៅព្រះពុទ្ធសាសនាទៅវិញទេ។ ថ្វីបើពិធីនេះមិនមែនជាកិច្ចការនៅក្នុងព្រះពុទ្ធសាសនាក៏ដោយចុះ លោក ទូច ម៉ុន បញ្ជាក់ថា ជាពិធីមួយដែលមិនអាចខ្វះបានឡើយនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។ លោកបន្តថា «នេះជាទម្លាប់មួយដែលជួយដល់ពួកសត្វដែលគ្មានទីពឹង ឬអ្នកដែលអាចទទួលបានតាមបែបសែនព្រេន។ តាមពិតទៅ សំដៅទៅលើពពួកព្រាយកន្ទោងខៀវដែលចេះស៊ីខ្ទុះឈាម»។
សៀវភៅប្រជុំរឿងព្រេងខ្មែរតំណាលថា មានឈ្មួញសំពៅប្រមាណ ៥០០សំពៅ។ ថ្ងៃមួយ ពួកគេបានធ្វើដំណើរដល់កាត់សមុទ្រ គាប់ជួនពេលនោះថ្ងៃរៀបលិចផង ក៏ឈ្មួញសំពៅទាំង ៥០០សំពៅនោះរកកន្លែងចតមុននឹងត្រូវធ្វើដំណើរបន្តទៅមុខទៀតនៅព្រឹកស្អែក។
ជាអកុសលក្នុងពេលរាត្រី ពពួកប្រេតដែលដាច់ចំណីអស់ជាច្រើនលានឆ្នាំណាស់មកហើយ បានចេញរកចំណី ក៏ឃើញមនុស្សនៅលើសំពៅកំពុងតែដេកលង់លក់។ ភ្លាមនោះ ពពួកប្រេតអរផង និងសប្បាយចិត្តផង ក៏ចាប់មនុស្សទាំងនោះធ្វើជាចំណី។ ប៉ុន្តែជាសំណាងល្អ មាននាយឈ្មួញសំពៅម្នាក់ហ៊ានប្ដូរជីវិត ដោយគាត់គិតថា បើនៅតែយ៉ាងនេះ មនុស្សទាំងអស់នឹងត្រូវក្លាយជាចំណីប្រេតហើយ។ រំពេចនោះ បុរសជានាយសំពៅ សុំអង្វរពពួកប្រេត ដោយលើកហេតុផលថា បើមនុស្សទាំងនេះក្លាយជាចំណីហើយ គឺបានតែមួយថ្ងៃទេ ប៉ុន្តែបើទុកឲ្យពួកគេស្វែងរកចំណីឲ្យវិញ ប្រេតនឹងអាចបានហូបជាប្រចាំ។
បុរសនាយសំពៅសួរទៅពួកប្រេតថា បើពួកយើងសន្យានឹងលោកយ៉ាងនេះទៅហើយ តើលោកជ្រើសរើសផ្លូវណា? សុខចិត្តយកពួកយើងធ្វើជាចំណីឲ្យបានតែមួយចម្អែត ឬក៏សុខចិត្តទុកជីវិតពួកយើងដើម្បីឲ្យទៅរកអាហារជូនវិញ?
