
ដោយ ប្រាជ្ញ ចេវ RFA 2016-05-14
អ្នកការពារព្រៃយល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន ដែលប្រាប់ទៅស្ថាប័នពាក់ព័ន្ធឲ្យផ្ដល់មធ្យោបាយដល់អ្នកការពារព្រៃឈើនោះ គ្រាន់តែលោកនាយករដ្ឋមន្ត្រីនិយាយឲ្យពីរោះប៉ុណ្ណោះ។ ពួកគេលើកឡើងបែបនេះ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសឲ្យសាធារណជនចូលរួមការពារព្រៃឈើ និងប្រាប់ទៅស្ថាប័នធ្វើការងារពាក់ព័ន្ធព្រៃឈើចាប់ដៃជាមួយប្រជាសហគមន៍ការពារព្រៃឈើកម្ចាត់ឈ្មួញរកស៊ីឈើខុសច្បាប់។
តំណាងបណ្ដាញការពារព្រៃលើកឡើងថា មន្ត្រីថ្នាក់ក្រោមរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់មិនទាន់ដឹងថា លោក ហ៊ុន សែន គាំទ្រសកម្មជនការពារព្រៃឈើនៅឡើយទេ ខណៈអ្នកការពារព្រៃឈើនៅតែរងទុក្ខបុកម្នេញពីពួកគេនៅឡើយ ដូចជាគំរាមសម្លាប់ និងរារាំងមិនឲ្យចូលការពារព្រៃជាដើមនោះ។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ការថ្លែងរបស់លោក ហ៊ុន សែន ដែលគាំទ្រសកម្មភាពសកម្មជនព្រៃឈើ គ្រាន់តែនិយាយឲ្យពីរោះ ព្រោះថា អាជ្ញាធរមូលដ្ឋានតែងតែរារាំងសកម្មភាពការពារព្រៃឈើរបស់ក្រុមព្រះអង្គ។ ព្រះសង្ឃបន្តថា លោក ហ៊ុន សែន ថ្លែងបែបនេះ ដើម្បីលួងចិត្តពលរដ្ឋដែលមិនពេញចិត្តចំពោះការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះ៖ «សូមកុំនិយាយគ្រាន់តែពីរោះស្ដាប់ ដល់អ្នកខឹងសម្បា សូមញោមនាយករដ្ឋមន្ត្រីប្ដូរទិសដៅពីនិយាយសាធារណៈ ទៅហៅមន្ត្រីថ្នាក់ក្រោមមកបង្រៀនបន្ថែម»។
ការលើកឡើងរបស់អ្នកការពារព្រៃឈើបែបនេះ បន្ទាប់ពីលោក ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម កាលពីថ្ងៃទី១២ ខែឧសភា ប្រាប់កុំឲ្យមានការរើសអើងរវាងអ្នកការពារព្រៃឈើរបស់ស្ថាប័នរដ្ឋ និងអ្នកការពារព្រៃឈើជាប្រជាសហគមន៍។ លោក ហ៊ុន សែន ថែមទាំងប្រកាសផ្ដល់មធ្យោបាយដល់ប្រជាសហគមន៍ការពារព្រៃឈើ រួមមានអាវភ្លៀង ឬអាវរងាជាដើមនោះ៖ «ត្រូវមើលគ្រប់គ្រងបងប្អូនតំបន់ការងារព្រៃឈើឲ្យបានល្អ គាត់ទៅការពារព្រៃតើ! ការពារឈើដែលយើងចង់ការពារតើ! ដូច្នេះចាប់ពីពេលនេះតទៅ មិនគប្បីមើលគ្នាក្នុងភាពជាសត្រូវ»។
លោក ហ៊ុន សែន ទទួលស្គាល់ថា បទល្មើសព្រៃឈើពេលនេះ គឺជាឧក្រិដ្ឋកម្មព្រៃឈើ ខណៈឈើល្មើសច្បាប់មានជាង ៧ម៉ឺនម៉ែត្រគូប ត្រូវសមត្ថកិច្ចចាប់បាន ហើយសកម្មភាពដឹកឈើខុសច្បាប់កើតមានដដែល។ ប្រមុខរដ្ឋាភិបាលដដែលបញ្ជាឲ្យយកខណ្ឌរដ្ឋបាលព្រៃឈើច្របាច់បញ្ចូលគ្នាជាមួយរដ្ឋបាលជលផល ក្រោមការគ្រប់គ្រងរបស់អភិបាលខេត្ត។ ជាងនេះទៀត លោកក៏ប្រកាសដកព្រៃសម្បទានពីក្រុមហ៊ុនឯកជន យកមកពិនិត្យមើលដើម្បីដាក់ទៅជាព្រៃការពារ។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ការពារព្រៃឡង់ លោក សេង សុខហេង យល់ថា នេះសញ្ញាវិជ្ជមានដែលលោកនាយករដ្ឋមន្ត្រីគាំទ្រសកម្មភាពការងារការពារព្រៃឈើរបស់ប្រជាសហគមន៍។ ប៉ុន្តែលោកស្នើឲ្យការអនុវត្តមានប្រសិទ្ធភាពដូចការលើកឡើងផង ព្រោះមន្ត្រីថ្នាក់ក្រោមជាតិ ឬអាជ្ញាធរមូលដ្ឋានមួយចំនួននៅតែបង្កការលំបាកដល់អ្នកការពារព្រៃឈើនៅឡើយ៖ «តំបន់ខ្លះហាក់មានកិច្ចសហការល្អពីអាជ្ញាធរ ហើយយើងចង់ឃើញមានកិច្ចសហការល្អដល់ពួកយើងជាអ្នកការពារព្រៃឈើ»។
អ្នកការពារព្រៃឈើស្នើទៅប្រមុខរដ្ឋាភិបាលចាត់វិធានការលើឈ្មួញរកស៊ីឈើធំៗតាមផ្លូវច្បាប់ មិនមែនប្រគល់សញ្ញាប័ត្របណ្ឌិតទៅឈ្មួញកាប់ឈើទេ ព្រមទាំងស្នើបញ្ឈប់ការនាំឈើចេញ ឬបិទអាជីវកម្មឈើមួយរយៈសិន៕