Quantcast
Viewing all articles
Browse latest Browse all 40045

EIU: ពាណិជ្ជកម្ម​ខុស​ច្បាប់​នៅ​កម្ពុជា​ខ្ពស់

Image may be NSFW.
Clik here to view.
សកម្មភាព​បូម​ខ្សាច់​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រឡៅ ខេត្ត​កោះកុង​នា​ពេល​កន្លង​មក​​​។ រូបថត ATHENA ZELANDONII


Kali Kotoski and ហ៊ គឹមសាយ
ភ្នំពេញ​ ប៉ុស្តិ៍​Thu, 20 October 2016

ភ្នំពេញៈ ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​​ជា​ប្រទេស​អាក្រក់​បំផុត​ទី​ ៣​ ​ខាង​ពាណិជ្ជកម្ម​ខុស​ច្បាប់​ក្នុង​ចំណោម​​ប្រទេស​ ១៧ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ នេះ​បើ​​​​តាម​សន្ទស្សន៍​ចេញ​ផ្សាយ​ដោយ​ Economist Intelligence Unit (EIU) កាល​ពី​សប្ដាហ៍​មុន​ដែល​​វិភាគ​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​​​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​​នឹង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ខុស​ច្បាប់។

របាយការណ៍​ដែល​គាំទ្រ​ដោយ​​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​​ប្រចាំ​​សិង្ហបុរី​បាន​ត្រួត​ពិនិត្យ​​​លើ​ប្រទេស​​ជាច្រើន​ស្ថិត​​ក្រោម​​ ៤ ​ចំណុច​​រួមមាន​កម្មសិទិ្ធ​បញ្ញា​ (​IP)​​ តម្លាភាព​ និង​ពាណិជ្ជកម្ម​ បរិយាកាស​គយ ការ​ផ្គត់ផ្គង់ និង​​តម្រូវការ​​។​

បើ​ទោះបី​យ៉ាង​នេះ​ក្តី​កម្ពុជា​​នៅ​ល្អ​ជាង​ប្រទេស​​មីយ៉ាន់ម៉ា​ដែល​អាក្រក់​បំផុត ​និង​ប្រទេស​ឡាវ​អាក្រក់​ទី ២។

ផ្អែក​លើ​ការ​​ថ្លឹងថ្លែង​តាម​មាត្រដ្ឋាន​​ពិន្ទុ​​​ ១០០ ​កម្ពុជា​ត្រូវ​បាន​​​ផ្ដល់​ពិន្ទុ​ជា​រួម​ ២៣,៩ ឡាវ​ទទួល​បាន​​​ ១២,​៩ និង​មីយ៉ាន់ម៉ា​ ១០,៨ ​ខណៈ​ប្រទេស​អូស្រ្តាលី​ទទួល​បាន​ពិន្ទុ​លើស​គេ​ ៨៥,២​។


របាយការណ៍​​ឲ្យ​ដឹង​ថា​៖ «​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​ដែល​សេដ្ឋកិច្ច​កាន់តែ​អន់​របស់​​​តំបន់​នេះ​ដូចជា​កម្ពុជា ឡាវ និង​​មីយ៉ាន់ម៉ា​ស្ថិត​នៅ​​បាត​តារាង​នោះ​​»​។ ​របាយការណ៍​នេះ​បន្ថែម​ថា​ប្រទេស​ក្រីក្រ​​នឹង​បន្ត​​​ញ៉ាំញី​ដោយ​ឧបសគ្គ​ថវិកា​ដែល​កំពុង​ធ្វើឲ្យ​វា​ពិបាក​​ក្នុង​ការ​អនុវ​ត្ត​កំណែ​ទម្រង់​ចាំបាច់​។

ក្នុង​ចំណោម​ផ្នែក​ទាំង​​ ៤ ​ដែល​​បាន​សិក្សា​ បរិយាកាស​គយ​​​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បំផុត។​ ​

របាយការណ៍​នេះ​បន្ត​​ថា​​៖ «​បើ​គ្មាន​ជំនួយ​ពី​ខាង​ក្រៅ​វា​អាច​​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មុន​ពេល​​ប្រទេស​ទាំង​នេះ​​អាច​​ចាប់ផ្ដើម​បង្កើន​ឧបករណ៍​គយ​គ្រប់គ្រាន់​។ ខណៈ​តំបន់​នេះ​បន្ត​​ធ្វើ​សមាហរណកម្មភាព​ងាយ​ទទួល​រងគ្រោះ​អាច​ធ្វើ​ឲ្យ​រឹត​តែ​ធ្ងន់ធ្ងរ​​ដល់​បញ្ហា​ពាណិជ្ជកម្ម​​ខុស​ច្បាប់​»​​។