ពពួកប្រេតបានឮសំណើនៃនាយឈ្មួញដូច្នេះហើយ ក៏គិតមួយសន្ទុះ រួចសម្រេចដោះលែងពួកឈ្មួញ ហើយផ្ដាំផ្ញើថា «កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយ ចាំផ្ញើឲ្យពួកយើងចុះ។ កាលណាមានខ្យល់ជំនោរធ្លាក់មកពីទិសខាងជើង អ្នកទាំងអស់គ្នាត្រូវធ្វើក្បូនផ្ទុកធញ្ញជាតិ និងអាហារគ្រប់យ៉ាង មានលាជ សណ្ដែក ល្ង ដូង អំបុក ចេក ជាដើម បណ្ដែតតាមខ្សែទឹកមកឲ្យយើងចុះ មិនបាច់នាំមកផ្ទាល់ទេ ជំនោរខ្យល់នឹងបញ្ជូនមកដល់យើងហើយ»។
ក្រុមឈ្មួញសំពៅទាំង ៥០០សំពៅ កាលបើបានរួចទុក្ខសោកបែបនេះហើយ លុះទៅដល់ភូមិស្រុកជួបជុំគ្រួសារ ហើយត្រូវនឹងពេលជិតដល់រដូវភ្ជុំដែលទឹកឡើងជាលំដាប់ផង អ្នកដែលបានសន្យានឹងប្រេតទាំងនោះ ក៏នាំគ្នាធ្វើនំនែករកចេកអំពៅ លាជ ស្រូវ អង្ករ ផ្លែឈើ ដែលមានក្នុងរដូវនោះ ធ្វើពោងពាយ ហើយដាក់បណ្ដែតបញ្ជូនទៅឲ្យប្រេតតាមខ្សែទឹករាល់ឆ្នាំ រហូតដល់បច្ចុប្បន្ននេះ។
សៀវភៅប្រជុំរឿងព្រេងខ្មែររៀបរាប់ទៀតថា មនុស្សសម័យមុនគោរពពាក្យសច្ចៈល្អណាស់ បើនិយាយសន្យាថាដូចម្ដេចហើយ មិនហ៊ានបំពានទេ។ ចំណេរតមក អ្នកស្រុកក៏នាំគ្នាធ្វើតៗមកទៅជាទំនៀមទម្លាប់ដោយយល់ថា «ធ្វើបុណ្យបណ្ដែតស្រូវអង្ករទៅឲ្យដូនតា ដែលទៅកើតជាប្រេតស្ថិតនៅឯស្រុកទន្លេស្ងួតកន្ទួតមួយដើម» នៅក្នុងហេមន្តរដូវ គឺជាប្រការដែលមិនអាចខ្វះបានឡើយ។
យោងទំនៀមទម្លាប់នេះហើយ ទើបនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ពិធីបណ្ដែតដូនតា ពលរដ្ឋខ្មែរដែលមានជំនឿទៅលើបុណ្យបាប តែងរៀបចំមិនដែលខ្វះចន្លោះឡើយ។ ជារួម ពិធីបណ្ដែតដូនតានេះ គឺគេតែងរៀបចំធ្វើនៅថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌរួច។
នៅក្នុងថ្ងៃដែលពិធីបុណ្យភ្ជុំបិណ្ឌឆ្លងចប់សព្វគ្រប់ហើយ ពេលយប់ពលរដ្ឋចាប់ផ្ដើមរៀបចំកន្ទោង បាយ ទឹក នំចំណី និងល្ងជាដើម ដាក់ក្នុងទូកតូចមួយ មុននឹងត្រូវបណ្ដែតវេលាទៀបភ្លឺ។ តាំងពីសម័យបុរាណតរៀងមក គេមានតំណមមួយដាច់ខាត គឺរបស់របរ នំអន្សម ម្ហូប ចំណី ដែលហូបមិនអស់ ឬសេសសល់ក្រោយបណ្ដែតរួច គឺហាមយកចូលផ្ទះវិញ។ កាលណាបើគេហូបមិនអស់ហើយ របស់របរដែលសល់ពីបណ្ដែតហើយនេះ គេតែងលាក់ទុកនៅតាមគុម្ពោតព្រៃឆ្ងាយពីផ្ទះ ដើម្បីងាយទៅរកហូបពេលក្រោយទៀត។
