Quantcast
Viewing all articles
Browse latest Browse all 40045

មន្ត្រី​ NGO ថា​កម្ពុជា​មិន​ទាន់​អនុវត្ដ​ពេញលេញ​តាម​កិច្ចព្រមព្រៀង​សន្ដិភាព

Image may be NSFW.
Clik here to view.
ឥស្សរជន និង​មន្ត្រី NGO ដែល​ចូលរួម​រំឭក​ខួប​ទី ២៥ ឆ្នាំ​នៃ​សន្ដិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ពី​ម្សិលមិញ។ ហេង ជីវ័ន


ទូច សុខា ភ្នំពេញ​ ប៉ុស្តិ៍​ Wed, 19 October 2016

ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​លើក​ឡើង​ថា​រយៈពេល​ ២៥ ​ឆ្នាំ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កម្ពុជា​មិន​ទាន់​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នោះ​ទេ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ការ​បោះឆ្នោត​ និង​ឯករាជភាព​របស់​តុលាការ​ខណៈ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា​ការ​លើក​ឡើង​នោះ​ជា​រឿង​មិន​ពិត​។

កាលពី​ម្សិលមិញ​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​​ប្រមាណ​ ៥០ ​បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ​រំឭក​ខួប​ ២៥ ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​រាជធានី​ភ្នំពេញ។​

កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​តុលា​ឆ្នាំ ​១៩៩១ ប្រទេស​ចំនួន​ ១៨ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​សម្រាប់​កម្ពុជា​ដែល​ពេល​នោះ​កម្ពុជា​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​ខណៈ​ទឹកដី​ខ្មែរ​ត្រូវ​បាន​បែងចែក​តំបន់​កាន់កាប់​ ៤ ​ភាគី​ផ្សេង​គ្នា​រួមមាន​ក្រុម​ខ្មែរ​ក្រហម រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ក្រុម​ដឹកនាំ​ដោយ​អតីត​មហាវីរក្សត្រ​ព្រះនរោត្តម សីហនុ។ កិច្ចព្រមព្រៀង​នេះ​ក៏​បាន​ធានា​ថា​កម្ពុជា​ត្រូវ​មាន​តុលាការ​មួយ​​ឯករាជ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​​​ការ​បោះឆ្នោត​ដោយ​សេរី​ពហុបក្ស​ជាដើម...។
អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​ក្នុង​​វេទិកា​នោះ​ថា​ក្នុង​រយៈពេល​ ២៥ ​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​តែ​មាន​ការ​ប្រឈម​ខ្លាំង​ដដែល​បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​លំហ​លទ្ធិប្រជាធិបតេយ្យ​ខ្លះ​បង្ក​ឱកាស​សម្រាប់​អង្គការ​សង្គម​ស៊ីវិល និង​សេរីភាព​សារព័ត៌មាន​ក្តី។​ ដោយ​សំដៅ​លើ​ការ​ចាប់​ខ្លួន​មន្ត្រី​​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មន្ត្រី​ គ.ជ.ប និង​ឃាតកម្ម​លើ​លោក​ កែម ឡី អ្នកស្រី សុភាព​ បាន​ហៅ​ស្ថានភាព​បែប​នេះ​ថា​ជា​ការ​​ដើរ​ថយ​ក្រោយ។

អ្នកស្រី​បន្ថែម​ថា៖ «ក្នុង​នោះ​យើង​ក៏​ឃើញ​មាន​ការ​ប្រឈម​មួយ​ចំនួន​ទៀត​គឺ​ការ​ប្រើប្រាស់​​ប្រព័ន្ធ​តុលាការ​យាយី​សកម្មជន​សិទ្ធិ​មនុស្ស​ ឬ​អ្នក​មាន​មតិ​រិះគន់​លើ​គោលនយោបាយ​ ឬ​មន្ត្រី​សាធារណៈ​មួយ​ចំនួន...​​យើង​មិនមែន​វិវត្ត (ស្ថានភាព​សិទ្ធិ​មនុស្ស) ​ទៅ​មុខ​ទេ​តែ​ថយ​ក្រោយ»។

ដោយ​ឡែក​លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ដែល​ធ្វើការ​លើ​កិច្ចការ​បោះឆ្នោត​បាន​លើក​ឡើង​ថា​ស្ថានភាព​បោះឆ្នោត​នៅ​កម្ពុជា​មិន​ទាន់​អាច​ថា​​មាន​សេរីភាព​ត្រឹមត្រូវ​ ១០០ ​ភាគរយ​បាន​ទេ​ដោយ​លោក​ថា​នៅ​តែ​មាន​ការ​ដាក់​សម្ពាធ​ និង​ការ​រើសអើង​ផ្នែក​នយោបាយ​នៅ​​ឡើយ។

