Image may be NSFW.
Clik here to view.
ដោយ សូត សុខប្រាថ្នា RFA 2016-10-30
អ្នកកាសែតនៅខេត្តកំពង់ធំ ៤នាក់ បារម្ភខ្លាចមានការចាប់ខ្លួន ក្រោយពេលពួកគេទទួលបានដីកាកោះហៅឲ្យចូលបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី៣១ តុលា ពីបទបរិហារកេរ្តិ៍តាមសារព័ត៌មាន។
ពួកគេអះអាងថា មិនបានធ្វើខុសវិជ្ជាជីវៈឡើយ ប៉ុន្តែចេះតែខ្លាចអ្នកមានប្រាក់ឃុបឃិតគ្នាជាមួយតុលាការ ដើម្បីធ្វើបាបអ្នកកាសែត។ មន្ត្រីអង្គការសង្គមស៊ីវិលនៅក្នុងខេត្តមើលឃើញថា ប្រសិនបើក្រុមអ្នកយកព័ត៌មានទាំងនោះបានធ្វើត្រឹមត្រូវទៅតាមវិជ្ជាជីវៈមែន ករណីកោះហៅនេះ គឺជាការគំរាមកំហែង។
អ្នកសារព័ត៌មាន ៤នាក់មកពីស្ថាប័នចំនួន៣ នៅខេត្តកំពង់ធំ រួមមានលោក ពៅ ប៊ុនថន អ្នករាយការណ៍ព័ត៌មាននៃស្ថាប័នជាតិខ្មែរតែមួយ លោក ប្រាក់ រ៉ាដេត និងលោក ជិន ម៉ន មកពីស្ថាប័នរស្មីឥសាន្ត និងលោក ប្រាក់ ថា មកពីស្ថាប័នទូរទស្សន៍ អឹម.អេស.ជេ (MSJ) ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី៣១ តុលា។
ពួកគេខ្លះសម្ដែងក្តីបារម្ភ ប៉ុន្តែខ្លះទៀតមិនសូវបារម្ភឡើយចំពោះការកោះហៅនេះ ពីព្រោះយល់ថា ខ្លួនមិនបានធ្វើខុសទៅនឹងវិជ្ជាជីវៈអ្នកសារព័ត៌មានទេ ព្រោះនៅពេលពួកគេចុះយកព័ត៌មានស្ដីពីរថយន្តមួយគ្រឿងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសណ្ដាន់ ដោយគ្រាន់តែភ្ជាប់ការសង្ស័យថា រថយន្តក្រឡាប់នោះ គឺអាចជារថយន្តដឹកឈើរបស់ឈ្មួញ។
អ្នកកាសែតម្នាក់មកពីស្ថាប័នជាតិខ្មែរតែមួយ លោក ពៅ ប៊ុនថន ឲ្យដឹងថា កាលពីថ្ងៃទី១១ តុលា ក្រុមលោកបានចុះទៅយកព័ត៌មានស្ដីពីឡានក្រឡាប់នៅចំណុចឃុំទំរីង ស្រុកសណ្ដាន់ ប៉ុន្តែត្រូវអ្នកបើកបររថយន្តមិនអនុញ្ញាតឲ្យថតរូប ហើយថែមទាំងគំរាមកំហែងពួកលោកទៀតផង។ លោកដាក់ការសង្ស័យថា រថយន្តក្រឡាប់នោះ គឺអាចដឹកឈើចេញពីព្រៃឡង់ ពីព្រោះគេដឹងថា ម្ចាស់រថយន្តឈ្មោះ សេង កុកហៀង ហៅ តា៩៥ ដែលលោកអះអាងថាជាឈ្មួញរកស៊ីឈើនៅខេត្តកំពង់ធំ ម្យ៉ាងរថយន្តនោះ គឺរុំតង់បិទជិតទៀតផង។ ក្រោយពេលប្រមូលយកព័ត៌មានហើយ ខាងស្ថាប័នលោកមិនបានចុះផ្សាយទេ ប៉ុន្តែលោកបានបញ្ជូនរូបថត និងព័ត៌មានខ្លះទៅស្ថាប័នមួយទៀត ហើយគេក៏បានចុះផ្សាយដោយនិយាយថា ជារថយន្តដឹកឈើតែម្តង។ ក្រោយពេលចុះផ្សាយប៉ុន្មានថ្ងៃ ស្រាប់តែឃើញដីកាកោះហៅរូបលោកឲ្យចូលបំភ្លឺជុំវិញករណីបរិហារកេរ្តិ៍តាមសារព័ត៌មានទៅវិញ។ លោកហៅករណីនេះ ថាជាការគំរាមកំហែងដល់សិទ្ធិសេរីភាពអ្នកកាសែតច្រើនជាង៖ «ជាការគំរាមកំហែងកុំឲ្យអ្នកសារព័ត៌មានចេះតែដើរថតឡានឈ្មួញ ថៅកែធំៗខ្លាចបែកការណ៍ដល់ថ្នាក់លើអ៊ីចឹងបង»។
