Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

មន្ត្រី​អាវុធហត្ថ​ថា​ក្រុម​ឈ្មួញ​បង្វែរ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​មក​ជា​ទ្រង់ទ្រាយ​តូចៗ

$
0
0
រថយន្ត​ដឹក​ឈើ​ធ្វើ​គ្រឿង​ផ្ទះ ត្រូវ​សមត្ថកិច្ច​ខែត្រ​ក្រចេះ ឃាត់​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo provided

ដោយ សូត សុខប្រាថ្នា RFA 2016-10-20

មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​ថា ស្ថានភាព​ជួញដូរ​ឈើ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គឺ​មិន​មាន​ទ្រង់ទ្រាយ​ធំ​ទៀត​ឡើយ។ ពួក​គេ​ថា ក្រុម​ឈ្មួញ​បាន​បង្វែរ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ មក​ដឹក​តាម​រយៈ​រថយន្ត​ស៊ាំយ៉ុង ឬ​រថយន្ត​តូចៗ​វិញ។ ចំណែក​មន្ត្រី​ធ្វើ​ការងារ​រឿង​ព្រៃ​ឈើ​យល់​ថា បទល្មើស​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់ បាន​ប្រែ​ក្លាយ​មក​ជា​ទ្រង់ទ្រាយ​តូច​ខ្លះ​មែន ប៉ុន្តែ​ឈ្មួញ​រក​ស៊ី​ឈើ​ទាំងនោះ គឺ​នៅ​តែ​ដដែល។

មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បញ្ជាក់​ថា គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​ចាត់​វិធានការ​លើ​ករណី​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ជា​ទ្រង់ទ្រាយ​តូចៗ​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិន​ទាន់​បាន​បូក​សរុប​ការងារ ថា​តើ​មាន​ប៉ុន្មាន​ករណី ឬ​មាន​ចំនួន​ឈើ​ប៉ុន្មាន​ម៉ែត្រ​គូប​ឡើយ?

លោក អេង ហ៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ តុលា ថា ក្រោយ​ពេល​ឈើ​ប្រមាណ ៧​ម៉ឺន​ម៉ែត្រ​គូប​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដាក់​ដេញ​ថ្លៃ​កាល​ពី​ខែ​កក្កដា គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​គោល​បំណង​ដែល​រាជ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​នេះ​ឡើង កាល​ពី​ខែ​មករា គឺ​ធ្វើ​យ៉ាង​ណា​បង្ក្រាប និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ករណី​ជួញដូរ​ឈើ​ខុស​ច្បាប់៖ «អ៊ីចឹង​បើ​ទោះ​បី​ជា​ទ្រង់ទ្រាយ​តូច​ក៏​ជា​បទល្មើស។ អ៊ីចឹង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​មាន​វិធានការ​ដល់​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ភូមិភាគ​ឦសាន​ទាំងអស់»។
លោក​ទទួល​ស្គាល់​ថា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​បាន ទោះ​ក្នុង​រូបភាព​តូចតាច​ក៏ដោយ គឺ​ទាល់​តែ​ចាប់​មេ​ខ្លោង​បាន​ជា​មុន។ ជាមួយ​គ្នា​នោះ គណៈកម្មការ​ជាតិ​មួយ​នេះ​កំពុង​ស្រាវជ្រាវ​រក​មេ​ខ្លោង​រត់​ពន្ធ​ឈើ ឬ​ជា​ឈ្មួញ​កណ្ដាល​ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​១៣ តុលា មន្ត្រី​កង​រាជ​អាវុធហត្ថ និង​មន្ត្រី​ជំនាញ​ខេត្ត​ស្ទឹងត្រែង បាន​ចាប់​ខ្លួន​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែល​បាន​ដឹកនាំ​កម្លាំង​ចូល​ទៅ​រំដោះ​ឈើ​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​អូរ​ពងមាន់។ សំណុំ​រឿង​នេះ ក៏​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​ទៀត។

