Quantcast
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​ខេត្ត​ក្រចេះ​បារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​ឆ្លង​ស្ពាន​យោល​ព្រែក​ទេរ​ដែល​ទ្រុឌទ្រោម

Image may be NSFW.
Clik here to view.
ស្ពាន​ព្រែក​ទេរ ឋិត​នៅ​ក្នុង​ឃុំ​ថ្មអណ្ដើក ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Men Sothyr


ដោយ ម៉ែន សុធីរ RFA 2016-10-20

ពលរដ្ឋ​រស់នៅ​ឃុំ​ថ្មអណ្ដើក ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ បង្ខំ​ចិត្ត​ប្រថុយ​គ្រោះថ្នាក់​ឆ្លង​ស្ពាន​យោល​មួយ​កន្លែង​នៅ​មូលដ្ឋាន​របស់​ពួក​គេ ដោយសារ​តែ​ពុំ​មាន​ជម្រើស។ អ្នក​ភូមិ​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ជួសជុល ឬ​កសាង​ស្ពាន​នេះ​ទៀត នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ ជាពិសេស​សិស្សានុសិស្ស។

ពលរដ្ឋ​រស់នៅ​ឃុំ​ថ្មអណ្ដើក ស្រុក​ចិត្របូរី នៅ​ថ្ងៃ​ទី​២០ តុលា អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ពន្លឿន​ជួសជុល ឬ​កសាង​ស្ពាន​មួយ​កន្លែង​ឈ្មោះ "ស្ពាន​ព្រែក​ទេរ"ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដើម្បី​សម្រួល​ជីវភាព​រស់នៅ​របស់​ពួក​គេ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត គឺ​លោក រុំ យាប ចាត់​ទុក​ស្ពាន​មួយ​ខ្សែ​នេះ​ថា​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ​នៅ​តំបន់​នោះ​ច្រើន​ឆ្នាំ​កន្លង​ទៅ ក៏ប៉ុន្តែ​អ្នក​ភូមិ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ខណៈ​ដែល​ស្ថានភាព​ស្ពាន​នេះ​ទ្រុឌទ្រោម​ខ្លាំង។ លោក​បន្ត​ថា អ្នក​ភូមិ​មួយ​ចំនួន​បាន​ដឹក​កសិផល និង​ឈើ​ប្រណិត​តាម​ម៉ូតូ​លើស​ទម្ងន់​ឆ្លង​ស្ពាន ក៏​ជា​ផ្នែក​មួយ​បណ្ដាល​ឲ្យ​ស្ពាន​នេះ​រង​ការ​ខូចខាត​ដែរ៖ «ការ​ធ្វើ​ដំណើរ​ទៅ​វា​រលាស់​ខ្លាំង ដល់​ពេល​យើង​ធ្វើ​ដំណើរ​ទៅ​វា​លំបាក​ខ្លាំង​ហើយ និយាយ​រួម​ទៅ​លំបាក​ពលរដ្ឋ​ធ្វើ​ដំណើរ​តែ​ម្តង។ វា​ប្រថុយ​ខ្លាំង។ វា​ប្រឈម​ឧបសគ្គ​ដូចជា​ទី​១ ស្ពាន​អាច​ដាច់ ហើយ​ទី​២ ស្ពាន​វា​ទ្រុឌទ្រោម​ខ្លាំង​វា​រលាស់»។
ស្ពាន​ព្រែក​ទេរ កសាង​ឡើង​នៅ​ឆ្នាំ​២០០៦ ឧបត្ថម្ភ​ដោយ​ប្រជាជន​ស្វីស ចំណាយ​ទឹកប្រាក់​សាងសង់ ២​ម៉ឺន​ដុល្លារ។ ស្ពាន​យោល​នេះ​មាន​ទទឹង​ប្រហែល ១​ម៉ែត្រ បណ្តោយ ៩៧​ម៉ែត្រ និង​ជម្រៅ​ជាង ២០​ម៉ែត្រ​គិត​ត្រឹម​ផ្ទៃ​ទឹក​ក្នុង​ខែ​វស្សា។

