Image may be NSFW.
Clik here to view.
ដោយ ដែន អយុធ្យា RFA 2016-10-18
មន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភពីការរីករាលដាលទីតាំងកាស៊ីណូ ឬល្បែងស៊ីសងនាមូលដ្ឋានជាប់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ហើយអាជ្ញាធរបានអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងដោយសេរី និងគ្មានការហាមឃាត់។ ទន្ទឹមគ្នានេះ ក៏មានកាស៊ីណូមួយចំនួនបានបើកធ្វើអាជីវកម្មដោយគ្មានច្បាប់ ឬគ្មានអាជ្ញាប័ណ្ណថែមទៀត។
មន្ត្រីសង្គមស៊ីវិល និងអាណាព្យាបាលមួយចំនួននាខេត្តព្រះសីហនុ បានកត់សម្គាល់ថា នៅតាមកាស៊ីណូភាគច្រើនដែលកំពុងធ្វើអាជីវកម្មរាល់ថ្ងៃនេះ ស្ទើរចន្លោះពី ៨០% ទៅ ៩០% គឺជនជាតិខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូទាំងនោះ ក្នុងនោះក៏មានក្រុមយុវជនមួយចំនួនផង។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ទទូចដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើជួយរំឭកទៅសមត្ថកិច្ចក្រោមឱវាទ ឲ្យពង្រឹងអនុវត្តបទបញ្ជាដែលក្រសួងមហាផ្ទៃ បានដាក់ឲ្យអនុវត្ត ទាក់ទងខ្លឹមសារមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនៅតាមកាស៊ីណូទាំងនោះ ឲ្យមានប្រសិទ្ធភាពឡើងវិញ។
លោក ប៊ួន ណារិទ្ធិ បានអះអាងថា រាល់ថ្ងៃនេះ កម្លាំងនគរបាលខេត្តព្រះសីហនុ ហាក់បានអនុវត្តផ្ទុយពីបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដាក់ឲ្យអនុវត្ត ដែលហាមដាច់ខាតមិនឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនៅតាមកាស៊ីណូផ្សេងៗនៅកម្ពុជា៖ «ទោះបីជាមានបម្រាមហាមឃាត់ពីរដ្ឋាភិបាល មិនឲ្យមានជនជាតិខ្មែរចូលលេងនៅតាមកាស៊ីណូនានាក្តី ក៏ប៉ុន្តែតាមការសង្កេតជាក់ស្តែង គឺនៅតែមានប្រជាពលរដ្ឋខ្មែរភាគច្រើនបានចូលលេងនៅតាមទីតាំងកាស៊ីណូនានានៅក្រុងព្រះសីហនុ រាល់ថ្ងៃនេះ»។
បញ្ហានេះ អាណាព្យាបាលមួយចំនួននាខេត្តព្រះសីហនុ ក៏ស្នើដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ជួយពង្រឹងកងកម្លាំងក្រោមឱវាទ ដើម្បីឈានដល់អនុវត្តបទបញ្ជាមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសេងនៅតាមកាស៊ីណូនេះជាថ្មីទៀត។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ធ្លាប់ទទួលស្គាល់ថា កន្លងទៅនេះពិតជាមានកាស៊ីណូមួយចំនួនបានបើកធ្វើអាជីវកម្មគ្មានអាជ្ញាប័ណ្ណ ឬគ្មានច្បាប់ និងមានជនជាតិខ្មែរចូលលេងពិតមែន។
យ៉ាងនេះក្តី ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មកាស៊ីណូ និងពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចេញលិខិតចុះថ្ងៃទី១២ ខែតុលា ឲ្យម្ចាស់កាស៊ីណូមួយមានឈ្មោះថា កាស៊ីណូ ប៉ាវ ទូ មានទីតាំងនៅតាមផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ឲ្យផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្ន ដោយសារកាស៊ីណូនេះគ្មានច្បាប់ ឬមិនអនុវត្តតាមសេចក្តីណែនាំរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក យន្ត មីន បានបញ្ជាក់ថា ការផ្អាកកាស៊ីណូ ប៉ាវ ទូ ជាបណ្ដោះអាសន្ននេះ គឺដោយសារតែកាស៊ីណូមួយនេះមិនទាន់បានសុំអាជ្ញាប័ណ្ណថ្មីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តពីអាជ្ញាប័ណ្ណចាស់របស់ខ្លួនដែលផុតកំណត់តាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ។
មន្ត្រីសង្គមស៊ីវិល និងអាណាព្យាបាលមួយចំនួនគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានបិទការធ្វើអាជីវកម្មកាស៊ីណូ ប៉ាវ ទូ ដែលគ្មានច្បាប់ ប៉ុន្តែពួកគេស្នើឲ្យរដ្ឋបាលខេត្តនេះ ត្រូវបន្តធ្វើកិច្ចការងារដ៏ត្រឹមត្រូវនេះឲ្យបានច្រើនថែមទៀត ព្រោះខេត្តនេះនៅមានកាស៊ីណូច្រើនទីតាំងទៀត ដែលបើកធ្វើអាជីវកម្មគ្មានច្បាប់ ដោយអាងខ្នងបង្អែកចាំការពារ ហើយបានគេចពីការបង់ពន្ធជូនរដ្ឋនាពេលកន្លងទៅ។
ជាងនេះទៀត ក៏ត្រូវយកចិត្តទុកដាក់ទៅលើទីតាំងកាស៊ីណូទាំងអស់ដែលកំពុងធ្វើអាជីវកម្មនៅខេត្តព្រះសីហនុ មិនត្រូវអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងដោយសេរី គ្មានសមត្ថកិច្ចហាមឃាត់ដូចរាល់ថ្ងៃនេះទៀតទេ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យដឹងថា មានអ្នកវិនិយោគទុនវិស័យកាស៊ីណូ និងសណ្ឋាគារធំៗមួយចំនួននាមូលដ្ឋាននេះ បង្ហាញភាពក្រអឺតក្រទម ឬមិនសហការល្អជាមួយសមត្ថកិច្ចនាពេលកន្លងទៅ ដែលសមត្ថកិច្ចមានផលវិបាកក្នុងការស្វែងរកឯកសារច្បាប់ ឬបញ្ហាពាក់ព័ន្ធនានា។
លោក ជួន ណារិន្ទ ឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៥ ខេត្តព្រះសីហនុ មានកាស៊ីណូសរុបចំនួន ១៦ទីតាំង បានបើកធ្វើអាជីវកម្ម និងតៀមដំណើរការ ក្នុងនោះមានកាស៊ីណូចំនួន ៣ទីតាំងមិនទាន់មានអាជ្ញាប័ណ្ណ ប៉ុន្តែមិនទាន់ដំណើរការទេ៕