
ដោយ ស៊ុន ហេង RFA 2016-10-10
សន្តិសុខខណ្ឌដូនពេញ បានទប់ស្កាត់ និងប្រើអំពើហិង្សាលើអ្នករងគ្រោះជម្លោះដីធ្លី និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ ខណៈពួកគេបានប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣១ ដែលគេរៀបចំធ្វើនៅតំបន់ដីក្រហម រាជធានីភ្នំពេញ។ ទិវានេះមានអ្នកចូលរួមប្រមាណ ៥០០នាក់ នៅព្រឹកថ្ងៃទី១០ តុលា។
ក្រុមសហគមន៍រងគ្រោះដីធ្លី មិនបានយកញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធសំខាន់ៗដូចការគ្រោងទុកទេ ដោយសារសន្តិសុខខណ្ឌដូនពេញ បានទប់ស្កាត់ និងវាយបំបែកនៅតំបន់ដីក្រហម ដែលធ្វើឲ្យមនុស្សមួយចំនួនរងរបួស រួមទាំងលោក អំ សំអាត ដែលជាសកម្មជនការពារសិទ្ធិមនុស្សយ៉ាងសកម្មរបស់អង្គការលីកាដូ (LICADHO) ផង។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ដែលត្រូវរបួសក និងមាត់ ស្នើឲ្យរដ្ឋាភិបាលមើលលើភស្តុតាងជាក់ស្តែង ហើយឈប់បដិសេធថានៅកម្ពុជា គ្មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «»។
លោក អំ សំអាត បញ្ជាក់ថា លោកបានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលសង្កាត់ជ័យជំនះ រួចរាល់ហើយ ដើម្បីឲ្យសមត្ថកិច្ចរកយុត្តិធម៌ជូនលោក ចំពោះការប្រើអំពើហិង្សានេះ។ ក្រៅពីលោក អំ សំអាត ក៏មានសកម្មជនដីធ្លីជាច្រើនទៀត ក៏រងរបួសដោយការប្រើអំពើហិង្សាដោយក្រុមសន្តិសុខខណ្ឌដូនពេញ នេះដែរ នៅក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣១។
សហគមន៍ជាង ១០០ មកពីបណ្ដាខេត្ត-ក្រុង ក្រោមការជួយរៀបចំពីអង្គការធាងត្នោត និងលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានជ្រើសរើសតំបន់ដីក្រហមដែលជានិមិត្តរូបនៃភាពចម្រូងចម្រាសដីធ្លី មកធ្វើជាទីជួបជុំគ្នាដើម្បីប្រារព្ធទិវាលំនៅឋានពិភពលោក។
ការប្រារព្ធទិវាសកលមួយនេះ ត្រូវបានធ្វើឡើងក្រោមការអង្កេតពីមន្ត្រីសិទ្ធិមនុស្ស និងភ្នាក់ងារសារព័ត៌មានក្នុង និងក្រៅស្រុក។ ក្រោមតំណក់ភ្លៀងយ៉ាងសស្រាំ សហគមន៍ដែលសុទ្ធតែមានប្រវត្តិជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លី បានប្រមូលផ្តុំគ្នានៅម៉ោងប្រហែល ៧ និង ៤០នាទីព្រឹកថ្ងៃទី១០ តុលា ដើម្បីរៀបចំដំណើរការកម្មវិធីតាមការគ្រោងទុក។
មិនបានប៉ុន្មាននាទីផងក្រោយខាងសហគមន៍មកដល់ សន្តិសុខខណ្ឌដូនពេញ បានមកតាម ហើយចាត់វិធានការទប់ស្កាត់ការរៀបចំនោះភ្លាមៗ ដោយលើកមូលហេតុថា ខាងសាលារាជធានីមិនអនុញ្ញាតឲ្យពួកគេធ្វើពិធីនៅទីនោះទេ ហើយត្រូវរើទៅទីលានប្រជាធិបតេយ្យជំនួសវិញ។

ក្រោយការឈ្លោះប្រកែកតវ៉ាគ្នាប្រហែលជាមួយស្របក់ធំ ខាងកម្លាំងសន្តិសុខបានមកដល់កាន់តែច្រើន ជំរុញឲ្យខាងសហគមន៍រៀបចំគ្នាជាក្បួនដើរជំនួសវិញ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។
