Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

បទ​វិភាគ៖ តើ​មរណភាព​បណ្ឌិត កែម ឡី ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ពលរដ្ឋ​ឬ​ទេ?

$
0
0
ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth

ដោយ យាង សុជាមេត្តា RFA 2016-10-12

អស់​រយៈពេល​ជាង ៣​ខែ​ហើយ​ដែល​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។ បើ​ទោះ​ជា​លោក​ត្រូវ​បាន​គេ​បាញ់​ប្រហារ​យ៉ាង​ព្រៃផ្សៃ​ក្តី មរណភាព​របស់​លោក​ហាក់​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ហើយ​រាថយ​ក្នុង​ការ​គាំទ្រ​សកម្មភាព និង​ទស្សនៈ​របស់​លោក​ឡើយ។

តើ​មរណភាព​បណ្ឌិត កែម ឡី ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ពលរដ្ឋ​ខ្មែរ​ឬ​ទេ?

បើ​ទោះ​ជា​បណ្ឌិត កែម ឡី មិន​មែន​ជា​តួអង្គ​នយោបាយ​ជើង​ចាស់​នៅ​កម្ពុជា ក្តី ប៉ុន្តែ​មរណភាព​របស់​លោក ធ្វើ​ឲ្យ​មនុស្ស​ចូលរួម​សោកស្ដាយ​ច្រើន​ជាង​អ្នក​នយោបាយ​ជើង​ចាស់​មួយ​ចំនួន​ទៅ​ទៀត។

ភ្លាមៗ​ក្រោយ​ដឹង​ថា អ្នក​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ហាង​ស្ដារ​ម៉ាត (Star Mart) កាល់តិច (Caltex) កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា គឺ​ជា​បណ្ឌិត កែម ឡី នោះ ពលរដ្ឋ​មិន​ថា​នៅ​ទីក្រុង​ភ្នំពេញ ឬ​នៅ​តាម​តំបន់​ជនបទ​ស្រុក​ស្រែ​ចម្ការ ឬ​នៅ​បរទេស​ឡើយ ចាប់​ផ្តើម​តក់ស្លុត និង​បង្ហាញ​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​លោក​ជា​ពន់ពេក។
ក្រោយ​ពី​លោក​ត្រូវ​បាន​គេ​បាញ់​ប្រហារ ពលរដ្ឋ​នាំ​គ្នា​ចែកចាយ​ព័ត៌មាន​នេះ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​ចាប់​ផ្តើម​សម្រុក​ទៅ​កាន់​កន្លែង​កើត​ហេតុ ដើម្បី​មើល​សាកសព​លោក​បណ្ឌិត​ផង និង​ចូលរួម​ឃ្លាំ​មើល​សកម្មភាព​អន្តរាគមន៍​របស់​សមត្ថកិច្ច​ផង។ ទីបំផុត ក្រោយ​សម្រេច​ថា​សព​បណ្ឌិត កែម ឡី ត្រូវ​យក​ទៅ​តម្កល់​ទុក​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ពលរដ្ឋ​ជាច្រើន​ពាន់​នាក់ បាន​ចូលរួម​ដង្ហែ​សព​លោក​ទៅ​តម្កល់​នៅ​ទីនោះ។

ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ដែល​សព​បណ្ឌិត កែម ឡី ត្រូវ​បាន​តម្កល់​ទុក​នៅ​វត្ត​ចាស់ មនុស្ស​ម្នា​ជាច្រើន​មក​សឹង​ពី​គ្រប់​ទិសទី​ក្នុង​ប្រទេស​កម្ពុជា បាន​មក​ចូលរួម​បុណ្យ​សព អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ និង​មើល​មុខ​លោក​ជា​លើក​ចុង​ក្រោយ។ ក្នុង​ពេល​ជាមួយ​គ្នា អង្គ​ទូត​បរទេស តំណាង​អង្គការ​សហប្រជាជាតិ អ្នក​មុខ​អ្នក​ការ ក៏​បាន​យក​កម្រង​ផ្កា​ទៅ​ដាក់​គោរព​វិញ្ញាណក្ខន្ធ​លោក​ជា​បន្តបន្ទាប់។ ចំណែក​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​វិញ ក៏​បាន​នាំ​គ្នា​ធ្វើ​បុណ្យ​សព​លោក​ទៅ​តាម​ប្រពៃណី​នៅ​តាម​តំបន់​ពួក​គេ​រស់នៅ​រៀងៗ​ខ្លួន។