មេ​ឃុំ​ថ្មអណ្ដើក លោក ឯម លេន ទទួល​ស្គាល់​ថា ស្ពាន​នេះ​មាន​ស្ថានភាព​ទ្រុឌទ្រោម ក៏ប៉ុន្តែ​គម្រោង​កសាង​ស្ពាន​នេះ​ឡើង​វិញ ត្រូវ​ចំណាយ​ថវិកា​ច្រើន​ហួស​ពី​សមត្ថភាព​ធនធាន​របស់​អាជ្ញាធរ​ឃុំ។ ហេតុ​នេះ លោក​បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​ថ្នាក់​លើ​រួច​ហើយ។ តែ​យ៉ាង​ណា លោក​ថា​កន្លង​ទៅ អាជ្ញាធរ​ឃុំ​បាន​រៃអង្គាស​ថវិកា​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​ជួសជុល​បណ្ដើរៗ​ដែរ។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ជួយ​ពន្លឿន​កសាង​ស្ពាន​នេះ​ដើម្បី​ធានា​សុវត្ថិភាព​ប្រជាជន និង​សម្រាល​ជីវភាព​រស់នៅ​អ្នក​ភូមិ៖ «ប្រជាជន​នៅ​ទីនេះ​សំណូមពរ​ច្រើន​ឲ្យ​បាន​ស្ពាន​ថ្មី ហើយ​ខ្ញុំ​ក៏​សំណើ​ទៅ​តាម​រយៈ​កិច្ចការ​រដ្ឋបាល​ជម្រាប​ជូន​លោក​អភិបាល និង​ស្រុក​ឲ្យ​បាន​ជ្រាប​ថា ស្ពាន​នេះ​មាន​ការ​ទ្រុឌទ្រោម​ហើយ។ ចំណុច​សំខាន់ ឃុំ​ពុំ​មាន​លទ្ធភាព​ធ្វើ​ទេ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់។ លោក​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ មាន​ន័យ​ថា អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​ប្រើប្រាស់​វិធានការ​បង្ការ​ឲ្យ​អស់​លទ្ធភាព ក្នុង​ការ​ការពារ​សុវត្ថិភាព​ពលរដ្ឋ៖ «ខ្ញុំ​មិន​គិត​ថា អាជ្ញាធរ​នៅ​មូលដ្ឋាន​អត់​ថវិកា គ្រាន់​តែ​ជួសជុល​ឲ្យ​វា​មាន​លំនឹង រង់ចាំ​ដោះស្រាយ​ទ្រង់ទ្រាយ​ធំ។ យើង​គួរ​តែ​ប្រើ​ថវិកា​របស់​ខេត្ត និង​ស្រុក​សម្រាប់​ការ​សាងសង់ ព្រោះ​អាជ្ញាធរ​ខេត្ត​ក៏​មាន​ថវិកា​សម្រាប់​ការ​សាងសង់ ឬ​ជួសជុល»។

កាល​ពី​ឆ្នាំ​២០១៥ កុមារ​ម្នាក់​បាន​រអិល​ធ្លាក់​ពី​លើ​ស្ពាន​នោះ នៅ​គ្រា​ដែល​គេ​ត្រឡប់​ពី​សាលា​រៀន​ឆ្លង​កាន់​ស្ពាន​នេះ។

ឃុំ​ថ្មអណ្ដើក ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ឋិត​នៅ​ទិស​ខាង​ត្បូង​នៃ​ទី​រួម​ខេត្ត​ក្រចេះ ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជាង ៤០​គីឡូម៉ែត្រ។ ពលរដ្ឋ​រស់នៅ​ទីនោះ​មាន​ចំនួន​ជាង ១​ពាន់​គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ជាង ៥​ពាន់​នាក់៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>