Quantcast
Viewing all articles
Browse latest Browse all 40045

សិស្ស​នៃ​សាលា​បឋម​សិក្សា​ខិះ​ក្រោម​នៅ​ស្រុក​សៀមប៉ាង​ខេត្ត​ស្ទឹងត្រែង​ខ្វះ​បន្ទប់​រៀន

Image may be NSFW.
Clik here to view.
សិស្ស​ពីរ​ថ្នាក់​រៀន​ក្នុង​បន្ទប់​តែ​មួយ​នៅ​សាលា​បឋម​សិក្សា​ខិះ​ក្រោម ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr


ដោយ ម៉ែន សុធីរ RFA 2016-05-01

គ្រូបង្រៀន​នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បារម្ភ​ពី​ការ​បោះ​បង់​ការ​សិក្សា​របស់​កុមារ បន្ទាប់​ពី​សាលា​បឋម​សិក្សា​នៅ​មូលដ្ឋាន មិន​មាន​បន្ទប់​សិក្សា​គ្រប់គ្រាន់។ ចំណែក​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បឋម ភាគ​ច្រើន​ក៏​ពុំ​អាច​បន្ត​ការ​សិក្សា​បាន ដោយសារ​អនុវិទ្យាល័យ​នៅ​ឆ្ងាយ។

ក្រុម​គ្រូបង្រៀន​នៃ​សាលា​បឋម​សិក្សា​ខិះ​ក្រោម នៃ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង នៅ​ថ្ងៃ​ទី​១ ឧសភា អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ពិនិត្យ​លទ្ធភាព​តម្រូវ​ការ​សិក្សា​របស់​សិស្ស បន្ទាប់​ពី​ចំនួន​សិស្ស​កាន់​តែ​កើន​ឡើង។

គ្រូបង្រៀន​ម្នាក់ គឺ​លោក ជា ផានិត បារម្ភ​ថា មាន​ឧបសគ្គ​ច្រើន​ដែល​រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស ខណៈ​បន្ទប់​សិក្សា​មិន​អាច​បំពេញ​ភាព​ងាយ​ស្រួល​ដល់​សិស្ស។ លោក​ថា ថ្នាក់​រៀន​នៃ​សាលា​បឋម​សិក្សា​ខិះ​ក្រោម មាន ៦​ថ្នាក់ ប៉ុន្តែ​បន្ទប់​សិក្សា​មាន​តែ ៣​បន្ទប់ មិន​គ្រប់គ្រាន់​សម្រាប់​ការ​សិក្សា​របស់​សិស្ស​ទេ។ បញ្ហា​នេះ ជំរុញ​ឲ្យ​សិស្ស​រៀន​លាយឡំ​គ្នា ឬ​រៀន​បញ្ចូល​គ្នា​រវាង​ថ្នាក់​ទី​២ និង​ទី​៤។

លោក​ប៉ាន់ស្មាន​ថា មាន​កុមារ​ប្រមាណ ៥០​ភាគរយ​ក្នុង​ចំណោម​កុមារ​សរុប អាច​បោះ​បង់​ការ​សិក្សា​ត្រឹម​ថ្នាក់​បឋម ព្រោះ​អនុវិទ្យាល័យ​ឆ្ងាយ​ពី​ភូមិ​ជាង ២០​គីឡូម៉ែត្រ និង​មាន​ឧបសគ្គ​ច្រើន​ធ្វើ​ឲ្យ​ពួក​គេ​លំបាក​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន៖ «យើង​បង្រៀន​ផ្គួប​ចូល​គ្នា​ទៅ សិស្ស​វា​អត់​សូវ​យល់​ដែរ។ យើង​បង្រៀន​ខាង​នេះ​ហើយ ងាក​មក​បង្រៀន​ខាង​នេះ​ទៀត។ ក៏​សូម​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល ជួយ​បង្កើត​សាលា​ថ្ម​មួយ​ខ្នង​អី​ទៅ ដើម្បី​បាន​សិស្ស​នៅ​ភូមិ​នេះ​បាន​រៀន​ទាំងអស់​គ្នា»។