នៅ​ថ្ងៃ​ដង្ហែ​សព​លោក​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ អ្នក​រៀបចំ​ពិធី​អះអាង​ថា មាន​មនុស្ស​ចូលរួម​មិន​តិច​ជាង ២​លាន​នាក់​នោះ​ទេ។ នេះ​គេ​នៅ​មិន​ទាន់​គិត​ទៅ​ដល់​អ្នក​កាន់​ទុក្ខ​នៅ​ផ្ទះ ឬ​នៅ​តាម​ខេត្ត​ឆ្ងាយៗ​ដែល​មិន​អាច​មក​ចូលរួម​ដោយ​ផ្ទាល់​ផង។ ទិដ្ឋភាព​មនុស្ស​ម្នា​ច្រើន​កុះករ​ចូលរួម​ដង្ហែ​សព​បណ្ឌិត កែម ឡី នៅ​ពេល​នោះ ធ្វើ​ឲ្យ​គេ​នឹក​ទៅ​ដល់​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ចូលរួម​ដង្ហែ​សព​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ពេល​ព្រះអង្គ​ចូល​ទិវង្គត។

ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ធ្វើ​ឲ្យ​មនុស្ស​ចូលរួម​សោកស្ដាយ​សឹង​ពី​គ្រប់​ស្រទាប់​ទាំងអស់ តាំង​ពី​ស្ថាប័ន​ព្រះមហាក្សត្រ អ្នក​នយោបាយ ព្រះសង្ឃ មន្ត្រី​រាជការ អ្នក​សិល្បៈ ពលរដ្ឋ​សាមញ្ញ និង​យុវជន។ អ្នក​សិល្បៈ​ខ្លះ​ថែម​ទាំង​ខិតខំ​តែង​និពន្ធ​ផលិត​ចម្រៀង​អំពី​ជីវិត​បណ្ឌិត កែម ឡី ទៀត​ផង។

រហូត​មក​ទល់​ពេល​នេះ បើ​ទោះ​ជា​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ជាង ៣​ខែ​ហើយ​ក្តី ប៉ុន្តែ​ក្តី​ស្រឡាញ់​របស់​ពលរដ្ឋ​ចំពោះ​លោក​មិន​សាបរលាប ឬ​រសាយ​ចេញ​ពី​ដួង​ចិត្ត​ឡើយ។ រូប​សំណាក​របស់​លោក ត្រូវ​បាន​កសាង​ឡើង។ បើ​ទោះ​ជា​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​តម្កល់​រូប​សំណាក​លោក​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​តាម​ការ​ស្នើសុំ​ក្តី រូប​សំណាក​លោក នឹង​ត្រូវ​ដង្ហែ​យក​ទៅ​តម្កល់​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​តាកែវ ទី​ដែល​សព​លោក​ត្រូវ​បាន​បញ្ចុះ​នៅ​ទីនោះ។

ពលរដ្ឋ​ឈរ​ជូន​ដំណើរ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។

ពលរដ្ឋ​នៅ​តែ​បន្ត​បង្ហោះ​រូប​លោក និង​ចែកចាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) សម្ដែង​ការ​សោកស្ដាយ និង​ទាមទារ​យុត្តិធម៌​ជូន​លោក។ លើស​ពី​នេះ ពលរដ្ឋ​ខ្លះ​ទៀត​រហូត​ទៅ​ដល់​សរសេរ​បណ្ដាំ​បណ្ឌិត កែម ឡី បិទ​នៅ​លើ​រថយន្ត​របស់​ខ្លួន ខណៈ​អ្នក​ខ្លះ​ទៀត​ថែម​ទាំង​សាក់​បណ្ដាំ​បណ្ឌិត កែម ឡី នៅ​លើ​ដៃ ឬ​នៅ​លើ​ដង​ខ្លួន ដើម្បី​កុំ​ឲ្យ​ភ្លេច​ទៀត​ផង។ នេះ​គេ​នៅ​មិន​ទាន់​រាប់​ទៅ​ដល់​ពលរដ្ឋ​ខ្លះ​ទៀត​ដែល​ដាក់​ចម្រៀង​បណ្ឌិត កែម ឡី នៅ​ក្នុង​ទូរស័ព្ទ​ដើម្បី​នៅ​ពេល​ទូរស័ព្ទ​រោទ៍​ឡើង​ម្តងៗ ពួក​គេ​អាច​ស្តាប់​ចម្រៀង​បណ្ឌិត កែម ឡី ដែល​គេ​អាឡោះអាល័យ​នោះ។ រីឯ​អ្នក​ខ្លះ​ទៀត បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​បោះពុម្ព​អាវ​យឺត​រូប​បណ្ឌិត កែម ឡី ដើម្បី​ពាក់​បង្ហាញ​ឲ្យ​សាធារណជន​មើល​ឃើញ ឬ​ដឹង​ថា​ពួក​គេ​ជា​អ្នក កែម ឡី និយម។ លើស​ពី​នេះ កម្រង​ទស្សនទាន​របស់​លោក ក៏​ត្រូវ​បាន​គេ​ចងក្រង​ឡើង​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​អ្នក​ជំនាន់​ក្រោយ។

