Quantcast
Viewing all articles
Browse latest Browse all 40045

សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ភ្នំពេញ​នឹង​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​២៦

Image may be NSFW.
Clik here to view.
សហគមន៍​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​តំបន់​បឹងកក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ដោយ ថា កិត្យា RFA 2016-10-30

សហគមន៍​ជម្លោះ​ដីធ្លី​តំបន់​បឹងកក់ និង​បុរីកីឡា នឹង​រៀបចំ​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​សហគមន៍​របស់​ពួក​គេ នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​តុលា។ តំណាង​សហគមន៍​មើល​ឃើញ​ថា អាជ្ញាធរ​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់ និង​ដោះស្រាយ​កង្វល់​របស់​ពួក​គេ​ឡើយ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ព្យាយាម​រារាំង​មិន​ឲ្យ​សហគមន៍​បឹងកក់​រៀបចំ​យុទ្ធនាការ​នេះ។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​សប្ដាហ៍​ទី​២៦ នេះ គឺ​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា និង​សហគមន៍​បឹងកក់ នឹង​ប្រារព្ធ​ពិធី​ដោយ​មាន​រូបភាព​ខុស​គ្នា​កាល​ពី​សប្ដាហ៍​មុនៗ ដោយ​ពួក​គេ​រៀបចំ​ធ្វើ​នៅ​សហគមន៍​របស់​ពួក​គេ​រៀងៗ​ខ្លួន ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​សកម្មជន​បឹងកក់ ព្រម​ទាំង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា ក្រុម​ពលរដ្ឋ​បឹងកក់ នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​តុលា នៅ​ម្ដុំ​បឹងកក់ ដោយ​មាន​សកម្មភាព​តវ៉ា និង​លើក​ស្លាក​រាប់​ចំនួន​ថ្ងៃ​ដែល​តំណាង​របស់​ពួក​គេ​មួយ​រូប គឺ​អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន ព្រម​ទាំង​រាប់​ចំនួន​ថ្ងៃ​ឃុំ​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​ផង​ដែរ៖ «ស្អែក​យើង​មាន​ផ្ទាំង​ខ្មៅ​ពីរ​ផ្ទាំង ដោយ​មួយ​ចំហៀង​យើង​ដាក់​រូប​សង្គម​ស៊ីវិល​ដែល​ជាប់​គុក​ទាំង ៥​នាក់ ហើយ​មួយ​ចំហៀង​ទៀត​ខ្ញុំ​លើក​រូប​អ្នកស្រី ទេព វន្នី ហើយ​យើង​រាប់​ចំនួន​ថ្ងៃ​ដែល​ពួក​គាត់​ជាប់​ពន្ធនាគារ»។

ចំណែក​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា​វិញ ក៏​នឹង​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដែរ ប៉ុន្តែ​មិន​មាន​ទ្រង់ទ្រាយ​ធំ​ដូច​មុនៗ​ឡើយ។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន បញ្ជាក់​ថា ទោះ​បី​ជា​លំបាក​យ៉ាង​ណា ក៏​លោកស្រី​មិន​ព្រម​បោះបង់ ឬ​បញ្ឈប់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ឡើយ។ លោកស្រី​ព្រម​ឈប់ ប្រសិន​បើ​រដ្ឋាភិបាល​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ពួក​គាត់៖ «ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក (ADHOC) មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ព្រម​ទាំង​រក​ឃាតក​ដែល​សម្លាប់​លោក​បណ្ឌិត កែម ឡី បង្ហាញ​កាមេរ៉ា​សុវត្ថិភាព ហើយ​ដោះស្រាយ​ដីធ្លី​ដែល​នៅ​សេសសល់»។

យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ផ្ដួចផ្ដើម​ឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ដោយ​យក​ថ្ងៃ​ច័ន្ទ​ជា​ថ្ងៃ​ធ្វើ​យុទ្ធនាការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ។ ថ្ងៃ​ច័ន្ទ​តំណាង​ឲ្យ​ថ្ងៃ​ដែល​សកម្មជន​សិទ្ធិ​អង្គការ​អាដហុក (ADHOC) ៤​រូប មាន​អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក យី សុខសាន្ដ លោក នី សុខា និង​អគ្គលេខាធិការ​រង​របស់ គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​តុលាការ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ពី​បទ​សូកប៉ាន់​សាក្សី​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ជាមួយ​លោក កឹម សុខា ហើយ​ពណ៌​ខ្មៅ​តំណាង​ឲ្យ​សញ្ញា​ប្រកាស​អាសន្ន​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

ជា​រឿយៗ អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយ​ព្រមាន​មិន​ឲ្យ​ចូលរួម​សកម្មភាព​នេះ​ទៀត។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា សម្ដែង​ការ​សោកស្ដាយ​ដែល​អាជ្ញាធរ ជាពិសេស​រដ្ឋាភិបាល មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់ និង​ដោះស្រាយ​ទុក្ខ​កង្វល់​នានា​ដែល​ពួក​គាត់​លើក​ឡើង។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ និង​រដ្ឋាភិបាល បាន​ចោទ​ប្រកាន់ និង​ដាក់​សម្ពាធ​លើ​ពួក​គាត់​បន្ថែម​ទៀត៖ «ពួក​យើង​ប្រៀប​ដូចជា​កូន​មួយ​ដែល​កើត​មក​ត្រូវ​បាន​គេ​បោះបង់​ចោល ហើយ​ម៉ែ​ឪ​មើល​មក​កូន​ខ្លួន​ប្រៀប​ដូច​សត្រូវ ដូច្នេះ​ពិត​ជា​លំបាក​មែន​ទែន​សម្រាប់​ពួក​ខ្ញុំ»។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​រារាំង និង​ការ​ចោទ​ប្រកាន់​លើ​អ្នក​ប្រារព្ធ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ថា​ធ្វើ​បដិវត្ត​ពណ៌​រហូត​ឈាន​ដល់​ចាប់​ខ្លួន​សកម្មជន​បឹងកក់ អ្នកស្រី ទេព វន្នី ជាដើម​នោះ គឺ​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​រដ្ឋាភិបាល​ច្រើន ហើយ​បណ្ដា​ប្រទេស​ម្ចាស់​ជំនួយ ក៏​បន្ថែម​លក្ខខណ្ឌ​លើ​កម្ពុជា ដែរ។ ដូច្នេះ​គ្មាន​ចំណុច​ណា​ចំណេញ​សម្រាប់​រដ្ឋាភិបាល​ឡើយ។ លោក អំ សំអាត ស្នើ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ ពិចារណា​លើ​បញ្ហា​ទាំងអស់​នេះ​ឡើង​វិញ៖ «គោល​នយោបាយ​ឈ្នះៗ​ដែល​គណបក្ស​ប្រជាជន ធ្លាប់​តែ​ប្រើប្រាស់ គួរ​តែ​ដល់​ពេល​ពិចារណា​ដែរ ពីព្រោះ​បើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​តុលាការ​រក​មិន​ឃើញ​អ្វី​ខុស​ទេ គួរ​តែ​ដោះលែង​ឲ្យ​មាន​សេរីភាព ហើយ​បង្កើន​ការ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ហើយ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា បាន​ន័យ​ថា ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​ភាព​គ្នា»។

ក្រុម​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភ្នំពេញ ប្រកាស​ថា ពួក​គាត់​នឹង​នៅ​តែ​បន្ត​តវ៉ា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​មិន​ដោះស្រាយ​បញ្ហា​ដែល​ពួក​គាត់​កំពុង​ទាមទារ​ទេ​នោះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>