Quantcast
Viewing all articles
Browse latest Browse all 40045

មន្ត្រី​ទាហាន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​នាំ​ប្រពន្ធ​ពី​ចិន​មក​ស្រុក​វិញ

Image may be NSFW.
Clik here to view.
មន្ត្រី​ទាហាន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៣ ប្រចាំ​ការ​នៅ​ខេត្ត​ប៉ៃលិន លោក វ៉ាន់ សេង ដែល​ត្រូវ​ជា​ប្ដី​របស់​ស្ត្រី​រងគ្រោះ​ចាញ់​បោក​មេ​ខ្យល់​ទៅ​ប្រទេស​ចិន។ រូបថត​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៦ Photo Provided


ដោយ ហ៊ុំ ចំរើន RFA 2016-10-24

មន្ត្រី​ទាហាន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន អំពាវនាវ​ឲ្យ​ក្រសួង​ការ​បរទេស និង​មន្ត្រី​ពាក់ព័ន្ធ អន្តរាគមន៍​ជួយ​រំដោះ​ប្រពន្ធ​របស់​ខ្លួន​ត្រឡប់​ពី​ប្រទេស​ចិន មក​កម្ពុជា វិញ​ឲ្យ​បាន​ឆាប់។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​រូប​គាត់​ស្វះ​ស្វែងរក​ប្រភព ដើម្បី​ជួយ​សង្គ្រោះ​ប្រពន្ធ​ជាច្រើន​ខែ​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

សាច់ញាតិ​ស្ត្រី​រងគ្រោះ​នៅ​ខេត្ត​ប៉ៃលិន អះអាង​ថា ប្រពន្ធ​របស់​គាត់​ចាញ់​បោក​មេ​ខ្យល់ មិន​អាច​ត្រឡប់​មក​ស្រុក​កំណើត​វិញ​បាន​នោះ​ទេ។

មន្ត្រី​ទាហាន​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៣ ប្រចាំ​ការ​នៅ​ខេត្ត​ប៉ៃលិន លោក វ៉ាន់ សេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ តុលា ថា មេ​ខ្យល់​ម្នាក់​ប៉ុន្តែ​លោក​ថា​មិន​ចាំ​ឈ្មោះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម បាន​បបួល​ប្រពន្ធ​របស់​គាត់​ឈ្មោះ ឆេង ស្រីដែន អាយុ ៣២​ឆ្នាំ និង​សាច់ញាតិ​ខាង​ប្រពន្ធ ២​នាក់​ផ្សេង​ទៀត ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន សន្យា​ថា​នឹង​ទទួល​ប្រាក់​ខែ​ម្នាក់​ចំនួន ១.២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ លោក​អះអាង​ថា ស្ត្រី​មេ​ខ្យល់​រូប​នោះ​បាន​នាំ​ប្រពន្ធ​របស់​គាត់ និង​ស្ត្រី ២​នាក់​ទៀត​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ប្រទេស​វៀតណាម ហើយ​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦។