កាលពីថ្ងៃទី២៤ តុលា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា បានចេញដីកាកោះអញ្ជើញឈ្មោះ ពៅ ប៊ុនថន អ្នកសារព័ត៌មានជាតិខ្មែរតែមួយប្រចាំខេត្តកំពង់ធំ ឲ្យចូលទៅបំភ្លឺជុំវិញករណីបរិហារកេរ្តិ៍តាមសារព័ត៌មាន ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១១ តុលា នៅឃុំទំរីង ស្រុកសណ្ដាន់។
ក្រៅពីលោក ពៅ ប៊ុនថន ក៏មានអ្នកកាសែតបីរូបផ្សេងទៀត ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ធំ កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃតែមួយដែរ។
អ្នកកាសែតមកពីស្ថាប័នសារព័ត៌មានរស្មីឥសាន្ត លោក ប្រាក់ រ៉ាដេត បញ្ជាក់ថា លោកមិនសូវបារម្ភទេ ហើយលោកនឹងចូលទៅបំភ្លឺតាមការកោះហៅ ព្រោះលោកមិនបានធ្វើអ្វីខុសឡើយ សំខាន់ឲ្យតែតុលាការបំពេញការងារឯករាជ្យ៖ «បាទ! ចូលបំភ្លឺតាមការជាក់ស្តែងរបស់ខ្ញុំឃើញ»។
អាស៊ីសេរី មិនទាន់អាចទាក់ទងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា បានទេ នៅថ្ងៃទី៣០ តុលា។
មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ មានប្រសាសន៍ថា តាមច្បាប់សារព័ត៌មាន គឺទាមទារឲ្យមានការកែតម្រូវ ឬបកស្រាយឡើងវិញនូវអ្វីដែលភាគីមួយទៀតយល់ថា ការចុះផ្សាយនោះមិនត្រឹមត្រូវ ឬផ្សាយខុស៖ «អាហ្នឹងនិយាយឲ្យចំទៅ ច្បាប់ស្រុកខ្មែរយើង គឺស្តង់ដារពីរ បើយើងគិតមើលទៅ។ ទីមួយប្រសិនបើគេមានលុយមានតួនាទី មានលុយមានអំណាច បើគេនិយាយអីខុសក៏គ្មានការចោទប្រកាន់ទេ»។
លោកបន្ថែមថា ខាងអង្គការលីកាដូ ខេត្តកំពង់ធំ នឹងឃ្លាំមើលករណីនេះបន្តទៀត។ លោកគាំទ្ររាល់អ្នកសារព័ត៌មានទាំងឡាយណាដែលគោរពតាមវិជ្ជាជីវៈ ឬនាំយកព័ត៌មានពិតចែកជូនពលរដ្ឋឲ្យបានយល់ដឹង ប៉ុន្តែលោកមិនគាំទ្រឡើយចំពោះអ្នកកាសែតដែលធ្វើខុសទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា ការគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជារឿងសំខាន់ ពីព្រោះវាអាចការពារអ្នករាយការណ៍ព័ត៌មានទាំងអស់ឲ្យរួចផុតពីការចោទប្រកាន់ផ្សេងៗបាន។ បន្ថែមពីនេះ ប្រសិនបើមានការចោទប្រកាន់ គឺពួកគេអាចមានភស្តុតាងរឹងមាំដើម្បីតតាំងតាមផ្លូវច្បាប់ ហើយក្លឹបអ្នកកាសែតកម្ពុជា នឹងជួយពួកគាត់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។ លោកបន្តថា ករណីបែបនេះ គឺតែងតែកើតឡើងជារឿយៗ ប៉ុន្តែលោកមិនទាន់បានបូកសរុបរបាយការណ៍នៅឡើយ។ យ៉ាងនេះក្តី លោកសន្និដ្ឋានថា ឆ្នាំ២០១៦ ករណីបែបនេះអាចថយចុះជាងឆ្នាំមុនៗ៕