ចំណែក​នៅ​លើ​ឆាក​អន្តរជាតិ​វិញ រឿងរ៉ាវ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ធ្វើ​ឲ្យ​ខ្ទរខ្ទារ​រហូត​ដល់​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ធំៗ​ជាច្រើន​នៅ​លើ​ពិភពលោក។ សារ​រំលែក​ទុក្ខ និង​ការ​ថ្កោលទោស បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ អង្គការ​សហប្រជាជាតិ​ក៏​បាន​ជំរុញ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ថែម​ទៀត។

គេ​តែង​ពោល​ថា សម្លាប់​មនុស្ស​ម្នាក់​ដើម្បី​គំរាម​មនុស្ស ១​ពាន់​នាក់​ផ្សេង​ទៀត ប៉ុន្តែ​នៅ​ក្នុង​បរិបទ​ការ​សម្លាប់​បណ្ឌិត កែម ឡី ដំណើរ​ហាក់​បញ្ច្រាស​នឹង​ទ្រឹស្ដី​នេះ​ទៅ​វិញ។

គេ​សង្កេត​ឃើញ​ថា ក្រោយ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ពលរដ្ឋ ជាពិសេស​គឺ​យុវជន ហាក់​ដូចជា​មាន​ស្មារតី​ផុសផុល​ហ៊ាន​ចេញ​មុខ​ចូលរួម​សកម្មភាព​សង្គម និង​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​លើស​មុន​ទៀត​ក៏​ថា​បាន។

ជាក់ស្តែង យុវជន​ដែល​ជា​កូន​សិស្ស​របស់​បណ្ឌិត កែម ឡី ឬ​ត្រូវ​បាន​បណ្ឌិត កែម ឡី បណ្តុះបណ្តាល​ឲ្យ​ធ្វើ​ជា​អ្នក​វិភាគ​វ័យ​ក្មេង​នោះ ពួក​គេ​ហាក់​មិន​មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ។ ពួក​គេ​ថែម​ទាំង​ប្ដេជ្ញា​ថា នឹង​នៅ​បន្ត​សកម្មភាព​របស់​បណ្ឌិត កែម ឡី បើ​ទោះ​ជា​ត្រូវ​អស់​ជីវិត​ដូច​គ្រូ​គេ​ក្តី ក៏​ពួក​គេ​មិន​រាថយ​ឡើយ។ លើស​ពី​នេះ យុវជន​កូន​ភ្លោះ​ពីរ​នាក់ គឺ ជុំ ហួរ និង ជុំ ហួត ដែល​យុវជន​ទាំង​ពីរ​នាក់​នេះ​បាន​ជួប​បណ្ឌិត កែម ឡី មួយ​ថ្ងៃ​មុន​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ពួក​គេ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បរទេស​ដើម្បី​សុវត្ថិភាព។ តែ​ទីបំផុត យុវជន​ទាំង​ពីរ​អះអាង​ថា បើ​ទោះ​ជា​ពួក​គេ​នៅ​ក្រៅ​ប្រទេស​មាន​សុវត្ថិភាព​ក្តី ប៉ុន្តែ​គេ​មិន​អាច​បន្ត​សកម្មភាព​ការងារ​សង្គម​បាន ដូច្នេះ​ពួក​គេ​បាន​សម្រេច​ចិត្ត​ចូល​ស្រុក​វិញ ហើយ​បន្ត​សកម្មភាព​ការងារ​ការពារ​បរិស្ថាន​របស់​ពួក​គេ​ដូច​ដើម។

ចំណែក​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មិត្តភ័ក្ដិ ឬ​ដៃគូ​ការងារ​របស់​បណ្ឌិត កែម ឡី ឬ​អ្នក​ធ្លាប់​ចូលរួម​សកម្មភាព​ការងារ​ជាមួយ​បណ្ឌិត កែម ឡី អ្នក​ទាំងអស់​នោះ​ក៏​មិន​បាន​ដក​ថយ ឬ​បញ្ឈប់​សកម្មភាព​ការងារ​របស់​ពួក​គេ​ឡើយ។ ពួក​គេ​នៅ​តែ​ហ៊ាន​ចេញ​មុខ​ធ្វើ​អត្ថាធិប្បាយ ផ្តល់​នូវ​ការ​វិភាគ​រិះគន់​នូវ​ភាព​មិន​ប្រក្រតី​ក្នុង​សង្គម ដូច​ដែល​ពួក​គេ​បាន​ធ្វើ​កន្លង​ទៅ។ សកម្មភាព​ទាំងនេះ​ហាក់​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​បណ្ដាំ​របស់​បណ្ឌិត កែម ឡី ដែល​បាន​ផ្ដាំ​ឲ្យ​អ្នក​គាំទ្រ​គោរព​ស្រឡាញ់​លោក ឲ្យ​ជូត​ទឹក​ភ្នែក រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

