Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​៥​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​កូន​មេ​ភូមិ​ដូង​ថា​កាប់​ទន្ទ្រាន​ដី​ព្រៃ

$
0
0
ដោយ ម៉ែន សុធីរ RFA 2016-10-30

ពលរដ្ឋ ៥​គ្រួសារ​រស់នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចោទ​កូន​មេ​ភូមិ​ដូង ថា​ប្រើ​អំណាច​របស់​ឪពុក​ដែល​ជា​មេ​ភូមិ កាប់​ទន្ទ្រាន​ព្រៃ​ឈើ​រាន​យក​ដី​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​អស់​រាប់​សិប​ហិកតារ។ អ្នក​ភូមិ​ថា ការ​កាប់​ទន្ទ្រាន​នោះ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ដីធ្លី​អាស្រ័យ​ផល​ពលរដ្ឋ ៥​គ្រួសារ​ផ្សេង​ទៀត។

ពលរដ្ឋ​រស់នៅ​ភូមិ​ដូង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ នៅ​ថ្ងៃ​ទី​៣០ តុលា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គេ​ជាង ១០​ហិកតារ ដែល​កូន​មេ​ភូមិ​ដូង លោក សាន់ ថុន រំលោភ​យក។ អ្នក​ភូមិ​ថា កូន​មេ​ភូមិ​រូប​នោះ​បាន​ជួល​កម្មករ​កាប់​ទន្ទ្រាន​ព្រៃ​ហ៊ុមព័ទ្ធ​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ បង្ក​រាំង​ស្ទះ​ច្រក​ចេញ​ចូល​ស្រែ​ចម្ការ​របស់​ពួក​គេ​ទៀត​ផង។

តំណាង​ពលរដ្ឋ លោក នៃ បឺន ឲ្យ​ដឹង​ថា កូន​ប្រុស​មេ​ភូមិ​ដូង បាន​ជួល​កម្មករ​ជិត ១០​នាក់​បោះ​តង់​ក្នុង​ព្រៃ ដើម្បី​កាប់​ព្រៃ​រាន​យក​ដី​ត្រង់​ចំណុច​រទេះ​តា​ឌុល​បាក់ តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ រហូត​មក អស់​ប្រហែល​ជាង ៥០​ហិកតារ។ លោក​ថា ក្រុម​កម្មករ​ទាំងនោះ​ប្រើប្រាស់​ម៉ាស៊ីន​អារ​ឈើ​ស្វ័យ​ប្រវត្តិ ឬ​ត្រង់សឺន័រ​ច្រើន​គ្រឿង សម្រុក​កាប់​ទន្ទ្រាន​ខ្លាំង​នៅ​ខែ​វស្សា។ លោក​បន្ថែម​ថា អ្នក​ភូមិ ៥​គ្រួសារ​បាន​ផ្ដិត​មេដៃ​ប្ដឹង​កូន​មេ​ភូមិ​រូប​នោះ ទៅ​មន្ត្រី​អធិការកិច្ច​នៃ​សាលា​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ដើម​ខែ​តុលា៖ «បាទ! វា​មិន​មាន​ទុក​ឲ្យ​វា​កាប់​ជុំវិញ​ចម្ការ​យើង អត់​មាន​ច្រក​ចេញ​វា​បិទ​ផ្លូវ ហើយ​ផ្លូវ​ខ្ញុំ​ទៅ​ស្រែ ដូចជា​ខ្ទម​ខ្ញុំ ហើយ​វា​កាប់​សង្គ្រុប​លើ​ខ្ទម​ទៀត»។

