Quantcast
Viewing all articles
Browse latest Browse all 40045

សង្គម​ស៊ីវិល​ថា​អាមេរិក​នៅ​តែ​អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា

Image may be NSFW.
Clik here to view.
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ថ្លែង​ទៅ​កាន់​អ្នកកាសែត​នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya


ដោយ យាង សុជាមេត្តា RFA 2016-10-03

សង្គម​ស៊ីវិល​មើល​ឃើញ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​អាច​មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​មេ​ដឹកនាំ​កម្ពុជា គោរព​នូវ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ធ្លាក់​ចុះ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ ការ​មើល​ឃើញ​បែប​នេះ ធ្វើ​ឡើង​ខណៈ​ដែល​តំណាង​ពិសេស​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​ពលកម្ម​អន្តរជាតិ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ តុលា។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ តំណាង​ពិសេស​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ចការ​ពលកម្ម​អន្តរជាតិ អ្នកស្រី សារ៉ា ហ្វក (Sarah Fox) ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា​ពី​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ពី​បញ្ហា​ប្រាក់​ខែ​កម្មករ ស្ថានភាព​កម្មករ និង​បញ្ហា​មួយ​ចំនួន​ទៀត។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា ក្រុម​ការងារ​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​អ្នកស្រី សារ៉ា ហ្វក នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា។ លោក​ថា បញ្ហា​មួយ​ចំនួន​ដែល​សហជីព​គ្រោង​លើក​យក​ទៅ​ពិភាក្សា​ជាមួយ​អ្នកស្រី សារ៉ា ហ្វក មាន​ដូចជា​បញ្ហា​ពាក់ព័ន្ធ ច្បាប់​សហជីព សិទ្ធិ​ការងារ និង​ពី​ការ​រំលោភ​លើ​ការ​អនុវត្ត​ការងារ​របស់​មេ​ដឹកនាំ​សហជីព ជាដើម៖ «តាម​ពិត​ទៅ ច្បាប់​សហជីព​វា​ចូល​ជា​ធរមាន​ហើយ ប៉ុន្តែ​វា​មាន​ចំណុច​ជាច្រើន​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​កម្មករ នៅ​ក្នុង​ពេល​ហ្នឹង គឺ​យើង​នឹង​លើក​ឡើង​នូវ​ចំណុច​ដែល​សំខាន់ៗ​នោះ ស្នើ​ឲ្យ​ខាង​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ដូច​អ្វី​ដែល​យើង​ស្នើ​ទៅ​ខាង ILO ដែរ»។

លោក អាត់ ធន់ សម្ដែង​សុទិដ្ឋិនិយម​ថា សហរដ្ឋ​អាមេរិក អាច​ចូលរួម​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារ​កម្មករ និង​សហជីព​នៅ​កម្ពុជា ព្រោះ​លោក​ថា សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ធំ​មួយ​ដែល​នាំ​ចូល​នូវ​សម្លៀកបំពាក់​របស់​កម្ពុជា និង​បាន​ផ្តល់​ដល់​កម្ពុជា នូវ​ការ​អនុគ្រោះ​ការ​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក ជាដើម៖ «ដោយសារ​តែ​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​មួយ​ដៃគូ​ជាមួយ​សហគមន៍​អឺរ៉ុប ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​សិទ្ធិ​នេះ ហើយ​បាន​ជា​កិច្ច​ពិភាក្សា​ទាំងឡាយ​ណា​ជាមួយ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប វា​ពិត​ជា​មាន​ឥទ្ធិពល​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​គិតគូរ និង​ការ​ដោះស្រាយ​សិទ្ធិ​កម្មករ​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជាពិសេស​ដោយសារ​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក គឺ​បាន​ផ្តល់​ការ​អនុគ្រោះ​នាំ​ចូល​កាបូប​យួរ​ដៃ​គ្រប់​ប្រភេទ​ដោយ​មិន​កំណត់​ទៅ​សហរដ្ឋ​អាមេរិក ទៀត។ អ៊ីចឹង ខ្ញុំ​គិត​ថា​ប្រហែល​មាន​ឥទ្ធិពល​ច្រើន»។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី សារ៉ា ហ្វក ជួន​ចំ​ពេល​ដែល​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី​គ.ជ.ប សកម្មជន​ការពារ​ដីធ្លី និង​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​រូប​ទៀត កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ និង​ខណៈ​ដែល​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង លោក កឹម សុខា ទើប​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥​ខែ និង​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស បើ​ទោះ​ជា​កម្ដៅ​នយោបាយ​កម្ពុជា ហាក់​ថយ​បន្តិច ដោយសារ​អ្នក​នយោបាយ​ខ្មែរ​បន្ថយ​នូវ​ការ​វាយ​ប្រហារ​ពាក្យ​សម្ដី​គ្នា​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ក៏ដោយ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា ក្នុង​កាលៈទេសៈ​បែប​នេះ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី សារ៉ា ហ្វក គឺ​ជា​រឿង​មួយ​ល្អ ហើយ​លោក​សង្ឃឹម​ថា អ្នកស្រី សារ៉ា ហ្វក អាច​ជួយ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​កំពុង​ជាប់​គាំង ដែល​លោក​ចាត់​ទុក​ថា​ជា​មូលហេតុ​សំខាន់​មួយ​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ «ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ខ្ញុំ​គិត​ថា​វា​អាច​ជួយ​ឲ្យ​មាន​ការ​វិល​ទៅ​រក​កិច្ច​ចរចា​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ ដើម្បី​បន្ថយ​ស្ថានភាព​នយោបាយ ហើយ​បង្កើន​នូវ​កិច្ច​ការពារ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ឲ្យ​មាន​កម្រិត​មក​វិញ ជាពិសេស​ទាក់ទង​នឹង​ការ​បញ្ឈប់​នូវ​ការ​គំរាម​កំហែង ការ​បំភិតបំភ័យ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​គណបក្ស​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ព្រមាន​មិន​ឲ្យ​បរទេស​លូក​ដៃ​ចូល​ក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា ឡើយ ដែល​លោក​តែង​អះអាង​ថា អ្វី​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា គឺ​ជា​ការ​អនុវត្ត​អំណាច​របស់​តុលាការ​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ឬ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មិន​គោរព​ច្បាប់​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ចំណាត់​ការ​របស់​តុលាការ​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​កន្លង​ទៅ គឺ​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល ដើម្បី​គាប​សង្កត់​លើ​អ្នក​រិះគន់​រដ្ឋាភិបាល ឬ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ សហគមន៍​អន្តរជាតិ​តែង​ទទូច​ឲ្យ​អ្នក​នយោបាយ​នៃ​បក្ស​ទាំង​ពីរ​ចរចា​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក អំ សំអាត យល់​ឃើញ​ថា ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ​ដូច​ដែល​បក្ស​ទាំង​ពីរ​កំពុង​ធ្វើ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ជា​រឿង​មួយ​ល្អ ប៉ុន្តែ​លោក​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​នេះ វា​មិន​មែន​ត្រឹម​តែ​បន្ថយ​នូវ​ការ​ឌឺដង​ពាក្យ​សម្ដី​ដាក់​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថា ការ​សំខាន់ គឺ​ពលរដ្ឋ​ចង់​ឃើញ​បក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​នយោបាយ​ដោយ​សន្តិវិធី ឬ​បញ្ឈប់​នូវ​ការ​គំរាម​កំហែង​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភិតភ័យ៕

Viewing all articles
Browse latest Browse all 40045

Trending Articles