Quantcast
Viewing all articles
Browse latest Browse all 40045

ទិន្នន័យ​គយ​សិង្ហបុរី ​ស្តីពី​ការ​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ​មាន​ទឹក​ប្រាក់​ច្រើន​ជាង​ការ​បង្ហាញ​របស់​កម្ពុជា

Image may be NSFW.
Clik here to view.
សកម្មភាព​បូម​ខ្សាច់​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រឡៅ ខេត្ត​កោះកុង​នា​ពេល​កន្លង​មក​​​។ រូបថត ATHENA ZELANDONII


Alex Willemyns and ម៉ិច ដារ៉ា
ភ្នំពេញ​ ប៉ុស្តិ៍​Wed, 19 October 2016

ភ្នំពេញៈ ទិន្នន័យ​គយ​របស់​ប្រទេស​សិង្ហបុរី​ស្តីពី​ការ​នាំ​ចូល​​ខ្សាច់​​ពី​ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​តួលេខ​ជិត​ដូច​គ្នា​​នឹង​​តួលេខ​ដែល​កត់ត្រា​ដោយ​អង្គការ​សហប្រជាជាតិ​ដែល​មន្រ្តី​កំពូល​កម្ពុជា​កាលពី​ខែ​មុន​បាន​​ច្រាន​ចោល​បន្ទាប់ពី​ទិន្នន័យ​​នោះ​បង្ហាញ​នូវ​​ការ​នាំ​ចូល​​ដែល​មាន​ទឹកប្រាក់​ ៧៥២ ​លាន​ដុល្លារ​​ចាប់​តាំង​ពី​ឆ្នាំ​​ ២០០៧ ​​បើ​ទោះបី​ជា​កម្ពុជា​កត់ត្រា​តែ​ប្រហែល​ ៥ ​លាន​ដុល្លារ​​ចំពោះ​ការ​នាំ​​ចេញ​​ខ្សាច់​ក៏​ដោយ​។

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​លោក ឌិត ទីណា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​ ២៧ កញ្ញា​ថា​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​កត់ត្រា​​ខ្សាច់​កម្ពុជា​ចំនួន​ ៧២,៧ លាន​​តោន​​ដែល​បាន​ចូល​ទៅ​ប្រទេស​​សិង្ហបុរី​ពី​​ឆ្នាំ​ ២០០៧​ ដល់​ឆ្នាំ​ ២០១៥ ប៉ុន្តែ​​មាន​តែ​ ២,៨​ លាន​តោន​​​ត្រូវ​បាន​នាំ​​ចេញ​ពី​ប្រទេស​កម្ពុជា​គឺ​មិន​ផ្អែក​​ទៅ​លើ​ «​ភ័ស្តុតាង​រឹងមាំ​»​ទេ​។

ទោះ​យ៉ាង​ណា​ក្តី​ទិន្នន័យ​​​គយ​ដែល​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​​​សិង្ហបុរី​​កាលពី​ម្សិលមិញ​​សម្រាប់​រយៈពេល​​ពាក់​កណ្តាល​​​ពី​ឆ្នាំ​​ ២០១១ ​ដល់​ ២០១៥​ គឺ​មួយ​ឆ្នាំៗ​ដូច​គ្នា​​នឹង​តួលេខ​​ស្ថិតិ​​​ពាណិជ្ជកម្ម​របស់​ UN ហើយ​បង្ហាញ​ថា​កម្ពុជា​បាន​នាំ​ចេញ​​ខ្សាច់​​ចំនួន​ ៤០៥ លាន​តោន​ទៅ​​សិង្ហបុរី​ក្នុង​​អំឡុង​ពេល​នោះ​។


ខណៈ​​ទិន្នន័យ​​​អង្គការ​សហប្រជាជាតិ​​បង្ហាញ​​អំពី​​ការ​នាំ​ចូល​ខ្សាច់​​ចំនួន​ ៩១,២៩ ​ពី​កម្ពុជា​ទៅ​ប្រទេស​សិង្ហបុរី​​ក្នុង​ឆ្នាំ​ ២០១១ ​ទិន្នន័យ​គយ​ដែល​បំប្លែង​ពី​​ដុល្លារ​សិង្ហបុរី​ទៅ​ដុល្លារ​អាមេរិក​នៅ​អត្រា​​ប្តូរ​ប្រាក់​​មធ្យម​​នៅ​ឆ្នាំ​នោះ​​បង្ហាញ​​នូវ​​ទិន្នន័យ​ជិត​ដូច​គ្នា​នៃ​ការ​នាំ​ចូល​​ខ្សាច់​កម្ពុជា​ចំនួន​ ៩១,៣២ ​លាន​ដុល្លារ​។

