Quantcast
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​ខេត្ត​រតនគិរី​ពិន័យ​ប្រាក់​ជនជាតិ​វៀតណាម​បី​នាក់​ដែល​ខួង​យក​គំរូ​សំណាក​ថ្ម

Image may be NSFW.
Clik here to view.
សមត្ថកិច្ច​ចុះ​បង្ក្រាប​កន្លែង​ខួង​រ៉ែ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម នៅ​ភ្នំ​លាក់កាំភ្លើង ក្នុង​ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ratha Visal


ដោយ រដ្ឋា វិសាល RFA 2016-10-16

គណៈកម្មការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​អាជីវកម្ម​រ៉ែ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី សម្រេច​ពិន័យ​ជា​ប្រាក់​លើ​ជនជាតិ​វៀតណាម បី​នាក់​ដែល​បាន​ខួង​យក​គំរូ​សំណាក​ថ្ម​នៅ​ស្រុក​កូនមុំ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ក្រុមហ៊ុន​វៀតណាម មួយ​បាន​ជាប់​ពាក់ព័ន្ធ​ការ​ជួល​វៀតណាម ឲ្យ​ខួង​ថ្ម​ភ្នំ​គ្មាន​ច្បាប់​នេះ។

មន្ត្រី​នគរបាល​ស្នងការដ្ឋាន​ខេត្ត​រតនគិរី បាន​ដោះលែង​ជនជាតិ​វៀតណាម បី​នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ការ​ខួង​យក​គំរូ​សំណាក​ថ្ម​ភ្នំ​នៅ​ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ ខេត្ត​រតនគិរី ជា​ថ្នូរ​នឹង​បង់​ប្រាក់​ពិន័យ​តាម​ច្បាប់​រ៉ែ។

ការ​ដោះលែង​នេះ ធ្វើ​ឡើង​តាម​ការ​ប្រជុំ​សម្រេច​របស់​គណៈកម្មការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​រ៉ែ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ក្រោយ​ពី​មន្ត្រី​មន្ទីរ​រ៉ែ​បាន​ធ្វើ​របាយការណ៍​បង្ហាញ​ថា ជនជាតិ​វៀតណាម ទាំង​បី​នាក់​នេះ​មិន​មាន​កំហុស​ធ្ងន់ធ្ងរ ត្រូវ​អនុវត្ត​នីតិវិធី​បង់​ប្រាក់​ពិន័យ​តាម​ច្បាប់​រ៉ែ​កំណត់។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា ក្រុមហ៊ុន​វៀតណាម ឈ្មោះ ថាន់ ង្វៀង គឺ​ជា​អ្នក​ធានា និង​បង់​ប្រាក់​ពិន័យ​ទាក់ទិន​កំហុស​ជនជាតិ​វៀតណាម ទាំង​បី​នាក់ ដោយសារ​ក្រុមហ៊ុន​នេះ​បាន​រៀបចំ​បែបបទ​ស្នើសុំ​ច្បាប់​ខួង​យក​គំរូ​សំណាក​ថ្ម​នៅ​តំបន់​ភ្នំ​លាក់​កាំភ្លើង ក៏ប៉ុន្តែ​ជនជាតិ​វៀតណាម ជា​កម្មករ​របស់​ក្រុមហ៊ុន​បាន​ខួង​យក​គំរូ​សំណាក​ថ្ម​មុន​ពេល​អាជ្ញាធរ​ផ្តល់​លិខិត​អនុញ្ញាត៖ «យើង​ពិន័យ ហើយ​យើង​ចាប់​យក​អ្វី​ទាំងអស់ ហើយ​យើង​ណែនាំ​ក្រុមហ៊ុន​គាត់​ឲ្យ​ធ្វើ​តាម​ច្បាប់»។

Image may be NSFW.
Clik here to view.
ម៉ាស៊ីន​របស់​ជនជាតិ​វៀតណាម ប្រើ​ដើម្បី​ខួង​យក​រ៉ែ​នៅ​ភ្នំ​លាក់កាំភ្លើង ក្នុង​ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ ខេត្ត​រតនគិរី ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided Photo Provided