លោក​បន្ថែម​ថា​នៅ​ឆ្នាំ ១៩៩៣ អំពើ​ហិង្សា​លើ​អ្នក​នយោបាយ​ ឬ​សកម្មជន​នយោបាយ​មាន​ប្រមាណ​ ៣០០ ​ករណី​បើ​ប្រៀប​នឹង​បច្ចុប្បន្ន​ស្ទើរ​តែ​មិន​មាន​ទេ​តែ​​បែរ​ជា​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​យាយី​ទៅ​លើ​អ្នក​នយោបាយ​សកម្មជន​នយោបាយ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ទៅ​វិញ។

លោក​ថា ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ដោយ​ថា​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត។

លោក​បន្ថែម​ថា៖ «នៅ​សម័យ​អ៊ុនតាក់​គេ​ទាមទារ​ឲ្យ​ដោះ​លែង​ទាំងអស់​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ អ្នក​ទោស​មនសិការ អ្នក​ទោស​សង្គ្រាម ប៉ុន្តែ​ឥឡូវ​ គ.ជ.ប យើង​អត់​អាច​ធ្វើ​រឿង​ហ្នឹង​បាន​ទេ​អ៊ីចឹង​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​សហគមន៍​អន្តរជាតិ​ត្រូវ​ជំរុញ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ អ្នក​ទោស​មនសិការ​ហើយ​អ្នក​ទោស​ទាំង​នោះ​កំណត់​ដោយ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ»។

លោកស្រី Wan-Hea Lee តំណាង​​ឧត្តម​ស្នងការ​​ទទួល​​បន្ទុក​​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​វេទិកា​នោះ​ថា​កម្ពុជា​បាន​ជោគជ័យ​ក្នុង​ការ​រក្សា​ឲ្យ​មាន​សន្តិភាព​ប៉ុន្តែ​សន្តិភាព​មិន​មែន​សំដៅ​តែ​លើ​ការ​គ្មាន​សង្គ្រាម​ទេ។​ លោកស្រី​ថា​ការងារ​ដែល​មិន​ទាន់​បញ្ចប់​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស​​គឺ​ក្របខ័ណ្ឌ​សិទ្ធិ​មនុស្ស។

លោកស្រី​បញ្ជាក់​ថា៖« ប៉ុន្តែ​សន្ដិភាព​គឺជា​អ្វី​ដែល​លើស​ពី​ការ​គ្មាន​សង្គ្រាម។ តើ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​សន្ដិភាព​ឬ​ទេ? កាល​បើ​បញ្ហា​សិទ្ធិ​មនុស្ស​អាច​ជា​មូលហេតុ​នៃ​ជម្លោះ​នោះ​វិធី​កាត់​បន្ថយ​ជម្លោះ​ទាំង​នោះ​គួរ​តែ​ជា​រឿង​ច្បាស់លាស់​ណាស់​តាមរយៈ​ការ​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ប្រសើរ​ឡើង​ថែម​ទៀត»។

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ដោយ​បាន​ថ្លែង​ថា​ជា​ការ​និយាយ​ខុស​ពី​ការ​ពិត។

លោក​ថា ​កាលពី​អាណត្តិ​ទី​ ១ នៃ​រដ្ឋាភិបាល​ មន្ត្រី​តុលាការ​ចេញ​ពី​កូតា​គណបក្ស​ដែល​លោក​ថា​ពួកគេ​ធ្វើ​ការ​បម្រើ​ប្រយោជន៍​បក្ស​ខ្លួន។ ប៉ុន្តែ​ពេល​នេះ​រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដោយ​មាន​មន្ត្រី​ជា​អ្នក​មាន​សមត្ថភាព និង​ខ្លះ​មាន​សញ្ញាបត្រ​មក​ពី​ក្រៅ​ប្រទេស។

លោក​បាន​បន្ថែម​ថា៖ «ដែល​ថា​ការ​ដាក់​សម្ពាធ​លើ​គណបក្ស​នយោបាយ​ហ្នឹង​គ្រាន់​តែ​ជា​ការ​ប្រឌិត​សុទ្ធសាធ​មិន​អាច​ទទួល​​យក​បាន​ទេ...ដោយសារ​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ដែល​បាន​ចែង​ដូច្នេះ​រឿង​នោះ​ជា​រឿង​បុគ្គល​មិនមែន​រឿង​បក្ស​នយោបាយ​ទេ​ ..​»។

លោក​បាន​បន្ត​ថា​រដ្ឋាភិបាល​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ជា​អ្វី​ដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​តម្រូវ​ឲ្យ​មាន។ លោក​ថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​រលត់​បាត់​ទៅ​ហើយ​បន្ទាប់ពី​រដ្ឋសភា និង​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង។

ក្នុង​វេទិកា​នោះ​បណ្តុំ​អង្គការ​ទាំង​នោះ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ដើម្បី​ធានា​​ឲ្យ​បាន​នូវ​ប្រព័ន្ធ​តុលាការ​ឯករាជ​ធានា​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ធានា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​បញ្ឈប់​រាល់​ការ​យាយី​ដល់​​អ្នក​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>