បុរស​ដដែល​បន្ត​ថា លោក សាន់ ថុន បាន​បាញ់​ថ្នាំ​ជា​សញ្ញា​សម្គាល់​ដី ដើម្បី​បង្ហាញ​ថា​ជា​ដី​របស់​ខ្លួន និង​កាង​ព្រៃ​ទុក​ច្រើន​តំបន់​សម្រាប់​ទុក​កាប់​រាន​យក​ដី​លក់ ហើយ​ដើម​ឈើ​មុខ​កាត់​មួយ​តឹក​ឡើង​ទៅ ត្រូវ​គេ​ដុត​កម្ទេច​ចោល​ដើម្បី​ដាំ​ដំណាំ៖ «ស្ដាយ​ស្រណោះ​មែន​ទែន បើ​កុំ​ឲ្យ​កាប់​ទុក​ធម្មជាតិ​របស់​វា យើង​គ្រាន់​កាប់​លក្ខណៈ​គ្រួសារ​របស់​យើង កុំ​ឲ្យ​វា​រុក​រាន​ខ្លាំង ហើយ​សំខាន់​ដូចជា​ដើម​ឈើ​ស្អាតៗ​ដូចជា​សុក្រំ ស្រឡៅ កកោះ អី​កាប់​រួច​គេ​ដុត​ចោល»។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​កូន​មេ​ភូមិ​ដូង លោក សាន់ ថុន ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ តុលា។ ចំណែក​មេ​ឃុំ​កាំងចាម លោក ឃឹម សុខា ក៏​មិន​អាច​ទាក់ទង​បាន។

ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​មិន​ទាន់​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ទេ។ តែ​យ៉ាង​ណា​លោក​ថា បុគ្គល​ណា​ក៏ដោយ​ឲ្យ​តែ​ពាក់ព័ន្ធ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ខុស​ច្បាប់ គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ទន្ទឹម​នឹង​នេះ ប្រសិន​បើ​ការ​កាប់​ទន្ទ្រាន​នោះ​ប៉ះពាល់​ដល់​ដី​ក្បាល​ស្រែ​ពលរដ្ឋ គឺ​ត្រូវ​ប្រគល់​ជូន​អ្នក​ភូមិ​វិញ៖ «ធម្មតា​ពាក្យ​បណ្ដឹង​ទៅ យើង​ចង់​ដាក់​តាម​អាជ្ញាធរ​ភូមិ-ឃុំ ហើយ​បើ​ប្ដឹង​តាម​មេ​ភូមិ ប្រាកដ​ជា​កប់​ចោល​ហើយ។ អ៊ីចឹង​សូម​មក​ឃុំ​មក។ បើ​ដាក់​មក​ស្រុក​តាម​រយៈ​ឃុំ​មក ហើយ​បើ​ស្រុក​យើង​បាន​ឯកសារ​ហ្នឹង យើង​នឹង​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​បញ្ជាក់​ថា សមាគម​អាដហុក បាន​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​ផ្ទាល់​រក​ឃើញ​ថា ដី​នៅ​តំបន់​នោះ​ពិត​ជា​រង​ការ​កាប់​ទន្ទ្រាន​មែន។ លោក​ថា ក្រុម​ការងារ​អធិការកិច្ច​ខេត្ត​ស្ទឹងត្រែង ក៏​ចុះ​ស្រាវជ្រាវ​រឿង​នេះ​ដែរ តែ​ពុំ​ទទួល​លទ្ធផល។ លោក​រក​ឃើញ​ថា បុគ្គល​ដែល​កាប់​ទន្ទ្រាន​នោះ បាន​ប្រើ​តួនាទី​របស់​មេ​ភូមិ ដើម្បី​ដាក់​សម្ពាធ​ដល់​អ្នក​ភូមិ​នៅ​តំបន់​នោះ។ លោក ហូ សំអុល ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​កំពុង​រងគ្រោះ ដើម្បី​ស្រោចស្រង់​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ៖ «ប្រសិន​បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ព្រៃ​ឈើ​យើង​វា​កាន់​តែ​ហិនហោច ហើយ​វា​កាន់​តែ​បាត់បង់​ទៅ​អស់​ហើយ។ អ្នក​ដែល​កាប់​ហ្នឹង វា​ពាក់ព័ន្ធ​គំរាម​ប្រាប់​ពលរដ្ឋ​ថា​មាន​ច្បាប់ តាម​ពិត​មាន​ច្បាប់​មក​ពី​ណា»។

លោក ហូ សំអុល បារម្ភ​ថា ការ​បំផ្លាញ​ព្រៃ​ឈើ នឹង​គ្មាន​ទី​បញ្ចប់​ទេ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ប្រកាន់​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ ចាត់​ទុក​ជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ១០០​លាន​រៀល៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>