Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

បុគ្គលិក​បើកបរ​នៅ​ការដ្ឋាន​សង់​អគារ​សាលា​ខេត្ត​ត្បូងឃ្មុំ​ប្រតិកម្ម​នឹង​ការ​ដក​ហូត​ប័ណ្ណ​បើកបរ

$
0
0
អគារ​សាលា​ខេត្ត​ត្បូងឃ្មុំ ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo ADHOC

ដោយ សូត សុខប្រាថ្នា RFA 2016-10-12

កម្មករ​បើកបរ​រថយន្ត​ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន លី ឈួង ដែល​ជា​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្ត​ត្បូងឃ្មុំ យល់​ថា ការ​ដក​ហូត​ប័ណ្ណ​បើកបរ ឬ​ពាក់មី​រថយន្ត​របស់​ពួក​គាត់​ទុក​ពី​សំណាក់​ក្រុមហ៊ុន គឺ​ជា​ចេតនា​ចង​ជើង​បុគ្គលិក​ទុក​តែ​ម្តង។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ខាង​តំណាង​ក្រុមហ៊ុន​ប្រកាស​ប្រមូល​ទុក​ប័ណ្ណ​បើកបរ​ច្បាប់​ដើម​របស់​បុគ្គលិក​ទុក ហើយ​បុគ្គលិក​ណា​មិន​ព្រម​ឲ្យ នឹង​បញ្ឈប់​ការងារ​តែ​ម្តង។

កម្មករ​បើកបរ​រថយន្ត​នៅ​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ការ​ដក​ហូត​ប័ណ្ណ​បើកបរ​របស់​ពួក​គាត់​ទុក​ពី​សំណាក់​ក្រុមហ៊ុន អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ ម្យ៉ាង​ធ្វើ​ឲ្យ​កម្មករ​ចេះ​តែ​មាន​អារម្មណ៍​មិន​ស្ងប់​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។
កម្មករ​បើកបរ​រថយន្ត​ម្នាក់ ស្នើ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ពួក​គាត់​បាន​សួរនាំ​ទៅ​ខាង​រដ្ឋបាល​ក្រុមហ៊ុន ព្រម​ទាំង​អ្នក​គ្រប់គ្រង​ផ្នែក​បើកបរ​នៅ​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្ត អំពី​មូលហេតុ​ដក​ហូត​ប័ណ្ណ​បើកបរ​នេះ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ឡើយ។ លោក​អះអាង​ថា ប័ណ្ណ​បើកបរ គឺ​មាន​សារសំខាន់​សម្រាប់​ពួក​គាត់ ពីព្រោះ​ត្រូវ​ការ​ដាក់​ជាប់​ខ្លួន​ជា​ប្រចាំ សម្រាប់​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្តងៗ។ ជាង​នេះ​ទៀត ប្រសិន​បើ​ត្រូវ​ការ​ស្វែងរក​ការងារ​ធ្វើ​កន្លែង​ផ្សេង គឺ​មាន​ភាព​ងាយ​ស្រួល។ ការ​ដក​ហូត​ប័ណ្ណ​បើកបរ​នេះ ធ្វើ​ឲ្យ​កម្មករ​ជាច្រើន​យល់​ថា អាច​ជា​ចេតនា​មិន​ឲ្យ​ពួក​គាត់​ទៅ​រក​ការងារ​កន្លែង​ផ្សេង​ឡើយ៖ «សុំ​ហ្វូតូ (ចម្លង) ឲ្យ គេ​មិន​ព្រម គេ​ចង់​បាន​របស់​ពិត។ អ៊ីចឹង​ម្នាក់ៗ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ក្រែង​គេ​ដក​ទៅ ទៅ​ដក​ពី​គេ​មិន​បាន»។

បុគ្គលិក​ផ្នែក​បើកបរ​នៅ​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្ត​ត្បូងឃ្មុំ គឺ​មាន​ពី ៣០​នាក់​ទៅ ៥០​នាក់ ហើយ​មាន​កម្មករ​ខ្លះ​ព្រម​ប្រគល់​ប័ណ្ណ​បើកបរ​ឲ្យ​តំណាង​ក្រុមហ៊ុន ដោយ​ភ័យ​ខ្លាច​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ ប៉ុន្តែ​ភាគច្រើន​មិន​ព្រម​ប្រគល់​ឲ្យ​ឡើយ។ ព័ត៌មាន​ស្ដីពី​ការ​ប្រមូល​ប័ណ្ណ​បើកបរ គឺ​កើត​ឡើង​តាំង​ពី​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ប្រមូល​យក​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​២០ តុលា។