ព្រះគ្រូរតនៈវិសុទ្ធ ឆាត សុឆេត គង់នៅវត្តបទុមវតី ព្រះអង្គមានថេរដីកាថា តាមពិតពិធីបណ្ដែតដូនតានេះ គឺជាពិធីមួយដែលពលរដ្ឋតែងរៀបចំតាមបែបព្រហ្មញ្ញសាសនា ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ហើយពិធីបែបនេះ ពលរដ្ឋនៅប្រទេសឥណ្ឌា ក៏នៅតែមានជំនឿ និងគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ។ ព្រះតេជព្រះគុណបន្តថា «ធ្វើពិធីនេះតាមលំនាំសាសនាព្រហ្ម។ គេនៅតែធ្វើរហូតមកដល់សព្វថ្ងៃនេះនៅទីក្រុងប៉ារាណាជី ប្រទេសឥណ្ឌា ក្នុងពេលបច្ចុប្បន្ន។ គេគិតថាកាលណាបណ្ដែតទៅញាតិរបស់គេបានទទួល ហើយញាតិរបស់គេបានទៅកាន់សុគតិភព ប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនា អ្នកហ្នឹងដែលបានទទួលក៏ពិតមែន ប៉ុន្តែមិនអាចរួចចាកអំពីអបាយហ្នឹងបានទេ»។
ជាធម្មាចារ្យ និងពហូសូតផ្នែកព្រះពុទ្ធសាសនាផង លោក ទូច ម៉ុន ឲ្យដឹងថា ការពិតពិធីបណ្ដែតដូនតានេះ បើនិយាយពីរឿងកម្មផល ការបញ្ជូនដោយមធ្យោបាយបែបនេះមិនបានដល់ពពួកប្រេតដែលជាញាតិឡើយ ក្រៅពីធ្វើបុណ្យតាមរយៈព្រះសង្ឃ ឬអ្នកមានសីល។ ប៉ុន្តែដោយហេតុថា នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌរយៈពេល ១៤ថ្ងៃកន្លងទៅនេះ គឺមនុស្សដែលនៅរស់បានធ្វើបុណ្យឧទ្ទិសកុសល ហៅរកពពួកប្រេតដែលជាញាតិឲ្យមកទទួលផល ទើបថ្ងៃចុងក្រោយគេមានជំនឿមួយថា ត្រូវតែរៀបចំពិធីបញ្ជូនត្រឡប់ទៅវិញតាមមធ្យោបាយបែបនេះ។ លោកបន្តថា «ឃើញឪពុកខ្ញុំគាត់ធ្វើ មុននឹងភ្ជុំគាត់អញ្ជើញហៅមូលបងមូលប្អូនគាត់ហៅចាស់ទុំ។ ឥឡូវនេះកូនចៅធ្វើបុណ្យរាប់បាត្របោះបាយបិណ្ឌនៅនឹងវត្តក្នុងរយៈពេលប្រមាណ ១៥ថ្ងៃហ្នឹង។ ពេលរួចរាល់បុណ្យភ្ជុំបិណ្ឌ បានបញ្ជូនទៅវិញ។ នេះគ្រាន់តែជាទម្លាប់មិនដឹងថាច្បាប់អីយ៉ាងណាទេ ប៉ុន្តែគ្រាន់តែទម្លាប់ធ្វើតៗមក»។
ព្រះតេជព្រះគុណ ឆាត សុឆេត មានថេរដីកាថា ការធ្វើបុណ្យតាមវិធីបណ្ដែតដូនតានេះ ទទួលបានផលអានិសង្សដែរ ប៉ុន្តែជាផលដែលទទួលបានមួយគ្រាៗប៉ុណ្ណោះ។ ព្រះអង្គបន្តថា «មធ្យោបាយនេះដល់ ប៉ុន្តែមិនអាចរួចចាកកំណើតទាំងអស់ហ្នឹងទេ។ បានមួយគ្រាៗ ហាក់ដូចជាយើងឲ្យបាយទៅសត្វវាស៊ី ហើយបន្ទាប់ទៅវាឆ្អែត បន្ទាប់ទៅវាហេវទៀតដូចយើងអ៊ីចឹង។ ប៉ុន្តែបើឲ្យរួចចាកពីអបាយហ្នឹងមាននរក ប្រេត តិរច្ឆាន អសុរកាយជាដើមហ្នឹង គឺមិនរួចទេ»។
នៅក្នុងសម័យដើម ពិធីបណ្ដែតដូនតានេះពេញនិយមសម្បើមណាស់ ជាពិសេសពលរដ្ឋនៅតាមស្រុកស្រែចម្ការ តែងប្រារព្ធពិធីនេះមិនដែលខកខានម្ដងណាឡើយ។ លុះចំណេរក្រោយៗមកទៀត ពិធីនេះហាក់សាបរលាបបន្តិចម្ដងៗទៅហើយ។ ថ្វីបើការបណ្ដែតដូនតានេះហាក់មើលទៅបានស្រកស្រុតបន្តិច ទំនៀមទម្លាប់នេះនៅតែជាពិធីដែលចាំបាច់ និងមានសារសំខាន់នៅឡើយចំពោះអ្នកមានជំនឿលើបុណ្យបាបនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ៕