Quantcast
Viewing all articles
Browse latest Browse all 40045

"ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​២​ខែ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ដំណើរ​ការ​ល្អ"

Image may be NSFW.
Clik here to view.
ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ដោយ ដែន អយុធ្យា RFA 2016-11-05

មន្ត្រី​ពាក់ព័ន្ធ​ការងារ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី និង​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការងារ​បោះឆ្នោត​នា​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ មាន​រយៈពេល​ជាង ២​ខែ​កន្លង​ទៅ​នេះ គឺ​មាន​ដំណើរការ​ជា​ធម្មតា ឬ​មិន​មាន​បាតុភាព​ធំដុំ​កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា គឺ​មិន​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ទេ។

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រះសីហនុ លោក ហួត ផុន ផ្ដល់​សម្ភាសន៍​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី ដឹង​ថា ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦ គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា មិន​មាន​ពាក្យ​បណ្ដឹង​ពី​តំណាង​គណបក្ស​នយោបាយ​ផ្សេងៗ​ធំដុំ​ទេ។

បើ​ទោះ​ជា​យ៉ាង​ណា ក៏​មាន​បញ្ហា​ខ្លះៗ អាកាសធាតុ​នៅ​មូលដ្ឋាន​នេះ មាន​ភ្លៀង​ធ្លាក់​ជាប់​មិន​ដាច់​រយៈពេល ២​ខែ​មក​នេះ ជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​ចល័ត​ការិយាល័យ​បោះ​ឆ្នោត​ជាដើម។

លោក ហួត ផុន អះអាង​ថា គិត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ មាន​ដំណើរ​ការ​ល្អ និង​ទទួល​បាន​អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង ២៧​ការិយាល័យ ទូទាំង​ខេត្ត​ព្រះសីហនុ បាន​ចំនួន​សរុប​ជាង ៧៣​ភាគរយ​រួច​ហើយ៖ «ពុំ​មាន​បញ្ហា​អ្វី​កើត​ឡើង​ពី​ការងារ​ចុះបញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នេះ​ទេ ប៉ុន្តែ​យើង​មាន​បញ្ហា​ខ្លះ​ទៅ​លើ​ការ​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​មួយ​នៅ​លើ​កោះរ៉ុង គឺ​មាន​ភ្លៀង​ធ្លាក់ គឺ​មាន​ការ​លំបាក​ក្នុង​ការិយាល័យ​ការិយាល័យ​ចុះ​ឈ្មោះ​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​ផ្សេង​ទៀត»។

អ្នកស្រី ជៀប សុធារី មន្ត្រី​សង្កេតការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) និង​ជា​អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ។ អ្នកស្រី​ទទួល​ស្គាល់​ថា ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នៅ​មូលដ្ឋាន​នេះ មាន​ដំណើរ​ការ​រលូន។

អ្នកស្រី សុធារី អះអាង​ថា ពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​ខ្ពស់​ពី​សារប្រយោជន៍​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត ហើយ​ពួកគេ​បាន​ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន​ចំនួន​ច្រើន​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​នីមួយៗ ទូទាំង​ខេត្ត​ព្រះសីហនុ៖ «ការ​ចុះ​ឈ្មោះ​នេះ​គាត​សំគាល់​ថា មិន​កើត​មាន​វិវាទ​ធំដុំ​នោះ​ទេ ហើយ​គណបក្ស​នយោបាយ ដែល​បាន​ចុះ​ទៅ​សង្កេតការណ៍​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ ជា​អចិន្ត្រៃយ៍​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​នីមួយៗ គឺ​មាន​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា»។

ទោះ​ជា​បែប​នេះ​ក្តី ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក សុខ សាវ៉ាត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់​ថា ការងារ​ផ្សព្វផ្សាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់ គ.ជ.ប ឲ្យ​ពលរដ្ឋ​ទៅ​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ គឺ​មិន​បាន​ទូលំទូលាយ​ទេ​នៅ​តាម​មូលដ្ឋាន​នានា ក្នុង​ខេត្ត​នេះ។

ជាង​នេះ​ទៀត សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​នីមួយៗ មាន​ការ​រើសអើង​ក្នុង​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ ឬ​លិខិត​បញ្ជាក់​ទីលំនៅ​ជូន​ពលរដ្ឋ ដើម្បី​យក​ទៅ​បង្ហាញ​ក្រុម​ការងារ​ចុះ​បញ្ជី​ឈ្មោះ​ជាដើម៖ «សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នីមួយៗ មេត្តា​ជួយ​សម្រួល​ដល់​ការ​ធ្វើ​សំបុត្រ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ពលរដ្ឋ ដើម្បី​តាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​រលូត​ទាំង​អស់​គ្នា ហើយ​សូម​កុំ​រើសអើង​ពលរដ្ឋ​នេះ គាំទ្រ​បក្ស​នេះ ឬ​បក្ស​នោះ​ជា​បន្ត​ទៀត»។

​យ៉ាង​នេះ​ក្តី លោក ហួត ផុន ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត ខេត្ត​ព្រះសីហនុ ប៉ាន់​ប្រមាណ​ថា គិត​មក​ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា មាន​អ្នក​ចុះ​ឈ្មោះ​សរុប​ជាង ១០​ម៉ឺន​នាក់​រួច​ហើយ​នៅ​តាម​ការិយាល័យ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទូទាំង​ខេត្ត​ព្រះសីហនុ។ លោក​បញ្ជាក់​ថា ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ អាច​មាន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ឬ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ប្រមាណ ១៣​ម៉ឺន​នាក់។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ថា ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន​រយៈពេល ៩០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ក្នុង​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>