ស្រដៀង​គ្នា​នេះ អ្នក​បើកបរ​រថយន្ត​ម្នាក់​ទៀត​និយាយ​ថា គ្រាន់​តែ​ដឹង​ដំណឹង​នេះ​ភ្លាម បុគ្គលិក​ជាច្រើន​មិន​សប្បាយ​ចិត្ត​ទេ ហើយ​គ្មាន​ចិត្ត​ចង់​ធ្វើ​ការងារ​ថែម​ទៀត​ផង។ លោក​ថា កាល​ពី​ពេល​មុន ក្រុមហ៊ុន​ធ្លាប់​ប្រមូល​ប័ណ្ណ​បើកបរ​ពី​បុគ្គលិក​ម្តង ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​ធ្វើ​បែប​នេះ​ទៀត ពួក​គាត់​មាន​តែ​ឈប់​ធ្វើ​ការ​តែ​ប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​ផ្នែក​បើកបរ​នៅ​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្ត​ត្បូងឃ្មុំ លោក វង់ សុខន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ តុលា ថា ការ​ដក​ហូត​យក​ប័ណ្ណ​បើកបរ​ច្បាប់​ដើម​ពី​បុគ្គលិក​របស់​ខ្លួន គឺ​ដើម្បី​ផល​ប្រយោជន៍​ទាំង​សង​ខាង ពោល​គឺ​ទាំង​ក្រុមហ៊ុន និង​កម្មករ។ លោក​ថា ការ​យក​ប័ណ្ណ​បើកបរ​ច្បាប់​ដើម​រក្សា​ទុក គឺ​ដើម្បី​យក​ទៅ​រត់​ការ​ធ្វើ​ឯកសារ​ពាក់ព័ន្ធ ជៀសវាង​មាន​បញ្ហា​នៅ​ពេល​បើកបរ​ណា​មួយ​កើត​ឡើង ហើយ​ប័ណ្ណ​បើកបរ​នោះ​នឹង​ប្រគល់​ជូន​សាមី​ខ្លួន​វិញ ពេល​ណា​ពួក​គេ​ឈប់​ធ្វើ​ការ៖ «ដក​យក​មក​ទុក​សម្រាប់​មើល។ ទី​មួយ ពិនិត្យ​មើល​គាត់​ក្បាល​បី គាត់​បើក​បាន គាត់​ក្បាល​ពីរ​ត្រូវ​បើក​ឡាន​ប្រភេទ​ណា? ក្បាល​បី​បើក​ប្រភេទ​ណា? ក្បាល​បួន​បើក​ប្រភេទ​ណា​បង?»។

យ៉ាង​នេះ​ក្តី លោក​ថា​នឹង​ព្យាយាម​ពន្យល់​ប្រាប់​កម្មករ​ទាំងអស់​ឲ្យ​បាន​យល់​ពី​បញ្ហា​នេះ ហើយ​ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ប្រគល់​ប័ណ្ណ​បើកបរ​ជូន​ក្រុមហ៊ុន ពួក​គេ​អាច​ឈប់​ពី​ការងារ​បាន។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា តាម​ច្បាប់​ការងារ រាល់​ឯកសារ​ខាង​ក្រុមហ៊ុន ឬ​និយោជក​អាច​ប្រមូល​យក​ពី​បុគ្គល​ខ្លួន​បាន ប៉ុន្តែ​ជា​ឯកសារ​ចម្លង មិន​មែន​ជា​ឯកសារ​ដើម​ឡើយ។ លោក​ថា ហេតុផល​របស់​ភាគី​ក្រុមហ៊ុន គឺ​មិន​ត្រឹមត្រូវ​ទេ៖ «យើង​អាច​សុំ​កូពី (ចម្លង) គាត់​បាន​ទាំង​អត្តសញ្ញាណប័ណ្ណ ឬ​មួយ​ប័ណ្ណ​បើកបរ ឬ​ក៏​លិខិត​ឆ្លង​ដែន។ យើង​អាច​សុំ​កូពី​គាត់​ដើម្បី​ទុក​ជា​ឯកសារ ដើម្បី​ទុក​ក្នុង​ណែម​ហ្វាល់ (Name File) បុគ្គលិក​ហ្នឹង ប៉ុន្តែ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​រក្សា​ច្បាប់​ដើម​របស់​គេ​ទេ»។

លោក មឿន តុលា មាន​ប្រសាសន៍​ថា កម្មករ​អាច​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួល​យក​នូវ​ឯកសារ​ចម្លង​ពី​ពួក​គាត់ ឬ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ឯកសារ​ដើម​ឲ្យ​ពួក​គេ​វិញ ប្រសិន​បើ​ក្រុមហ៊ុន​មិន​ព្រម កម្មករ​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​ការងារ ឬ​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ តែ​ម្តង៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>