Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

សារព័ត៌មាន​អន្តរជាតិ​ផ្សាយ​ពី​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​ប្រើ​គោរមងារ

$
0
0
កាសែត​បរទេស​ដែល​ចេញ​ផ្សាយ​រឿង​ការ​ចេញ​បទបញ្ជា​ថ្មី​របស់​ក្រសួង​ព័ត៌មាន ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា សរសេរ​គោរមងារ​របស់​អ្នកដឹកនាំ​រដ្ឋាភិបាល​តាម​ព្រះរាជក្រឹត្យ។ RFA Screenshot

ដោយ សាន សែល RFA 2016-05-14

ការ​ចេញ​បទបញ្ជា​ថ្មី​របស់​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បង្ខំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា សរសេរ​គោរមងារ​របស់​អ្នកដឹកនាំ​រដ្ឋាភិបាល​តាម​ព្រះរាជក្រឹត្យ ធ្វើ​ឲ្យ​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​ចាប់​អារម្មណ៍​ផ្សព្វផ្សាយ​ព្រោងព្រាត ខ្ចរខ្ចាយ​ស្ទើរ​ពេញ​សកលលោក​ពី​ទីក្រុង​បាងកក ដល់​ក្រុង​តូក្យូ ក្រុង​ឡុងដ៍ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​កាត្មាន់ឌូ (Kathmandu)។ ទោះ​បី​យ៉ាង​ណា ក៏​មាន​ស្ថាប័ន​ព័ត៌មាន​ខ្លះ​រំលង​មិន​ផ្សាយ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។

សារព័ត៌មាន​អន្តរជាតិ​ធំៗ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​គំរាម​របស់​រដ្ឋាភិបាល​កម្ពុជា ដាក់​ទណ្ឌកម្ម​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រឹង​ទទឹង​មិន​ប្រើប្រាស់​គោរមងារ​របស់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល។

កាសែត​ល្បីៗ​នៅ​សហរដ្ឋអាមេរិក ដូចជា ​វ៉ាស៊ីនតោន ប៉ុស្ដិ៍ (Washington Post) បាន​សរសេរ​ថា ក្រសួង​ព័ត៌មាន​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ត្រូវ​គេ​រិះគន់​ថា មាន​អំពើ​ពុករលួយ និង​បាន​រឹតត្បិត​សេរីភាព​សារព័ត៌មាន បាន​ចេញ​បទបញ្ជា​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​នៅ​កម្ពុជា ប្រើប្រាស់​គោរមងារ​ពេញ​របស់​ថ្នាក់ដឹកនាំ​ដែល​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ។

បើ​ក្រឡេក​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស វិញ ប៊ី.ប៊ី.ស៊ី (BBC) បាន​រាយការណ៍​ថា លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ម្នាក់​លើ​ពិភពលោក​ដែល​កាន់​អំណាច​យូរ​ជាង​គេ កំពុង​ព្យាយាម​គាបសង្កត់​បន្ថែម​លើ​សារព័ត៌មាន និង​បណ្ដាញ​សង្គម ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​ប្រឆាំង​អ្នក​រិះគន់។

សារព័ត៌មាន​នៅ​ប្រទេស​ជប៉ុន​វិញ ក៏​មិន​បាន​រំលង​ព្រឹត្តិការណ៍​នេះ​ដែរ។ ទស្សនាវដ្ដី ណៃគែ អេស៊ាន រីវ្យូ (Nikkei Asian Review) បាន​ចុះផ្សាយ​ថា នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ លោក ហ៊ុន សែន ហាក់​កាន់តែ​ខឹងសម្បា​ចំពោះ​អ្នក​រិះគន់ ហើយ​លោក និង​អ្នក​គាំទ្រ​របស់​លោក ពេល​ខ្លះ​មិន​ពេញចិត្ត​សារព័ត៌មាន​បរទេស និង​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​សរសេរ​រិះគន់​រដ្ឋបាល​របស់​លោក។

នៅ​ទីក្រុង​ហុងកុង ឯ​នោះ​វិញ កាសែត ស៊ោត ឆៃណា ម៉រនីញ ប៉ុស្ដិ៍ (South China Morning Post) បាន​កត់សម្គាល់​ថា បទបញ្ជា​ថ្មី​របស់​ក្រសួង​ព័ត៌មាន​កម្ពុជា កើត​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដាក់​សម្ពាធ​ផ្នែក​ផ្លូវ​ច្បាប់​លើ​អ្នក​រិះគន់ និង​គូប្រកួត​នយោបាយ​របស់​ខ្លួន។

កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) នៅ​ប្រទេស​ថៃ ក្បែរ​ខាង​កម្ពុជា ផ្ដោត​ការ​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ដែរ។ បាងកក​ប៉ុស្តិ៍ កត់​សម្គាល់​ឃើញ​ថា ខណៈ​រដ្ឋបាល​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រមាន​ពី​ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រឹងរូស​មិន​សរសេរ​គោរមងារ​ពេញ​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​អាសនៈ​ជា​ច្រើន​នៅ​រដ្ឋសភា បាន​កែប្រែ​យុទ្ធសាស្ត្រ​យក​ចិត្ត (public relation) យ៉ាង​គំហុក។ បាងកក ប៉ុស្ដិ៍ គូស​បញ្ជាក់​ពី​ការ​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន ដើម្បី​អន្ទង និង​បន្ទន់ចិត្ត​ប្រជាជន ពិសេស​យុវជន។

ក្នុង​ទ្វីប​អាស៊ី​ដែរ គឺ​នៅ​ប្រទេស​នេប៉ាល់ កាសែត កាត្មាន់ឌូ ប៉ុស្ដិ៍ (Kathmandu Post) បាន​រាយការណ៍​ថា បទបញ្ជា​របស់​ក្រសួង​ព័ត៌មាន​កម្ពុជា គឺ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញ​ការ​គោរព​ដល់​មេដឹកនាំ​កំពូលៗ ហើយ​កាត្មាន់ឌូ ប៉ុស្ដិ៍ បន្ថែម​ទៀត​ថា គោរមងារ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជាន់​ខ្ពស់ គឺ​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដែល​មាន​ទំនោរ​លើក​ជើង​រដ្ឋាភិបាល ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​រួច​ទៅ​ហើយ។

លើស​ពី​នេះ កាសែត​ចាស់​វស្សា ឈ្មោះ ហ្វៃណាន់ស្យល ថែមស៍ (Financial Times) បាន​រំលឹក​ថា ការ​ទាមទារ​ប្រើ​គោរមងារ​នេះ ស្រដៀង​ទៅ​នឹង​ស្ថានភាព​នៅ​ប្រទេស​កូរ៉េខាង​ជើង ដែល​ប្រកាន់​របប​ផ្ដាច់ការ។ ហ្វៃណាន់ស្យល ថែមស៍ អះអាង​ថា មេដឹកនាំ​ស្ថាបនិក​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ីល (Kim Jong Il) បាន​បញ្ជា​ឲ្យ​ប្រើ​គោរមងារ​ផ្លូវការ​របស់​លោក​ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា "មគ្គុទ្ទេសក៍​កាំ​រស្មី​ព្រះអាទិត្យ និង​សេនាបតី​ប្រកប​ដោយ​កិត្តិយស​ដែល​ធ្លាក់​ចុះ​មក​ពី​ឋាន​សួគ៌"។

វ៉ាស៊ីនតោន ប៉ុស្ដិ៍ បាន​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​មេដឹកនាំ​តែ​ម្នាក់​គត់​លើ​ពិភពលោក ដែល​ស្រលាញ់​គោរមងារ​ខ្លួន​ហួសហេតុ និង​ចូល​ចិត្ត​ឲ្យ​គេ​បញ្ចោរ​សរសើរ។

ទោះ​បី​យ៉ាង​ណា សារព័ត៌មាន​នៅ​ប្រទេស​មួយ​ចំនួន​នៅ​ប្រទេស​វៀតណាម (Vietnam) កាតារ (Qatar) អាហ្វ្រិក​ខាងត្បូង (South Africa) មិន​បាន​ចាប់​អារម្មណ៍​ផ្សាយ​ព័ត៌មាន​ពី​ការ​ព្រមាន​របស់​ក្រសួង​ព័ត៌មាន​កម្ពុជា ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ប្រើ​គោរមងារ​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា នោះ​ឡើយ។

សព្វថ្ងៃ បុគ្គល ឬ​អ្នក​នយោបាយ​ដែល​មាន​គោរមងារ​សម្ដេច មាន​ដូចជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​គោរមងារ​ជា សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន មាន​គោរមងារ​ជា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ មាន​គោរមងារ​ជា សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​គោរមងារ​ជា សម្ដេច​ក្រឡាហោម ស ខេង។

ក្រសួង​ព័ត៌មាន ទុក​ពេល​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​រហូត​ដល់​ចុង​ខែ​មិថុនា ពិចារណា​ពី​ការ​ប្រើ ឬ​មិន​ប្រើ​គោរមងារ​សម្ដេច សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មាន​គោរមងារ​ជា​សម្ដេច នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន ក៏ប៉ុន្តែ​មិន​ទាន់​បង្ហាញ​ពី​ចំណាត់​ការ​ជាក់លាក់​ប្រឆាំង​នឹង​ស្ថាប័ន​ដែល​មិន​អនុវត្ត​តាម​បទបញ្ជា៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>