ប្រទេស​កម្ពុជា​បច្ចុប្បន្ន​​បាន​ស្ថិត​​ក្រោម​ការ​វិនិច្ឆ័យ​ជា​ថ្មី​លើ​ការ​​នាំ​ចេញ​ខ្សាច់​ដែល​ទិន្នន័យ​​គយ​សិង្ហបុរី​បាន​គាំទ្រ​ដល់​​​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ​ដែល​​​បង្ហាញពី​ភាព​មិន​ស្រប​គ្នា​នៃ​ការ​នាំ​ចេញ​មាន​តម្លៃ​ជាង​ ៧០០ ​លាន​ដុល្លារ​ចាប់​តាំងពី​ឆ្នាំ​ ២០០៧​ ដោយ​ខុស​គ្នា​នឹង​ទិន្នន័យ​រដ្ឋាភិបាល​បង្ហាញ​ថា​មាន​ជាង​ ៥ ​លាន​ដុល្លារ​​នោះ​។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​ជាតិ​​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា​ការ​បន្ត​កង្វះ​ការ​ត្រួត​ពិនិត្យ​ និង​តម្លាភាព​​អនុញ្ញាត​ឲ្យ​ «​ពាណិជ្ជកម្ម​ខុស​ច្បាប់​កើតឡើង​ជា​ធម្មតា​ និង​យ៉ាង​ងាយ​ស្រួល​»​។​ ​

លោក​ថ្លែង​ថា​៖ «​​ពេល​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​​ប្រទេស​មិន​​តម្រូវ​ដោយ​​ច្បាប់​​​ក្នុង​ការ​​ទប់ស្កាត់​​​ពី​ភាព​​​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ពួកគេ​ជា​រឿយៗ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាពិសេស​​​ក្នុង​ការ​សូកប៉ាន់​ដើម្បី​​ទទួល​​​បាន​អត្ថប្រយោជន៍​ ឬ​អត្ថប្រយោជន៍​​​ប្រកួត​ប្រជែង​សម្រាប់​ក្រុម​របស់​ពួកគេ​»​។

លោក​បាន​គាំទ្រ​ដល់​អនុសាសន៍​​របស់​ EIU ថា ភាគី​ទី​ ៣​ ឬ​ស្ថាប័ន​ខាង​ក្រៅ​អាច​ជួយ​សម្អាត​ និង​កែលម្អ​​ប្រព័ន្ធ​គយ​របស់​​កម្ពុជា​បាន​។

លោក​ថ្លែង​ថា​៖ «​​ជម្រើស​ប្រព័ន្ធ​កុំព្យូទ័រ​ដ៏​រឹងមាំ​ដែល​អាច​​កត់ត្រា​ និង​រក្សា​​គណនី​ច្បាស់លាស់​នៃ​ការ​នាំ​ចូល​ និង​ការ​នាំ​ចេញ​អាច​កាត់​បន្ថយ​ពាណិជ្ជកម្ម​ខុស​ច្បាប់​បើ​ការ​ធ្វើ​សវនកម្ម និង​​ការ​ត្រួតពិនិត្យ​ជា​ទៀងទាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ឯករាជ្យ​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ថា​នៅ​មាន​ការងារ​ច្រើន​ទៀត​​ដែល​ត្រូវ​ធ្វើ​ដើម្បី​បញ្ឈប់​​ពាណិជ្ជកម្ម​ខុស​ច្បាប់​ និង​ថា​ជាទូទៅ​វា​ស្ទើរ​តែ​មិន​អាច​បំបាត់​បាន​ទាំង​ស្រុង​នោះ​ទេ។​​

លោក​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ច្រើន​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​គយ​របស់​ខ្លួន​ដើម្បី​ផ្ដល់​របៀប​ដោះស្រាយ​ស្នើភាព​សម្រាប់​ទាំងអស់​គ្នា​​។ ស្ថាប័ន​រដ្ឋាភិបាល​ដែល​​​​ទាក់ទង​​នឹង​​សកម្មភាព​ពាណិជ្ជកម្ម​បាន​​ដំណើរការ​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ជួយ​សម្រួល​​ដល់​ពាណិជ្ជកម្ម​ដែល​អនុវត្ត​តាម​ស្ដង់ដារ​អន្តរជាតិ​»​។

លោក​ លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ (​CCC​)​ បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​​កាលពី​ម្សិលមិញ​ថា​លោក​មិន​​បាន​ជឿ​​លើរ​បាយការណ៍ EIU ​ថា​ត្រឹមត្រូវ​ទាំង​ស្រុង​នោះ​ទេ។

លោក​លើក​ឡើង​​ថា ​​ក្រុមហ៊ុន​ឯកជន​ និង​រដ្ឋាភិបាល​​ធ្វើ​ការងារ​​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​​ភាព​មិន​​ប្រក្រតី​ផ្នែក​​ពាណិជ្ជកម្ម។​

​លោក​ថ្លែង​ថា​៖ «​ជាទូទៅ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​យើង​គឺ​ល្អ​ហើយ​អ្វីៗ​ជាច្រើន​ដំណើរការ​តាមរយៈ​ច្បាប់​។ ​មាន​ការ​អនុវត្ត​ច្បាប់​ល្អ​​របស់​មន្ដ្រី​ជាច្រើន​​»។ ​​

ប៉ុន្តែ​លោក​​បញ្ជាក់​ថា​៖ «​យើង​ឯកភាព​ថា​មាន​ដំណើរការ​មិន​ល្អ​មួយ​ចំនួន​ទី​នោះ​ប៉ុន្តែ​វា​ដោយសារ​មន្ដ្រី​ជា​បុគ្គល​ ឬ​ក្រុមហ៊ុន​មួយ​ចំនួន​ហើយ​នេះ​មិនមែន​​ប្រព័ន្ធ​​​ទាំង​មូល​​ទេ​»​៕ LA

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>