ជនជាតិ​វៀតណាម ទាំង​បី​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កូនមុំ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ខណៈ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពីរ ឃុំ​ត្រពាំងក្រហម ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ៦​នាក់​ដាក់​គ្រឿង​ម៉ាស៊ីន​ខួង​ថ្ម​ពីរ​កន្លែង​នៅ​ជើង​ភ្នំ​លាក់​កាំភ្លើង តាំង​ពី​មុន​រដូវ​បុណ្យ​ភ្ជុំ​មក​ម្ល៉េះ។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន បញ្ជាក់​ថា ជនជាតិ​វៀតណាម នេះ​មាន​កំហុស​ខួង​យក​គំរូ​សំណាក​ថ្ម​មុន​ពេល​ក្រុមហ៊ុន​ទទួល​បាន​លិខិត​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ។ លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​វៀតណាម បាន​មក​សម្របសម្រួល​ជាមួយ​មន្ទីរ​ជំនាញ​រួច​ហើយ ដើម្បី​រៀបចំ​ឯកសារ​ស្នើសុំ​បោះ​ទីតាំង​ខួង​យក​គំរូ​សំណាក​ថ្ម ដើម្បី​ស្រាវជ្រាវ​គំរូ​សំណាក​ថ្ម​នៅ​តំបន់​នោះ​ផលិត​ជា​ថ្ម​ការ៉ូ៖ «មិន​មែន​ខួង​ធ្វើ​អាជីវកម្ម​ទេ ខួង​យក​ប៉ាន់​ណា! ប៉ុណ្ណឹង​អត់​ដល់​ថ្នាក់​ពន្ធនាគារ​ទេ ត្រឹម​តែ​កសាង​អប់រំ»។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ថា ប៉ូលិស​សម្រេច​ដោះលែង​ជនជាតិ​វៀតណាម ជា​បណ្ដោះអាសន្ន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ បន្ទាប់​ពី​ឃាត់​ខ្លួន​ពួក​គេ​អស់​រយៈពេល ៤៨​ម៉ោង តាម​ការ​ធានា​ខ្លួន​ពី​តំណាង​ក្រុមហ៊ុន ដើម្បី​យក​ប្រាក់​មក​បង់​ពិន័យ។ លោក​ថា ជនជាតិ​វៀតណាម ម្នាក់​ក្នុង​ចំណោម​បី​នាក់​ដែល​កាន់​លិខិត​ឆ្លង​ដែន​ទេសចរណ៍ ត្រូវ​បាន​អប់រំ​ណែនាំ​ពី​កំហុស​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​ការងារ។

អ្នក​នាំ​ពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្ដិធារ៉ា ចាត់​ទុក​វិធានការ​ពិន័យ​ជា​ប្រាក់​របស់​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​អនាធិបតេយ្យ​បទល្មើស​រ៉ែ​នៃ​អាជ្ញាធរ​ខេត្ត ថា​ជា​វិធានការ​ទន់​ភ្លន់ និង​ជា​ជំហាន​ដំបូង ដើម្បី​ព្រមាន និង​អប់រំ​ជន​ល្មើស​ឲ្យ​រាងចាល៖ «ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា ហើយ​ដោះលែង​ទៅ ចាំ​ដល់​លើក​ទី​ពីរ យើង​អនុវត្ត​តាម​ច្បាប់»។

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​រ៉ែ មាត្រា​៣៣ ចែង​ថា បុគ្គល​ណា​ធ្វើ​អាជីវកម្ម​រុករក​ធនធាន​រ៉ែ​គ្មាន​អាជ្ញាប័ណ្ណ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥០​ម៉ឺន​រៀល​ដល់ ១​លាន​រៀល។ ក្នុង​ករណី​មិន​រាង​ចាល ត្រូវ​ពិន័យ​ពី ១​លាន​រៀល​ដល់ ២​លាន​រៀល ឬ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ដល់ ១​ឆ្នាំ ឬ​ផ្ដន្ទាទោស​ទាំង​ពីរ។ ចំណែក​មាត្រា​៣៤ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ដល់ ១០​លាន​រៀល ឬ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ដល់ ១​ឆ្នាំ ឬ​ផ្ដន្ទាទោស​ទាំង​ពីរ បុគ្គល​ទាំងឡាយ​ដែល​ល្មើស​មាត្រា​៧ វាក្យខណ្ឌ​ទី​២ ដែល​ចែង​ថា មុន​ចូល​ទៅ​ក្នុង​តំបន់​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ដែល​កំណត់​ជា​តំបន់​ការពារ តំបន់​បម្រុង​ទុក ឬ​តំបន់​ហាមឃាត់ ដើម្បី​ស្វែងរក និង​ជីក​យក​រ៉ែ សម្បទានិក​ត្រូវ​មាន​ការ​អនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ឬ​ស្ថាប័ន​អន្តរ​ក្រសួង​មាន​តួនាទី​គ្រប់គ្រង​តំបន់​នោះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles