
ដោយ ស៊ុន ហេង RFA 2016-10-02
មន្ត្រីសុខាភិបាលកម្ពុជា សម្ដែងការព្រួយបារម្ភពីការរាតត្បាតនៃជំងឺទារកក្បាលតូចពីប្រទេសថៃ មកកម្ពុជា។ កាលពីពេលថ្មីៗនេះ ប្រទេសថៃ ប្រកាសថាបានរកឃើញករណីទារកកើតមកក្បាលតូច ដោយសារវីរុសហ្ស៊ីកា (Zika) ជាលើកដំបូង។
កម្ពុជា ក៏ដូចជាប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្លាប់មានករណីឆ្លងវីរុសហ្ស៊ីកាតាំងតែពីឆ្នាំ២០០៧ មកម្ល៉េះ។ ប៉ុន្តែករណីដែលបានកើតឡើងនេះ ត្រូវបានរកឃើញថា បណ្ដាលមកពីវីរុសហ្ស៊ីកាប្រភេទក្នុងស្រុក ដែលបង្កអាការៈស្រាល ដូចជាក្តៅខ្លួន ឡើងកន្ទួលរមាស់ ភ្នែកឡើងក្រហម ឈឺក្បាល និងឈឺសន្លាក់ដៃជើងតែប៉ុណ្ណោះ។
នៅថ្ងៃសុក្រ ទី៣០ កញ្ញា មួយថ្ងៃមុនពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនៅកម្ពុជា រដ្ឋាភិបាលថៃ ប្រកាសជាសាធារណៈថា វីរុសហ្ស៊ីកាប្រភេទក្រៅស្រុក មានវត្តមានក្នុងប្រទេសថៃ ហើយ។
ទារក ៣នាក់នៅប្រទេសថៃ បានកើតមកមានជំងឺក្បាលតូចខុសប្រក្រតី ដែលហៅថាជំងឺម៉ៃក្រូសេហ្វាលី (Microcephaly)។ បន្ទាប់ពីធ្វើការសិក្សាទៅលើទារកទាំងបីរូបនោះ អ្នកវិទ្យាសាស្ត្រថៃ បានរកឃើញថា កុមារពីររូបក្នុងចំណោមបីនាក់នោះ កើតជំងឺក្បាលតូចដោយសារវីរុសហ្ស៊ីកាប្រាកដមែន។
អង្គការសុខភាពពិភពលោក (WHO) ចេញរបាយការណ៍ទៅលើរឿងនេះថា ករណីនៅប្រទេសថៃ គឺជាករណីទារកកើតជំងឺក្បាលតូចដោយវីរុសហ្ស៊ីកាដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពីមុនធ្លាប់តែរីករាលដាលនៅទ្វីអាមេរិក និងអាហ្វ្រិក។
ការចរាចរមនុស្សរវាងប្រទេសកម្ពុជា និងប្រទេសថៃ តាមរយៈទេសចរណ៍ និងពលករចំណាកស្រុក កំពុងធ្វើឲ្យកម្ពុជា បារម្ភពីការរាតត្បាតជំងឺទារកក្បាលតូចនេះមកកម្ពុជា។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ថា ទោះបីជាប្រទេសកម្ពុជា មកទល់នឹងបច្ចុប្បន្នមិនទាន់មានករណីឆ្លងវីរុសហ្ស៊ីកាប្រភេទក្រៅស្រុកនេះនៅឡើយ ព័ត៌មានពីប្រទេសថៃ នេះ ធ្វើឲ្យមានការព្រួយបារម្ភពីសំណាក់ក្រសួង។
ថ្មីៗនេះ ប្រព័ន្ធតាមដានវីរុសហ្ស៊ីការបស់ក្រសួង បានរកឃើញករណីសង្ស័យចំនួនពីរនៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ ប្រជាជនខ្មែរពីររូបត្រឡប់មកពីប្រទេសថៃ វិញ បង្ហាញអាការៈដូចអ្នកឆ្លងវីរុសហ្ស៊ីកា តែការធ្វើតេស្ដឈាមរកឃើញថា ពួកគាត់មិនមានផ្ទុកវីរុសនេះទេ។
លោក លី សូវ៉ាន់ បន្តទៀតថា ខាងក្រសួងសុខាភិបាល បានរៀបចំសេវាកម្មទាក់ទងបន្ទាន់ ២៤ម៉ោងសម្រាប់ផ្តល់ព័ត៌មានទាក់ទងនឹងការឆ្លងវីរុសហ្ស៊ីកា៖ «នៅកន្លែងណាក៏ដោយ ទូទាំងប្រទេស ប្រសិនបើមានការសង្ស័យ យើងនឹងចុះទៅជាបន្ទាន់។ ប្រសិនបើវាជាករណីហ្ស៊ីកា យើងត្រូវប្រមូលយកវត្ថុធាតុមកមើលជាបន្ទាន់។ យើងមានមន្ទីរពិសោធន៍ដែលអាចធ្វើតេស្ដហ្ស៊ីកាគ្រប់ពេលវេលាទាំងអស់។ ក្នុងករណីយើងមានការថ្លោះធ្លោយ យើងសុំឲ្យបងប្អូនមានការរាយការណ៍ផង។ កន្លែងណាមានបណ្ដុំនៃគ្រុនក្តៅ ឬករណីជាច្រើនទាក់ទងនឹងឡើងកន្ទួលក្រហម សូមរាយការណ៍ជាបន្ទាន់»។
នៅថ្ងៃព្រហស្បតិ៍ ទី២៩ កញ្ញា ដោយសារការព្រួយបារម្ភពីការរាតត្បាតនៃវីរុសហ្ស៊ីកានេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក បានអំពាវនាវឲ្យស្ត្រីមានផ្ទៃពោះជៀសវាងការធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍។
វីរុសហ្ស៊ីកាឆ្លងតាមរយៈមូសខ្លាដែលខាំពេលថ្ងៃ ដូចជំងឺគ្រុនឈាមដែរ ប៉ុន្តែខុសពីជំងឺគ្រុនឈាម វីរុសហ្ស៊ីកាក៏អាចឆ្លងតាមរយៈការរួមភេទផងដែរ។ វីរុសហ្ស៊ីកាបង្កគ្រោះថ្នាក់ខ្លាំងដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីគ្រោងនឹងមានផ្ទៃពោះ ព្រោះវីរុសនេះចូលទៅយាយីការលូតលាស់នៃប្រព័ន្ធប្រសាទរបស់ទារក។
នៅកម្ពុជា ប្រជាពលរដ្ឋអាចចូលទៅសួរព័ត៌មានលម្អិត ឬរាយការណ៍ពីការសង្ស័យនានាពាក់ព័ន្ធវីរុសហ្ស៊ីកាតាមរយៈខ្សែទូរស័ព្ទទាក់ទងបន្ទាន់លេខ ១១៥៕