នាយក​សាលា​នៃ​សាលា​បឋម​សិក្សា​ខិះ​ក្រោម លោក កើត សុភាព បារម្ភ​ដែរ​ថា បញ្ហា​ខ្វះ​បន្ទប់​សិក្សា និង​ខ្វះ​សាលា​រៀន គឺ​ជា​ឧបសគ្គ​ចម្បង​ដែល​ធ្វើ​ឲ្យ​សិស្ស​ងាយ​នឹង​បោះ​បង់​ការ​សិក្សា។ លោក​ថា ប្រសិន​បើ​ក្រសួង​អប់រំ និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​តែ​ពន្យារ​ពេល​កសាង​សាលា​រៀន​បន្ថែម នឹង​បង្ក​ការ​លំបាក​ដល់​លោកគ្រូ​អ្នកគ្រូ និង​សតិ​អារម្មណ៍​របស់​សិស្ស ហើយ​អាច​រាំង​ស្ទះ​ដល់​ការ​សិក្សា​របស់​ពួក​គេ៖ «បង្រៀន​ថ្នាក់​ផ្គួប​មាន​ន័យ​ថា យើង​បង្រៀន​ថ្នាក់​ទី​១ ផង បង្រៀន​ថ្នាក់​ទី​៣ ផង»។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន មាន​ប្រសាសន៍​ថា តំបន់​ដាច់​ស្រយាល ក្រសួង​បាន​កំណត់​ទិសដៅ​ជា​អាទិភាព ហើយ​ក្រសួង​ក៏​កំពុង​ដំណើរ​ការ​អភិវឌ្ឍ​ទៅ​តាម​កម្រិត​កញ្ចប់​ថវិកា​ជាតិ។ លោក​បញ្ជាក់​ថា នៅ​ពេល​ទទួល​ព័ត៌មាន​នេះ ក្រសួង​នឹង​ពិនិត្យ​រាល់​ព័ត៌មាន​ដែល​មន្ទីរ​អប់រំ​ខេត្ត ធ្វើ​ជា​របាយការណ៍​មក​ក្រសួង៖ «យន្តការ​នេះ គឺ​ជា​យន្តការ​ស្នើសុំ​តាម​រយៈ​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ទាំងអស់ ហើយ​យើង​ពិនិត្យ​ទៅ​តាម​អាទិភាព​ចាំបាច់​ជាង​គេ ហើយ​ទៅ​តាម​កម្រិត​នៃ​ថវិកា​ជាតិ»។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​បញ្ជាក់​ថា ការ​ចុះ​វាយ​តម្លៃ​ផល​ប៉ះពាល់​ជាក់ស្តែង អំពី​បញ្ហា​ខ្វះ​សាលា​រៀន​នៅ​តំបន់​ដាច់​ស្រយាល​របស់​ស្ថាប័ន​ជំនាញ ហាក់​មិន​ផ្តល់​របាយការណ៍​គ្រប់​ជ្រុងជ្រោយ និង​អាច​រើសអើង​និន្នាការ​នយោបាយ។ បញ្ហា​នេះ អ្នកស្រី​បារម្ភ​ថា អាច​ជា​ឧបសគ្គ​ច្រើន​ប៉ះពាល់​ការ​ទទួល​បាន​ការ​អប់រំ​របស់​កុមារ ឬ​យុវជន​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ដាច់​ស្រយាល ដែល​នឹង​រុញ​ច្រាន​ឲ្យ​ពួក​គេ​បោះបង់​ការ​សិក្សា៖ «សូម​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​ពិចារណា​ម្តង​ទៀត​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​សម្រាប់​ទាំងអស់​គ្នា។ ត្រូវ​តែ​មើល​ទៅ​ដល់​តំបន់​ដាច់​ស្រយាល ត្រូវ​មើល​ទៅ​ដល់​ជីវភាព​របស់​គ្រូបង្រៀន និង​មើល​ទៅ​ដល់​តម្រូវ​ការ​សិស្ស​នៅ​តាម​សាលា»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា បញ្ហា​ខ្វះ​សាលា​រៀន ក្រសួង​អប់រំ ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​ផ្គត់ផ្គង់​ការ​សិក្សា​របស់​សិស្ស និង​ដើម្បី​ទប់ស្កាត់​អត្រា​ការ​បោះ​បង់​ការ​សិក្សា​របស់​សិស្ស។ លោក​ផ្តល់​ទស្សនៈ​ថា ក្រសួង​អប់រំ ត្រូវ​បង្កើន​ល្បឿន​នៃ​ការ​លើក​ទឹក​ចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​នៅ​តំបន់​ដាច់​ស្រយាល ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​រស់នៅ​ដោយ​ងាយ​ស្រួល៖ «គេ​រក​ឃើញ​ថា​មាន​សិស្ស​ដែល​ឡើង​មក​ថ្នាក់​ទី​៣ ហើយ មាន​ភាគរយ​ខ្ពស់​ដែល​មិន​ទាន់​ចេះ​អាន និង​ចេះ​សរសេរ​ហ្នឹង»។

សាលា​បឋម​សិក្សា​ខិះ​ក្រោម កសាង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០១៣ ធ្វើ​អំពី​ឈើ​មាន ៣​បន្ទប់ មាន​ថ្នាក់​រៀន​ចំនួន​៦ និង​មាន​សិស្ស​សិក្សា​ចំនួន ១០៩​នាក់៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>