
ដោយ ថា កិត្យា RFA 2016-05-16
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបមិនចូលបំភ្លឺនៅតុលាការតាមកាលបរិច្ឆេទនៃការកោះហៅ នៅថ្ងៃទី១៦ ឧសភា នេះឡើយ។ តំណាងរាស្ត្របក្សប្រឆាំងចាត់ទុកថា ការកោះហៅរបស់តុលាការនេះ គឺបំពានធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ។ ចំណែកមន្ត្រីតុលាការ ថាកំពុងពិនិត្យលើនីតិវិធីដើម្បីធ្វើចំណាត់ការជាបន្ត។
ការកោះហៅតំណាងរាស្ត្របក្សប្រឆាំង ២រូប គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ឲ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា គឺពាក់ព័ន្ធនឹងអំពើពេស្យាចារក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា តំណាងរាស្ត្របក្សប្រឆាំងនៅតែរក្សាគោលជំហរដូចសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៤ ខែឧសភា។ សេចក្តីថ្លែងការណ៍នោះ បដិសេធមិនចូលបំភ្លឺឡើយ និងស្នើឲ្យបញ្ឈប់ការចេញដីកាទាំងនេះជាបន្ទាន់ ហើយគណបក្សចាត់ទុកដីកាកោះទាំងនោះ ថាជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ ដែលធានាការពារដោយមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ។
ដោយសំអាងលើអភ័យឯកសិទ្ធិ លោក អេង ឆៃអ៊ាង លើកឡើងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហាក់ដូចជាមិនបារម្ភពីវិធានការរបស់តុលាការឡើយ៖ «»។
កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏មិនចូលបំភ្លឺនៅតុលាការតាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍ដែរ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យវិទ្យុអាស៊ីសេរី ដឹងតាមបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) ថា ព្រះរាជអាជ្ញារងដែលចាត់ការលើសំណុំរឿងនេះ កំពុងពិនិត្យលើឯកសារ និងនីតិវិធីដើម្បីធ្វើចំណាត់ការជាបន្ត។
មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ហើយមិនត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនបានឡើយ លុះត្រាមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
រីឯសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ចុះថ្ងៃទី៥ ឧសភា បានបកស្រាយថា ការកោះហៅរបស់តុលាការក្នុងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជាដើម ចំពោះតំណាងរាស្ត្របក្សប្រឆាំងទាំងនេះ មិនមានចែងក្នុងមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដូចដែលបក្សប្រឆាំងបានលើកឡើងឡើយ។ សេចក្ដីថ្លែងការណ៍នោះបន្តថា មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ការពារតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ចំពោះកិច្ចនីតិវិធីចំនួន៤ តែប៉ុណ្ណោះ គឺការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន និងការឃុំខ្លួន។
អ្នកតាមដានស្ថានការណ៍នយោបាយ លោក កែម ឡី លើកឡើងថា ច្បាប់នៅកម្ពុជា មានលក្ខណៈស្មុគស្មាញ និងខ្វះស្ថាប័នឯករាជ្យបកស្រាយ។ លោកបន្ថែមថា បញ្ហាច្របូកច្របល់មួយទៀតនោះ គឺការបញ្ចូលកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការធំៗក្នុងបក្សនយោបាយ ដែលនាំឲ្យបាត់បង់ទំនុកចិត្តនៅពេលចាត់វិធានការលើតំណាងរាស្ត្រ ឬគណបក្សនយោបាយផ្សេងៗ៖ «»។
ស្ថានភាពនយោបាយមួយរយៈពេលចុងក្រោយនេះ ហាក់មានសភាពតានតឹងឡើងវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ ចាប់ឃុំខ្លួនមេឃុំមកពីគណបក្ស សម រង្ស៊ី ម្នាក់ មន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចំនួន ៤រូប មន្ត្រី គ.ជ.ប ១រូប និងចោទប្រកាន់មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ១រូប ពាក់ព័ន្ធការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលថារូបនាងត្រូវបានណែនាំឲ្យនិយាយភូតកុហកសមត្ថកិច្ច។
ទន្ទឹមគ្នានេះដែរ តំណាងរាស្ត្រ និងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនបំភ្លឺជាបន្តបន្ទាប់តាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍ និងពីបទពេស្យាចារ ក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះ ថាមានចរិតនយោបាយ និងជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដោយខុសនីតិវិធី ដើម្បីជាឧបករណ៍គំរាមកំហែងបង្កើតជាករណីព្រហ្មទណ្ឌ និងដាក់ទោសចំពោះសកម្មភាពស្របច្បាប់របស់មន្ត្រីការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ព្រមទាំងអ្នកនយោបាយបក្សប្រឆាំងផង៕