Quantcast
Viewing all articles
Browse latest Browse all 40045

មនុស្ស​ប្រមាណ​១០០​នាក់​តវ៉ា​សុំ​ដោះលែង​តៃកុង​ឡាន​ម្នាក់​នៅ​មុខ​សាលា​ខេត្ត​ពោធិ៍សាត់

Image may be NSFW.
Clik here to view.
សាលា​ខេត្ត​ពោធិ៍សាត់។ រូបថត​ឯកសារ  RFA/Chin Chetha


ដោយ ជិន ជេដ្ឋា RFA 2016-10-04

ពលរដ្ឋ​ប្រមាណ ១០០​នាក់ មក​ពី​ឃុំ​ស្វាយស និង​ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង​តៃកុង​ឡាន​ម្នាក់។ មន្ត្រី​នគរបាល​ជឿ​ថា តៃកុង​ឡាន​ដែល​ជា​ជនសង្ស័យ​បើក​ឡាន​ក្រឡាប់​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ភូមិ និង​កូន​ចៅ​សរុប ៤៥​នាក់ កាល​ពី​ថ្ងៃ​ភ្ជុំបិណ្ឌ​នោះ អាច​ដោះលែង​ក្នុង​ពេល​ពីរ ឬ​បី​ថ្ងៃ​ក្រោយ។

ក្រុម​ពលរដ្ឋ និង​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​ក្រឡាប់​ឡាន​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ​កាល​ពី​ម៉ោង​ប្រាំ​កន្លះ ថ្ងៃ​ទី​១ ខែ​តុលា នៅ​ម្ដុំ​រមណីយដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង ឋិត​នៅ​ឃុំ​ឈើតុំ នោះ អះអាង​ថា តៃកុង​ឡាន​ឈ្មោះ សំ សុផេន អាយុ​ប្រមាណ ៥០​ឆ្នាំ ជា​មនុស្ស​ស្លូត​ត្រង់ និង​មាន​គុណធម៌។

ក្រុម​ពលរដ្ឋ​ចូលរួម​តវ៉ា​ដែល​មាន​មួយ​ចំនួន​ជា​អ្នក​ជិះ​ឡាន​រង​របួស​អះអាង​ថា អ្នក​បើក​បរ​ឈ្មោះ សំ សុផេន ពុំ​មាន​ចេតនា​ឲ្យ​កូន​ចៅ និង​អ្នក​ភូមិ​ដែល​ខ្លួន​ដឹក​ទៅ​លេង​នៅ​រមណីយដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង ទាំង ៤៥​នាក់ មាន​គ្រោះ​ថ្នាក់​នោះ​ទេ។ អ្នក​រួម​ដំណើរ​ទាំង​អស់​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្លាប់​នោះ គឺ​គ្រាន់​តែ​រង​របួស​ធ្ងន់​ស្រាល​ទាំង​អស់​គ្នា។

អ្នក​រង​របួស និង​ជា​ពលរដ្ឋ​ចូលរួម​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​មក​ពី​ភូមិ​ទួល​អណ្ដែត នៃ​ឃុំ​ស្វាយស និង​ភូមិ​ផ្ទះ​ចេក នៃ​ឃុំ​ឈើតុំ លោក ហេង ហុក មាន​ប្រសាសន៍​ថា អ្នក​របួស​ទាំង​អស់​មិន​បាន​ប្ដឹង​តៃកុង​ឡាន​រូប​នេះ​ទេ ថែម​ទាំង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះលែង​គាត់​ចេញ​ក្រៅ​ឃុំ​ទៀត​ផង។

លោក​ថា អ្នក​របួស​ទាំង​អស់​សុខ​ចិត្ត​ធានា​ឲ្យ​ជនសង្ស័យ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ដ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ៖ «បាទ! ខ្ញុំ​សំណូមពរ​ឲ្យ​ជួយ​ផ្សាយ​ចូល​ក្នុង​ប៉ុស្តិ៍​ហ្នឹង​ផង ដើម្បី​ឲ្យ​មន្ត្រី​រាជការ និង​ថ្នាក់​ដឹក​នាំ​ទាំង​អស់​ហ្នឹង​ដោះលែង​មនុស្ស​មក​វិញ​ផង ព្រោះ​មនុស្ស​ហ្នឹង ខាង​ជន​រងគ្រោះ​ទាំង​អស់​អត់​មាន​នរណា​ប្ដឹង​ម្នាក់​ទេ គឺ​គេ​គាំទ្រ​ឲ្យ​ចេញ​មក​វិញ។ កុំ​ឲ្យ​យក​មនុស្ស​ទៅ​ដាក់​គុក​ដូច​ជាប់​ទោស​ឧក្រិដ្ឋ»។

ទាក់ទង​បញ្ហា​នេះ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក រស់ ចំរើន មិន​អត្ថាធិប្បាយ​យ៉ាង​ណា​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ដោយ​ជំរុញ​ឲ្យ​អាស៊ីសេរី សួរ​ទៅ​នាយ​ផ្នែក​របស់​លោក​វិញ។ ចំណែក​នាយ​ផ្នែក​ដោះស្រាយ​គ្រោះ​ថ្នាក់​ចរាចរណ៍​លោក ង៉ាន់ វណ្ណី បញ្ជាក់​យ៉ាង​ខ្លី​ថា បច្ចុប្បន្ន​សំណុំ​រឿង​នេះ​បាន​បញ្ជូន​ដល់​ដៃ​តុលាការ​ហើយ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​តៃកុង​ឡាន ដើម្បី​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ។

លោក​ថា ការ​ចាប់​ខ្លួន និង​បង្ក​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នេះ គឺ​ចោទ​ប្រកាន់​តាម​មាត្រា​៨៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី៖ «ខ្ញុំ​ទាន់​ដឹង​ដែរ! ប៉ុន្តែ​ខ្ញុំ​ជឿ​ថា រឿង​ហ្នឹង​យ៉ាង​ច្រើន​ពីរ​បី​យប់​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​អត់​មាន​ពាក្យ​បណ្ដឹង ហើយ​ម្យ៉ាង​សុទ្ធតែ​កូន​ក្មួយ អ្នក​ជិត​ខាង អ្នក​ភូមិ​ជាមួយ ហើយ​ម្សិល​មិញ​លឺ​ថា អ្នក​ភូមិ​ចង់​ឡើង​មក​សុំ (យក​មនុស្ស​ទៅ​វិញ) ពីរ​បី​ឡាន​ណោះ តែ​នឹក​ឃើញ​ថា វា​ល្ងាច​ពេក អ៊ីចឹង​គេ​ចាំ​ថ្ងៃ​នេះ (ទី​៤ ខែ​តុលា)ហើយ​ថ្ងៃ​នេះ​ខ្ញុំ​រវល់​ការងារ​នៅ​ការិយាល័យ​ដែរ អត់​ទាន់​បាន​ទាក់ទង»។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ត្រង់​មាត្រា​៨៣ ចែង​ថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​បណ្ដាល​ឲ្យ​មាន​របួស​ដល់​អ្នក​ដទៃ ហើយ​បណ្ដាល​ឲ្យ​អ្នក​រង​គ្រោះ​អសមត្ថភាព​ធ្វើ​ការងារ​ក្នុង​រយៈពេល​ស្មើ ឬ​លើស​ពី ៨​ថ្ងៃ គិត​ពី​ថ្ងៃ​កើត​ហេតុ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦​ខែ​ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២​លាន​រៀល​ទៅ ១០​លានរៀល៕

Viewing all articles
Browse latest Browse all 40045

Trending Articles