Quantcast
Viewing all articles
Browse latest Browse all 40045

អាដហុក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​រុះរើ​ផ្ទះ​ជនជាតិ​​ដើម​ភាគ​តិច

Image may be NSFW.
Clik here to view.
ក្រុម​ជន​ជាតិ​ភាគ​តិច​កួយ​ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ រុះរើ​ផ្ទះ​សម្បែង​បាន​លើក​គ្នា​​ទៅ​តវ៉ា​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៦។ រូបថត​អង្គការ​ពន្លក​ខ្មែរ


ដោយ ហង្ស សាវយុត RFA 2016-10-19

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស ព្រមទាំង​កិច្ច​ការពារ​ព្រៃឈើ នៅ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជន​ចំណាកស្រុក​កាន់តែ​ច្រើន​ឡើងៗ ដោយ​អ្នក​មាន​អំណាច​ខ្លះ​នៅ​ពី​ក្រោយ​ខ្នង កំពុង​នាំ​គ្នា​សម្រុក​ទៅ​ចាប់​យក​ដី​ព្រៃ​របស់​រដ្ឋ នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ។

ការ​លើក​គ្នា​របស់​ជន​ចំណាកស្រុក​ទៅ​សង់​ខ្ទម ដើម្បី​ចាប់​យក​ដី​ព្រៃ​របស់​រដ្ឋ​នោះ បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ទប់ស្កាត់ ដោយ​ចុះ​ទៅ​រុះរើ​ខ្ទម​ជា​ច្រើន បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ខ្លះ​ដែល​កាន់កាប់​ដី​ទី​នោះ​ជា​យូរ​មក​ហើយ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ  គួរ​តែ​ពិនិត្យ​ទៅ​លើ​ការ​រុះរើ​ផ្ទះសម្បែង​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ចំនួន ៦​ខ្នង នៅ​តំបន់​អូរ​ព្រាល ក្នុង​ពេល​ដែល​ចាត់​វិធានការ​ទប់ស្កាត់​ក្រុម​ជន​ចំណាក​ស្រុក​ជា​ច្រើន ដែល​ចូល​ទៅ​រុករាន​យក​ដី​ព្រៃ​របស់​រដ្ឋ​នោះ​ឡើង​វិញ។
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា កន្លង​ទៅ អាជ្ញាធរ​ខេត្ត​ព្រះវិហារ ព្រម​ទាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ទប់ស្កាត់​ជន​ចំណាក​ស្រុក​ជាច្រើន​ដែល​ចូល​ទៅ​សង់​ខ្ទម យក​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ ដោយ​រុះរើ​បំផ្លាញ​ខ្ទម​ជា​ច្រើន ក៏ប៉ុន្តែ​ក្នុង​នោះ​ក៏​បាន​រុះរើ​បំផ្លាញ​ខ្ទម​ជន​ជាតិ​ដើម​ភាគតិច​កួយ មក​ពី​ឃុំ​ប្រមេរ ខ្លះ ដែល​បាន​កាន់កាប់​ដី​ទី​នោះ​ជា​យូរ​មក​ហើយ​ដែរ។

​លោក ឡោ ចាន់ បង្ហាញ​ជំហរ​ថា ក្នុង​នាម​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល លោក​សូម​អបអរសាទរ​ចំពោះ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​ទប់ស្កាត់​ជន​ចំណាកស្រុក និង​ពួក​ឈ្មួញ ព្រម​ទាំង​អ្នក​មាន​អំណាច​ខ្លះ​មិន​ឱ្យ​រុករាន​យក​ដី​ព្រៃ​របស់​រដ្ឋ ប៉ុន្តែ​លោក​ក៏​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​រុះរើ​បំផ្លាញ​ផ្ទះសម្បែង​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ខ្លះ ដែល​រស់​នៅ​ទី​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​គួរ​តែ​មាន​វិធានការ​ទៅ​ជន​ចំណាក​ស្រុក និង​អ្នក​មាន​អំណាច​ដែល​ព្យាយាម​យក​ដី​ព្រៃ​របស់​រដ្ឋ​ប៉ុណ្ណោះ​បាន​ហើយ ចំណែក​ជនជាតិ​ដើម​ភាគ​តិច​ដែល​ធ្លាប់​រស់​នៅ​ទី​នោះ​គួរ​តែ​កុំ​ប៉ះពាល់»។

​ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី​មិន​អាច​ភ្ជាប់​ការ​សន្ទនា ជាមួយ​អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ខ្លះ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ចោទ​ប្រកាន់​ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ក្នុង​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដឹក​នាំ​សមត្ថកិច្ច​ចម្រុះ​ទៅ​ទប់ស្កាត់​ការ​ចាប់​យក​ដី​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​អូរព្រាល គឺ​បាន​រុះរើ​ខ្ទម​ជា​ច្រើន ក្នុង​នោះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក៏​បាន​ទៅ​រុះរើ​ផ្ទះ ជនជាតិ​ដើម​ភាគតិច​កួយ​អស់​ចំនួន ៦​ខ្នង ព្រម​ទាំង​វាយ​តប់​ទៅ​លើ​ស្ត្រី ២​នាក់ ហើយ​ដក​យក​ទូរស័ព្ទ​ដៃ​អស់​ចំនួន ២​គ្រឿង។

​ស្ត្រី​ឈ្មោះ ខុម រ៉ានី មាន​ប្រសាសន៍​ថា រូប​គាត់​ក៏​ដូចជា​អ្នក​ភូមិ ១៨​គ្រួសារ​ច្រើន​ទៀត បាន​ចូល​ទៅ​រស់​នៅ​ម្ដុំ​អូរព្រាល រយៈពេល ៩​ឆ្នាំ​មក​ហើយ ដោយ​អាជ្ញាធរ​ឃុំ​ប្រមេរ បាន​ទទួល​ស្គាល់ ព្រមទាំង​ចេញ​បង្កាន់ដៃ​ក្បាល​ដី​ឱ្យ​ផង។ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ទៅ​រុះរើ​ផ្ទះ​របស់​ពួកគាត់​អស់ ៦​ខ្នង ដោយ​គេ​ចោទ​ថា ទៅ​រស់​នៅ​​លើ​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់៖ «ខ្ញុំ​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ដែល​គេ​រុះរើ​ផ្ទះសម្បែង»។

​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ក្រុម​ជន​ជាតិ​ភាគ​តិច​ដែល​សមត្ថកិច្ច​រុះរើ​ផ្ទះសម្បែង​ចំនួន ២០​នាក់ បាន​លើក​គ្នា​ទៅ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ពី​ទុក្ខ​កង្វល់ ព្រម​ទាំង​ដាក់​ពាក្យ​បណ្ដឹង​ឱ្យ​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ជួយ​ដោះស្រាយ ព្រម​ទាំង​ឱ្យ​ជួយ​បញ្ជូន​បញ្ហា​ទាំង​នេះ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ដឹង​ផង៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>