អ្នកខ្លះដើរកាន់បដាមានសរសេរឃ្លាឃ្លោងទាមទារឲ្យមានដំណោះស្រាយដីធ្លី។ អ្នកខ្លះមានជាផ្ទះធ្វើពីស្នោ ដើរទូលលើក្បាល។ ពេលនោះក៏មានផ្កាឈូកត្រូវបានចែកឲ្យអ្នកចូលរួមកាន់គ្រប់ដៃ ជាមួយនឹងទង់ជាតិ និងទង់ពុទ្ធសាសនា រួមទាំងឆៃយ៉ាំលេងហែហមបំពងសំឡេងផង។ មន្ត្រីសិទ្ធិមនុស្ស ក៏ដូចជាអ្នកសារព័ត៌មាន ព្យាយាមផ្ដិតយកទិដ្ឋភាពយ៉ាងរស់រវើករបស់ក្បួន ដោយម្នាក់ៗមិនបានរំពឹងថា នឹងមានបញ្ហាកើតឡើងនោះឡើយ។
នៅម៉ោងប្រហែល ១០ព្រឹក ពេលក្បួនបានមកដល់ក្បែរសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏ប៉ះទង្គិចគ្នា និងបានផ្ទុះហិង្សាឡើង។ សន្តិសុខខណ្ឌដូនពេញ មួយឡាន បានចុះមកដណ្ដើមបដា និងរបស់របរហែហមផ្សេងទៀតរបស់អ្នកដើរក្បួន។ ពួកគេចាប់យកផ្ទះស្នោមកជាន់កម្ទេចចោល ព្រមទាំងចាប់យកស្គរឆៃយ៉ាំពីអ្នកភ្លេង។ ការប្រតាយប្រតប់គ្នាក៏កើតឡើង ដែលបង្កឲ្យមានរបួសដល់សកម្មជនដីធ្លី អ្នកសារព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្ស។
ប្រធានស្តីទីអង្គការធាងត្នោត លោក សៅ កុសល ដែលជាអ្នករៀបចំកម្មវិធី ឲ្យអាស៊ីសេរី ដឹងថា រូបលោកផ្ទាល់ក៏ជាមុខសញ្ញារបស់សន្តិសុខខណ្ឌដូនពេញដែរ តាមព័ត៌មានដែលលោកទទួលបាន។ លោកបន្តថា ព័ត៌មាននេះធ្វើឲ្យលោកពិបាកក្នុងការបំពេញការងារ ប៉ុន្តែលោកនឹងនៅតែបន្តធ្វើវា ដរាបណាប្រជាពលរដ្ឋនៅមានឆន្ទៈ៖ «»។
ក្បួនដង្ហែបានមកដល់ទីលានប្រជាធិបតេយ្យនៅពេលថ្ងៃត្រង់ ហើយចាប់ផ្ដើមចាត់ចែងបន្តកម្មវិធីដែលមានការចែករំលែកបញ្ហាពីសំណាក់តំណាងសហគមន៍ និងការជួបប្រគល់ញត្តិដល់មន្ត្រីក្រសួងដែនដី និងនគរូបនីយកម្ម។
តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សូភី ធ្វើដំណើរពីខេត្តកំពង់ឆ្នាំង មកចូលរួមទិវាលំនៅឋានពិភពលោក។ លោកស្រីមានបីកូនតូចផង ដើរក្នុងក្បួនកាត់ភ្លៀងជាមួយសហគមន៍ដទៃទៀត ព្រោះតែបញ្ហាដីធ្លីក្នុងសហគមន៍លោកស្រី បានជាប់គាំងអស់រយៈពេល ១០ឆ្នាំហើយ មិនទាន់មានដំណោះស្រាយនៅឡើយ៖ «»។
នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ឆ្លើយតបនឹងរឿងនេះថា ឧប្បត្តិហេតុដែលកើតឡើង គឺដោយសារក្រុមអ្នកហែក្បួនគឃ្លើនមិនព្រមស្តាប់តាមការណែនាំរបស់សាលារាជធានី ដែលហាមមិនឲ្យដង្ហែក្បួនទៅកាន់ផ្លូវនរោត្តម។ បើក្បួនដើរតាមតែផ្លូវដែលសាលារាជធានីបង្គាប់ បញ្ហាក៏មិនកើតឡើងដែរ។
ឆ្លៀតឱកាសក្នុងទិវាលំនៅឋានពិភពលោកនេះផងដែរ តំណាងសហគមន៍ក៏បានលើកឡើងពីយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងប្រាំ អគ្គលេខាធិការរង គ.ជ.ប និងអ្នកស្រី ទេព វន្នី ដែលជាអ្នកធ្វើការតវ៉ាយ៉ាងសកម្មលើបញ្ហាដីធ្លី។
ទិវាលំនៅឋានពិភពលោក គឺជាទិវាសកលរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងគ្រប់ទីកន្លែងតាំងតែពីឆ្នាំ១៩៨៦ មកម្ល៉េះ។ ទិវានេះធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណជន ឲ្យមកមើលស្ថានភាពនៃសិទ្ធិសេរីភាពមានជម្រកជ្រកកោនរបស់ប្រជាពលរដ្ឋ។
ដោយឡែកនៅប្រទេសកម្ពុជា ដែលមានបញ្ហាដីធ្លីរ៉ាំរ៉ៃ ការប្រារព្ធទិវានេះមិនបានទទួលស្វាគមន៍ពីសំណាក់អាជ្ញាធរឡើយ៕