Quantcast
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ក្រោយ​ពី​តម្លៃ​កសិផល​ចុះ​ថោក

Image may be NSFW.
Clik here to view.
ចម្ការ​ដំឡូងមី​របស់​ប្រជា​កសិករ​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Saut Sokheng


ដោយ សូត សុខប្រាថ្នា RFA 2016-10-18

ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ក្រោយ​ពេល​តម្លៃ​កសិផល​របស់​ពួក​គាត់ ពិសេស​ដំឡូង​មាន​តម្លៃ​ថោក ធ្វើ​ឲ្យ​ពលរដ្ឋ​ពេញ​កម្លាំង​នៅ​ក្នុង​ភូមិ​កាន់​តែ​ច្រើន នាំ​គ្នា​ចំណាក​ស្រុក។ ពលរដ្ឋ​ចំណាក​ស្រុក​ភាគច្រើន​ជំពាក់​បំណុល​គេ ហើយ​ត្រូវ​ចេញ​ទៅ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់។ បញ្ហា​នេះ សង្គម​ស៊ីវិល​បារម្ភ​ថា លំហូរ​ចំណាក​ស្រុក​នឹង​កើត​មាន​បន្ត​ទៀត ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​បាន។

លំហូរ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​តំបន់​ឆ្ងាយ​ពី​ភូមិ​កំណើត ពិសេស​ចេញ​ទៅ​ក្រៅ​ប្រទេស គឺ​ចាប់​ផ្ដើម​កើន​ឡើង​កាន់​តែ​ខ្លាំង បន្ទាប់​ពី​តម្លៃ​កសិផល​របស់​កសិករ រួម​មាន​ដំឡូងមី កៅស៊ូ ស្រូវ ឬ​ពោត តម្លៃ​កាន់​តែ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ។

មូលហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​វេច​បង្វេច​ចេញ​ពី​ស្រុក​កំណើត គឺ​ដោយសារ​ជំពាក់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពីព្រោះ​ពួក​គាត់​បាន​យក​ដើមទុន​ជាច្រើន​ទៅ​ដាំ​ដំឡូង ហើយ​លទ្ធផល​ដំឡូង​មាន​តម្លៃ​ថោក មិន​អាច​ទប់ទល់​ការ​ចំណាយ​បាន។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​លក់​ស្រែ​ចម្ការ ដើម្បី​យក​ប្រាក់​សង​បំណុល​ធនាគារ ជាដើម។


ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង លោក សែម សាង ឲ្យ​ដឹង​ថា តាំង​ពី​ពេល​ដំឡូង​ធ្លាក់​ថ្លៃ រួម​ទាំង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​មាន​តម្លៃ​ថោក ធ្វើ​ឲ្យ​អ្នក​ភូមិ​របស់​លោក​ប្រមាណ ៥០% ទៅ ៦០% ដែល​ជា​ពលរដ្ឋ​ពេញ​កម្លាំង នាំ​គ្នា​ទៅ​រក​ការងារ​នៅ​តំបន់​ផ្សេង ពិសេស​ចេញ​ទៅ​ក្រៅ​ប្រទេស រួម​មាន​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ហើយ​ភាគច្រើន​ធ្វើ​ជា​ពលករ​មិន​ស្រប​ច្បាប់៖ «សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ស្រូវ អង្ករ ដំឡូង​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​នៅ​ទូទាំង ២៥​ខេត្ត-ក្រុង​ហ្នឹង»។

កសិករ​ដែល​មាន​ដី​បី​ហិកតារ​សម្រាប់​ដាំ​ដំឡូង​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា លោក​ត្រូវ​ចំណាយ​ដើមទុន​ប្រមាណ ២​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​នៅ​ពេល​ដំឡូង​ថោក​បែប​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​កសិករ​អស់​សង្ឃឹម និង​មិន​ដឹង​បាន​ប្រាក់​ពី​ណា​បង់​សង​ទៅ​ឲ្យ​ធនាគារ​វិញ​ទេ។

ដំឡូងមី​ស្រស់​នៅ​ឆ្នាំ​២០១៦ កសិករ​អាច​លក់​បាន​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ១៥០​រៀល​ទៅ ១៨០​រៀល ហើយ​ត្រូវ​កាត់​ថ្លៃ​ដឹក​ជញ្ជូន ១០​ភាគរយ។ តម្លៃ​នេះ គឺ​ខុស​គ្នា​ស្រឡះ​ទៅ​នឹង​ឆ្នាំ​២០១៥ ដែល​កសិករ​អាច​លក់​ដំឡូងមី​ស្រស់​បាន​មួយ​គីឡូក្រាម ៣៥០​រៀល​ទៅ ៤០០​រៀល។

