
ដោយ សាន សែល RFA 2016-10-16
ជនភៀសខ្លួនដែលប្រទេសអូស្ត្រាលី មិនព្រមទទួលយក ហើយកំពុងត្រូវគេឃុំខ្លួននៅលើកោះណាវរូ (Nauru) ចំនួន ៣រូបថ្មីទៀត ស្ម័គ្រចិត្តមករស់នៅប្រទេសកម្ពុជា។ ជនភៀសខ្លួនទាំងនេះអាចនឹងមកដល់ប្រទេសកម្ពុជា នៅសប្ដាហ៍ក្រោយ។
អង្គការក្រុមចម្រុះសកម្មភាពជនភៀសខ្លួន (Refugee Action Coalition) នៅប្រទេសអូស្ត្រាលី ប្រាប់កាសែត ឌឹ ហ្គាឌៀន (The Guardian) កាលពីថ្ងៃទី១៥ តុលា ថា ជនភៀសខ្លួនទាំងបីដែលយល់ព្រមមករស់នៅក្នុងប្រទេសកម្ពុជា នោះ ជាជនជាតិសិរីលង្កា ពីរនាក់ (Sri Lanka) និងជនជាតិស៊ីរី ម្នាក់ (Syria) ដែលនឹងប្រហែលជាកំពុងចាកចេញពីកោះណាវរូ មកកម្ពុជា។ ប្រធានអង្គការនេះ លោក អ៊ីអាន រិនធូល (Ian Rintoul) អះអាងថា អ្នកទាំងបីនេះត្រូវបានគេប្រគល់ប្រាក់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ ជាថ្នូរនឹងការស្ម័គ្រចិត្តមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា។
អាស៊ីសេរី មិនអាចទាក់ទងប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល នៅថ្ងៃទី១៦ តុលា បានទេ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកទទួល។
យ៉ាងណាក៏ដោយ លោក សុខ ផល ដែលទើបត្រឡប់មកពីកោះណាវរូ ដែលជាកោះមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីពិភាក្សារឿងជនភៀសខ្លួននេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន អាណាដុលី (Anadolu Agency) កាលពីថ្ងៃទី១៥ តុលា ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដាក់របាយការណ៍មួយជូនក្រសួងមហាផ្ទៃ ដើម្បីត្រួតពិនិត្យ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៦ តុលា ឲ្យដឹងថា លោកមិនទាន់ទទួលបានរបាយការណ៍នេះនៅឡើយ។ លោកបញ្ជាក់ថា ប្រសិនបើរបាយការណ៍នេះធ្លាក់ដល់ដៃក្រសួង នោះក្រសួងនឹងពិភាក្សាអំពីរឿងនេះ៖ «រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នឹងត្រឡប់មកពីទស្សនកិច្ចនៅប្រទេសចិន វិញនៅយប់ថ្ងៃទី១៦ តុលា នេះ។ យើងនឹងជជែកពីរឿង បន្ទាប់ពីទទួលបានរបាយការណ៍»។
ទីភ្នាក់ងារសារព័ត៌មាន អាណាដុលី ស្រង់សម្ដីលោក សុខ ផល ថា ប្រសិនបើក្រសួងមហាផ្ទៃ អនុម័តលើរបាយការណ៍នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងទៅពិភាក្សាជាមួយស្ថានទូតនៃប្រទេសអូស្ត្រាលី។ លោករំពឹងថា ជនភៀសខ្លួនទាំងបីនាក់ នឹងមកដល់ប្រទេសកម្ពុជា នៅសប្ដាហ៍ក្រោយ។
កាសែត ឌឹ ហ្គាឌៀន (The Guardian) រាយការណ៍ថា សមាជិកគ្រួសារផ្សេងទៀតរបស់បុរសជនជាតិសិរីលង្កា ដែលនឹងមករស់នៅក្នុងប្រទេសកម្ពុជា គឺកំពុងរស់នៅក្នុងជំរំជនភៀសខ្លួននៅប្រទេសហ៊្សកដានី (Jordan)។ ក្នុងកិច្ចព្រមព្រៀងស្ម័គ្រចិត្តមកតាំងទីលំនៅនៅប្រទេសកម្ពុជា ជនភៀសខ្លួនអាចនឹងត្រូវគេរៀបចំឲ្យជួបជុំគ្រួសារវិញនៅក្នុងប្រទេសកម្ពុជា។
ទិន្នន័យរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលត្រូវបានចេញផ្សាយកាលពីខែសីហា បង្ហាញថា នៅលើកោះណាវរូ មានជនភៀសខ្លួនសរុបចំនួន ៤១០នាក់។ កោះណាវរូ ជាមជ្ឈមណ្ឌលតំបន់ពិនិត្យ តាមដានឯកសាររបស់ជនភៀសខ្លួន (regional processing centre) ដែលព្យាយាមឆ្លងសមុទ្រមករស់នៅប្រទេសអូស្ត្រាលី មួយក្នុងចំណោមពីររបស់រដ្ឋាភិបាលអូស្ត្រាលី។
កិច្ចព្រមព្រៀងស្ដីពីការទទួលជនភៀសខ្លួនឆ្នាំ២០១៤ រវាងរដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា មានតម្លៃ ៤០លានដុល្លារសហរដ្ឋអាមេរិក។ រដ្ឋាភិបាលអូស្ត្រាលី ផ្ដល់ប្រាក់ចំនួន ១៥,៥លានដុល្លារបន្ថែមទៀតជូនរដ្ឋាភិបាលកម្ពុជា ដើម្បីសម្របសម្រួលជនភៀសខ្លួន ៤នាក់ដែលត្រូវគេបញ្ជូនមកទីក្រុងភ្នំពេញកាលពីខែមិថុនា ឆ្នាំ២០១៥។ ចាប់តាំងពីមានកិច្ចព្រមព្រៀងមក មានជនភៀសខ្លួនសរុប ៥នាក់ពីកោះណាវរូ បានស្ម័គ្រចិត្តមករស់នៅកម្ពុជា។ ទោះជាយ៉ាងណា ជនភៀសខ្លួន ៤នាក់បានត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយស្នាក់នៅមួយរយៈនៅកម្ពុជា។ បច្ចុប្បន្នមានតែជនភៀសខ្លួនជនជាតិរូហ៊ីងយ៉ា (Rohingya) ម្នាក់គត់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