Quantcast
Viewing all articles
Browse latest Browse all 40045

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង​២០​នាក់​នៅ​មណ្ឌលគិរី​រក​អន្តរាគមន៍​ដើម្បី​រក្សា​ដី​កប់​សព

Image may be NSFW.
Clik here to view.
ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ចម្ការតែ សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ដើរ​​បង្ហាញ​កន្លែង​កប់​សព​សហគមន៍​ដែល​គេ​លក់​ដូរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ Photo: ADHOC


ដោយ រដ្ឋា វិសាល RFA 2016-10-20

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ជាង ២០​នាក់ បាន​នាំ​គ្នា​ទៅ​សាលាក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ដើម្បី​សុំ​ឲ្យ​ក្រុម​សមត្ថកិច្ច​នៅ​ទី​នោះ​ជួយ​អន្តរាគមន៍​រក្សា​ដី​តំបន់​កប់​សព​របស់​សហគមន៍។ ដី​តំបន់​នោះ​ត្រូវ​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ភូមិ​ជាមួយ​លក់​ទៅ​ឲ្យ​ភរិយា​អតីត​ប្រធាន​តុលាការ​​ខេត្ត ខណៈ​ដី​នោះ​មាន​ផ្នូរ​ដូនតា និង​សាច់ញាតិ​ដែល​អ្នក​ភូមិ​គោរព​បូជា។

មន្ត្រី​សាលាក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា បាន​យល់ព្រម​ទៅ​ពិនិត្យ​កន្លែង​កប់​សព​ដែល​អ្នក​ភូមិ​អះអាង​ថា ត្រូវ​បាន​អ្នក​ភូមិ​ដូចគ្នា​លក់​ដូរ​ប៉ះពាល់​ផ្នូរ​សព​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ៦​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ ២២​គ្រួសារ រស់​នៅ​ភូមិ​ចម្ការតែ សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​ការ​លក់​ដី​តំបន់​កប់​សព​សហគមន៍​នេះ។
​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​បាន​នាំ​គ្នា​ទៅ​សាលាក្រុង គឺ​អ្នកស្រី ខូយ គ្រាក់ បញ្ជាក់​​ថា ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ឈ្មោះ ព្លិ ជ្រីល រស់​នៅ​ភូមិ​ចម្ការតែ ជាមួយ​គ្នា​បាន​កាប់​ឆ្ការ​ព្រៃ​នៅ​តំបន់​​កប់​សព​កាល​ពី​ដើម​សប្ដាហ៍​ក្រោយ​ពេល​មួយ​ថ្ងៃ​ដែល​អ្នក​ភូមិ ២២​គ្រួសារ ដាក់​ពាក្យ​ប្ដឹង​ពីរ​ករណី​​លក់​ដី​កប់​សព​នេះ។

អ្នកស្រី​បន្ត​ថា ការ​កាប់​ឆ្ការ​ព្រៃ​នេះ​ធ្វើ​ឲ្យ​អ្នក​ភូមិ​បារម្ភ​ថា ផ្នូរ​សព​សាច់ញាតិ​​ក្រុម​គ្រួសារ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ទើប​នាំ​គ្នា​ទៅ​សាលាក្រុង​ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​នៅ​ទី​នោះ​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគាត់៖ «ខ្ញុំ​ទៅ​មើល​ថ្ងៃ​ម្សិល​នៅ​ពាក់​កណ្ដាល​ព្រៃ​ខ្មោច ដល់​ទៅ​មើល​ព្រឹក​មិញ​អស់​ហើយ​ព្រៃ​ខ្មោច។ ពួក​ខ្ញុំ​ទាមទារ​យក​ដី​ហ្នឹង​វិញ ហើយ​រក្សា​ព្រៃ​កប់​ខ្មោច​ហ្នឹង»។

របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ឈ្មោះ ព្លិ ជ្រីល បាន​ព្រមព្រៀង​លក់​ដី​តំបន់​កប់​សព​នេះ​ឲ្យ​ភរិយា​អតីត​ប្រធាន​តុលាការ​ខេត្ត​មណ្ឌលគិរី គឺ​លោក លូ ស៊ូសម្បត្តិ ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​លក់​ដូរ​នេះ​ត្រូវ​គេ​បិទ​បាំង ទើប​ប្រជាពលរដ្ឋ​មិន​បាន​តវ៉ា។ រហូត​បច្ចុប្បន្ន គ្រា​ដែល​ដី​តំបន់​នោះ​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​ចុះ​បញ្ជី​កម្មសិទ្ធិ​ជា​ប្រព័ន្ធ​ទើប​បែក​ធ្លាយ​ថា ដី​តំបន់​កប់​សព​របស់​អ្នក​ភូមិ​នេះ មន្ត្រី​មន្ទីរ​ការិយាល័យ​សុរិយោដី​​ក្រុង​កំពុង​រៀបចំ​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​ទៅ​ឲ្យ​ភរិយា​មន្ត្រី​មាន​អំណាច គឺ​អ្នកស្រី ស្រីមុំ។

ទាក់ទិន​ករណី​នេះ អភិបាល​ក្រុង​សែនមនោរម្យ លោក ឡុង វិបុល ទទួល​ស្គាល់​ថា មន្ត្រី​សាលាក្រុង​បាន​ចុះ​ពិនិត្យ​ទីតាំង​ទំនាស់​នោះ​ហើយ និង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ដាក់​ពាក្យ​ប្ដឹង​មក​សាលាក្រុង​ដើម្បី​សម្របសម្រួល​បញ្ហា​នេះ។ លោក​ថា នឹង​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ជួប​ដោះស្រាយ​បញ្ហា​នេះ​មុន​អនុវត្ត​វិធានការ​ច្បាប់៖ «អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​បញ្ជូន​អភិបាល​រង​ក្រុង​ខ្ញុំ​ដើម្បី​សម្របសម្រួល​ឃាត់​សកម្មភាព​ទាំង​អស់ រង់ចាំ​ជជែក​គ្នា​សិន​ធ្វើ​ម៉េច​ឲ្យ​បង​ប្អូន​ទាំង​ពីរ​ទទួល​បាន​ទាំង​អស់​គ្នា»។

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​លក់ដូរ​ដី​កប់​សព​គឺ​ជា​អំពើ​ខុស​ច្បាប់។ លោក​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​សាលាក្រុង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​តម្លាភាព​ជូន​ប្រជាពលរដ្ឋ៖ «មិន​ត្រូវ​ឲ្យ​មាន​ការ​ទិញ​លក់​តាម​អំពើ​ចិត្ត​យក​មក​ធ្វើ​ជា​ផល​ប្រយោជន៍​បុគ្គល​នោះ​ទេ។ មិន​ត្រូវ​មាន​ទំនោរ​ទៅ​លើ​ភាគី​អ្នក​មាន​អំណាច​មាន​លុយ​ទេ»។

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​ប្រជាពលរដ្ឋ ២២​គ្រួសារ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​តុលា បាន​ធ្វើ​ពាក្យ​ប្ដឹង​ករណី​លក់​ដី​កប់​សព​សហគមន៍​នេះ​ទៅ​ការិយាល័យ​ទទួល​ពាក្យ​បណ្ដឹង​របស់​សាលាក្រុង​រួច​ហើយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>