Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អ្នក​នយោបាយ​និង​សង្គម​ស៊ីវិល​យល់​ខុស​គ្នា​ពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស

$
0
0
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។ RFA/Leng Maly

ដោយ សាន សែល RFA 2016-10-22

កិច្ច​ព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស អំពី​បញ្ហា​កម្ពុជា ឬ​ហៅ​ជា​ទូទៅ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ជា​ដំណោះស្រាយ​នាំ​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ផ្ទៃ​ក្នុង​រយៈពេល ២​ទសវត្សរ៍ នៅ​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​ស្ថានភាព​សន្តិភាព​នៅ​ប្រទេស​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​វាយ​តម្លៃ​ផ្សេង​គ្នា។

កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ ២៣ តុលា ២០១៦ នេះ វា​មាន​អាយុកាល ២៥​ឆ្នាំ ឬ​ស្មើ​នឹង ១ ភាគ ៤ នៃ​សតវត្ស។

ក្រោម​ការ​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​កិច្ច​ព្រមព្រៀង​នេះ ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា។ ក្ដី​សង្ឃឹម​នៃ​សន្តិភាព យុត្តិធម៌ ប្រជាធិបតេយ្យ​ដែល​កម្ពុជា បាន​បាត់បង់​ក្នុង​សម័យ​សង្គ្រាម។

ដើម្បី​ធានា​នូវ​ពន្លក​នៃ​ក្ដី​សង្ឃឹម​ខ្ពស់​ទាំង​នេះ ប្រទេស​កម្ពុជា បាន​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ការ​គោរព ការពារ និង​ប្រតិបត្តិ​តាម​សិទ្ធិមនុស្ស សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា។

កិច្ច​ព្រមព្រៀង​នេះ​ឯង ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ត្រូវ​អនុលោម​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​បោះឆ្នោត​តាម​កាលកំណត់​ដោយ​សេរី និង​យុត្តិធម៌។ ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ជា​ការ​ចាប់​ផ្ដើម​នូវ​ដំណើរ​ផ្លាស់ប្ដូរ​ទៅ​រក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទទួល​ស្គាល់​ថា កិច្ច​ព្រមព្រៀង​នេះ​បង្កើត​នូវ​រដ្ឋធម្មនុញ្ញ​មួយ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ៖ «»។

​បណ្ឌិត ផាក ខ្យុង សេអូ (Park Kyung-seo) សាស្ត្រាចារ្យ​ផ្នែក​សិទ្ធិមនុស្ស​នៃ​សកល​វិទ្យាល័យ​ដុងហ្គុគ (dongguk university) នៃ​ប្រទេស​កូរ៉េ ដែល​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ក្នុង​ទសវត្ស​១៩៨០ និង​១៩៩០ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ រយៈពេល​ជិត ២០​ឆ្នាំ​ក្រោយ។

​លោក​យល់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​សញ្ញា​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា តែ​សន្តិភាព​ត្រូវ​ការ​ការ​ប្ដេជ្ញា​ធានា​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិមនុស្ស​ដែល​ជា​ធាតុ​សំខាន់​សម្រាប់​ស្ថិរភាព​ប្រជាធិបតេយ្យ។

​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​ភាគី​សំខាន់ ត្រូវ​បាន​ធានា​ដោយ​ភាគី​ជាតិ និង​អន្តរជាតិ ចំនួន ១៨​ប្រទេស រួម​នឹង​អង្គការ​សហប្រជាជាតិ ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦ ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថា បរិយាកាស​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​តានតឹង និង​ធ្លាក់​ចុះ។ ការ​លើក​ឡើង​នេះ សំដៅ​លើ​ការ​ប្រើប្រាស់​តុលាការ និង​ការ​បង្កើត​ច្បាប់​ដើម្បី​បំបិទ​សិទ្ធិ និង​គំរាមកំហែង​សង្គម​ស៊ីវិល សកម្មជន មេដឹកនាំ​សហគមន៍ ពលរដ្ឋ និង​បក្ស​ប្រឆាំង។

