Quantcast
Viewing all articles
Browse latest Browse all 40045

គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​រក្សា​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់​រៀងៗ​ខ្លួន

Image may be NSFW.
Clik here to view.
លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។  RFA


ដោយ ឡេង ម៉ាលី RFA 2016-10-03

ចាប់​ពី​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ​រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ ទី​៣ តុលា គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នៅ​រក្សា​បាន​បរិយាកាស​ស្ងប់ស្ងាត់​ខាង​វោហារសាស្ត្រ​នយោបាយ​រៀងៗ​ខ្លួន។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​តែ​បញ្ចេញ​សារ​នយោបាយ​ខ្លាំងៗ​ចំពោះ​បក្ស​ប្រឆាំង ក៏​មាន​សភាព​ស្ងប់ស្ងាត់​ដែរ។

សារ​សំខាន់ៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣ តុលា មិន​បាន​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​ណា​មួយ​ទេ។

សារ​របស់​លោក​ភាគច្រើន គឺ​ស្ដី​អំពី​សមិទ្ធផល​សន្តិភាព​តាម​នយោបាយ​ឈ្នះៗ ការ​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​នៅ​ឆ្នាំ​២០១៧ ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អ្នក​មាន​លទ្ធភាព ជួយ​ទិញ​ស្រូវ​កសិករ​ជាដើម។ ក្រៅ​ពី​នេះ លោក​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ៖ «ឥឡូវ​ខ្ញុំ​ព្រះករុណា​ខ្ញុំ បន្ទាប់​ពី​ការ​ភ្ជុំ​ហើយ នៅ​តែ​បន្ត​ការ​អំពាវនាវ ទី​មួយ សុំ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត សុំ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន និង​កំពុង​អំពាវនាវ និង​ជំរុញ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត»។

បរិយាកាស​នយោបាយ​ស្ងៀមស្ងាត់​នៅ​ពេល​នេះ គឺ​ស្រប​គ្នា​នឹង​ការ​អំពាវនាវ​របស់​លោក កាល​ពី​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ឲ្យ​គណបក្ស​នយោបាយ​ឈប់​វាយ​ប្រហារ​គ្នា។ លោក​ក៏​រង់ចាំ​មើល​ថា តើ​គណបក្ស​ណា​មួយ​នឹង​ចាប់​ផ្ដើម​វាយ​ប្រហារ​គ្នា​មុន។

នៅ​ថ្ងៃ​ទី​៣ តុលា នេះ​ដែរ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា បង្ហោះ​សារ​នយោបាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ មិន​មាន​ភ្លៀង​រលឹម​ជោកជាំ​ដូច​ពី​មុន​នោះ​ទេ ទោះ​បី​មេឃ​មិន​ទាន់​ស្រឡះ​មាន​ពពក​បាំង​ខ្លះ ក៏​មាន​ថ្ងៃ​រះ​ផង​ដែរ។ លោក​បន្ត​ថា «ក្រោយ​ភ្លៀង មេឃ​នឹង​ស្រឡះ ហើយ​ខ្មែរ​នឹង​ឈ្នះ​ទាំងអស់​គ្នា»។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​តាម​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាទ កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ សូម​និមន្ត និង​អញ្ជើញ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ គឺ​គិត​ដល់​ថ្ងៃ​បោះឆ្នោត ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ សូម​មេត្តា​និមន្ត និង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ភូមិ ឃុំ សង្កាត់​របស់​បង​ប្អូន​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​អ្នក​ដឹក​នាំ​មូលដ្ឋាន​តាម​បំណង​របស់​បង​ប្អូន»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក កឹម សុខា មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​ទេ។ កាល​ពី​សប្ដាហ៍​មុន​នេះ លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សប្ដាហ៍​នេះ ប៉ុន្តែ​មិន​ទាន់​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ណា​មួយ​អាច​បញ្ជាក់​ថ្ងៃ​ណា​ជាក់លាក់​នៅ​ឡើយ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​ប្រមាណ ៤​លាន​នាក់​ហើយ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ ខាង​មុខ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា ពលរដ្ឋ​កម្ពុជា ដែល​គ្រប់​អាយុ​បោះឆ្នោត​មាន​ចំនួន​ជាង ៩​លាន ៦​សែន​នាក់។ ការ​ចុះ​ឈ្មោះ​សម្រាប់​ពលរដ្ឋ​ទាំងនេះ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ខាង​មុខ៕

Viewing all articles
Browse latest Browse all 40045

Trending Articles