តាម​រយៈ​ទឡ្ហីករណ៍​ទាំងនេះ ប្រាកដ​ណាស់​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្នត់​គំនិត​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ពិធី​បុណ្យ​សព និង​ដង្ហែ​សព​បណ្ឌិត កែម ឡី យ៉ាង​ច្រើន​កុះករ ជា​សក្ខីភាព​បង្ហាញ​ថា ពលរដ្ឋ​គាំទ្រ​ទស្សនៈ​បណ្ឌិត កែម ឡី និង​ការងារ​របស់​លោក ដែល​បាន​ធ្វើ​កាល​ពី​ពេល​លោក​នៅ​មាន​ជីវិត។ វា​ក៏​ជា​សក្ខីភាព​បង្ហាញ​ថា ពលរដ្ឋ​មិន​ចូល​ចិត្ត​ឡើយ​អំពើ​អយុត្តិធម៌ ការ​កាប់​សម្លាប់ និង​អំពើ​ហិង្សា ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​ក៏​ជា​ការ​បង្ហាញ​ប្រាប់​អ្នក​ដែល​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ថា ពលរដ្ឋ​ខ្មែរ​មិន​ខ្លាច​ចំពោះ​ការ​គំរាម ឬ​អំពើ​អមនុស្សធម៌​របស់​ពួក​គេ​ឡើយ ជាពិសេស​វា​ជា​ការ​លើក​ទឹក​ចិត្ត​អ្នក​ដែល​នៅ​រស់ ឲ្យ​ហ៊ាន​ធ្វើ​សកម្មភាព​ដូច​បណ្ឌិត កែម ឡី ព្រោះ​ថា​បើ​គេ​ស្លាប់​ដើម្បី​ជាតិ ជាតិ​នឹង​ចងចាំ​ពួក​គេ។

ប្រការ​ទាំងអស់​នេះ ហាក់​កំពុង​ដាស់​ស្មារតី​កូន​ខ្មែរ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ការ​ស្លាប់​ដើម្បី​ជាតិ គឺ​មិន​ត្រូវ​បាន​គេ​បោះបង់​ចោល​ឡើយ និង​ជា​កិត្តិយស​មួយ​ដ៏​ធំធេង​ទៅ​វិញ​ទេ។ ប្រហែល​ជា​ដោយសារ​តែ​កត្តា​នេះ​ដែរ​ហើយ ទើប​មាន​ពលរដ្ឋ​ខ្លះ​រហូត​ដល់​ទៅ​និយាយ​ថា បើ​ស្លាប់​មាន​កិត្តិយស​ដូច​បណ្ឌិត កែម ឡី គេ​មិន​ខ្លាច​នឹង​ស្លាប់​នោះ​ទេ។ ពលរដ្ឋ​ខ្លះ​ទៀត​ថែម​ទាំង​និយាយ​ថា បើ​គេ​អាច​ប្ដូរ​ជីវិត​ជាមួយ​បណ្ឌិត កែម ឡី បាន ពួក​គេ​សុខ​ចិត្ត​ស្លាប់ ឲ្យ​តែ​បណ្ឌិត កែម ឡី នៅ​រស់ ក៏​គេ​មិន​ខ្លាច​ដែរ។ នេះ​គឺ​ជា​ចំណុច​របត់​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ ក្រោយ​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​សម្លាប់។

ចាប់​ពី​ពេល​នេះ​ត​ទៅ អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​រង់ចាំ​មើល​នោះ គឺ​ចំណាត់​ការ​ស្វែងរក​យុត្តិធម៌​ពិត​ប្រាកដ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ជូន​ចំពោះ​សព​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ។ ប្រាកដ​ណាស់ ដរាប​ណា​យុត្តិធម៌​ពិត​ប្រាកដ​មិន​ត្រូវ​បាន​លាត​ត្រដាង នោះ​ពលរដ្ឋ​ដែល​ស្រឡាញ់​បណ្ឌិត កែម ឡី ស្មើ​នឹង​ជីវិត ពិត​ជា​មិន​អាច​នៅ​ស្ងប់​ចិត្ត​បាន​ឡើយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>