លោក អេង ហ៊ី បញ្ជាក់​ថា ដោយសារ​ករណី​នេះ​ជា​បទល្មើស​ជាក់ស្តែង ទើប​សមត្ថកិច្ច​អាច​ចាត់​វិធានការ​បាន​ភ្លាមៗ។ ដោយឡែក​សំណុំ​រឿង​ឧកញ៉ា​រក​ស៊ី​ឈើ​ធំៗ​នៅ​ស្រុក​ខ្មែរ​ជាច្រើន​ទៀត លោក​ថា​មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​ទេ។ តែ​យ៉ាង​នេះ​ក្តី ខាង​លោក​ក៏​បាន​បញ្ជូន​សំណុំ​រឿង​ទាំងនោះ​ទៅ​កាន់​តុលាការ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់​ដែរ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់ លោក សេង សុខហេង មើល​ឃើញ​ថា បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពិត​ជា​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ខ្លះ​មែន ប៉ុន្តែ​នៅ​តំបន់​ខ្លះ ការ​ដឹក​ជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តែ​កើត​មាន​ដដែល។ ជាក់ស្តែង​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​រថយន្ត​យីឌុប​ធំៗ​នៅ​តែ​កើត​មាន។

លោក​បន្ត​ថា បើ​ទោះ​បី​ជា​រូបភាព​រត់​ពន្ធ​ឈើ​មាន​ទ្រង់ទ្រាយ​តូចតាច​ក៏ដោយ ប៉ុន្តែ​ឈ្មួញ​ឈើ​ទាំងនោះ​នៅ​តែ​ជា​ក្រុម​ឧកញ៉ា ឬ​អ្នក​រក​ស៊ី​ឈើ​ធំៗ​ពី​មុន​មក​ដដែល។ លោក​កោតសរសើរ​ចំពោះ​ការងារ​រាជ​រដ្ឋាភិបាល និង​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ថា​បាន​ខិតខំ​ប្រឹងប្រែង​ច្រើន​លើ​ការងារ​នេះ ប៉ុន្តែ​លោក​ថា​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ៖ «ក៏ប៉ុន្តែ​ធាតុ​ពិត គឺ​អត់​មាន​ប្រសិទ្ធភាព​មែន ហើយ​បទល្មើស​នៅ​តែ​កើត​មាន។ ចំណែក​ការ​ស្រែក​បាន​តែ​មួយ​ក្ដាំង»។

លោក​បន្ត​ថា អាជ្ញាធរ​មិន​ចាំបាច់​ចាត់​វិធានការ​លើ​មន្ត្រី​ឧកញ៉ា​ធំៗ រួម​មាន​ឧកញ៉ា​ខ្នា ឧកញ៉ា​អុល ឧកញ៉ា​ថៃ ឧកញ៉ា ទ្រី ភាព និង​ឈ្មួញ​ឈើ​ជាច្រើន​ផ្សេង​ទៀត​ផ្អែក​លើ​បទល្មើស​ជាក់ស្តែង​ទេ ប៉ុន្តែ​ត្រូវ​មើល​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ពួក​គេ រួម​នឹង​វត្ថុ​តាង​ជាដើម។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ គឺ​ធ្វើ​ឡើង​បាន​តែ​មួយ​ប្រាវ ហើយ​ក៏​ស្ងាត់​ទៅ​វិញ ចំណែក​ឧកញ៉ា និង​ឈ្មួញ​ឈើ​ធំៗ​ចំនួន ៩​រូប ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ធ្លាប់​បញ្ជាក់​ថា បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​នោះ គឺ​មិន​ឃើញ​មាន​ការ​ចាប់​ខ្លួន​ពួក​គេ ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រៃ​ឈើ​ឡើយ។ លោក​យល់​ថា បញ្ហា​នេះ​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​លែង​ចង់​ដឹង ហើយ​ក៏​អស់​ជំនឿ​លើ​រាជ​រដ្ឋាភិបាល​ថែម​ទៀត​ផង៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>