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំងព្រីង ឃុំ​ត្រពាំងព្រីង មួយ​រូប​ទៀត លោក ព្រំ ពុត មាន​ប្រសាសន៍​ថា នៅ​ក្នុង​ភូមិ​របស់​លោក គឺ​មាន​ពលរដ្ឋ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ឡើង ក្រោយ​ពេល​តម្លៃ​ដំឡូង​ចុះ​ថោក​ប្រាកដ​មែន។ លោក​ថា ក្រៅ​ពី​ចំណាក​ស្រុក​ហើយ មាន​អ្នក​ភូមិ​ខ្លះ​រត់​ចោល​ស្រុក​តែ​ម្តង ដោយសារ​គ្មាន​ប្រាក់​សង​បំណុល​គេ។ កសិករ​ដែល​មាន​ដី​ដាំ​ដំឡូង ១០​ហិកតារ​រូប​នេះ​បារម្ភ​ថា ប្រសិន​បើ​តម្លៃ​ផលិតផល​កសិកម្ម​នៅ​តែ​គ្មាន​ទីផ្សារ ឬ​មាន​តម្លៃ​ថោក​បែប​នេះ​ទៀត កសិករ​នឹង​ប្រឈម​ជំពាក់​បំណុល​គេ​កាន់​តែ​ច្រើន ហើយ​នឹង​បោះបង់​មុខ​របរ​កសិកម្ម​ចោល​តែ​ម្តង៖ «បើ​គិត​តម្លៃ​ឥឡូវ​ហ្នឹង ១៦០​(រៀល) ១៧០​(រៀល) ១៨០​(រៀល) គឺ​មិន​បាច់​ដក​ទេ ទុក​ចោល​វិញ​ល្អ​ជាង។ គ្រាន់​តែ​តម្លៃ​ជួល​ដី​ហ្នឹង ១​ហិកតារ ១​លាន ៨០​ម៉ឺន​រៀល»។

ឃុំ​ត្រពាំងព្រីង គឺ​មាន​ភូមិ​ចំនួន​១២ ហើយ​មាន​ពលរដ្ឋ ៤.៨៨០​គ្រួសារ ដែល​ស្មើ​ចំនួន​ប្រជាជន ១៦.១០១​នាក់។

មេ​ឃុំ​ត្រពាំងព្រីង លោក មុំ សាប៊ុន កត់​សម្គាល់​ឃើញ​ថា ក្រោយ​ពេល​តម្លៃ​កសិផល​ចុះ​ថោក អ្នក​ស្រុក​ពិត​ជា​ធ្វើ​ចំណាក​ស្រុក​ច្រើន​ខុស​ពី​ធម្មតា។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​ស្ថិតិ​ចំនួន​ពលរដ្ឋ​ចំណាក​ស្រុក​ពិត​ប្រាកដ​ឡើយ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​អាច​មាន​ពលរដ្ឋ​ចំណាក​ស្រុក​ពី ៣០% ទៅ ៤០% ហើយ​អ្នក​ជំពាក់​បំណុល​គេ​ក៏​មាន​ប្រហែល​នេះ​ដែរ។ យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​មូលដ្ឋាន​ក៏​ធ្លាប់​បាន​ណែនាំ​ឲ្យ​អ្នក​ភូមិ​ទាំងអស់​ត្រូវ​ប្រយ័ត្នប្រយែង នៅ​ពេល​សម្រេច​ចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ពិសេស​មិន​ត្រូវ​ចំណាក​ស្រុក​ខុស​ច្បាប់​ទេ៖ «ក្រុម​ប្រឹក្សា​ឃុំ មេ​ភូមិ​តែង​ផ្សព្វផ្សាយ​ទៅ​ពួក​គាត់។ ដូច​ថា​គាត់​មាន​មិត្តភ័ក្ដិ​ស្គាល់​ដែល​ទៅ​មុនៗ ទៅ​តាម​ខ្សែ​មេ​ខ្យល់​នៅ​ប្រទេស​ជិត​ខាង ពិសេស​ប្រទេស​ថៃ»។