លោក​បន្ថែម​ថា នៅ​ពេល​ប្រពន្ធ​ទៅ​ដល់​ប្រទេស​ចិន ប្រមាណ ២​ខែ ទើប​ទទួល​ដំណឹង​ពី​ប្រពន្ធ​ទូរស័ព្ទ​មក​ពី​ប្រទេស​ចិន ប្រាប់​លោក​ថា រូប​គាត់​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ជា​ស្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ប្រទេស​នេះ៖ «ខ្ញុំ​ទូរស័ព្ទ​ទាក់ទង​គាត់​បាន​ពីរ​ដង ហើយ​គាត់​ប្រាប់​ឲ្យ​ខ្ញុំ​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ​ជួយ​រំដោះ​គាត់​មក​កម្ពុជា វិញ​ផង។ ហើយ​ខ្ញុំ​ក៏​ប្រាប់​លេខ​ស្ថានទូត​ទៅ​គាត់ និង​ប្រាប់​ប្រពន្ធ​ខ្ញុំ​ឲ្យ​គាត់​រត់​ទៅ​រក​ប៉ូលិស​ចិន ទៅ។ ហើយ​ប្រពន្ធ​ខ្ញុំ​បន្ថែម​ថា បើ​ទូរស័ព្ទ​រក​គាត់​មិន​ចូល គឺ​គេ​ប្ដូរ​ដាក់​ទីតាំង​ផ្សេង​ហើយ»។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា ស្ត្រី​រងគ្រោះ​ធ្វើ​យ៉ាង​ណា​ទាក់ទង​ទៅ​ស្ថាន​កុងស៊ុល​ខ្មែរ នៅ​ក្បែរ​តំបន់​ដែល​ខ្លួន​រស់នៅ ដើម្បី​ងាយ​ស្រួល​ទាក់ទង​ទៅ​សមត្ថកិច្ច​ចិន ឲ្យ​ជួយ​ពួក​គាត់​បាន​ឆាប់​រហ័ស៖ «កន្លង​មក​ដែល​ខ្ញុំ​ធ្វើ​ការងារ​មួយ​គេ គឺ​គេ​ប្រាប់​អ៊ីចឹង ដំបូង​គេ​ត្រូវ​ដឹង​ឈ្មោះ​ភូមិ ឃុំ ស្រុក ខេត្ត​នៅ​ទីនោះ​ឲ្យ​ច្បាស់លាស់ បាន​គេ​ងាយ​ទាក់ទង។ បើ​អត់​មាន​អី មាន​តែ​លេខ​ទូរស័ព្ទ​ទេ គឺ​លំបាក​ហើយ»។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា (CARAM-Cambodia) លោក យ៉ា ណាវុធ លើក​ឡើង​ថា ករណី​នេះ ស្ត្រី​រងគ្រោះ​ត្រូវ​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ថៅកែ​ជនជាតិ​ចិន មាន​ទំនុក​ចិត្ត ដើម្បី​មាន​ឱកាស​ទាក់ទង​ទៅ​មន្ត្រី​ស្ថាន​កុងស៊ុល​ខ្មែរ​ឲ្យ​ជួយ​ពួក​គាត់៖ «តាម​ពិត​បើ​សិន​គាត់​មាន​ភស្តុតាង ហើយ​អាច​ចង្អុល​បង្ហាញ​ថា​មេ​ខ្យល់​នោះ​ពិត​ជា​បោកប្រាស់​គាត់​យក​ទៅ​លក់​ដូរ​ខុស​ពី​កិច្ចសន្យា គាត់​អាច​ដាក់​ពាក្យ​ប្ដឹង​តាម​រយៈ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​តាម​ខេត្ត​នីមួយៗ ឬ​ក៏​អាច​មក​នាយកដ្ឋាន​ក្រសួង​មហាផ្ទៃ»។

សាច់ញាតិ​បញ្ជាក់​ថា ប្រពន្ធ​របស់​គាត់ និង​ស្ត្រី ២​នាក់​ទៀត​រស់នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ជាងស៊ី (Xiang Xy) របស់​ចិន។ សាច់ញាតិ​ឲ្យ​ដឹង​ទៀត​ថា ប្រពន្ធ​របស់​គាត់​ត្រូវ​ថៅកែ​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ជា​ប្រចាំ ចំណែក​ស្ត្រី ២​នាក់​ផ្សេង​ទៀត​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​ពួក​គាត់​ត្រូវ​ប្ដី​វាយ​ធ្វើ​បាប និង​មិន​ឲ្យ​ប្រាក់​ចាយវាយ​នោះ​ទេ។

របាយការណ៍​ក្រសួង​ការ​បរទេស បង្ហាញ​ថា រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០១៦ ក្រសួង​ការ​បរទេស ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ពី​ក្រៅ​ប្រទេស​បាន​ចំនួន​ជាង ៥៧០​នាក់ ក្នុង​នោះ​មក​ពី​ប្រទេស​ចិន ចំនួន ៤៧​នាក់៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>