Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​ឲ្យ​អាជ្ញាធរ​ស្វែងរក​ជន​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស

$
0
0
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ត្បូងឃ្មុំ ឈរ​មើល​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង​ដែល​ជន​មិន​ស្គាល់​មុខ​ផ្ដួល​រំលំ និង​បំផ្លាញ នៅ​ភូមិ​អំពុក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided

ដោយ សូត សុខប្រាថ្នា RFA 2016-10-16

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ជន​ដែល​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ជា​បន្តបន្ទាប់។ ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ស្លាក​សញ្ញា​មួយ​ផ្ទាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដក និង​បំផ្លាញ​ចោល​នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក កាល​ពី​ថ្ងៃ​ទី​១៤ តុលា និង​មួយ​ផ្ទាំង​ទៀត​នៅ​ឃុំ​នាងទើត នៅ​ស្រុក​តំបែរ ត្រូវ​បាន​ពលរដ្ឋ​ម្នាក់​គប់ ជាដើម។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ពញាក្រែក គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ តុលា ជុំវិញ​ករណី​បំផ្លាញ​ស្លាក​សញ្ញា​បក្ស​មួយ​ផ្ទាំង។

ការ​គ្រោង​ប្ដឹង​នេះ ដើម្បី​រក​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ​ឬ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បែប​នេះ ជៀសវាង​បង្ក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ឬ​បក្ស​ដទៃ​បន្ត​ទៀត។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ពញាក្រែក លោក ចក់ ហួរ មាន​ប្រសាសន៍​ថា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដក និង​បំផ្លាញ​ចោល​នៅ​ឃុំ​ក្រែក ដែល​មាន​ទីតាំង​មុខ​ផ្ទះ​ជំទប់​ឃុំ​គណបក្ស​ប្រឆាំង​តែ​ម្តង៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង និង​ស្នើ​ដល់​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច ជួយ​ស្វែងរក​ជន​ដែល​បាន​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ»។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ពញាក្រែក ដដែល​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦ មាន​ករណី​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​ផ្ទាំង គឺ​មួយ​ផ្ទាំង​នៅ​ឃុំ​កក់ និង​មួយ​ផ្ទាំង​ទៀត​នៅ​ឃុំ​ក្រែក។ ដោយឡែក​កាល​ពី​ខែ​កក្កដា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង​ទៀត ត្រូវ​បាន​គេ​ដក​ទុក​ចោល​លើ​ដី​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ ករណី​ស្រដៀង​គ្នា​នេះ ក៏​បាន​កើត​ឡើង​នៅ​ឃុំ​នាងទើត ស្រុក​តំបែរ ដែរ។

គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​តំបែរ លោក នីម សុខា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១១ តុលា មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឆុន ឆេង បាន​យក​ដុំ​ថ្ម​គប់​ស្លាក​សញ្ញា​បក្ស ហើយ​ខាង​លោក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ត្រឡប់​មក​វិញ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ និង​ប្រជាពលរដ្ឋ ឲ្យ​គោរព​ច្បាប់​ជា​ធរមាន សុំ​កុំ​ប៉ះពាល់​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​ណា​មួយ»។

លោក​អះអាង​ថា ក្រៅ​ពី​ករណី​នេះ គឺ​មាន​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ក្នុង​ឃុំ​នាងទើត បាន​ទៅ​គំរាម​ម្ចាស់​ផ្ទះ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ស្លាក​សញ្ញា ដោយ​បង្ខំ​ឲ្យ​ម្ចាស់​ផ្ទះ​ដក​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​ចេញ​ជាដើម។

ទាក់ទង​បញ្ហា​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​នាងទើត លោក ឆេង ធិ មាន​ប្រសាសន៍​ថា ខាង​សមត្ថកិច្ច​បាន​ធ្វើ​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​គណបក្ស​ជំទាស់ ប៉ុន្តែ​ពលរដ្ឋ​ឈ្មោះ ឆុន ឆេង គឺ​មាន​សតិ​មិន​ល្អ ដោយ​គ្រាន់​តែ​យក​ដុំ​ក្រួស​ទៅ​បាច​លើ​ស្លាក​សញ្ញា​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ យ៉ាង​នេះ​ក្តី ខាង​លោក​ក៏​បាន​ស្វែងរក​ជន​នោះ​ដែរ ប៉ុន្តែ​សមត្ថកិច្ច​រក​មិន​ឃើញ​ទេ ព្រោះ​គាត់​មាន​ទីលំនៅ​មិន​ពិត​ប្រាកដ។ ចំណែក​រឿង​មេ​ភូមិ​គំរាម​ឲ្យ​ពលរដ្ឋ​ដក​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​មុខ​ផ្ទះ គឺ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា កន្លង​ទៅ​មិន​ធ្លាប់​មាន​ករណី​បែប​នេះ​ឡើយ៖ «ស៊ី​សង​អ្នក​ដាក់​ពាក្យ​បណ្ដឹង​ទេ បើ​អ្នក​ដាក់​ពាក្យ​បណ្ដឹង​ថា​ត្រូវ​តែ​ធ្វើ​តាម​ច្បាប់​ចំណាត់ការ​តាម​ច្បាប់​យ៉ាង​ម៉េចៗ​ហ្នឹង ខ្ញុំ​ធ្វើ​តាម​ច្បាប់»។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា កន្លង​ទៅ ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា កម្រ​នឹង​មាន​អ្នក​ហ៊ាន​ប៉ះពាល់​ណាស់ តែ​ប្រសិន​បើ​មាន​អ្នក​បំផ្លាញ​វិញ សមត្ថកិច្ច​ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ​មិន​ឲ្យ​រួច​ខ្លួន​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ដោយសារ​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​រឿង​នយោបាយ ហើយ​គណបក្ស​ប្រឆាំង​ជា​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ខ្លះ​មិន​ហ៊ាន​ចាត់​វិធានការ។ ដូច្នេះ​ការ​រំពឹង​ថា អាជ្ញាធរ​នឹង​ចាប់​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​បាន​នោះ គឺ​គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ៖ «និយាយ​អំពី​សង្ឃឹម​វិញ គឺ​សង្ឃឹម​តិច​បំផុត ឬ​ក៏​គ្មាន​សង្ឃឹម​តែ​ម្តង ព្រោះ​អី​យើង​ត្រូវ​ដឹង ចង់​មិន​ចង់ ពួក​គាត់​មិន​ហ៊ាន​ចាប់​ទេ»។

លោក​សង្កេត​ឃើញ​ថា រដូវ​ជិត​បោះឆ្នោត​ចូល​មក​ដល់ ករណី​របៀប​នេះ​តែងតែ​កើត​មាន​ឡើង។ លោក​យល់​ថា ប្រសិន​បើ​សមត្ថកិច្ច​នៅ​តែ​មិន​អាច​ស្វែងរក​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស ឬ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទង្វើ​បែប​នេះ​ទេ នឹង​កាន់​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ជា​មិន​ខាន៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>