លោក​មេ​ឃុំ​ដដែល​បារម្ភ​ថា នៅ​ពេល​ពលរដ្ឋ​ជំពាក់​បំណុល​គេ ហើយ​នាំ​គ្នា​ចំណាក​ស្រុក​កាន់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ដែល​ធ្លាប់​ធានា​ខ្ចី​ប្រាក់​ឲ្យ​នោះ នឹង​មាន​បញ្ហា​មិន​ខាន។ លោក​បញ្ជាក់​ថា ចំពោះ​បញ្ហា​តម្លៃ​កសិផល​ថោក និង​បញ្ហា​ចំណាក​ស្រុក​នេះ អាជ្ញាធរ​ឃុំ​ធ្លាប់​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់​លើ​ដើម្បី​ជួយ​ដល់​កសិករ​ដែរ។

ដោយឡែក​កាល​ពី​ខែ​កញ្ញា អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ លោក ហាក់ សុខមករា មាន​ប្រសាសន៍​ថា អាជ្ញាធរ ពិសេស​មន្ទីរ​កសិកម្ម​ខេត្ត បាន​ជំរុញ​ការ​ដាំដុះ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទីផ្សារ​ជាដើម ប៉ុន្តែ​តម្លៃ​កសិផល​ខ្លះ​ធ្លាក់​ចុះ​ដោយសារ​តែ​តម្លៃ​ទីផ្សារ​លើ​ពិភពលោក​មាន​ការ​ប្រែប្រួល។

ទាក់ទង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា​សេដាក (CEDAC) លោក សម វិទូ មើល​ឃើញ​ថា តម្លៃ​ដំឡូង ឬ​កៅស៊ូ​ចុះ​ថោក គឺ​ដោយសារ​តែ​តម្រូវ​ការ​ទីផ្សារ​ធ្លាក់​ចុះ រីឯ​ការ​ផលិត​កើន​ឡើង។ បន្ថែម​ពី​នេះ រាល់​ការ​នាំ​ចេញ​ផលិតផល​របស់​កសិករ​ខ្មែរ គឺ​ជា​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម មិន​មែន​ជា​ផលិតផល​សម្រេច​ទេ៖ «អ្វី​ដែល​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ ឬ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ហ្នឹង គឺ​ត្រូវ​បង្កើត​រោងចក្រ​ក្នុង​ការ​ផលិត។ ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​មាន​ការ​ផលិត​វត្ថុ​ធាតុ​ដើម»។

លោក​បន្ថែម​ថា ការ​ចំណាក​ស្រុក​អាច​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន។ ផល​វិជ្ជមាន​ត្រង់​ថា ពួក​គាត់​អាច​បាន​ប្រាក់​ខ្លះ​ផ្ញើ​មក​ស្រុក​កំណើត ប៉ុន្តែ​កម្ពុជា ក៏​ត្រូវ​ជួប​ប្រទះ​កង្វះ​កម្លាំង​ពលកម្ម​ដែរ។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៦២ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល ជាដើម។ រីឯ​មាត្រា​៦៣ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ក្រៅ​ពី​ហេតុផល​តម្លៃ​កសិផល​ចុះ​ថោក និង​គ្មាន​ប្រាក់​សង​បំណុល​គេ​ហើយ បញ្ហា​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ដែរ។ ក្រៅ​ពី​នេះ បញ្ហា​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ចេះ​តែ​បន្ត​ឡើង​ថ្លៃ​ឥត​ឈប់​ឈរ បើ​ទោះ​បី​ជា​ទំនិញ​កសិករ​ធ្លាក់​ចុះ​យ៉ាង​ណា​ក៏ដោយ។ លោក​មើល​ឃើញ​ថា ពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន​ក្លាយ​ជា​ជន​រងគ្រោះ ដោយ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ឬ​ការ​ជួញ​ដូរ​មនុស្ស​ជាដើម៖ «ចំណាក​ស្រុក​ហ្នឹង​ច្រើន​មែនទែន​ឥឡូវ​ហ្នឹង អ្នក​ដែល​កម្លាំង​ពេញ​អាយុ​ពី ១៨ ទៅ ៣០-៤០​ឆ្នាំ​ស្ងាត់​ហើយ​ភូមិ មិន​សូវ​មាន​មនុស្ស​ទេ ព្រោះ​អី? ព្រោះ​អត់​ការងារ​ធ្វើ»។

លោក​យល់​ថា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​កសិករ រាជ​រដ្ឋាភិបាល​ត្រូវ​ស្វែងរក​ទីផ្សារ និង​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ការប្រាក់​ដែល​កសិករ​ជំពាក់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ត្រូវ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត៕

Viewing all articles
Browse latest Browse all 40045

Trending Articles