ដោយ ចេង ម៉េងជូ RFA 2016-05-16
សកម្មជនដីធ្លីចំនួន ៥នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៦ ឧសភា ក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស ៤នាក់ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលកំពុងជាប់ឃុំ។ ដោយសារការរឹតត្បិតមិនឲ្យមានការប្រមូលផ្ដុំនៅទីសាធារណៈ សកម្មជនមួយចំនួននៃសហគមន៍បឹងកក់ ធ្វើយុទ្ធនាការនេះនៅក្នុងបរិវេណសហគមន៍ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចរាប់សិបនាក់។
សកម្មជនដីធ្លីចំនួន ៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅម៉ោង ៨កន្លះព្រឹកថ្ងៃទី១៦ ឧសភា ខណៈពួកគេកំពុងប្រមូលផ្ដុំគ្នានៅចំណុចស្ដុបផ្សារដើមគ មុនពេលជួបជុំជាមួយសកម្មជនដីធ្លីជាង ៣០នាក់ទៀត ឆ្ពោះទៅពន្ធនាគារព្រៃស ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង ៥នាក់ក្នុងសំណុំរឿងនាង ខុម ចាន់តារាទី។
ក្នុងចំណោមសកម្មជនទាំង ៥នាក់ដែលត្រូវបានចាប់ខ្លួននោះ ៣នាក់មកពីសហគមន៍បុរីកីឡា រួមមានអ្នកស្រី ភោគ សុភីន អ្នកស្រី ង៉ូវ ណារី និងអ្នកស្រី យិន ស្រ៊ីន ហើយ ២នាក់ទៀត គឺអ្នកស្រី អ៊ីម ស្រីទូច ជាអតីតអ្នកភូមិបឹងកក់ ចាកចេញទាំងបង្ខំ និងអ្នកស្រី ច្រាយ នីម មកពីសហគមន៍ អេស.អូ.អេស (SOS)។
ក្រោយពេលចាប់ខ្លួន អ្នកស្រី ច្រាយ នីម ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក ថា សមត្ថកិច្ចបានសាកសួរអ្នកទាំង ៥នាក់ និងប្រាប់ឲ្យពួកគេធ្វើកិច្ចសន្យាឈប់តវ៉ាក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅតទៅទៀត៖ «»។
អ្នកស្រី ច្រាយ នីម ឲ្យដឹងថា ក្នុងចំណោមពួកគាត់ទាំង ៥នាក់នោះ មានម្នាក់ គឺអ្នកស្រី យិន ស្រ៊ីន វ័យ ៦៥ឆ្នាំ រងរបួសនៅពេលសមត្ថកិច្ចចាប់បង្ខំរុញឲ្យឡើងរថយន្តក្នុងពេលចាប់ខ្លួន៖ «»។
នៅមុខពន្ធនាគារព្រៃសវិញ មិនមានអ្នកតវ៉ាស្លៀកពាក់ខ្មៅណាម្នាក់ទៅដល់ទីនោះឡើយ ខណៈសមត្ថកិច្ចប្រមាណ ១០០នាក់ ដាក់កម្លាំងរាយប៉ាយការពារយ៉ាងតឹងរ៉ឹង។
ក្នុងយុទ្ធនាការនេះដែរ សកម្មជនដីធ្លីប្រមាណ២០ នៃសហគមន៍បឹងកក់ ជួបជុំគ្នាសម្ដែងមតិនៅក្នុងសហគមន៍ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចប្រមាណ ៦០នាក់។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា ការចូលរួមរបស់សកម្មជនបឹងកក់ ដោយការស្លៀកពាក់ខ្មៅ គ្រាន់តែជាសកម្មភាពសម្ដែងមតិគាំទ្រអ្នកដែលកំពុងជាប់ឃុំយ៉ាងអយុត្តិធម៌ទាំង ៥នាក់ប៉ុណ្ណោះ៖ «»។
ស្រដៀងគ្នានេះ នៅសហគមន៍បុរីកីឡាឯណោះវិញ ក៏មានសមត្ថកិច្ចប្រមាណ ៦០នាក់ឃ្លាំមើលសកម្មភាពរបស់សកម្មជនក្នុងសហគមន៍នោះដែរ។
ចំពោះការបង្ក្រាបនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បញ្ជាក់ថា ការចាប់ខ្លួនសកម្មជនទាំង ៥នាក់នោះ គឺយកទៅសាកសួរ ដោយសារពួកគេមិនបានជូនដំណឹងដល់សាលារាជធានីភ្នំពេញ៖ «»។
លោកអះអាងថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចទាំងនោះ គឺដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ ការពារមិនឲ្យមានបាតុភាពហិង្សាណាមួយកើតឡើងប៉ុណ្ណោះ។
ប៉ុន្តែអគ្គលេខាធិការអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ ចាត់ទុកចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ ថាជាការបំពានសិទ្ធិមនុស្ស៖ «»។
នេះជាលើកទីពីរហើយដែលសមត្ថកិច្ចបានបង្ក្រាបអ្នកតវ៉ា ក្នុងយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ដែលប៉ុនប៉ងប្រមូលផ្ដុំសម្ដែងមតិនៅមុខពន្ធនាគារព្រៃស តាមបទបញ្ជាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ឧសភា។ កាលពីថ្ងៃច័ន្ទ សប្ដាហ៍មុន សមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងដីធ្លី ៨នាក់ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុអប់រំអស់រយៈពេល ១ថ្ងៃពេញ ទើបដោះលែងវិញ៕
វីដេអូ៖ សកម្មជនដីធ្លីចំនួន ៥នាក់ត្រូវចាប់ខ្លួនក្នុងយុទ្ធនាការ ថ្ងៃច័ន្ទពណ៌ខ្មៅ