​រដ្ឋាភិបាល​​កម្ពុជា​បាន​កត់ត្រា​​​ការ​នាំ​ចេញ​ខ្សាច់​សរុប​​តែ​ចំនួន​ ៧០៧ ៨៤៣ ដុល្លារ​​​ប៉ុណ្ណោះ​​ចំពោះ​ការ​នាំ​ចូល​ខ្សាច់​​ទៅ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ឆ្នាំ​​នោះ។ ​នេះ​បើ​តាម​តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជា​។ សម្រាប់​ឆ្នាំ​ ២០១២ ទិន្នន័យ​​របស់​ UN បង្ហាញ​​នូវ​ចំនួន​ ៦៩,២៧ ​លាន​ដុល្លារ​​​ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា​​ទៅ​​សិង្ហបុរី​ខណៈ​​ទិន្នន័យ​​គយ​​​​សិង្ហបុរី​​បង្ហាញ​​នូវ​ចំនួន ៦៩,៣៣ ​លាន​​ដុល្លារ​ប៉ុន្តែ​កម្ពុជា​បាន​កត់ត្រា​​តែ​ ៤៥៧ ៦៤៧ ដុល្លារ​​​នៃ​ការ​នាំ​ចេញ​​ខ្សាច់​ទៅ​ប្រទេស​ទាំងអស់​ក្នុង​ឆ្នាំ​នោះ។

តួលេខ​​នោះ​មាន​លក្ខណៈ​ស៊ី​សង្វាក់​​សម្រាប់​រាល់​​​ឆ្នាំ​បន្ត​បន្ទាប់​ហើយ​ខ្សាច់​លក់​ច្រើន​បំផុត​គឺ​នៅ​​​ឆ្នាំ​ ២០១៤​។

ក្នុង​ឆ្នាំ​​នោះ​ទិន្នន័យ​​អង្គការ​សហប្រជាជាតិ​បាន​កត់ត្រា​​ ១២៧,៧៦​ លាន​ដុល្លារ​នៃ​ខ្សាច់​ដែល​នាំ​​ចេញ​ពី​កម្ពុជា​ទៅ​សិង្ហបុរី​​ហើយ​ទិន្នន័យ​​​របស់​​សិង្ហបុរី​​បង្ហាញ​​ ១២៧,៨១ ​លាន​​ដុល្លារ​។ ​កម្ពុជា​​​បាន​កត់ត្រា​​ការ​នាំ​ចេញ​ខ្សាច់​តែ​ ៧០ ៨៨៣​ ដុល្លារ​ប៉ុណ្ណោះ​​ក្នុង​ឆ្នាំ​នោះ។ ​មិន​ដូច​ទិន្នន័យ​​របស់​ UN ដែល​កត់ត្រា​​ទាំង​​ចំនួន​ខ្សាច់​នាំ​ចេញ​ និង​​​ទំហំ​ទឹកប្រាក់​​ផង​ដែរ​នោះ​ទិន្នន័យ​​​គយ​របស់​ប្រទេស​សិង្ហបុរី​កត់ត្រា​តែ​​ទំហំ​ទឹកប្រាក់។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ​សែន កាលពី​ឆ្នាំ​ ២០០៩ បាន​​ហាមប្រាម​​ការ​នាំ​ចេញ​​ខ្សាច់​​ទន្លេ​ និង​ខ្សាច់​សមុទ្រ​ពី​កម្ពុជា​លើក​លែង​តែ​​កន្លែង​ណា​ដែល​មាន​ខ្សាច់​​បាំង​ផ្លូវ​ទឹក​ប៉ុន្តែ​ស្ថានភាព​​នៃ​ការ​ហាមប្រាម​នោះ​ចាប់​តាំង​ពី​នោះ​មក​គឺ​មាន​លក្ខណៈ​មិន​ច្បាស់លាស់​ខណៈ​​ប្រតិបត្តិការ​បូម​ខ្សាច់​​ទ្រង់ទ្រាយ​ធំ​​ជា​​ច្រើន​នៅ​តែ​បន្ត​​ដដែល​។

លោក ទីណា កាល​ពី​ខែ​មុន​​បាន​ហៅ​ការ​ប្រើប្រាស់​​ទិន្នន័យ​​របស់​ UN ថា​«​​គ្មាន​វិជ្ជាជីវៈ​» ​និង​​បាន​ប្រាប់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ក្នុង​ស្រុក​​ថា​ភាព​ខុស​គ្នា​​អាច​ដោយសារ​​វិធីសាស្រ្ត​វាយតម្លៃ​​ផ្សេង​គ្នា​​​លើ​ការ​បញ្ចប់​នីមួយៗ។ ទោះ​យ៉ាង​ណា​លោក​ ទីណា បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​​អំពី​ទិន្នន័យ​​​គយ​កាលពី​ម្សិលមិញ​។ ​