ជា​ការ​ឆ្លើយ​តប លោក សុខ ឥសាន ថា នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ។ លោក​ថា កម្ពុជា បច្ចុប្បន្ន មាន​ស្ថិរភាព និង​សន្តិភាព​ពេញលេញ។

ទោះបីជា​យ៉ាង​ណា តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) មាន​ប្រសាសន៍​ថា សន្ធិសញ្ញា​ទីក្រុង​ប៉ារីស សម្រាប់​កម្ពុជា គឺ​ដូចជា​គម្រោង​មួយ​ដែល​មិន​ទាន់​បញ្ចប់ គឺ​មាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ អ្នកស្រី​បញ្ជាក់​ថា ការ​មិន​មាន​សង្គ្រាម​ក្នុង​ប្រទេស មិន​មែន​មាន​ន័យ​ថា ប្រទេស​មាន​សន្តិភាព​នោះ​ទេ ខណៈ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ និង​ភាព​ទន់ខ្សោយ​នៃ​វប្បធម៌​រិះគន់​ដើម្បី​ស្ថាបនា។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ មាន​ប្រសាសន៍​ថា រយៈពេល ២៥​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​គិតគូរ​ពី​យុទ្ធសាស្ត្រ​រក្សា​អំណាច​ជា​ជាង​ពង្រឹង​ការ​អភិវឌ្ឍ និង​បង្កើត​សុភមង្គល​របស់​ពលរដ្ឋ។ លោក​ចង់​ឃើញ​ការ​ពង្រឹង​ស្ថាប័ន​មូលដ្ឋាន​ឲ្យ​មាន​ឯករាជភាព​ពិត​ប្រាកដ៖ «»។

​ខណៈ​សមាជិក​របស់​ខ្លួន​ដែល​បាន​ធ្វើ​សកម្មភាព​ខ្លាំងក្លា ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​បន្ត​បន្ទាប់ លោក សុន ឆ័យ មាន​ទំនុក​ចិត្ត​លើ​មធ្យោបាយ​ចរចា និង​ការ​តស៊ូ​មតិ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ រយៈពេល ១០​ថ្ងៃ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស។ អ្នកស្រី​រម្លឹក​ថា ប្រទេស​កម្ពុជា មាន​កាតព្វកិច្ច​ត្រូវ​តែ​រៀបចំ​ប្រទេស​នេះ​ឲ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ត្រូវ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ផ្សេងៗ​ទៀត​សម្រាប់​ពលរដ្ឋ​កម្ពុជា។

សន្និសីទ​អន្តរជាតិ​ស្ដីពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា បញ្ជាក់​ថា ខួប​ទី​២៥ នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ គឺ​ជា​ពេលវេលា​ត្រូវ​ពិនិត្យ​មើល​ឡើងវិញ​ដោយ​ម៉ត់ចត់​លើ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា ដែល​ដើរ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង។ សន្និសីទ​នេះ ថា​ជា​ការ​សំខាន់​ដែល​ត្រូវ​រក​មធ្យោបាយ​ឲ្យ​កម្ពុជា ត្រឡប់​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​ការ​អភិវឌ្ឍ​ដោយ​ចិរភាព។

តាមរយៈ​បទពិសោធន៍​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ធ្លាប់​ឆ្លង​សង្គ្រាម​ស៊ីវិល​ដូច​កម្ពុជា បណ្ឌិត ផាក ខ្យុង សេអូ យល់​ថា ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស គឺ​គ្រឹះ​ពីរ​សំខាន់​សម្រាប់​ស្ថិរភាព និង​សន្តិភាព​សង្គម ដែល​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​កូរ៉េ។ បណ្ឌិត ផាក ខ្យុង សេអូ ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សង្គម​ស៊ីវិល និង​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ សេរីភាព​ប្រមូល​ផ្ដុំ និង​សេរីភាព​ចូលរួម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>