ដោយ ម៉ែន សុធីរ RFA 2016-05-15
ពលរដ្ឋ ៣គ្រួសាររស់នៅឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ ចោទមន្ត្រីយោធាម្នាក់ថារំលោភដីធ្លីពួកគាត់។ មន្ត្រីយោធានោះបានយកគ្រឿងចក្រឈូសឆាយដំណាំដំឡូង និងដកបង្គោលរបងកំណត់ព្រំដីពួកគាត់កាលពីដើមខែមេសា។
ពលរដ្ឋ ៣គ្រួសាររស់នៅភូមិគ្រញូងសែនជ័យ ឃុំឃ្សឹម ស្រុកស្នួល កំពុងស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ករណីមន្ត្រីយោធាម្នាក់ឈ្មោះ បេប៊ុន ម៉េងលាង បំពានដីធ្លីពួកគាត់ជាង ៣ហិកតារ ដែលពួកគាត់កំពុងអាស្រ័យផលដើម្បីប្រើប្រាស់ជាសម្បត្តិឯកជន។
តំណាងពលរដ្ឋរស់នៅឃុំឃ្សឹម ស្រុកស្នួល លោកស្រី ឡេង វន្នី ចោទប្រកាន់ថា មន្ត្រីយោធាម្នាក់ឈ្មោះ បេប៊ុន ម៉េងលាង និងបក្ខពួកមួយចំនួនទៀត មានចេតនារំលោភដីធ្លីរបស់ពួកគាត់ដែលគ្រប់គ្រងតាំងពីឆ្នាំ២០០៣។ លោកស្រីមិនដឹងថា លោក បេប៊ុន ម៉េងលាង ជាមន្ត្រីយោធានៅអង្គភាពណាទេ បើក្រៅពីអ្នកភូមិភាគច្រើនបានស្គាល់ថាជាយោធា។
លោកស្រីថា ពលរដ្ឋបីគ្រួសារមានដីប្រភេទដីចម្ការចាប់ពី ១ហិកតារដល់ជិត ២ហិកតារ មានដំណាំដំឡូងមី និងមានប្លង់កម្មសិទ្ធិ ដែលក្រុមនិស្សិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាស់វែងកាលពីឆ្នាំ២០១៣។ លោកស្រីថា បន្ទាប់ពីមន្ត្រីយោធានោះបានរំលោភយក ពលរដ្ឋបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរស្រុកស្នួល កាលពីដើមខែមេសា តែរហូតបច្ចុប្បន្ន ពុំមានចំណាត់ការនៅឡើយ៖ «ខ្ញុំមានប្លង់កាន់នឹងដៃប៉ុណ្ណឹងហើយ ខាងស្រុកគាត់ដោះស្រាយមិនបាន អ្នកយកវាមិនមែនមើលងាយត្រឹមខ្ញុំទេ វាមើលងាយដល់សម្ដេចនាយកដែលគាត់ចេញប្លង់ឲ្យយើងកាន់។ ចឹងប្លង់ហ្នឹងមានន័យអី»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក បេប៊ុន ម៉េងលាង ដើម្បីសុំបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេនៅថ្ងៃទី១៤ ឧសភា ព្រោះទូរស័ព្ទហៅចូលច្រើនដងពុំមានអ្នកទទួល។
អភិបាលរងស្រុកស្នួល លោក សាន់ ណាល់ ឲ្យដឹងថា លោកពុំទាន់ទទួលពាក្យបណ្ដឹងករណីនេះនៅឡើយ ប៉ុន្តែយ៉ាងណា លោកថាប្រសិនបើដីពលរដ្ឋមានប្លង់កម្មសិទ្ធិ ឬប្លង់រឹង បើបុគ្គលណារំលោភ គឺជាទង្វើល្មើសច្បាប់ ហើយពលរដ្ឋត្រូវប្ដឹងទៅតុលាការ ប្រសិនបើអាជ្ញាធរមិនអាចសម្របសម្រួលរឿងនោះបាន៖ «គេមានប្លង់កម្មសិទ្ធិ ហើយដីរបស់គេហើយ បើមានដំណាំនៅលើហ្នឹង ក៏ដីអ្នកកាន់ប្លង់ហ្នឹងដែរ យើងមានអីត្រូវទៅយកកើត»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខេត្តក្រចេះ លោក ឌិន ខន្នី លើកឡើងថា ប្រសិនបើបុគ្គលណារំលោភដីពលរដ្ឋមានប្លង់កម្មសិទ្ធិស្របច្បាប់ គឺជាទង្វើល្មើសច្បាប់។ លោកបញ្ជាក់ថា ខ្លឹមសារច្បាប់ភូមិបាល ពលរដ្ឋមានប្លង់កម្មសិទ្ធិស្របច្បាប់ពុំអាចមានបុគ្គលណាម្នាក់ដកហូតបានទេ បើពុំមែនជាប្រយោជន៍សាធារណៈ៖ «មានប្លង់ឆ្លងកាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់អស់ហើយ បានអាចចេញប្លង់បាន។ បើសិនជាមានប្លង់ហើយ មានបុគ្គលណាយក មានន័យថា គាត់រំលោភអំណាចរបស់អាជ្ញាធរ»។
ច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា៥ និងមាត្រា២៦១ ចែងថា គ្មានបុគ្គលណាម្នាក់ត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែនដើម្បីផលប្រយោជន៍សាធារណៈ។ ការដកហូតផលប្រយោជន៍សាធារណៈ គឺស្របតាមបញ្ញត្តិច្បាប់ដោយមានសំណងសមរម្យ និងយុត្តិធម៌។ មន្ត្រីអាជ្ញាធរប្រើអំណាចដកហូតដីពីអ្នកកាន់កាប់ដោយសន្តិភាព ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ដល់ ២៥លានរៀល និងត្រូវទទួលទោសរដ្ឋបានថែមទៀត៕