លោក ទីណា បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​ថា​៖ «​​ហេតុអ្វី​​អ្នក​បន្ត​សូម​ឲ្យ​ក្រសួង​ទទួល​យក​​តួលេខ​​ដែល​​ប្រកាស​ដោយ​... ​យើង​​មិន​ដឹង​ស្ថាប័ន​ណា​មួយ​? ​ហេតុអ្វី​បាន​ជា​អ្នក​មិន​​ព្រម​សុំ​ឲ្យ​ម្ចាស់​ [ខ្សា​ច់​] ​​ធ្វើ​អត្ថាធិប្បាយ​អំពី​តួលេខ​របស់​ពួកគេ? វា​នឹង​មាន​លក្ខណៈ​ស្ថាបនា​ជាង​ប្រសិន​បើ​​អ្នក​អាច​ផ្តល់​នូវ​ភ័ស្តុតាង​រឹងមាំ​បង្ហាញ​អំពី​សកម្មភាព​ខុស​ច្បាប់​​ និង​ជនល្មើស​​»។

លោក ទីណា ​បាន​ថ្លែង​ថា​ក្រុមហ៊ុន​ចំនួន​ ៦ ​​មាន​អាជ្ញាប័ណ្ណ​នាំ​ចេញ​ខ្សាច់​។ ​លោក​មិន​បាន​ឆ្លើយ​សំណួរ​​អំពី​ស្ថានភាព​នៃ​ការ​នាំ​ចេញ​ខ្សាច់​ឆ្នាំ​ ២០០៩ ​នោះ​ទេ​។

លោក Alejandro Gonzalez-Davidson ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​បាន​ថ្លែង​តាម​អ៊ីមែល​ថា​លោក​ជឿ​ថា​ការ​នាំ​ចេញ​ខ្សាច់​រាប់​លាន​ដុល្លារ​កំពុង​ត្រូវ​បាន​លាក់បាំង​ដើម្បី​ការពារ​ក្រុមហ៊ុន​ពាក់ព័ន្ធ​​​ដូចជា​​​ក្រុមហ៊ុន​ LYP Group របស់​​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​លោក លី យ៉ុងផាត់​។

ទាំង​លោក លី យ៉ុងផាត និង​តំណាង​របស់​ក្រុមហ៊ុន LYP Group មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​​បាន​ទេ​​​។

លោក Gonzalez-Davidson ​​ថ្លែង​ថា​៖ «​​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​នៅក្នុង​រដ្ឋាភិបាល​ដែល​កំពុង​រៀបចំ​​ និង​ជួយ​ដល់​​បទល្មើស​នេះ​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ដៃគូ​ដូចជា​ក្រុមហ៊ុន LYP Group ​ចង់​ធានា​ថា​សកម្មភាព​ល្មើស​របស់​ពួកគេ​​មិន​ត្រូវ​បាន​លាត​​ត្រដាង​ជាពិសេស​ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​ការ​រត់​ពន្ធ​​​ខ្សាច់​»។

លោក​បន្ត​ថា​៖ «​​រដ្ឋាភិបាល​គួរ​តែ​ដាក់​​ការ​ហាមប្រាម​ភ្លាមៗ​​ចំពោះ​រាល់​សកម្មភាព​ទាំងអស់​​នៃ​ការ​​​បូម​ខ្សាច់​​​បន្ថែម​​នៅ​តាម​សមុទ្រ​​កម្ពុជា​។ ​បន្ទាប់​មក​អាជ្ញាធរ​ពាក់ព័ន្ធ​​គួរ​​ចុះ​ទៅ​សហគមន៍​នេសាទ​​ដែល​រងគ្រោះ​​ពី​ការ​បូម​ខ្សាច់​ហើយ​ទៅ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​​​សុំ​ទោស​ចំពោះ​​អំពើ​លួច​ប្លន់​​ក្នុង​រយៈកាល​​ប្រាំ​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ​​»។ «​​បន្ទាប់​មក​ពួកគេ​គួរ​តែ​សុំទោស​ជា​សាធារណៈ​​ចំពោះ​ប្រទេស​ទាំង​​មូល​ហើយ​ចាប់ផ្តើម​​ផ្តល់​មក​វិញ​នូវ​​​ប្រាក់​រាប់រយ​លាន​ដុល្លារ​​ដែល​បាន​លួច​ពី​ប្រទេស​»៕ PS


Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>